• Default ខាងលើក្រោមមេនុយ

ជីវប្រវត្តិ និង​ព្រះញាតិវង្ស​របស់​ព្រះ​បរម​រតន​កោដ្ឋ

6 ខែ កន្លងទៅ ណូ​រ៉ា

ទោះ​ជា​សម្ដេច​ព្រះ នរោត្តម សីហនុ ឬ​ព្រះ​បរម​រតន​កោដ្ឋ បាន​សោយ​ទិវង្គត​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ទៅ​ហើយ​ក្ដី តែ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន។ តើ​នរណា​ខ្លះ​ជា​ព្រះ​ញាតិវង្ស​របស់​ព្រះ​បរម​រតន​កោដ្ឋ?

ព្រះ​បរម​រតន​កោដ្ឋ ជា​អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សោយរាជ្យ​ចាប់​ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៥៥ និង​គ្រងរាជ្យ​ម្ដង​ទៀត​នៅ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៤។ ព្រះអង្គ​ជា​ព្រះរាជបុត្រ​ទោល​របស់​សម្ដេច​ព្រះ នរោត្តម សុរាម្រិត និង​ព្រះ​មហា​ក្សត្រិយ៍ ស៊ីសុវត្ថិ កុសមៈ ប៉ុន្តែ​ព្រះអង្គ​មាន​ព្រះអនុជ​រួម​ព្រះបិតា​ចំនួន ៣​អង្គ។ ព្រះអនុជ​រួម​ព្រះបិតា​ទាំង ៣​អង្គ​ផ្សេង​ទៀត គឺ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម វិជ្ជរា ព្រះអង្គ​ម្ចាស់ នរោត្តម សិរិវុធ និង​ព្រះអង្គ​ម្ចាស់ ប្រីយ៉ា សុភុម។

សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ឡើង​គ្រងរាជ្យ​តាំង​ពី​ព្រះអង្គ​មាន​ព្រះជន្ម​ត្រឹម​តែ ១៨​ព្រះវស្សា ហើយ​ព្រះអង្គ គឺ​ជា​វីរបុរស​ដ៏​លេចធ្លោ​បំផុត​ក្នុង​ឆាក​នយោបាយ​កម្ពុជា និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​ជាច្រើន។

នៅ​កំឡុង​ពេល​ដែល​ព្រះអង្គ​នៅ​គង់​មាន​ព្រះជន្ម និង​គ្រប់គ្រង​ប្រទេស​កម្ពុជា មាន​រឿង​ជាច្រើន​បាន​កើត​ឡើង សូម្បី​តែ​ជីវិត​ឯកជន​របស់​ព្រះអង្គ​ក៏​មាន​ភាព​ស្រពិចស្រពិល​ដែរ។ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៤០-១៩៥០ ព្រះអង្គ​មាន​ព្រះជាយា​ដែល​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ចំនួន ៦​អង្គ និង​មាន​បុត្រា​បុត្រី​ពី​ព្រះជាយា​ទាំង​នេះ​ចំនួន ១៤​អង្គ។ ដោយសារ​តែ​មាន​ព្រះ​បុត្រា​បុត្រី​ច្រើន​បែប​នេះ​ហើយ ទើប​ធ្វើ​អោយ​ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ មាន​ការ​ពិបាក​ក្នុង​ការ​ចាត់​ចែង​អ្នក​ស្នង​តំណែង។

ក្នុង​ចំណោម​ព្រះជាយា​ទាំង​ឡាយ​របស់​ព្រះបាទ នរោត្តម សីហនុ មាន​តែ​ព្រះជាយា មុន្នីនាថ ដែល​ជា​កូន​កាត់​អ៊ីតាលី ត្រូវ​បាន​តែង​តាំង​ជា​ព្រះរាជ​អគ្គមហេសី នរោត្តម មុន្នីនាថ សីហនុ នៅ​ឆ្នាំ​១៩៥៥។ ព្រះអង្គ​បាន​ជួប​ម្ចាស់​ក្សត្រិយ៍ មុន្នីនាថ ដំបូង​នៅ​ឆ្នាំ​១៩៥១ នៅ​ពេល​នោះ​ទ្រង់​បាន​តែង​តាំង​ម្ចាស់​ក្សត្រិយ៍ មុន្នីនាថ ជា​បវរកញ្ញា។ ព្រះអង្គ​បាន​រៀប​អភិសេក​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​១៩៥២ ជាមួយ​ព្រះរាជ​អគ្គមហេសី មុន្នីនាថ មាន​បុត្រា​ពីរ​ព្រះអង្គ គឺ​ព្រះអង្គ​ម្ចាស់​ស្ដេច​ក្រុមឃុន សីហមុនី និង​ព្រះអង្គ​ម្ចាស់ ណារិន្ទ ត្រាពង្ស។

