• Flexa

ស្ងាត់ៗ​តួឯក​ស្រី រឿង "​ចន្ទ្រា​" បើក​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​ស្រស់ៗ ដែលមាន​ការជួយជ្រោមជ្រែង​​ពីសំណាក់បុរសម្នាក់

2 សប្ដាហ៍ កន្លងទៅ វុត្ថា

​តារា​សម្ដែង​មាន​សម្រស់​ស្រស់ស្អាត ពី​ធម្មជាតិ ថ្ពាល់ខួច​ទាំង​សង កញ្ញា ម៉ាក សែន​សូ​នី​តា ថ្មីៗ​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​អ្នកសិល្បៈ និង​ទស្សនិកជន​ដឹង​គ្រប់គ្នា​ថា នាង​បាន​បើកហាង​លក់ គ្រឿង​សមុទ្រ​ស្រស់ៗ​មួយកន្លែង ស្ថិតនៅ​ខាងក្រោយ​សណ្ឋាគារ ឡឺ​ប្រេ​ស៊ី​ដង់ ក្នុង​ខណ្ឌទួលគោក ដោយបាន​ធ្វើ​ពិធី​បើកសម្ពោធ ជា​ផ្លូវការ​នាយ​ប់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ខណៈដែល​ការបើក​ហាង​លក់ និង​ចែកចាយ​គ្រឿង​សមុទ្រ​នេះ ត្រូវបាន​គេ​ដឹងថា មាន​ការជួយជ្រោមជ្រែង ពី​សំណាក់​បុរស​ជា​គូស្នេហ៍​របស់​នាង ដែល​គេ​ស្គាល់​ថា គឺ​លោក ប៉ុល វិ​បូ ហៅ​នី​ត អតីត​អគ្គនាយករង​ស្ថានីយទូរទស្សន៍ CTN និង​បច្ចុប្បន្ន ជា​ចាងហ្វាង​ផលិតកម្ម Angkor Picture​។​

​ហាង​ថ្មី​នេះ​មាន ឈ្មោះថា "​ផែ​សមុទ្រ​" ដែល ម៉ាក សែន​សូ​នី​តា បាន​ឲ្យ​ដឹងថា វា​ជា​ផ្សារ​លក់​គ្រឿង​សមុទ្រ​ផង និង​ជា​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​ស្រស់ៗ ដែល​យក​មកពី​សមុទ្រ​កម្ពុជា​។ នាង ប្រាប់ថា បើ​គិត​ត្រួសៗ ហាង​នេះ​ចំណាយ​ទុន​ផ្ទាល់ខ្លួន​ប្រមាណ​៤​ទៅ ៥​ម៉ឺន​ដុល្លារ​អាមេរិក​។​

"​ផែ​សមុទ្រ​" ដែលមាន​ទីតាំងនៅ​ខណ្ឌទួលគោក ត្រូវបាន​គេ​ដឹងថា ជា​ហាង ឬ​ផ្សារ​គ្រឿង​សមុទ្រ​មួយ​ដែល​តារា​ស្រី​បបូរមាត់​មាន​មន្ត​ស្នេហ៍​បង្កើតឡើង​ដោយ​សហការ​ជាមួយ ផលិតករ​រឿង "​ចន្ទ្រា​" លោក ប៉ុល វិ​បូ ដែល​ធ្លាប់​ផ្ទុះ​ព័ត៌មាន​មាន​ស្នេហ៍​លួចលាក់​ជាមួយគ្នា​នាពេល​កន្លងមក​។​ជាមួយគ្នា​នោះ លោក ប៉ុល វិ​បូ បាន​បកស្រាយ​ថា ហាង​នេះ​លោក​មាន​ចំណែក​ទុន​តិចតួច​ប៉ុណ្ណោះ ផ្ទុយ​ទៅ កញ្ញា ម៉ាក សែន​សូ​នី​តា ទៅវិញ​ទេ​ដែលជា​ថៅកែ​ស្រី​។ លោក​បន្ថែមថា គោលបំណង​នៃ​ការបើក​ហាង​នេះ ព្រោះ​ចង់​ឲ្យ​មាន​កន្លែង​ផ្គត់ផ្គង់​គ្រឿង​សមុទ្រ​ស្រស់ៗ​តាម​តំបន់​នៅ​រាជធានី​ភ្នំពេញ គម្រោង​របស់លោក គឺ​នឹង​បើក​សាខា​ផ្សេងទៀត​នៅ​គ្រប់​ខណ្ឌ​ទាំងអស់​។

