• Default ខាងលើក្រោមមេនុយ

បទ​សម្ភាស ប៉ុល ពត ស្តីពី​ជំងឺ​មុនពេល ស្លាប់​២​ស​ប្តា​ហ៏ ប៉ុល ពត ឈឺ​អ្វីខ្លះ ?

2 ខែ កន្លងទៅ ជ័យ ចេស្តារ

​ថ្ងៃទី ២ ខែមេសា ឆ្នាំ ១៩៩៨ នៅ​អន្លង់វែង បទសម្ភាសន៍​របស់​អ្នកសារព័ត៌មាន​ជាមួយ​លោក ប៉ុល ពត បន្ទាប់ពី​មតិ​ជា​សាធារណ​:​មាន​យោបល់​ថា លោក ប៉ុល ពត កាលនោះ​ត្រូវបាន​ជម្លៀស​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​រួចទៅហើយ ។ ខ្ញុំ​ចង់​ជម្រាប​សួរថា តើ​លោក​មាន​សុខភាព​យ៉ាងម៉េច​ដែរ​សព្វថ្ងៃនេះ ?

​អើរ ! ជាដំបូង​ខ្ញុំ​សូម​អរគុណ (​អ្នកសារព័ត៌មាន​)​ដែល​បាន​មកជួប​ជាមួយ​ខ្ញុំ​ផ្ទាល់ សម្ភាសន៍​លើ​បញ្ហា​បច្ចុប្បន្នភាព​មួយចំនួន ឥឡូវ​បញ្ហា​ឆ្លើយ​នឹង​សំណួរ​លោក​គឺ ទីមួយ អំពី​ថា តើ​ខ្ញុំ​នៅឯណា​ឥឡូវ ហើយ​ពីមុន​ខ្ញុំ​នៅឯណា ? គឺ​ច្រើន​ឆ្នាំ​ហើយ​ខ្ញុំ​នៅ​អន្លង់វែង គ្រាន់តែ​ផ្លាស់ ប្តូរ​ពីនេះ​ពី​នោះ​តាម​ហេតុការណ៍​ជាក់ស្តែង ក្រោយមក​មាន​ព្រឹ​តិ្ត​ការណ៍​នៅក្នុង​ខែមិថុនា ឆ្នាំ ១៩៩៧ ខ្ញុំ​ត្រូវបាន​គេ​ចាប់​ឃុំឃាំង​ឲ្យ​នៅក្នុង​ផ្ទះមួយ​ដាច់ដោយឡែក នៅ​ដាច់​ពី​គេ​ពី​ឯង ដូច្នេះ ឥតមាន​ទាក់ទង​ជាមួយ​មហាជន​អី​នោះទេ ។

