• Giloba

លោក ប៊ុត សីហា ថ្កោលទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​ទំនោរ​បញ្ចេញ​កំហឹង​គុំ​គួ​ន និង​ចេតនា​បំផ្លាញ​អនាគត​របស់លោក​

3 ខែ កន្លងទៅ ណូ​រ៉ា

ទីបំផុត ម្ចាស់​ជយលាភី «The Voice Cambodia» រដូវ​កាល​ទី​១ តារាចម្រៀង លោក ប៊ុត សីហា បានសម្រេច​ចិត្ត ទៅពិនិត្យ​ទឹកនោម រក​សារធាតុ​ញៀន ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ ឬ​ការរិះគន់​របស់​មហាជន​មួយចំនួន ដែល​យល់ថា ខ្លួន​លោក​បាន​ប្រើប្រាស់​គ្រឿងញៀន ក្រោយ​ពេលដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​កន្លងមកនេះ​។​

​ថ្មីៗ​នេះ​លោក​ក៏បាន​បង្ហោះ​ឯកសារ​ពិនិត្យ​ទឹកនោម ជាមួយ​លទ្ធផល​មិនមាន​សារធាតុ​ញៀន ក្នុង​ក្ដី​រំពឹង​ស្ដារ​ភាព​ស្អាតស្អំ​មកវិញ​ផងដែរ​។​

​ភ្ជាប់​នឹង​ឯកសារ​វេជ្ជសាស្ត្រ​ពិនិត្យ​ទឹកនោម ដែល​តារាចម្រៀង​រូបនេះ​អះអាងថា នឹង​លាងជម្រះ​នូវ​មន្ទិលសង្ស័យ​រាងកាយ​ដិតដាម​រឿងអាស្រូវ​ប្រើ​គ្រឿងញៀន​នោះ តារាចម្រៀង​ល្បី​ម្ចាស់​ពាន The Voice Cambodia តែ​បែរជា​អភ័ព្វ​វត្តមាន​លើ​ឆាក​តន្ត្រី លោក ប៊ុត សីហា បាន​បរិយាយ​សំណេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ត្រូវគេ​ចោទប្រកាន់ តែ​លទ្ធផល ដែល​ខ្ញុំ​បាន​ទៅធ្វើ​តេស្ត​ទឹកនោម កាលពី​ថ្ងៃទី 12/03/2018 តែ​ខ្ញុំ​ទុក្ខ​ធុរៈ​ផ្ទាល់ខ្លួន រវល់ អ៊ីចឹង​អត់​បាន Post ប្រាប់​ពួក​បងៗ​»​។​

​ទន្ទឹមនឹង​ការ​លាតត្រដាង​លទ្ធផល​ពិនិត្យ​ទឹកនោម វៀស​ចាក​ពី​គ្រឿងញៀន​នោះ តារាចម្រៀង ប៊ុត សីហា ក៏​ឆ្លៀត​ថ្កោលទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​ទំនោរ​បញ្ចេញ​កំហឹង​គុំ​គួ​ន និង​ចេតនា​បំផ្លាញ​អនាគត​របស់លោក ទាំង​គ្មាន​ការសាកសួរ​រូបលោក​ជា​អ្នកពាក់ព័ន្ធ​នឹង​ករណីនេះ​ផ្ទាល់​។

​តារាចម្រៀង​ម្ចាស់​ពាន Voice Cambodia លោក ប៊ុត សីហា ដែល​ត្រូវបាន​វាយប្រហារ​ដោយ​រឿងអាស្រូវ​ដ៏​អាម៉ាស​ប្រើប្រាស់​គ្រឿងញៀន​កាលពី​ចុងខែ​កុម្ភៈ នឹង​ទើបតែ​មានឱកាស​បកស្រាយ​ទម្លាយ​ឯកសារ​ពិនិត្យ​ទឹកនោម​គ្មាន​សារធាតុ​ញៀន​រូបនេះ លោក​ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ទៀតថា​៖ «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ​»​។​

​គួរ​បញ្ជាក់ដែរថា កាលពីពេល​កន្លងមក​លោក ប៊ុត សីហា បាន​បង្ហោះ​វីដេអូ​ធ្លាប់បាន​បង្ហោះ​វីដេអូ​បកស្រាយ​អំពី​រឿង​ចោទប្រកាន់​នេះ​ក្នុង​វីដេអូ​នៅលើ​ហ្វេ​ស​ប៊ុ​ក ប៊ុត សីហា បាន​ប្រាប់ថា បើតាម​ការពិត លោក​គឺជា​ភ្នាក់ងារ​សម្ងាត់​របស់​ស្នងការ​នគរបាល​បង្ក្រាប​គ្រឿងញៀន​ទេ មិនមែនជា​អ្នកប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​ឡើយ​។ លោក​បន្តថា ព័ត៌មាន​នេះ​គឺ​ខាង​ស្នងការ​មិន​ចង់​ឲ្យ​បែកធ្លាយ​ចេញមកក្រៅ​នោះទេ ហើយ​ការចោទប្រកាន់​មកលើ​រូបលោក​គឺ​ដោយសារតែ​ភាព​យល់ច្រឡំ​របស់​សារព័ត៌មាន​ប៉ុណ្ណោះ​។​

