• Flexa

នាយ​ចឹ​ម ត្រូវ​មហាជន​មួយចំនួន​រិះគន់​ពេល​បាន​ឡើង​កូដ ភ្លេច​កំណើត​ដើម

2 សប្ដាហ៍ កន្លងទៅ ដានីន

​ខណៈពេល​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ទាំង​ផ្នែក​ចម្រៀង កំប្លែង និង​សម្ដែង នាយ ចឺម បែរជា​ប្រកាស​ដើរ​ចេញពី​ក្រុម​កំប្លែង ពែ​កមី មួយរយៈ​ទៅវិញ បន្ទាប់ពី​ខកខាន​សម្តែង​ក្នុង​ក្រុម​ប្រមាណ​ជាង​១​ខែ​មកនេះ​។​

​ចំពោះ​ការដើរ​ចេញ​នេះដែរ នាយ ចឺម បាន​ប្រាប់ថា ខ្លួន​មិនបាន​ទៅ​ចូល​ក្រុម​កំប្លែង​ណាមួយ​នោះទេ​។ នាយ​ថា ការផ្អាក​កំប្លែង​មួយរយៈ​ដោយសារតែ​ចង់​ពង្រឹង និង​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​ចម្រៀង​នៅ​ផលិតកម្ម​សាន់​ដេ តែមួយ​មុខ​ប៉ុណ្ណោះ ដើម្បី​មាន​ពេលវេលា​រិះរក​បទ​ចម្រៀង និង​ក្បាច់​រាំ​ថ្មីៗ ហើយ​ប្លែក​ជូន​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​គាំទ្រ​ខ្លួន​នាពេល​កន្លងមក​។​

​មួយវិញទៀត នាយ​ចង់​បញ្ជាក់ប្រាប់​ទៅ​មហាជន​ថា ការផ្អាក​ពី​អាជីព​ជា​អ្នកកំប្លែង​មួយរយៈ​នេះ មិន​បានន័យថា​ភ្លេច​កំណើត​ខ្លួន​នៅក្នុង​ក្រុម ពែ​កមី ឬ​ទូរទស្សន៍ CTN នោះទេ ហើយ​ការឈប់​នេះ​ក៏​មិន​ឈប់​រហូត​ដែរ ថ្ងៃ​ណាមួយ​ពេលវេលា​អំណោយផល នឹង​ចូល​កំប្លែង​វិញ​ជាក់​ជាពុំខាន​។​

​ជុំវិញ​ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​មតិ​មហាជន​មួយចំនួន​បានធ្វើ​ការរិះគន់​ទៅដល់​នាយ​ចឺម ថា ពេល​បាន​ឡើង​កូដ ភ្លេច​កំណើត​ដើម​ហើយ ព្រោះថា​នាយ​ល្បី​ដោយសារ​កំប្លែង​ប៉ុន្តែ ពេល​បាន​ទៅ​ចាប់​អាជីព​ជា​អ្នកចម្រៀង បែរ​ប្តូរ​ទៅ​លាឈប់​ពី​អាជីព​កំប្លែង​ទៅវិញ ។​

​ស្រាប់តែ​ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្នុងពេលដែល​លោកតា វ៉ិ​ច​ទ័​រ បានសម្រេច​ដក​តារា​កំប្លែង​ល្បីល្បាញ នាយ​ចឺម​អោយ​ផ្អាក​សម្ដែង​ក្នុង​ក្រុម​ចាប់តាំងពី​ពេលនេះ​ទៅ ស្របគ្នា​ដែរ​ទីផ្សារ​និង​ប្រជាប្រិយភាព​របស់លោក​កាន់តែ​ស្ទុះ​ហើប​ខ្លាំង​ក្នុងចំណោម​សមាជិក​រួម​ក្រុម​។​

