
កញ្ញានេត្រ សុចរិយា ត្រូវមិត្ដភ័ក្ដិក្នុងសិល្បៈដឹងថាបានចេញរស់នៅ និងបំពេញការងារនៅប្រទេសឥណ្ឌូជាមួយសង្សារប្រមាណពីរឆ្នាំមកហើយពិសេសនៅពេលនាងថតរឿង«បណ្ដឹងស្រីទាំងប្រាំ»ចប់ក៏បាត់មុខនាងឈឹងតែម្ដង។ ថ្មីៗនេះនាងបង្ហាញមុខសាជាថ្មីតែមិនមែនស្ថិតក្នុងចង្កោមអ្នកសិល្បៈទេ គឺនាងបានក្លាយថៅកែស្រីទៅវិញ។
បើនិយាយពីវាសនារបស់កញ្ញានេត្រ សុចរិយា គេស្ទើរតែមិនជឿថា នាងមានយីអ៊ុនឡើងដូចពេលសព្វថ្ងៃទេ ព្រោះបើទោះជាពេលនាងប្រឡូកចូលសិល្បៈ បានក្លាយខ្លួនជាតារាល្បីឈ្មោះម្នាក់ក៏ដោយ ក៏ប្រាក់ចំណូលដែលបានមកស្ទើរតែចាយមិនគ្រាន់ផង។ ក្រោយពីបានស្គាល់សង្សារសំណព្វចិត្ដឈ្មោះណាថាន់ មកស្រាប់តែរាសីនាងឡើងស្រឺតៗតែម្ដង រហូតដល់បច្ចុប្បន្នមានទុនក្នុងការបើកហាងសូត្រមួយកន្លែងនៅក្រុងភ្នំពេញឈ្មោះថាNatriya។
កញ្ញានេត្រ សុចរិយា ប្រាប់ថា ខណៈនាងចេញទៅប្រទេសឥណ្ឌូនេស៊ី សង្សារមិនចង់ឱ្យនាងធ្វើអ្វីទេធ្វើឱ្យនាងអផ្សុកទើបសម្រេចចិត្ដទៅរៀនផ្នែកឌីហ្សាញសំលៀកបំពាក់ ក្រោយពេលរៀនចេះហើយនាងក៏ចាប់ផ្ដើមចង់រកស៊ីទើបសម្រេចចិត្ដបើកមុខរបរនេះតែម្ដង។នាងបន្ដថា មុខរបរត្រូវរកស៊ីមានច្រើនដូចបើកភោជនីយដ្ឋាន ក៏នាងអាចមានលទ្ធភាពបើក ប៉ុន្ដែនាងគ្មានចំណេះលើផ្នែកនេះត្រូវពឹងផ្អែកលើសង្សារជួយដដែលម្លោះហើយទើបសម្រេចយកអាជីពជាអ្នកលក់សូត្រខ្មែរ និងធ្វើដេគ័រតាមផ្ទះ សណ្ឋាគារ ខុនដូរដែលជាជំនាញរបស់នាងវិញ។
តារាសិល្បៈរូបនេះបញ្ជាក់ថា៖«ការពិតជំនាញលើសូត្រខ្ញុំចេះយូរហើយគ្រាន់តែពេលមុនខ្ញុំនៅធ្វើការងារជាមួយពូ ប៉ុន្ដែពេលនេះខ្ញុំចេះឌីហ្សាញហើយ និងមានដើមទុនគ្រប់គ្រាន់ទៀតទើបចាប់អាជីពតែម្ដង»។
ពេលសួរដល់ដើមទុន កញ្ញាសុចរិយា មិនបង្ហើបប្រាប់ឡើយ តែនាងបែរជាប្រាប់ដោយមិនលាក់លៀមថា វាជាទុនរបស់សង្សារទាំងស្រុង។ នាងបន្ថែមថាទោះបីជាអាជីវកម្មនេះទើបតែដំណើរការរយៈពេលជាងមួយខែក៏ដោយក៏វាមានដំណើរការរីកទៅមុខល្អ ដោយមានអតិថិជនច្រើនកាម្ម៉ង់ជាបន្ដបន្ទាប់។ សព្វថ្ងៃនាងកំពុងតែមានទំនាក់ទំនងជាមួយម្ចាស់សណ្ឋាគារ ម្ចាស់ខុនដូ គេហដ្ឋានជាដើម។
សុចរិយា បញ្ជាក់ថា៖« ហាងដែលបើកនេះគ្រាន់តែជាទីតាំងខ្ញុំដាក់តាំងគំរូខ្នើយ ភួយ ពូក សម្រាប់ភ្ញៀវមើលប៉ុណ្ណោះ តែមានកន្លែងមួយទៀតសម្រាប់អង្គុយធ្វើការងារឌីហ្សាញ កាត់ដេរតែម្ដង។ដែលអាចផ្ដល់ការងារអោយបុគ្គលិកធ្វើបានប្រមាណ២០នាក់។ »
ពាក់ព័ន្ធបញ្ហាផ្ទាល់ខ្លួនកញ្ញានេត្រ សុចរិយា បង្ហើបថា ការពិតសង្សារនាងចង់ការឆ្នាំនេះ ប៉ុន្ដែដោយសារតែបើកជំនួញមួយនេះទៅហើយនាងអាចពន្យាពេលឱ្យជំនួញមួយនេះដើរទៅមុខល្អសិន។ ប្រមាណ២ឆ្នាំទៀតប៉ុណ្ណោះនាងនឹងរៀបការតាមប្រពៃណីខ្មែរជាមិនខាន។ នាងបញ្ជាក់ថា៖«សព្វថ្ងៃណាថាន់ គាត់ចង់ការខ្លាំងណាស់ តែពួកយើងសុទ្ធតែរវល់ ខ្ញុំបើកជំនួញនៅទីនេះ គាត់នៅធ្វើជំនួញនៅឥណ្ឌូនេស៊ី ដូច្នេះនៅពេលការងារខ្ញុំនៅទីនេះដើរល្អ ខ្ញុំនឹងហោះទៅរស់នៅជាមួយសង្សារនៅឥណ្ឌូសិនទំរាំដល់ថ្ងៃចូលរោងការ»៕