​ជាមួយគ្នា​នោះដែរ ភរិយា​របស់លោក​ហាក់​មិន​ភ្ញាក់ផ្អើល​នឹង​ដំណឹង​ដែល​ធ្វើអោយ​ស្វាមី​របស់ខ្លួន​រង​ការ​អាម៉ាស់​នោះទេ ដោយ​អ្នកនាង​យល់ថា​ក្នុងពេល​ដ៏​ខ្លី​អ្វីៗ​នឹងត្រូវ​ស្ងប់ស្ងាត់​។ អ្នកនាង ឃុន ស្រី​នាង ជា​អ្នក​លើក​ទូរស័ព្ទ និង​ជា​ភរិយា​របស់លោក ប៊ុត សីហា បាន​អះអាងថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី ថ្ងៃទី​២១ កុម្ភៈ ពិត​ជាមាន​ក្រុម​សមត្ថភាព​មក​ស្ទាក់ចាប់​លោក ប៊ុត សីហា នៅ​ម្ដុំ​សាលាបឋមសិក្សា​ពងទឹក ក្នុង​ខណ្ឌដង្កោរ ក្នុងពេលដែល​លោក​ធ្វើដំណើរ​ទៅផ្ទះ​របស់ខ្លួន​ពិតមែន ដោយ​ក្រុម​សមត្ថកិច្ច​បាន​ទាំង​ចាប់បញ្ជូន​លោក​ទៅកាន់​សាលាខណ្ឌ​អស់​ប៉ុន្មាន​ម៉ោង​នោះ​ផង​។​

​ប៉ុន្តែ​អ្នកនាង​ថា​ការដោះលែង​ត្រូវបាន​ធ្វើឡើង​ទាំងយប់​វិញ​ភ្លាមៗ បន្ទាប់ពី​រកឃើញថា​នោះ​ជា​រឿង​យល់​ច្រ​លំ​។ អ្នកនាង​បញ្ជាក់ថា​លោក ប៊ុត សីហា អត់​មាន​រត់ពន្ធ​គ្រឿងញៀន ដូច​ការចោទប្រកាន់​នោះទេ តែ​អ្នកនាង​បាន​សារភាពថា​ដោយសារតែ​លោក​បម្រើ​ការអោយ​មេ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ ទើប​មានការ​សង្ស័យ​ហើយ​ឈានដល់​ការចាប់ខ្លួន​ដើម្បី​យកទៅ​សាកសួរ​។​

​អ្នកនាង​ស្វាមី​ត្រូវបាន​ដោះលែង​អោយ​ត្រលប់មក​ផ្ទះ​វិញ​ទាំងយប់ ដោយ​ខាង​មន្ត្រី​សមត្ថកិច្ច​នៅ​ខណ្ឌដង្កោ​មានបំណង​ចង់​កែ​ព័ត៌មាន​ផងដែរ ប៉ុន្តែ​ព័ត៌មាន​បានចេញ​ទៅ​លឿន​រួច​បាត់ទៅហើយ​។​

​អ្នកនាង​និយាយថា «​រឿង​យប់មិញ​គេ​ចាប់គាត់​មែន ប៉ុន្តែ​ដល់ពេល​ដឹងថា​ជា​ការយល់ច្រលំ ទើប​គេ​ដោះលែង​វិញ ហើយ​មកពី​ព័ត៌មាន​ចេញទៅ​លឿន​ពេក ទើប​ចង់​បញ្ជាក់ថា​មិនមែនជា​ការពិត​អី​ក៏​មិនកើត​!»​។​

​អ្នកនាង​បញ្ជាក់ថា លោក ប៊ុត សីហា នៅ​សម្រាក​និង​នៅ​ភ័យ​មិនទាន់​បាត់​នោះទេ ដោយ​លោក​ភ័យ​រឿង​បាត់បង់​ប្រជាប្រិយភាព​នៅក្នុង​ពិភព​ចម្រៀង​នោះ​ផង​។ អ្នកនាង​ថា​ខ្លួន និង​លោក ប៊ុត សីហា រៀបការ​៤​ឆ្នាំ​ហើយ ហើយក៏​មិនដឹង​រឿង​ស្វាមី​ញៀន​ថ្នាំ ឬ​ជួញដូរ​គ្រឿងញៀន​នោះដែរ ដោយ​អ្នកនាង​បញ្ជាក់ថា​ព័ត៌មាន​ដែល​ធ្លាប់​លេចឮ គឺជា​ការយល់ច្រលំ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...