​ប្រមាណ​ជា​ពីរ​ឆ្នាំ​ចុងក្រោយ តារា​កំប្លែង នាយ​ចឺម ត្រូវគេ​កត់សម្គាល់ថា​មាន​សន្ទុះ​ទាំង​ការសម្ដែង​កុន ទាំង​កំប្លែង និង​សំខាន់​ជាងគេ​គឺ​អាជីព​ចម្រៀង​តែម្ដង ដោយ​កម្រិត​គាំទ្រ​ចំពោះ​តារា​រូបនេះ គឺ​បាន​ឡើង​កូដ​មិនធម្មតា​នៅ​សាន់​ដេ​។ អ៊ីចឹង​ហើយ​ទើប​ម្នាក់ៗ​មានការ​ភ្ញាក់ផ្អើល​ក្រោយពី​មានការ​ប្រកាស​ដោយផ្ទាល់​មាត់​ថា ក្រុម​កំប្លែង CTN នឹង​លែងមាន​វត្តមាន​របស់ នាយ​ចឺម ដែលជា​សមាជិក​សំខាន់​ម្នាក់​បន្តការងារ ដោយ​ការផ្អាក​នោះ​ក៏​មិន​កំណត់ថា​យូរ​កម្រិតណា​នោះ​ផង​។​

​ក្នុង​កិច្ចសម្ភាសន៍​ដោយផ្ទាល់ លោក សុវណ្ណ រិទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ អ្នកដឹកនាំ​ក្រុម​កំប្លែង CBS របស់ CTN បាន​អះអាងថា​លោក​ពិតជា​សម្រេច​ផ្អាក​តារា​កំប្លែង នាយ​ចឺម អោយ​សម្ដែង​ក្នុង​ក្រុម​ដែល​លោក​ដឹកនាំ​ប្រាកដ​មែន​ដោយសារតែ​លោក​យល់ថា នាយ​ចឺម កាន់​តែមាន​សន្ទុះ​ល្អ​ក្នុងនាម​ជាតា​រាច​មៀង​យុ​វ័យ​នៅក្នុង​ផលិតកម្ម​សាន់​ដេរ ហើយ​មិន​សម​នឹង​មក​កំប្លែង​ធ្វើ​ឆ្កួត​ធ្វើជា​ក្នុង​ក្រុម​ដូច​មុន​។​

​លោ​កថា​កាលពីមុន នាយ​ចឺម គឺ​គ្រាន់តែ​ជា​តារា​កំប្លែង​ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​លោក​ជា​តារាចម្រៀង​មួយរូប​ដែលមាន​អ្នកគាំទ្រ​មិន​ចាញ់​តារា​ល្បីឈ្មោះ​មួយចំនួន​នោះទេ ទើប​លោក​យល់​ថាបើ​នៅតែ​បន្ត​អោយ នាយ​ចឺម​សម្ដែង​កំប្លែង​ក្នុង​ក្រុម​បន្តទៀត គឺ​មិន​ខុសពី​ទាញ​ទម្លាក់​របស់គេ​អោយមាន​ការបាក់​ស្រុត​ទៅ​វិញ​។​

​លោ​កថា​ហេតុផល​ដែល​លោក​សម្រេច​ផ្អាក​ការងារ​របស់ នាយ​ចឺម គឺ​មិនមែនជា​រឿង​អន់ចិត្ត ឬ​ចង់អោយ​លោក​បាត់បង់​ការងារ​ដែល​ធ្លាប់​បំពេញ​នោះទេ ប៉ុន្តែ​គោលដៅ​សំខាន់​គឺ​ចង់​អោយគេ​មាន​ទីផ្សារ​ឈានឡើង​ក្នុងនាម​ជា​តារាចម្រៀង​យុវវ័យ​អោយបាន​ល្អប្រសើរ​ទៅវិញ​។ លោក​បាន​ប្រដូច​ថា​នាយ​ចឺម​គឺជា​កូន​ទា​ហ៊ាន​មួយរូប​ដែល​កាន់​កាំភ្លើង​ធ្វើ​កូនទាហាន​លែង​សម​ដូច​មុន ហើយ​គួរតែ​ទទួលយក​តំណែង​មួយ​ថ្មី គឺ​គ្រប់គ្រង​កូនទាហាន​ដើម្បីអោយ​សម​នឹង​ការលើកស្ទួយ​របស់​ផលិតកម្ម​សាន់​ដេ​។​

