
ដោយសារតែសម្ដែងរឿងឱ្យគេលេងមិនឆ្អែតចិត្ដទើបខ្ញុំនិងភរិយា សម្រេចចិត្ដបើកផលិតកម្មខ្លួនឯងតែម្ដង នេះជាការលើកឡើងរបស់ឱ្យទ្រង់ស៊ីសុវត្ថិ សិរីវុឌ គ្រាដែលផលិតកម្ម គុជមរកត បានដំណើរការផលិតរឿងនិងក្រុងពាលីរឿង«ម្ចាស់ព្រៃ»ជាការបើកឆាកផលិតកម្មមួយនេះ។
បន្ទាប់ពីប្រឡូកចូលលើវិស័យសិល្បៈជាច្រើនឆ្នាំ និងមានបទពិសោធន៍ក្នុងការសម្ដែងរឿងជាច្រើនដែលមានរឿងធំដូចជាJailbreak ,ព្រះបាទជ័យវរ្ម័នទី៧, ស្បែកគង់,ចន្ទ្រា និងនារីវេទមន្ដ ទ្រង់ស៊ីសុវត្ថិ សិរីវុឌ ក៏បានបើកឆាកចាប់ផ្ដើមផលិតរឿងដោយខ្លួនឯងហើយក៏ជាស្នាដៃទី១ដែលលោកដឹកនាំផងដែរនិងស្នាដៃនិពន្ធរបស់អ្នកម្នាងមាស មរកត។
ទ្រង់ស៊ីសុវត្ថិ សិរីវុឌ បានលើកឡើងថា ព្រោះតែមានចិត្ដ ស្រលាញ់លើវិស័យសិល្បៈពិសេសការផលិតភាពយន្ដខ្លាំងពេកទើបទ្រង់សម្រេចចិត្ដយកថវិកាដែលបានចំណេញពីការធ្វើជំនួញកាហ្វេមកបើកផលិតកម្មនិងផលិតភាពយន្ដ។ ទ្រង់ បន្ដថា រឿង«ម្ចាស់ព្រៃ» បានបង្ហាញពីការគំនិតស្រលាញ់និងពុះពារក្នុងការថែរក្សាការពារបរិស្ថាន គ្រាដែលបច្ចុប្បន្នទាំងប្រជាជនក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកំពុងតែគិតគូថែរក្សាបរិស្ថានផងដែរ។ រឿងនេះគ្រោងនឹងចំណាយទឹកប្រាក់រង្វង់១០ម៉ឺនដុល្លារដោយមិនរាប់បញ្ចូលការទិញដីជាង១០ហិកតានៅតំបន់ព្រៃនាខេត្ដពោធិសាត់ ដើម្បីធ្វើជាស្ទីឌីយូថត។
ជាមួយគ្នានេះអ្នកដឹកនាំរឿងថ្មោងថ្មីរូបនេះបញ្ជាក់ថា ទ្រង់មិនបារម្ភពីការងារមួយនេះទេ ពីព្រោះទ្រង់មានបទពិសោធន៍ច្រើនពាក់ព័ន្ធនិងសិល្បៈព្រមទាំងបានស្វែងយល់យ៉ាងច្បាស់ពីការដឹកនាំរឿង ដូច្នេះជឿជាក់ថានឹងមានការគាំទ្រ លើស្នាដៃខ្លួន។ ហើយទ្រង់ក៏រំពឹងថាតាមរយៈបច្ចេកទេស4k នឹងផ្ដិតយកសកម្មភាពស្អាតៗ នៅតំបន់សំខាន់ៗដូចជាខេត្ដសៀមរាប ពោធិសាត់ កំពង់ឆ្នាំង ឧត្ដុង្គជាដើម ដើម្បីចែកជូនដល់ទស្សនិកជន។
គួរបញ្ជាក់ថារឿងនេះនឹងចាប់ផ្ដើមថតនៅពាក់កណ្ដាលខែមេសា ក្រោយពីបញ្ចប់រឿង«ម្ចាស់ព្រៃ»ទ្រង់ស៊ីសុវត្ថិ សិរីវុឌ និងផលិតរឿងចំនួន៥រឿងបន្ថែមទៀតដូចជារឿង«ពួកអាថ៌១០គត់»«កូនភ្លោះអភ័ព្វ»«ឃាតករឥតស្រមោល»«ទុកពេលមួយសប្ដាហ៍»និងរឿង«ប្រវត្ដិនំបញ្ចុកខ្មែរ»៕