បច្ចុប្បន្ន​នេះ ព្រះអង្គ​ម្ចាស់​ស្ដេច​ក្រុមឃុន នរោត្តម សីហមុនី ទ្រង់​ត្រូវ​បាន​តែង​តាំង​ជា​ព្រះមហាក្សត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា  នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ បន្ទាប់​ពី​ព្រះ​បរម​រតន​កោដ្ឋ​បាន​ដាក់​រាជ្យ។ ចំណែក​ឯ​ព្រះអង្គ​ម្ចាស់ ណារិន្ទ ត្រាពង្ស បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៣ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​ជំងឺ​គាំង​បេះដូង។

ទោះ​ជា​យ៉ាង​ណា ព្រះជាយា​ទី​១​របស់​ព្រះអង្គ​មិន​មែន​ព្រះរាជ​អគ្គមហេសី នរោត្តម មុន្នីនាថ សីហនុ នោះ​ទេ ប៉ុន្តែ​ជា​នាដ​ការិនី​របាំ​ព្រះ​រាជ្យទ្រព្យ​ម្នាក់​ឈ្មោះ​អ្នក​ម្នាង ផាត់ កាញ៉ុល។ ព្រះអង្គ​ទ្រង់​រាជា​ភិសេក​ជាមួយ​អ្នក​ម្នាង​នៅ​ឆ្នាំ​១៩៤២ ក្រោយ​មក​បាន​លែង​លះ​គ្នា។ ព្រះអង្គ​មាន​បុត្រ​ពីរ​ព្រះអង្គ​ជាមួយ​នឹង​អ្នក​ម្នាង ផាត់ កាញ៉ុល គឺ​សម្ដេច​ព្រះ​រៀម បុប្ផា ទេវី និង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។

ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផា ទេវី បាន​ក្លាយ​ជា​តួឯក​របាំ​ព្រះ​រាជ្យទ្រព្យ​ដ៏​ល្បីល្បាញ​ម្នាក់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ក្នុង​រាជ​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បង្កើត​ឡើង​ក្រោយ​ឆ្នាំ​១៩៩៨ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុប្ផា ទេវី ទ្រង់​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ រីឯ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់​បាន​សិក្សា​វិជ្ជា​ច្បាប់​នៅ​ប្រទេស​បារាំង ហើយ​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​ច្បាប់​នៅ​សកលវិទ្យាល័យ​មួយ​នៅ Aix-en-provence។ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ព្រះអង្គ​ទ្រង់​បាន​ចូលរួម​ចលនា​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ តាម​រយៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះបិតា​របស់​ព្រះអង្គ។ ក្រោយ​មក ព្រះអង្គ​ទ្រង់​បាន​ឡើង​ធ្វើ​ជា​ព្រះ​ប្រធាន​របស់​គណបក្ស​នេះ ហើយ​បាន​ឈ្នះ​ឆ្នោត​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩៩៣ ដោយ​អង្គការ​សហប្រជាជាតិ។ ព្រះអង្គ​ទ្រង់​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទី​១ ក្នុង​រាជ​រដ្ឋាភិបាល​នេះ​រហូត​ដល់​ខែ​កក្កដា ឆ្នាំ​១៩៩៧ ទើប​បាន​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន បណ្ដេញ​ចេញ​ពី​តំណែង។ បច្ចុប្បន្ន​នេះ ព្រះអង្គ​ជា​ព្រះ​ប្រធាន​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ។