​លោក​នៅតែ​អះអាងថា​នឹង​ជួយ​ជំរុញ នាយ​ចឺម អោយ​កាន់តែ​មានការ​ឈានឡើង ដើម្បីអោយ​ប្រែក្លាយជា​តារា​មួយរូប​អោយទៅជា​តារា​យុវវ័យ​ដែល​លែង​ជាតា​រា​កំប្លែង​ដូច​មុន​។​​ការលើកឡើង​របស់លោក​បានធ្វើអោយ​ម្នាក់ៗ​យល់​នោះ​ជា​ជួយ​ជ្រោង​អោយ​តារាចម្រៀង នាយ​ចឺម កុំ​មាន​ទីផ្សារ​ឆាប់​សាំ​ព្រោះតែ​កំប្លែង​ចេញមុខ​រាល់​ចុង​សប្ដាហ៍ តែ​ក៏ត្រូវ​អ្នកខ្លះ​សង្ស័យថា​កើតឡើង​ពី​ការ​អន់ចិត្ត ឬ​មាន​អ្នកណា​ធ្វើទុក្ខបុកម្នេញ​ក្រោយពី​តារា​កំប្លែង នាយ​ចឺម ចាប់ផ្ដើម​ឡើង​កូដ​នោះដែរ​។​

​ឆ្លើយតប​នឹង​ករណីនេះ លោកតា វ៉ិ​ច​ទ័​រ បាន​អះអាងថា​អត់​មាន​រឿងរ៉ាវ​អន់ចិត្ត និង​មាន​អ្នកណា​មកចាក់​រុក​លោក​ធ្វើទុក្ខបុកម្នេញ​ចំពោះ​នាយ​ចឺម​នោះទេ ដោយ​លោក​បាន​ទាំង​លើកសរសើរ​ថា នាយ​ចឺម គឺជា​ក្មេង​ល្អ ចេះ​ស្គាល់​ទាប​ខ្ពស់ និង​ចេះ​ដឹងគុណ ដោយ​មិន​ភ្លេច​កំណើត​ដើម​នោះ​ផង​។ លោ​កថា​ហេតុផល​ដកចេញ នៅតែ​ស្ថិតនៅក្នុង​យុត្តិសាស្ត្រ​ដែល​លោក​ចង់អោយ នាយ​ចឺម មានការ​ចាប់អារម្មណ៍​ជាង​មុន ហើយ​កុំអោយ​ប៉ះពាល់​ការងារ​ជា​តារាចម្រៀង​របស់គេ​ដែល​កាន់តែ​មានការ​ឈានឡើង​។

​កាលពី​ល្ងាច​ថ្ងៃទី​២៧ វិច្ឆិកា នាយ​ចឺម បានធ្វើ​ពិធី​សុំទោស​ចំពោះ លោកតា​វ៉ិ​ច​ទ័​រ ក្រោយ​ទទួល​សំណេរ​ប្រាប់​អោយ​លោក​ឈប់​សម្ដែង​កំប្លែង​ក្នុង​ក្រុម​ដោយ​លោក​បាន​លើកទ័ព​មួយ​គ្រួសារ​ពី​ខេត្តកំពង់ស្ពឺ ដើម្បី​សុំទោស​លោកតា​ដែលជា​ឪពុក​ទី​២​នោះ​ផង​។ នាយ​ចឺម និយាយថា លោក​មិនបាន​ដឹងខ្លួន​មាន​កំហុស​ឬ​គ្មាន​កំហុស​នោះទេ ប៉ុន្តែ​ក្រោយ​ការទទួល​សារ​របស់ លោក​វ៉ិ​ចទ​រ័​រ អោយ​លោក​ផ្អាក​កំប្លែង លោក​ក៏បាន​គិត​ភ្លាម​ថា​ត្រូវតែ​ធ្វើ​ពិធី​សុំទោស​លោកតា ដោយបាន​ដឹកនាំ​បងប្អូន​យក​កាដូរ និង​ថវិកា​មួយចំនួន​មក​ជូន លោកតា​វ៉ិ​ច​ទ័​រ ដោយ​មិនអោយ​លោកតា​វ៉ិ​ច​ទ័​រ​ដល់ផ្ទះ នៅ​បុរី​ពិភព​ឫស្សីកែវ ដោយបាន​ទាំង​ធ្វើអោយ លោកតា​វ៉ិ​ច​ទ័​រ រំភើបចិត្ត​ចង់​ស្រក់​ទឹកភ្នែក​។​​

សុខភាព/បុរស/ស្ត្រី