• Flexa

ទីបំផុត​រឿង​ខ្មែរ​ថត​ដោយ Angelina Jolie ប្រកាស​ថ្ងៃ និង​ទីតាំង​បញ្ចាំង​នៅក្នុង​ស្រុក​ហើយ​

10 ខែ កន្លងទៅ ណូ​រ៉ា

​ក្រុម​អ្នកគាំទ្រ​ក្នុងប្រទេស​កម្ពុជា​កំពុងតែ​ជជែក​គ្នា​នៅលើ​បណ្ដាញ​សង្គម​រសៀល​នេះ បន្ទាប់ពី​មាន​ព័ត៌មាន​មក​ថា ភាពយន្ត​ខ្មែរ​មួយ​រឿង​ទាញ​ចេញពី​របប​ខ្មែរក្រហម​ដែល​ថត​ដោយ​តារា​លំដាប់​ពិភពលោក​Angelina Jolie គឺ​រឿង "​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​" ត្រៀម​ដាក់​បញ្ចាំង​នៅ​កម្ពុជា​ហើយ​។​

​ព័ត៌មាន​នេះ ត្រូវបាន​ចែកចាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Angelina Jolie / Angie​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែល​មិនទាន់​ដឹងថា ជា​របស់​តារាភាពយន្ត​ហូលីវូដ​ដ៏​ល្បី​រូបនេះ​ឬ​យ៉ាងណា ដោយសារ​តែមាន​អ្នក Like ត្រឹម​ជាង​១០​ម៉ឺន​នាក់​នោះ បានសរសេរថា "The World Premiere of 'First They Killed My Father' will be held in Siem Reap, Cambodia on February 18, 2017 ”​។​

​សារ​នេះ មានន័យថា "​ភាពយន្ត មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ នឹង​រៀបចំ​ចាក់​បញ្ចាំង​ដំបូង​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី ១៨ កុម្ភៈ ២០១៧"​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល ក៏បាន​បញ្ចេញ​ឲ្យ​ដឹង​ទៀតថា ភាពយន្ត​ខ្មែរ​ខ្នាត​ធំ​មួយ​នេះ ក៏​នឹង​អាច​រកបាន​នៅលើ Netflix ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ ប្រិយមិត្ត​ជាច្រើន​បាន​សម្ដែង​ការ​ត្រេកអរ ហើយ​ថា ពួកគេ​អន្ទះសា​ចង់​ទស្សនា​ខ្សែភាពយន្ត​មួយ​នេះ​ណាស់​។​

​អម​នឹង​ករណីនេះ លោក រិទ្ធី ប៉ាន់ បុគ្គល​ដែល​បាន​ចូលរួម​សហការ​ផលិត​ភាពយន្ត​ខាងលើ បាន​ឆ្លើយ​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ជា​ភាសា​អង់គ្លេស​ថា លោក​អបអរសាទរ​នឹង​ដំណឹង​នេះ​។ ប៉ុន្តែ​លោក​មិនបាន​និយាយ​អ្វី​ច្រើន​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា ចាំ​ជូនដំណឹង​បន្ថែម​នាពេល​ក្រោយ​។​

​យ៉ាងនេះ​ក្ដី លោក ស៊ិន ចន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​សិល្បៈ បាន​ឆ្លើយ​ប្រាប់ Sabay រសៀល​នេះ​ថា ព័ត៌មាន​នេះ​ជាការ​ពិត​។ លោក សា​យ៉ា ប្រាប់ថា "​បាទ​ពិតមែន រឿង​នោះ បញ្ចាំង​នៅ​សៀមរាប​ខែក្រោយ តែ​ខ្ញុំ​អត់​ចាំ​ថ្ងៃ​ច្បាស់ ហើយ​បន្ទាប់ពី​សៀមរាប នឹងត្រូវ​បន្តទៅ​បាត់ដំបង និង​ភ្នំពេញ​ទៀត​"​។​

​ប្រធាន​នាយកដ្ឋាន​ដដែល​បញ្ជាក់ថា លោក​ទទួលបាន​ការជូន​ដំណឹង​ពី​ផែន​ការដាក់​បញ្ចាំង​រឿង "​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​" ពី​ភាគី​ក្រុម​ផលិត​របស់ Angelina Jolie តាំងពី​ខែធ្នូ ឆ្នាំ ២០១៦ ហើយ​លោក​ក៏បាន​ទស្សនា​រួចរាល់​ហើយ​ដែរ​។ លោក​បន្តថា នេះ​មិនមែនជា​ភាពយន្ត​ពាណិជ្ជកម្ម​ទេ តែ​ត្រូវ​ជាមួយ​មហោស្រព​ជាង​។​

​យ៉ាងនេះ​ក្ដី លោក​មានជំនឿថា ពលរដ្ឋ​ខ្មែរ​នឹង​គាំទ្រ​រឿងនេះ ព្រោះ​ជា​ស្នាដៃ​របស់​អេ​ន​ជូ​លី ចូ​លី ជា​បុគ្គល​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ស្រាប់​ក្នុង​ឧ​ស្សហកម្ម​ភាពយន្ត​ពិភពលោក ហើយ​នោះ​ជាហេតុ​ផល ដែល​លោក​មើលឃើញថា ពួកគេ​(​ពលរដ្ឋ​ខ្មែរ​)​ចង់​ទស្សនា​រឿងនេះ​ណាស់​។​

​ភាពយន្ត "​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​" និយាយ​ពី​ការចងចាំ​របស់​កុមារី​ម្នាក់​កាលពី​អតីត បច្ចុប្បន្ន​ជា​សកម្មជន​សិទ្ធិមនុស្ស​នៅ​អាមេរិក និង​ជា​អ្នកនិពន្ធ​នៃ​រឿង​នេះដែរ​ឈ្មោះ លឿង អ៊ឹង​។ រឿងនេះ​ត្រូវបាន​ប្រកា​សថត​កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០១៦ ដោយ​ក្នុងនោះ​បានជ្រើសរើស​យក​ខេត្តបាត់ដំបង​ជាទី​តាំង​ថត​ភាគច្រើន​។​

​រឿងនេះ មាន​ព័ត៌មាន​ថា បាន​ចំណាយ​ទុន​មហាសាល ក្នុង​សូម្បីតែ​សិល្បករ​ខ្មែរ ក៏​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​ខុសពី​អ្វីដែល​ពួកគេ​ធ្លាប់​បានទទួល​ក្នុង​អាជីព​សម្ដែង​របស់ខ្លួន​ផងដែរ​៕Sabay

សុខភាព/បុរស/ស្ត្រី