• Flexa

ពេជ្រ អា​វី​ហ្សា ត្រូវបាន​ដោះលែង​បន្ទាប់ពី ត្រូវ​ជាប់ឃុំ ជាង​១​ថ្ងៃ​និង សង​សំណង ជនរងគ្រោះ ៦​ពាន់​ដុល្លារ​

10 ខែ កន្លងទៅ ណូ​រ៉ា

​ក្រោយពី កញ្ញា ពេជ្រ អា​វី​ហ្សា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ទាបភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែមីនា ម្សិលមិញ ដោយ​នាង​ត្រូវបាន​សមត្ថកិច្ច ឃុំខ្លួន នៅ​ការិយាល័យ​ចរាចរជើងគោក នៅ​ផ្លូវ​ជា សុផារ៉ា ដើម្បី​ធ្វើការ​ដោះស្រាយ ទៅតាម​ផ្លូវច្បាប់​។ ហើយ​រហូត មកដល់ពេលនេះ រឿងរ៉ាវ​គ្រប់យ៉ាង បានបញ្ចប់​ជាមួយ តំណាង​ជនរងគ្រោះ និង​ផ្លូវច្បាប់​រួចរាល់​អស់ហើយ ដោយ​នាង​ក៏ត្រូវ​បាន​ដោះលែង ពី​ការឃុំខ្លួន ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។

​បើតាម​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​ប្រាប់​អោយដឹងថា រឿង​គ្រប់​បាន​ដោះស្រាយ​ចប់ សព្វគ្រប់​អស់ហើយ ដោយ​តំណាង​ខាង ជនរងគ្រោះ គឺ​អ្នកនាង ព្រំ រដ្ឋា ព្រម​ទទួលយក​សំណង តាម​ការចរចា ដោយ​តម្រូវអោយ​នាង បង់​សំណង​ជា​២ ដំណាក់កាល ។ ក្រោយពី​ភាគី​ទាំងសងខាង ដោះស្រាយ​រួចហើយ នាង​ក៏បាន​ដោះស្រាយ​តាមផ្លូវ​ច្បាប់ គិត​រហូតដល់​ជិត​៩​យប់​នេះ សមត្ថកិច្ច​បាន​ដោះលែង​នាង អោយ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។

​ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង កញ្ញា​ពេជ្រ អា​វី​ហ្សា បាន​សង​សំណង​ទៅ​ជនរងគ្រោះ ដោយ​ស្រាយ បញ្ចប់រឿង នៅ​ទឹកប្រាក់​៦​ពាន់​ដុល្លារ ហើយ​នាង ក៏បាន បង្ហាញ​អារម្មណ៍​សោកស្តាយ​ជាខ្លាំង ដែលមាន​កើតឡើង​បែបនេះ​។​

​គួររំលឹកថា គ្រោះថ្នាក់​ចរាចរ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៧ តាមផ្លូវ សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​ឡិច​ស៊ី​ស GS 3០០ ពាក់​ស្លាក លេខ ភ្នំពេញ 2R 2141 បើក​ដោយ តារា​សម្តែង​ល្បីឈ្មោះ កញ្ញា ពេជ្រ អា​វី​ហ្សា បាន​បើក​ចេញពី​ក្លិប​កម្សាន្ត មួយកន្លែង យីហោ ៥៥ ដោយ​ធ្វើ ដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន យ៉ាង​លឿន​។ លុះដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ជាមួយ ម៉ូតូ​កូន​ទា (​ស្កូ​ប​ពី​មី​នី​) ពាក់​ស្លាក​លេខ ភ្នំពេញ 1Fl 3864 ដែលមាន​ទិសដៅ​បញ្ច្រាស​ចំ​ពីមុខ ពេញទំហឹង​បណ្តាលឱ្យ​ប៉ើង​ខ្ទាត​ដាច់​ម៉ូតូ​ជា ២​កំណាត់ ។ ចំណែក​បុរស​២​នាក់​ជិះ​ម៉ូតូ​ខាងលើ រងរបួស​ធ្ងន់ ខ្លះ​បាក់ជើង ដេក​ក្នុង​ថ្លុកឈាម ក្រោយមក​ត្រូវ រថយន្ត​សាមុយ​ដឹក​ទៅ​មន្ទីរពេទ្យ​។​

​សាក្សី​បាន​បន្តថា ក្រោយពី​កើត ហេតុ កញ្ញា ពេជ្រ អា​វី​ហ្សា បាន​ចុះ​ពី លើ​រថយន្ត មិនបាន​រត់គេច​នោះទេ គឺ នាង​មានបំណង​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ ។ ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ​របួសធ្ងន់​ធ្ង​រ​ពេក មិនអាច​និយាយ​គ្នា​បាន​។ បន្ទាប់មក​នាង​ក៏ត្រូវ សមត្ថកិច្ច​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច កញ្ញា ពេជ្រ អា​វី​ហ្សា បាន​ទទួលស្គាល់ថា នាង​ពិតជា​បាន​ហូប គ្រឿង​ស្រវឹង​បន្តិចបន្តួច ។ ប៉ុន្តែ​ម៉ូតូ​បើក​លឿន ហើយ​កាច់​មករក​ឡាន​នាង​ខ្ញុំ​គេច​ដែរ តែ​គេច​មិន​ផុត ក៏​ម៉ូតូ​មក​បុក​ឡាន​នាង​តែម្តង ។​

កញ្ញា ពេជ្រ អា​វី​ហ្សា បាន បញ្ជាក់ថា ករណីនេះ​នាង​នឹង​ទទួលដោះស្រាយ​ជាមួយ ជនរងគ្រោះ​ទៅ តាម​លទ្ធភាព ព្រោះ​នាង​មិនមាន​ចេតនា នោះទេ ។ សមត្ថកិច្ច​បញ្ជាក់ថា ករណី នេះ សមត្ថកិច្ច​មិនទាន់​អាច​ដោះស្រាយ បែបណា​បាន​នៅឡើយ​ទេ ដោយសារ ជនរងគ្រោះ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព ធ្ងន់ធ្ងរ​នៅឡើយ ។​​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កញ្ញា ពេជ្រ អា​វី​ហ្សា ចំណែក​ម៉ូតូ និង​រថយន្ត ខាងលើ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​រថយន្ត និង​ម៉ូតូ​ខាងលើ​ទៅ​រក្សាទុក​នៅ​ស្នងការ រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​

សុខភាព/បុរស/ស្ត្រី