• Flexa

កូនស្រី អ្នកនាង យុគ ចិន្តា ទទួលបាន​ជ័យលាភី​មេដាយមាស ពី​ការប្រលង​ចម្រៀង​ក្នុង​ព្រឹត្តិការណ៍ Asian Pacific Arts Festival នៅ​ប្រទេស​សិង្ហ​បុរី តែ​អ្នកនាង​អត់​ចង់អោយ​កូន​បន្ត​ប្រឡូក​សិល្បៈ​

4 ខែ កន្លងទៅ សម្បត្តិ

​កាលពីពេល​កន្លងទៅនេះ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​២២ កក្កដា មុន​ជូន​កូនស្រី​ទៅ​ប្រលង​ចម្រៀង​នៅក្នុង​ប្រទេស​សិង្ហ​បុរី អ្នកនាង​យុគ ចិន្តា និយាយថា​អ្នកនាង​មិន​ចង់អោយ​កូនស្រី​ក្លាយខ្លួនជា​តារា​សិល្បៈ​នោះទេ បើទោះជា​កូនស្រី​របស់​អ្នកនាង​បែរជា​មាន​ចំណូលចិត្ត​ក្នុង​អាជីព​ចម្រៀង និង​ភ្លេង​។ អ្នកនាង​ថា​អ្នកនាង​បាន​ដៅ​ទិសដៅ​ដល់​កូន​កូនស្រី​តាំងពី​កូន​នៅ​ក្មេង គឺ​ចង់អោយ​នាង​ក្លាយខ្លួនជា​អ្នកសារព័ត៌មាន​។​

​ថ្មីៗ​នេះ​ស្រាប់តែ កូនស្រី អ្នកនាង​យុគ ចិន្តា ឈ្នះ​ជ័យលាភី​បាន​មេដាយមាស ពី​ការប្រលង​ចម្រៀង​ក្នុង​ព្រឹត្តិការណ៍ Asian Pacific Arts Festival នៅ​ប្រទេស​សិង្ហ​បុរី ដែលមាន​ប្រទេស​ទាំង​១១​នៅ​អាស៊ាន​ចូលរួម​កាលពី ម្សិលមិញ​នេះ​និង បានធ្វើ​ឲ្យ​អ្នកស្រី មានការ​រំភើប​ឥតឧបមា ។

​ថ្លែង​ពី​ប្រទេស​សិង្ហ​បុរី អ្នកនាង យុគ ចិន្តា បញ្ជាក់ថា​សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​កូនស្រី​របស់​អ្នកនាង គឺ យុគ ដា​ពេជ្រ វ័យ​១៤​ឆ្នាំ ទទួលបាន​មេដាយមាស​ពី​ការប្រកួត​ដ៏​ធំ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ត្រឹមតែ​ច្រៀង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​មួយ​បទ​នៅលើ​វេទិកា​ដូចគ្នា​នឹង​បេក្ខជន​បេ​ក្ខ​នារី​ជាច្រើន​ផ្សេងទៀត​។​

​អ្នកនាង​ថា​ក្ដីសង្ឃឹម​គ្រាន់តែ​ចង់អោយ​កូនស្រី​បាន​ស្គាល់​ទម្រង់​នៃ​ការប្រលង​ជា​លក្ខណៈ​អន្តរជាតិ​ក្នុងពេលដែល​នាង​ចង់​ក្លាយជា​អ្នកចម្រៀង​ប៉ុណ្ណោះ ប៉ុន្តែ​ដល់ពេល​នាង​ធ្វើបាន​ល្អ​ហើយ​ទទួលបាន​មេដាយមាស​បែប​ហ្នឹង​គឺ​អ្នកនាង​សប្បាយ​ខ្លាំង​។​

​អ្នកនាង​នឹង​ត្រៀម​លើកទឹកចិត្ត​កូនស្រី​កាន់តែខ្លាំង​បន្ថែមទៀត អោយ​ក្លាយជា​តារាចម្រៀង បន្ទាប់ពី​កូន​របស់​អ្នកនាង​ស្រាប់តែ​ទៅ​ប្រលង​សាកល្បង​សមត្ថភាព​តាមរយៈ​ការបញ្ជូន​ចេញ​របស់លោក សូ ស្រណោះ ជា​គ្រូបង្វឹក​តន្ត្រី​និង​ជា​នាយក​សាលា​ស្រណោះ​តន្ត្រី នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