ចំណែក​ឯ​ព្រះជាយា​មួយ​អង្គ​ទៀត​របស់​ព្រះបាទ នរោត្តម សីហនុ គឺ​ម្ចាស់​ក្សត្រិយ៍ ស៊ីសុវត្ថិ មុនីកេសរ និង​ត្រូវ​ជា​មីង​បង្កើត​របស់​ព្រះបាទ នរោត្តម សីហនុ ទ្រង់​បាន​រាជាភិសេក​នៅ​ឆ្នាំ​១៩៤៤។ ម្ចាស់​ក្សត្រិយ៍ ស៊ីសុវត្ថិ មុនីកេសរ បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៩៤៦។ ព្រះអង្គ​មាន​បុត្រា​មួយ​ព្រះអង្គ​ជាមួយ​ម្ចាស់​ក្សត្រិយ៍ មុនីកេសរ ទ្រង់​ព្រះនាម នរោត្តម នរាទីប៉ូ។ បើ​តាម​ឯកសារ លោក Milton Osborne ថា គឺ​ព្រះអង្គ​ម្ចាស់ នរាទីប៉ូ នេះ​ហើយ​ដែល​ត្រូវ​ព្រះបាទ នរោត្តម សីហនុ តែង​តាំង​ជា​ក្សត្រា​ស្នង​រាជ្យ​បន្ត​ពី​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ម្ចាស់​បាន​បាត់​ព្រះ​កាយ​យ៉ាង​អាថ៌កំបាំង​កំឡុង​ពេល​សម័យ​ខ្មែរ​ក្រហម។

ក្រោយ​មក​ទៀត ព្រះបាទ នរោត្តម សីហនុ បាន​ចាប់​ព្រះហឫទ័យ​ជាមួយ​ម្តាយ​មីង​មួយ​អង្គ​ទៀត​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ ស៊ីសុវត្ថិ ពង្សសានមុនី ហើយ​បាន​ក្លាយ​ជា​ព្រះជាយា​របស់​ព្រះបាទ នរោត្តម សីហនុ នៅ​ក្នុង​ឆ្នាំ​១៩៤២ ប៉ុន្តែ​បាន​លែងលះ​នៅ​ឆ្នាំ​១៩៥១។ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ ពង្សសានមុនី ទ្រង់​បាន​ប្រទាន​បុត្រា​បុត្រី ៧​ព្រះអង្គ​ដល់ ព្រះបាទ នរោត្តម សីហនុ គឺ​ព្រះអង្គ​ម្ចាស់ នរោត្តម យុវនាថ ព្រះអង្គ​ម្ចាស់ រៈវីវង្ស ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រពង្ស ព្រះអង្គ​ម្ចាស់ សូរិយារង្សី ព្រះអង្គ​ម្ចាស់ គន្ធបុប្ផា ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ ខេមានុរក្ស និង​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ បុទុម បុប្ផា។

នៅ​មុន​ការ​តែង​តាំង​អ្នក​ម្នាង Monique ជា​ព្រះ​អគ្គមហេសី​មាន​តែ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ សម្ដេច​ព្រះរាជ កន្និថា នរល័ក្ខ មួយ​អង្គ​គត់ ដែល​បាន​ទទួល​តំណែង​ជា​ព្រះ​អគ្គមហេសី​ជា​ផ្លូវ​ការ​របស់​ព្រះបាទ នរោត្តម សីហនុ ដែល​បាន​រៀប​អភិសេក​នៅ​ឆ្នាំ​១៩៤៣ តែ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ កន្និថា នរល័ក្ខ មិន​មាន​បុត្រ​ទេ។ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរល័ក្ខ ក៏​ត្រូវ​ជា​ព្រះអនុជ​ជីដូនមួយ​របស់​ព្រះអង្គ​ដែរ។

ក្រោយ​មក​ទៀត​នៅ​ឆ្នាំ​១៩៤៩ ព្រះបាទ នរោត្តម សីហនុ មាន​ព្រះជាយា​មួយ​អង្គ​ទៀត​ជា​ជនជាតិ​ឡាវ មាន​ព្រះនាម​ថា ម៉ម មានីវណ្ណ មាន​ព្រះ​បុត្រី​ពីរ​ព្រះអង្គ គឺ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម សុជាតា និង​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ អរុណរស្មី។

យ៉ាង​ណា​មិញ បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ បាន​ធ្លាក់​ចូល​ក្នុង​សម័យ​អន្ធការ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ បុត្រា​បុត្រី​ចំនួន ៥​ព្រះអង្គ និង​រាជនត្តា​របស់​ព្រះអង្គ​ចំនួន ១៤​អង្គ ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​ពួក​ខ្មែរ​ក្រហម​បាន​សម្លាប់៕

  • ដោយ៖ ណូ​រ៉ា

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2