• Flexa

ស្តាប់​ការបកស្រាយ​របស់ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ជុំវិញ​ករណី​ស្ត្រី​លក់​ឡេ Love Riya

2 ខែ កន្លងទៅ រក្សាមុន្នី

​នាពេល​កន្លងទៅ មានការ​សម្រេច​ចេញ​ដីកាឃុំខ្លួន​តារា​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ LOVE Riya កាលពី​រសៀល​ថ្ងៃទី​២៨ សីហា ដែលជា​អ្នកលក់​ឡេ​ដ៏​ល្បីឈ្មោះ​តាម​អន​ឡាញ ក្នុងនោះដែរ​ក៏មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​មិនគួរ​ធ្វើបែបនេះ​ទេ តែ​គួរតែ​ធ្វើការ​អប់រំ​ណែនាំ​ទើប​ជាការ​ប្រសើរ ។ បន្ទាប់ពី​ឃុំខ្លួន​បានតែ​មួយ​យប់​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល តុលាការខេត្ត​ដែលមាន​ចៅក្រម​ស៊ើបសួរ​លោក សាយ សម្ផស្ស​សេរី បានចេញ​ដីកា​បង្គាប់​ឱ្យ​ដោះ​លែងមាន​សេរីភាព​វិញ​ហើយ ។​

​ជុំវិញ​ប​ញ្ហ​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Freshnews នៅ​ថ្ងៃទី​៣០ ខែសីហា នេះ​បាន​ឲ្យ​ដឹង​រថា​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ធ្វើការ​បញ្ជាក់ និង​ពន្យល់​លម្អិត អំពី​ការអនុវត្តន៍​ច្បាប់ ចំពោះ​ស្ត្រី​អ្នកលក់​ឡេ​លាប​ស្បែក ម៉ាក់ Love Riya ដែល​ល្បី​ពេញ Facebook កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្រុង​តាខ្មៅ​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ បានចេញ​សេចក្តី​ពន្យល់ថា «​តាមពិតទៅ​ក្នុងដំណាក់កាល​សាកសួរ ដោយ​មន្ត្រីនគរបាល​យុត្តិធម៌​បាន​តម្រូវ​ឲ្យ ឈ្មោះ ឆេង ស្រីរ័ត្ន ដែលជា​ស្ត្រី​អ្នកលក់​ឡេ​រូបនេះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រកប​អាជីវកម្ម ខុសច្បាប់​របស់ខ្លួន​តទៅទៀត ប៉ុន្តែ​ត្រូវបាន​ស្ត្រី ឈ្មោះ ឆេង ស្រីរ័ត្ន បដិសេធ និង​បាន​ជំរុញ​ឲ្យ​មន្ត្រីនគរបាល​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​»​។​

​ជាមួយគ្នានេះ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង ផលិតផល​ក្លែងក្លាយ បាន​ឲ្យ​ដឹងថា «​ឈ្មោះ ឆេង ស្រីរ័ត្ន និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​តុលាការ ខេត្តកណ្តាល ស្របតាម​នីតិវិធី​ច្បាប់ ដោយ​សមត្ថកិច្ច​ក្នុងការ​ឃុំខ្លួន ដោះលែង​ឲ្យ​រួចខ្លួន និង​ផ្តន្ទាទោស គឺជា​ឆន្ទានុសិទ្ធិ​ទាំងស្រុង​របស់​តុលាការ​»​។​

​តែ​ទោះយ៉ាងណា បន្ទាប់ពី​មានការ​រិះគន់​ជា​បន្តបន្ទាប់ លើ​ការចាប់ខ្លួន រហូត​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន ស្ត្រី​លក់​ឡេ​លាប​ស្បែក​តាម Facebook «Love Riya» ដាក់ពន្ធនាគារ​នោះ នៅ​ទីបំផុត​នា​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ តុលាការ​ខេត្តកណ្តាល បានចេញ​ដីកា​ដោះលែង​ស្ត្រី​រូបនេះ​ហើយ​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​​

គួរ​បញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្ដាល​លោក សាយ ស​ម្ភ​ស្ស​សិរី បានសម្រេច​ចេញ​ដីកា​ឃំ​ុ​ខ្លួន​ស្រស់​ស្រី Love Riya កាលពី​ល្ងាច​ថ្ងៃទី​២៨ សីហា នៅ​ពន្ធ​ធនាគារ​ខេត្តកណ្ដាល​ពីបទ​ចោទ​ក្លែង​ផលិតផល ទំនិញ ដែលជា​កម្មវត្ថុ​សម្រាប់​ទុក​ធ្វើ​អាជីវកម្ម​តាម​មាត្រា​១៧ និង​៦៣ ច្បាប់​ស្ដីពី​គ្រប់គ្រង​គុណ​ភាណ សុ​វត្តិភាព​នៃ​ទំនិញ ។ គេ​នៅចាំ​ថា ផលិតផល​សំអាង​ច្រើន​ប្រភេទ មាន​ឡេ​លាប​ខ្លួន ម្សៅ​លាយ បកស្បែក​ឱ្យ​ស​ជាដើម​ដែល​សង្ស័យ​ជា​ផ​លិ​ផល​ក្លែងក្លាយ​គ្មាន​ច្បាប់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឆែកឆេរ រកឃើញ កាលពី​ព្រឹក​ថ្ងៃទី​២៦ សីហា នៅ​ចំណុច​ផ្ទះ​យីហោ​៩៩៩ វុ​ទ្ធ ថេត កាត់ដេរ ស្ថិតនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ។ ដោយមាន​ម្ចាស់​ទីតាំង​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ (Love Riya) ភេទ​ស្រី អាយុ​៣២​ឆ្នាំ និង​មាន​មុខរបរ​ផលិត និង​ធ្វើ​អាជីវកម្ម​លក់​ឡេ​លាប​ស្បែក បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កល​ក់​ផលិតផល​ឡេ​លាយ​របស់ខ្លួន​យូរ​មកហើយ ។​

​ការចុះ​ឆែកឆេរ​នេះ កម្លាំងចម្រុះ​របស់​គណៈ​កម្ម​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដែលមាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល លោក​អធិការ​ក្រុង​តាខ្មៅ ។​

​ការឆែកឆេរ​សមត្ថកិច្ច​បាន​ដកហូត​បាន​ផលិតផល​សំអាង​៣០​ប្រភេទ មាន​ឡេ​លាប​ខ្លួន ឡេ​លាយ​លាបមុខ​ជាដើម ។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​ប្រាប់​ឱ្យដឹងទៀតថា ចំពោះ​ផលិតផល​ទាំងអស់នោះ លោក​ព្រះរាជអាជ្ញារ​រង​បាន​ឯកភាព​ឱ្យ​ខាង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​យកទៅ​មន្ទីរពិសោធន៍ ដើម្បី​ពិសោធន៍​មើល​ឱ្យដឹង​ច្បាស់​ថា ផលិតផល​ទាំងអស់នោះ​ជា​ផលិតផល​ក្លែងក្លាយ និង​ពេល​ប្រើប្រាស់​រួច​អាច​ប៉ះពាល់​ដល់​សុខភាព​កម្រិតណា ។ ចំពោះ​ម្ចាស់​ទីតាំង​ក៏ត្រូវ​បាន​ឃាត់ខ្លួន និង​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់ ៕

សុខភាព/បុរស/ស្ត្រី