• Flexa

ច​ន ច័ន្ទ​លក្ខិណា គ្រោង​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន​ដើម្បី​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​

4 ខែ កន្លងទៅ នុម៉ា

​បន្ទាប់ពី​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៥ អ្នកនាង ច័ន្ទ​លក្ខិណា បានទទួល​ត្រា​ពី​អតីត​ប្រធាន​សមាគម​លោក សុះ ម៉ាច ហើយ​កាលពី​ម្សិលមិញ​នេះ ។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​ត្រា​ជូន​ដល់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ថ្មី លោក សុះ ម៉ាច បាន​មានប្រសាសន៍ ថា ចាប់ពី​ថ្ងៃនេះ​ទៅ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ទី​៥ ត្រូវបាន​ដឹកនាំ​ដោយ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ​។​

"​ទោះបីជា​ខ្ញុំ​លែងមាន​ឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ទៅហើយ​ក្ដី តែ​ខ្ញុំ​នៅ​ជួយ​ប្អូនស្រី​លក្ខិណា ជានិច្ច​ប្រសិនបើ​គាត់​ត្រូវការ​ឲ្យ​ខ្ញុំ​ជួយ ដូច្នេះ​ប្អូនស្រី​មិន​ឯកោ​ទេ មានរឿង​អ្វី​អា​ចរក​ខ្ញុំ​បាន​គ្រប់ពេល​"​។​​ដោយឡែក​នាពេល​ថ្មីៗ​នេះ ជា​រឿង​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ​ដែល​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានសម្រេច​ចិត្ត​បើក​ផលិតកម្ម​ថ្មី​មួយ​ដើម្បី​លើកស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​។​

​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​រូបនេះ បាន​ប្រាប់ Sabay ថា​៖” ចាស អូន​នៅពេលនេះ បង​បើក​ផលិតកម្ម​ខ្លួនឯង គ្រោង​នឹង​ដំណើរការ​នៅ​ដើមខែ ៨ ខាងមុខនេះ​។ និយាយ​ទៅ​ចូលដល់​ខែ​៨ យើង​ចាប់ផ្ដើម​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង ត្រៀម​ចាក់​បញ្ចាំង​នៅ​រោងកុន​”​។​

​ចំពោះ​ផលិតកម្ម​ថ្មី​នេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ពេលនេះ​ពុង​តែ​សុំច្បាប់​ពី​ក្រសួង រង់ចាំ​ក្រសួង​ចេញ​លិខិតអនុញ្ញាត​នៅពេលណា នឹងធ្វើ​ការប្រកាស​ឈ្មោះ​ផលិតកម្ម​ថ្មី​របស់ខ្លួន​ភ្លាមៗ​តែម្ដង​។ ចំណែកឯ​ដើមទុន​ក្នុងការ​ចំណាយ​លើ​ផលិតកម្ម​ថ្មី​នេះ នាង​មិនអាច​បញ្ជាក់ថា​ត្រូវ​ចាយ​ទុន​អស់​ប៉ុន្មាន​នោះទេ អ្វី​គ្រប់យ៉ាង​គឺ​ស្ថិតនៅលើ​ការ​ស្ទាប​ស្ទង​ជាមុនសិន​។ "​ខ្ញុំ​សុំ​លាក់​ឈ្មោះ​ផលិតកម្ម​សិន ដោយសារតែ​យើង​កំពុងតែ​សុំច្បាប់​ពី​ក្រសួង ហើយ​ខ្ញុំ​គិតថា​ប្រសិនបើ​ផលិតកម្ម ខ្ញុំ​ដំណើរការ​អាច ធ្វើ​ឲ្យ​សិល្បករ​ខ្មែរ​មានការ​ងារ​ធ្វើ កាន់តែ​ច្រើនជាង​មុន​ទាំង​អ្នក​ថត និង​អ្នកដឹកនាំ​សម្ដែង​រឿង​។ មួយ​វិញ​អាច​លើកស្ទួយ​ភាពយន្ត​ខ្មែរ​បាន​មួយកម្រិត​ថែមទៀត​”​។​

​ការបើក​ផលិតកម្ម​ថ្មី​នេះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មិន​រំពឹង​ជោគជ័យ​១០០ ភាគរយ​នោះទេ ព្រោះ​កន្លងមក​ធ្លាប់តែ​ធ្វើជា​តារា​សម្ដែង នៅពេល​ឲ្យ​មក​ធ្វើជា​ចាងហ្វាង​ផលិតកម្ម​បែបនេះ​មាន​ផល​លំបាក​មួយចំនួន​សម្រាប់​នាង​។ តែ​ទោះបីជា​យ៉ាងណា​អតីត​ប្រពន្ធ យុ​ត្ថា​រ៉ា ឆាន់​នី រូបនេះ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដែល​អាចធ្វើ​ទៅបាន​។​

​គួរ​រំលឹក​ដែរ​ថា សិល្បការិនី​ជើងចាស់ ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​បោះឆ្នោត​ជាប់​ជា «​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​» ក្នុង​អាណត្តិ​ទី​៥ នៃ​ការបោះឆ្នោត​ដែល​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភោជនីយ៍ដ្ឋាន​ស្ទឹង​មាស ស្ថិតក្នុង​រាជធានី​ភ្នំពេញ​សិល្បការិនី​កូន​មួយ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​មិត្ត​រួម​អាជីព​បោះឆ្នោត​គាំទ្រ​២៥៤​សំឡេង ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​ចំនួន​៣​រូប រួមមាន អ្នកនាង ច​ន ច័ន្ទ​លក្ខិណា លោក អៀង ស៊ី​ធុល ទទួលបាន ២៦​សំឡេង និង​លោក កុយ ស៊ី​ឌឿ​ន ទទួលបាន ១៨​សំឡេង ក្នុងការ​ជ្រើសរើស​ប្រធាន​ថ្មី ដើម្បី​បន្ត​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ក្នុង​អាណត្តិ​ទី​៥ ឆ្នាំ​២០១៧ ជា​បន្តទៀត ក្រោយពេល​ប្រធាន​ចាស់​លោក សុះ ម៉ាច ផុត​អាណត្តិ​៕​

សុខភាព/បុរស/ស្ត្រី