• Giloba

ល្បី​តារាចម្រៀង​រលក​ក្រោយ​សាន់​ដេ នាយ ចឺម ទាមទារ​ដំឡើងថ្លៃ​ខ្លួន​ទ្វេដង

2 សប្ដាហ៍ កន្លងទៅ នីតា

​ភ្នំពេញៈ ខណៈ​ការ​បំប្លែង​ខ្លួន​ពី​អាជីព​ជាតា​រា​កំប្លែង​ឲ្យ​ទៅជា​តារាចម្រៀង​សម័យ​មិនទាន់បាន​ពេល ១ ឆ្នាំ​ត្រឹមត្រូវ​ផង​នោះ ក៏​ស្រាប់​លេចចេញ​នូវ​ដំណឹង​ថា តារាចម្រៀង​ប្រុស​រលក​ក្រោយ​នៃ​ទ្រនំ​សាន់​ដេ សុខ មេសា ហៅ​នាយ ចឺម កំពុងតែ​ទាមទារ​ដំឡើងថ្លៃ​ខ្លួន​កប់​ដូចជា​តារាចម្រៀង​ល្បីៗ​រៀមច្បង​ដែរ គួរ​ឲ្យ​ភ្ញាក់ផ្អើល​។​

​តារា​កំប្លែង​មាន​ដុង​តាំងពីក្មេង​វ័យ ២៣ ឆ្នាំ មាន​ស្រុកកំណើត​នៅឯ​ខេត្តកំពង់ស្ពឺ នាយ ចឺម ជា​ក្មួយប្រុស​បង្កើត​តារា​កំប្លែង​ដ៏​ល្បី​នាយ​ក្រូច ទើប​លាឈប់​ពី​អាជីព​តារា​កំប្លែង​នៅ​ស៊ី​ធី​អិន ក៏​កំពុង​តែមាន​រាសី​ហក់​ឡើង​ខ្លាំង​នៅលើ​ទ្រនំ​សាន់​ដេ ក្រោយពី​អតីត​តារាចម្រៀង​ប្រុស​កំពូល​លោក ខេមរៈ សិរីមន្ត បាន​ដើរចេញ​ទៅរក​ទ្រនំ​ថ្មី​ហង្ស​មាស មក ខណៈពេល​នេះ​ក៏​លេច​ឮថា​គេច​ង់​ដំឡើងថ្លៃ​ខ្លួន​ទ្វេដង​ឯណោះ ដើម្បី​ឲ្យ​សម​ទៅនឹង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ននេះ ដែល​យ៉ាងហោចណាស់​ក៏បាន​តម្លៃ​ខ្លួន ២០០០ ដុល្លារ ដែរ សម្រាប់​ការប្រគំ​តន្ត្រី​នៅ​មួយកន្លែងៗ និង​ឲ្យ​សមស្រប​នឹង​ប្រជាប្រិយភាព​របស់គេ​។​

