• Flexa

កញ្ញា នី មុន្នីនាថ ធ្លាប់បាន​អះអាងថា​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ ប្រសិនបើ​មាន​ដីកា​កោះហៅ​ពី​តុលាការ​មែន​នោះ ប៉ុន្តែដល់ថ្ងៃកំណត់បែរជាអវត្តមានទៅវិញ

1 សប្ដាហ៍ កន្លងទៅ ដានីន

​រឿងរ៉ាវ​ប្តឹងផ្តល់​គ្នា​រវាង​អតីត​គូ​ស្នេហា កញ្ញា នី មុន្នីនាថ លោក អ៊ឹង សូ​ឡាង បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​ជា​ញឹកញាប់​គេ​តែង​ឃើញ​មានការ​ចុះផ្សាយ​យ៉ាងច្រើន​តាមរយ​:​សារព័ត៌មាន​នាពេល​កន្លងទៅនេះ ។​

​ថ្មីៗ​នេះ​កញ្ញា នី មុន្នីនាថ នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ពុំបាន​ចូល​បំភ្លឺ​ចំពោះមុខ​លោក អ៊ុក វណ្ណា​រិ​ទ្ធ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការកំណត់​នោះទេ​។ ការចូល​បំភ្លឺ​នេះ គឺពាក់ព័ន្ធ​នឹង​បណ្តឹងទាមទារ​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ពី​សំណាក់​អតីត​គូ​ដណ្ដឹង ក្រោយពេល​តារា​ទឹកភ្នែក​ដ៏​ល្បី​រូបនេះ បាន​ផ្តាច់​ពាក្យ​។​

​ប្រភពព័ត៌មាន​បញ្ជាក់​ថា ទោះបី កញ្ញា នី មុន្នីនាថ ពុំបាន​ចូល​បំភ្លឺ​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​ក្តី ប៉ុន្តែ លោក រ៉ូ ប៊ី​ន​ណៃ មេធាវី​ការពារ​ក្តី​របស់​នាង បាន​ចូល​បំភ្លឺ​ជំនួស​។ ករណីនេះ​ចៅក្រម នឹង​ឱ្យ​ដើមចោទ​និង​ចុង​ចម្លើយ ដាក់​ភស្តុតាង​ផ្សេងៗ​ដែល​ពួកគាត់​មាន​។​

​សូមបញ្ជាក់ថា អតីត​គូ​ដណ្តឹង​តារា​សម្តែង នី មុន្នីនាថ គឺ លោក​អ៊ឹង សូ​ឡាង បានដាក់​ពាក្យបណ្តឹង​ដោយ​ទាមទារ​ឱ្យ​នាង​សង​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ និង ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ បន្ទាប់ពី​អ្នក​ទាំងពីរ​កាត់​ផ្តាច់កា​រ​ទាក់ទង​គ្នា ។ លោក អ៊ឹង សូ​ឡាង ដែលជា​អនិកជន​ខ្មែរ​អាមេរិក បាន​ចោទ កញ្ញា នី មុន្នីនាថ ថា​បោក​យកប្រាក់​របស់ខ្លួន​ក្នុងពេល​ទាក់ទង​ជាមួយគ្នា ដោយនៅ​ក្នុងនោះ​លោក​បាន​ទិញ​របស់របរ​មានតម្លៃ​មួយចំនួន​ឱ្យ​នាង តែ​ដល់ពេល​ធ្លាក់​វី​សា ទៅ​នៅ​អាមេរិក​ជាមួយគ្នា​នោះ ត្រូវ​នាង​បដិសេធ​ទៅវិញ ។​

​ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​ដោយ​មេធាវី​របស់លោក​អ៊ឹង សូ​ឡាង កាលពី​ចុងខែ​កញ្ញា​ឲ្យ​ដឹង​ទៀតថា មូលហេតុ​នៃ​ការទាមទារ​ពី​ដើមចោទ (​អ៊ឹង សូ​ឡាង​)​គឺ​ដោយសារ​ការ ដែល​បាន​ស្គាល់គ្នា និង​ស្រឡាញ់គ្នា​ជាមួយ​ចុង​ចម្លើយ (​នី មុន្នីនាថ​) នៅ​ឆ្នាំ​២០១៤ ដោយ​ព្រមព្រៀង​ដោយ​ច្បាស់លាស់​ថា នឹង​យកគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ថ្ងៃ​អនាគត ទើប​ដើមចោទ​បានរៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ដោយមាន​ឪពុកម្តាយ​ទាំងសងខាង​យ៉ាង​ត្រឹមត្រូវ​។​

​គួរ​បញ្ជាក់ដែរថា នាពេល​កន្លងមកនេះ​គេ​កម្រ​នឹង​ទទួលបាន​ការបកស្រាយ​យ៉ាងណា​ឲ្យ​ច្បាស់​អំពី កញ្ញា នី មន្នីនាថ ទេ ប៉ុន្តែ​ពាក់ព័ន្ធ​បញ្ហា​នេះ នី មុន្នីនាថ នៅ​មិនទាន់​ប្រតិកម្ម ឬ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។ ប៉ុន្តែ​នាង​ធ្លាប់​អះអាង​កន្លងមក​ថា នាង​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ ប្រសិនបើ​មាន​ដីកា​កោះហៅ​ពី​តុលាការ​មែន​នោះ ។​កាលពីពេល​ថ្មីៗ​កន្លងមក​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ នី មុន្នីនាថ បាន​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា «​ចង់​និយាយ​ច្រើនណាស់ តាមចិត្ត​ខឹង​តាមចិត្ត​ក្ដៅ ប៉ុ​នែ្ត​ពាក្យចាស់​ពោលថា​បើ​ចង់​ឈ្នះសត្រូវ ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​»៕

សុខភាព/បុរស/ស្ត្រី