ការផ្គត់ផ្គង់​អ្វី​ក៏​ផ្គត់ផ្គង់​បាន​ល្មម​គ្រប់គ្រាន់​ក្នុង ការចិញ្ចឹម​ជីវិត​គ្រួសារ ។ ដូច្នេះ​ខ្ញុំ​អត់​មាន​ទៅណា​មក​ណា​ទេ គ្រាន់តែ​មានការ​ប្រយុទ្ធ​គ្នា អ្នក​ទៅធ្វើ​ភារកិច្ច​គេ​ចាត់ចែង​ខ្ញុំ​ឲ្យ​ទៅ​នៅ​កន្លែង​ណាមួយ​ស្ងាត់ៗ គឺ​ចម្ងាយ​កន្លះ​គីឡូ ឬ មួយ​គីឡូម៉ែត្រ​ពី​ក្នុង​ហ្នឹង តែ​ស្ងាត់ ដូច្នេះ​ខ្ញុំ​អត់​ទៅណា​ទេ ទៅ​អត់​បាន​ផង ពីព្រោះ​ប្រទេស​គេ​មានច្បាប់ មាន​តម្រួត មាន​ទាហាន មាន​ស្អីៗ ហើយ​ខ្ញុំ​ចេញចូល​ម៉េច​បាន ខ្ញុំ​គ្មាន​ច្បាប់ ។ នេះ​សូម​ជម្រាប ខ្ញុំ​អត់​មាន​ទៅណា​ទេ ខ្ញុំ​នៅតែ​តំបន់​នេះ និង​សូមជម្រាបថា នេះ​ជាទី​មួយ និង ទី​ពីរ អំពី​សុខភាព​ខ្ញុំ សុខភាព​ខ្ញុំ​ការពិត​ខ្ញុំ​ឈឺ​ខ្លាំង តាំងពី​ឆ្នាំ ១៩៩៥ ខ្ញុំ​ធ្វើការ​ច្រើន​នៅក្នុង​ឆ្នាំ ១៩៩៥ ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​វា​ឈឺក្បាល ក្តៅ​ក្បាល ក្តៅ​ភ្នែក ឈឺភ្នែក ក្តៅ​ទ្រូង ខ្ញុំ​មិន​យល់​វា​ឈឺ​អី ទាល់តែ​យប់​មួយ​វា​បានធ្វើ​ទុក្ខ​ភ្នែក​ខ្ញុំ ពេលដែល​ភ្ញាក់ឡើង​វា​ស្ពឹក​ភ្នែក ខ្ញុំ​ក៏ ញី​ចុះឡើង​ពីរ​បី​ដង​លុបមុខ​អី​អត់​ឃើញ​ដដែល ពេល​គេ​មក​ពិនិត្យ​អី​ឲ្យ​គេ​ថា​មកពី​បេះដូង បេះដូង​ហ្នឹង​វា​ហត់​ពេក វា​ឈឺ​ដល់​ក្បាល ឈាម​នឹង​វា​រត់​ចិញ្ចឹម​មិន​ដល់​ក្បាល មិន​ដល់​ភ្នែក បានជា​ខូច​ភ្នែក ខូច​ក្បាល​ហ្នឹង ហើយ​ទ្រូង​នេះ​វា​ក្តៅ​ជាប់ ពីព្រោះ​បេះដូង​ខ្ញុំ​វា​មាន​វ៉ែន​តែមួយ មិនមាន​ពីរ​ដូច​គេ តែ​ខ្ញុំ​មាន​តែមួយ​តាំងពី​កំណើត​មក ។

ដូច្នេះ​អានេះ​វា​អត់​បញ្ចេញ​ឈាម មាន​តែមួយ​បញ្ចេញ​ឈាម បើ​យើង​ធ្វើការ​ធម្មតា​មិន​អី​ទេ បើ​យើង​ធ្វើការ​ច្រើន​ឈាម​វា​ចូល​មិន ដល់ រួយ​ភ្នែក អាហ្នឹង​ត្រូវធ្វើ​ជាប់ ហេតុនេះ​ឈឺ​រហូតដល់​សព្វថ្ងៃនេះ ហើយ​ចាប់ពី​ខែមិថុនា ឆ្នាំ ១៩៩៧ មក ខ្ញុំ​ឈឺ​ហើយ​ថែមទាំង​ឃុំឃាំង​អី​ទៀត សុខភាព​រឹង​តែ​ដុនដាប ហើយ​វា​ធម្មតា​ទេ​ជា មនុស្ស​មាន​បញ្ហា​អី​តែងមាន​ទុក្ខព្រួយ​អី​ខ្លះ មាន​គិត ទាល់តែ​សំងំ​ស្រួល​វិញ​មួយរយ​:​ពេល​យូរ បន្តិច តាំងពី​នោះមក​ខ្ញុំ​ចេះតែ​ឈឺ​ខ្លាំង ហើយ​វា​បន្ត​បង្កើតបានជា​ជំងឺ​សួរ​មួយទៀត ណាមួយ​ខ្ញុំ មុជទឹក​ត្រជាក់​វា​បង្ក​ឲ្យ​ឈឺ​សួត​ភ្លាម ខ្យល់​រងា​ប៉ះ​ខ្លួន​ក៏​ចាប់ផ្តើម​ក្អក​ភ្លាម ហើយ​វា​ក៏​ធ្វើ​ឲ្យ​ពិបាក ដល់​ទងសួត​ទៀត ដល់​អ៊ីចឹងទៅ​វា​បង្ក​ឲ្យ​ហេ​ក​ហក ធ្វើទុក្ខ​បេះដូង ព្រោះ​អាហ្នឹង​វា​ជួយ​បេះដូង ដល់​អាហ្នឹង​ឈឺ​ដែរ​វា​អត់​ជួយ​បេះដូង ឥឡូវ​ទៅជា​រ៉ាំរ៉ៃ មុជទឹក​ត្រជាក់​មិន​បានទេ សូម្បីតែ​យក ក្រមា​ទៅ​ដាក់​ទឹក​ត្រជាក់​មក​ជូត​ខ្លួន​មិនបាន ទាល់តែ​មានទឹក​ក្តៅ ឬ ដាក់​ទឹក​ថ្ងៃ​ទើបបាន ។ ដូច្នេះ​វា​បង្ក​ឲ្យ​ស្ពឹក មិន​ស្ពឹក​ណាស់ណា​ទេ វា​ស្ពឹក​ម៉ា​ចំហៀង​ខាងឆ្វេង ត្រង់​ហ្នឹង​ដែល​ខ្ញុំ​ពិបាក ដើរ​ណាស់ ហើយ​ទទួល​ភ្នែក​ឆ្វេង​ហ្នឹង​វា​អ៊ីចឹង​ផង វា​ក៏​ចេះតែ​ផ្អៀង​អ៊ីចឹង ចុះបើ​គ្មាន​ឈើច្រត់​ទេ ឬ​មិនមាន​គេ​ជួយ​ទប់​ទេ វា​ដួល ជួនកាល​ដើរ​ក្នុងផ្ទះ​ទាល់តែ​ប៉ះ​ទប់​ជញ្ជាំង​ស្អី​ទៅ ។​