​តែ​តារាចម្រៀង​ប្រុស​រលក​ក្រោយ ដែល​កំពុងតែ​កសាងបាន​នូវ​ភាព​ល្បី​ជា​កូន​កតញ្ញូ​ក្រៅ​សិល្បៈ​មួយទៀត​គឺ​ជះ​ប្រា​ក់ជាង ១០ ម៉ឺន​ដុល្លារ សង់ផ្ទះ​វីឡា​ជូន​ឪពុកម្តាយ​នៅ​ស្រុកកំណើត គ្រោង​សង់​រួចរាល់​នៅ​ចុងឆ្នាំ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ចំពោះ​តម្លៃ​ខ្លួន​របស់ខ្ញុំ នៅពេលនេះ មិនទាន់​អាច​ជម្រាប​ខាង​បង​បានឡើយ ដោយសារ​ខ្ញុំបាទ​នៅ​រង់​ចាំមើល​ឱកាស​នៃ​ការចេញ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​ចំនួន ៣ បទ នៅថ្ងៃនេះ [​ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៨] ថា​តើ​មាន​សម្ទុះ​ទាក់ទាញ​បានការ​គាំទ្រ​ពី Fans ក្នុង​កម្រិតណា​សិន​។ ប្រសិនបើ ៣ បទ​នេះ ស្រូប​បានការ​គាំទ្រ​ខ្លាំង​មែន​នោះ ខ្ញុំបាទ​ក៏​អាចមាន​នូវ​អ្វី​ជា​អំណះអំណាង​ដើម្បី​យកទៅ​ចរចា​រឿង​តម្លៃ​ខ្លួន​ឲ្យ​បាន​សមស្រប​ទៅតាម​ទីផ្សារ នាពេល​បច្ចុប្បន្ន​ជាមួយ​ក្រុមហ៊ុន​បាន​ផងដែរ​។ តែ​ប្រសិនបើ​មិនបាន​ផ្ទុះ​ចេញ​នូវ​ការគាំទ្រ​ខ្លាំង​នោះទេ ក៏​គ្មាន​បញ្ហា​អ្វី​ដែរ​សម្រាប់​ខ្ញុំ ព្រោះថា ខ្ញុំ​អាច​នៅមាន​ឱកាស​ជា​បន្តបន្ទាប់​ទៀត​»​។​

​ម្យ៉ាងទៀត​តម្លៃ​ខ្លួន​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​តាម​ខេត្ត​នានា​របស់​តារាចម្រៀង​ថ្មី​សាន់​ដេ ដែល​កំពុងតែ​ល្បី និង​ស្រូប​យកបាន​នូវ​ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ​ខ្លាំង​ពី យុវវ័យ​រូបនេះ ក៏មាន​តម្លៃ​ខ្លួន​នៅ​ចន្លោះ​ពី ១ ពាន់ ដុល្លារ​ទៅដល់​ចំនួន ១៥០០ ដុល្លារ រួចទៅហើយ ខណៈពេល​នេះ​នាយ ចឺម ក៏មាន​ក្រុម​រាំ​អម​មាន​សមាជិក ៥ នាក់ ផងដែរ អាចជា​ហេតុ​នាំ​ឲ្យ​ចង់​ដំឡើងថ្លៃ​ខ្លួន​បន្ថែម​។​

​នាយ ចឺម បញ្ជាក់ថា​៖ «​ខ្ញុំ​ក៏មាន​ក្តី​ប្រាថ្នា ចង់​ទទួលបាន​តម្លៃ​ខ្លួន​ប្រសើរ​ដែរ សម្រាប់​ឆ្នាំ​ថ្មី ដោយសារ​មាន​សមាជិក​ក្រុម​រាំ​ផ្ទាល់ខ្លួន​ចំនួន ៥ នាក់ ដែល​ឥឡូវនេះ​ពួកគាត់​បានមក​រាំ​ជាមួយ​ខ្ញុំ​ជាប់​រហូតមក​ចាប់តាំងពី​ចាប់ផ្តើម​នៅ​ខែឧសភា​។ ចំពោះ​ការ​ច្រៀង​ក្នុង​កម្មវិធី​នានា​តាម​ខេត្ត ខ្ញុំ និង​ក្រុម​ទទួលបាន​តម្លៃ​អាស្រ័យ​ទៅតាម​ចម្ងាយ​ផ្លូវ​របស់​ខេត្ត​នៅ​ជិត ឬ​នៅ​ខេត្ត​ឆ្ងាយ​។​ប្រសិនបើ​នៅ​ខេត្ត​ជិត​យើង​ទទួលបាន​នូវ​ប្រាក់កម្រៃ ១២០០ ដុល្លារ ឬ ១៣០០ ដុល្លារ ខណៈ​នៅ​ខេត្ត​ឆ្ងាយ​កម្រៃ ១៥០០ ដុល្លារ​»៕ប្រភព៖Postkhmer

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...