​ល្ងាច​ថ្ងៃទី​២៥ កក្កដា នេះ​ក្រុមការងារ​ប្រលង​ចម្រៀង​ទាំងអស់​នឹង​ត្រលប់​មកដល់​កម្ពុជា​វិញ​ហើយ ប៉ុន្តែ​អ្នកនាង និង​កូនស្រី​មិនទាន់​ត្រលប់​មកវិញ​នោះទេ គឺអាច​រហូតដល់​ថ្ងៃទី​២៧ កក្កដា ឬ​យូរ​ជាង​នេះ ទើប​អាច​ត្រលប់​វិញ ដើម្បី​លើកទឹកចិត្ត​កូនស្រី ដោយ​គ្រោង​ជូន​កូនស្រី​ដើរលេង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​អោយអស់​ចិត្ត​សិន​។​

​អ្នកនាង​ថា​គម្រោង​បន្ត​ដើរលេង​មាន​តាំងពី​ការប្រលង​មិនទាន់​ចាប់ផ្ដើម ប៉ុន្តែ​ដោយសារតែ​កូនស្រី​របស់​អ្នកនាង​ស្រាប់តែ​ឈ្នះ​មេដាយ​បន្ថែមទៀត គឺ​អ្នកនាង​កាន់តែ​សប្បាយចិត្ត ហើយ​មាន​កម្លាំងចិត្ត​ជូន​កូនស្រី​ដើរ​កម្សាន្ត​អោយ​សប្បាយចិត្ត​ថែមទៀត ដែល​អាច​នឹងមាន​ការ​ទិញ​នេះ​ទិញ​នោះ​ជូន​ជា​កាដូ​លើកទឹកចិត្ត​អោយ​ផង​។​

​គួរ​រំលឹក​ដែរ​ថា​នៅ​មុនពេល អ្នកនាង យុគ ចិន្តា ជូន កូនស្រី​ទៅ​ប្រលង​ចម្រៀង​នៅក្នុង​ប្រទេស​សិង្ហ​បុរី អ្នកស្រី​ធ្លាប់បាន​លើកឡើងថា ដ្បិតថា​អ្នកនាង​ល្បីឈ្មោះ​ក្នុង​អាជីព​ពិធី​ការិនី តែ​អ្នកនាង​អត់​ចង់អោយ​កូន​បន្ត​ប្រឡូក​សិល្បៈ​តាម​លំនាំ​អ្នកនាង​សូម្បីតែ​បន្តិច​នោះទេ ដោយសារតែ​អ្នកនាង​យល់ថា​អាជីព​នេះ​មិនមែនជា​ចំនូលចិត្ត​របស់ខ្លួន​។ អ្នកនាង​ថា​ស្រឡាញ់​ខ្លាំង​បំផុត​គឺ​អាជីព​អ្នកសារព័ត៌មាន ដោយសារតែ​មានឱកាស​អាច​យល់ដឹងបាន​ច្រើន ហើយ​អាចមាន​ចំណេះដឹង​ច្រើន​ក្នុង​ការធ្វើ​កិច្ចសម្ភាសន៍​។ អ្នកនាង​ថា​មុន​ក្លាយជា​ពិធី​ការិនី អ្នកនាង​គឺជា​អ្នកសារព័ត៌មាន​ម្នាក់ ដែល​ក្រោយមក​ក៏បាន​ក្លាយជា​អ្នកអាន​ព័ត៌មាន មុន​ក្លាយជា​ពិធី​ការិនី​ដែល​ត្រូវបាន​មហាជន​ទទួលស្គាល់​។​

​អ្នកនាង​យល់ថា​បណ្ដាលមកពី​មាន​ជំនាញ​ជា​អ្នកសារព័ត៌មាន​នា​អតីតកាល​នោះ​ហើយ ដែល​ជំរុញ​អោយ​អ្នកនាង​ទទួលជោគជ័យ​ក្នុងការ​អត្ថាធិប្បាយ​ក្នុង​អាជីព​ពិធី​ការិនី អ៊ីចឹង​ហើយ​អ្នកនាង​ចង់អោយ​កូនស្រី​ក្លាយខ្លួនជា​អ្នកសារព័ត៌មាន​។ ផ្ទុយ​ពី​ទស្សនៈ​មួយចំនួន​ដែល​យល់ថា​អាជីព​អ្នកសារព័ត៌មាន​ប្រឈម​នឹង​បញ្ហា​ច្រើន​ជាពិសេស​សម្រាប់​អ្នកសារព័ត៌មាន​នារី អ្នកនាង​យុគ ចិន្តា បាន​អះអាងថា​កាន់តែ​មានការ​ប្រឈម​នឹងធ្វើ​អោយ​អ្នក​ប្រឡូក​អាជីព​មួយ​នេះ​កាន់តែ​រឹងមាំ​ឡើង​៕

សុខភាព/បុរស/ស្ត្រី