​ផលិតករ​បន្ថែមថា​៖ "​ដោយ​ឃើញថា កញ្ញា ម៉ាក សែន​សូ​នី​តា គាត់​មាន​ជំនួញ​លក់​គ្រឿង​សមុទ្រ​តាម Online និង​ទទួលបាន​ការគាំទ្រ ទើប​យើង​ស​ម្រ​ច​ចិត្ត​បើក​កន្លែង​បោះ​ដុំ​គ្រឿង​សមុទ្រ ដោយ​លក់​ក្នុងតម្លៃ​ដើម តែបើ​អតិថិជន​ចង់​ឲ្យ​ចម្អិន យើង​នឹង​ចម្អិន​ជូន​ដោយ​គិត​សេវា​ទៅតាម​នោះ​"​។​

​ងាក​មកកាន់​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ខ្លួន និង​ស្រី​ស្អាត​ញញឹម​ស្រស់​នេះ​វិញ លោក ប៉ុល វិ​បូ បញ្ជាក់ថា លោក​ទទួលស្គាល់ថា​កន្ល​ង​មក លោក និង តូ​តា ពិតជា​មាន​ភាព​ស្និទ្ធ​រវាង​គ្នា​មែន ថែមទាំង​ពេលនេះ​ឈានដល់​មាន​អាជីវកម្ម​រួមគ្នា​ទៀត ដែល​នេះ​ហាក់​មើលទៅ​មិនធម្មតា តែ​លោក​សុំ​មិន​បញ្ជាក់ថា ស្ថិតនៅក្នុង​កម្រិតណា លោក​សុំ​មិន​និយាយ​ឲ្យ​ស៊ីជម្រៅ​ទេ ដោយ​លោក​អះអាងថា នេះ​ជា​រឿង​ឯកជន​របស់​មនុស្សម្នា​ក់ៗ ពោលគឺ​លោក​មិន​ចង់​អត្ថាធិប្បាយ​អ្វី ឲ្យ​វែងឆ្ងាយ​ឡើយ​

​សម្រាប់​ការ​ចាប់ដៃគ្នា​ធ្វើជា​គូ​អនាគត ផលិតករ​ខាងលើ រៀបរាប់ថា ការពិត តូ​តា គឺជា​ក្មេងស្រី​ពូកែ​ម្នាក់ ដែលមាន​ទាំង​សមត្ថភាព និង​រូប​សម្រស់​។ អ្វីដែល​ធ្វើ​ឲ្យ​លោក​ស្ងើចសរសើរ​លើ​រូបនាង​នោះ ក្នុង​វ័យ​នេះ តូ​តា ដែល​ទទួលបាន​ការគាំទ្រ និង​មមាញឹក​លើ​អាជីព​ផ្ទាល់ខ្លួន​ហើយ អាច​គ្រប់គ្រង​អាជីវកម្ម​បាន​យ៉ាង​ល្អ​ទៀត​។​​យ៉ាងណាមិញ​លោក ប៉ុល វិ​ប៉ូ បាន​ទទួលស្គាល់ថា រវាង​លោក និង​តារា​សម្ដែង​រូប​ស្រស់ កូនកាត់​ខ្មែរ​អង្គរ​ពិតៗ នាង ម៉ាក សែន​សូ​នី​តា ពិត​ជាមាន​លក្ខណៈ​ស្និទ្ធស្នាល នឹង​គ្នា​ពិតមែន ៕

សុខភាព/បុរស/ស្ត្រី