• Flexa

លោក ហេង ឡុង និង អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បានសម្រេច​ចិត្ត ដក​ពាក្យបណ្ដឹង ដែល​បាន​ប្ដឹង​តារា​សម្ដែង លោក សុវណ្ណ មករា ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​

2 ខែ កន្លងទៅ ដានីន

​នាពេល​កន្លងទៅនេះ​គេ​សង្កេតឃើញថា មានការ​ឌឺដង វាយប្រហារ​ពាក្យសំដី​យ៉ាងខ្លាំង​រវាង តារា​សម្តែង សុវណ្ណ មករា និង លោក ហេង ឡុង តាមរយ​:​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ក្នុងនោះដែរ អនាគត​ស្វាមី អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​លោក ហេង ឡុង ថ្ងៃទី​១៨ ខែ សីហា បានសម្រេច​ដាក់ពាក្យ​បណ្ដឹង​ចូល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ប្ដឹង​អតីត​តារា​សម្ដែង សុវណ្ណ មករា ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ជេរប្រមាថ​ជា​សាធារណៈ ដោយ​ទាមទារ​សំណង​១០​ម៉ឺន​ដុល្លារ​។​

​ដោយឡែក​ស្រាប់តែ​ថ្មីៗ​នេះ លោក ហេង ឡុង ដែលជា​គូស្នេហ៍​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​បានសម្រេច​ចិត្ត ដក​ពាក្យបណ្ដឹង ដែល​បាន​ប្ដឹង​តារា​សម្ដែង លោក សុវណ្ណ មករា ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន ក៏ដូចជា​អ្នកសិល្បៈ​ដូចគ្នា មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​នៅក្នុង​លិខិត​មួយច្បាប់ ដែល​បាន​ចុះហត្ថលេខា ដោយ​លោក ហេង ឡុង ផ្ញើជូន​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ លោក ហេង ឡុង បាន​បញ្ជាក់ថា «​បន្ទាប់ពី​បានគិត​គូ​យ៉ាង​ល្អិតល្អ​ត់​រួចមក រវាង​ខ្ញុំបាទ និង​ឈ្មោះ សុវណ្ណ មករា គឺ​សុទ្ធតែជា​អ្នក​រួម​អាជីព ជាមួយគ្នា និង​មិនគួរណា​ប្ដឹងប្ដល់​គ្នា​នោះទេ គួរតែ​ដោះស្រាយ​គ្នា ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោយ​សន្តិវិធី ហើយ​ម្យ៉ាងវិញទៀត ព្យសន៍កម្ម ដែល​បាន​កើតឡើង​នោះ ពុំមាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះទេ​។ អាស្រ័យហេតុនេះ ខ្ញុំបាទ​សុំ​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹង​ឈ្មោះ សុវណ្ណ មករា ចាប់ពី​ថ្ងៃនេះ​តទៅ​!»​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា​ករណី​នៃ​ការដក​ពាក្យបណ្តឹង​នេះ មាន​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អ្នកមាន​ឥទ្ធិពល ឫ​យ៉ាងណា​នោះឡើយ !?

​ជាមួយគ្នា​នោះដែរ ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​ក្នុង​គណនី Facebook របស់ខ្លួន​ថា «​មួយរយៈ​កន្លងមក ការវាយប្រហារ​សាចទឹក​ដាក់គ្នា រវាង​សិល្បករ និង​សិល្បករ ជាមួយ​បញ្ហា​ទំនាស់​ជាច្រើន ដែល​កើតមានឡើង ដែល​ជួនកាល​គ្មាន​ប្រភព​ច្បាស់លាស់ ធ្វើ​ឲ្យ​នាង​ខ្ញុំ​មាន​សម្ពាធ និង​អារម្មណ៍មិនល្អ ហើយក៏​បាន​តបត​ដោយ​ប្រើ​ពាក្យសំដី​មិនបាន​សមរម្យ​ខ្លះៗ​។ នាង​ខ្ញុំ​សូម​អរគុណ ដល់​ថ្នាក់ដឹកនាំ និង​មិត្តភក្តិ​ទាំងអស់ ជាពិសេស គឺ​មតិ​ល្អៗ​ពី​អ្នក​រិះគន់​ដល់​នាង​ខ្ញុំ ពី​បញ្ហា​ខាងលើនេះ ធ្វើ​ឲ្យ​នាង​ខ្ញុំ​បាន​យល់ថា ការប្រើ​កំហឹង និង​អារម្មណ៍​ឆេវឆាវ​នេះ មិនមែនជា​ដំណោះស្រាយ ដែលមាន​លទ្ធផល​ល្អ​នោះទេ ជាពិសេស​នៅក្នុង​ពេលនេះ ដែល​នាង​ខ្ញុំ​ជា​ប្រធាន​សមាគម​សិល្បករ និង​ជា​អ្នកតំណាង​ឲ្យ​សិល្បករ ក្រោម​ការបោះឆ្នោត​ជ្រើសរើស ក្នុង​អាណ​តិ​ថ្មី​នាពេល​កន្លងមក​!»​។​

​ច​ន ច័ន្ទ​លក្ខិណា បន្តទៀតថា «​នាង​ខ្ញុំ​សូម​ធ្វើការ​អភ័យទោស ចំពោះ​សាធារណជន អំពី​កំហុស​ឆ្គាំឆ្គង​ទាំងឡាយ ដោយ​នាង​ខ្ញុំ​នឹង​បញ្ឈប់​រាល់​ការតបត ឬ​ការដោះស្រាយ​បញ្ហា ដោយ​ឈរ​គោលការណ៍ សំរបសំរួល ឈ្នះៗ​ដើម្បី​កិត្តិយស ជា​សិល្បករ​ខ្មែរ​។ សូម​អំពាវនាវ​សិល្បករ​ខ្មែរ​ទាំងអស់ យក​ការ​រួបរួមគ្នា​ជាធំ និង​ជា​គំរូ​ដល់​សិល្បករ​ជំនាន់​ក្រោយ​។ សូម​បងប្អូន​មាមីង​សិល្បករ សិល្បការិនី និង​មហាជន​ទាំងអស់ ទទួល​នៅ​ក្តី​ស្រឡាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ អំពី​នាង​ខ្ញុំ​!»​។​

​គួរ​រំលឹក​ដែរ​ថា សិល្បការិនី​ជើងចាស់ ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​បោះឆ្នោត​ជាប់​ជា «​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​» ក្នុង​អាណត្តិ​ទី​៥ នៃ​ការបោះឆ្នោត​ដែល​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភោជនីយ៍ដ្ឋាន​ស្ទឹង​មាស ស្ថិតក្នុង​រាជធានី​ភ្នំពេញ​សិល្បការិនី​កូន​មួយ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​មិត្ត​រួម​អាជីព​បោះឆ្នោត​គាំទ្រ​២៥៤​សំឡេង ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​ចំនួន​៣​រូប រួមមាន អ្នកនាង ច​ន ច័ន្ទ​លក្ខិណា លោក អៀង ស៊ី​ធុល ទទួលបាន ២៦​សំឡេង និង​លោក កុយ ស៊ី​ឌឿ​ន ទទួលបាន ១៨​សំឡេង ក្នុងការ​ជ្រើសរើស​ប្រធាន​ថ្មី ដើម្បី​បន្ត​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ក្នុង​អាណត្តិ​ទី​៥ ឆ្នាំ​២០១៧ ជា​បន្តទៀត ក្រោយពេល​ប្រធាន​ចាស់​លោក សុះ ម៉ាច ផុត​អាណត្តិ​៕​

សុខភាព/បុរស/ស្ត្រី