-​តើ​មាន​កើត​ជំងឺគ្រុនចាញ់​ស្អី​ទេ ?

​ពី​ដើម​កើត​គ្រុនចាញ់​ញឹកញាប់​ណាស់ វា​មិន​ងាយ​ជា​ដាច់​នោះទេ ព្រោះ​នៅក្នុង​ព្រៃ ។​

-​តើ​ឥឡូវ​នៅក្នុង​ការឃុំ​ឃាំង​ឃាត់ខ្លួន​ហ្នឹង​ទៀត តើ​មាន​ចំណីអាហារ​គ្រប់គ្រាន់​ទេ បាន​ដើរ​ជុំវិញ​ផ្ទះ​ស្អី​ដែរឬទេ ?

​ដើរ​ជុំវិញ​ផ្ទះ​បាន​តិចតួច ពីព្រោះ​ខ្ញុំ​ដើរ​មិនសូវ​បាន ។​

-​តើ​ចង់់​ចេញ​ដើរ​បានដែរ​ឬ ?

​បាន តែ​កុំ​ឲ្យ​គេ​ឃើញ បើ​គេ​ឃើញ​គេ​ដឹងថា ខ្ញុំ​នៅឯណា ដូច្នេះ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​គេ​ឃើញ ។​

-​តើ​សព្វថ្ងៃ​នៅ​ដាច់ស្រយាល​ជាងគេ ឬ​នៅមាន​គេ​ជិត​មាន​ឯង​នៅក្បែរ​ហ្នឹង​ដែរ ?

​មិនជា​ដាច់ស្រយាល​ណាស់ ប៉ុន្តែ​គ្រាន់តែ​មិន​ជិត​គេ​ជិត​ឯង​ណាស់​ទេ គឺថា ល្មម​ដែរ ពីព្រោះ យប់​ស្អីៗ​ត្រូវការ​សន្តិសុខ​ដែរ ហើយ​មានផ្ទះ​គេ​នៅ​ជិត​ពី ១០០ ម៉ែត្រ ទៅ ១៥០ ម៉ែត្រ ២០០ ម៉ែត្រ ។ អ៊ីចឹង​ការផ្គត់ផ្គង់​ទទួលទាន​គឺ​ដាំ​បន្លែបង្ការ​ខ្លួនឯង​ជាសំខាន់ ហើយ​អង្ករ ប្រេង ស្លឹកគ្រៃ​អី គឺ​ទិញ​បាន​បណ្តើរៗ ដូច្នេះ​ខ្ញុំ​ត្រូវការ​បន្លែ និង ត្រី ចំណែក​ពពួក​សាច់ ហូប​មិនបាន ព្រោះ​ពេទ្យ​ហាម​មិន​ឲ្យ​ហូប​សាច់​ដាច់ខាត ។​

-​បើសិនជា​ឈឺ​ថ្កាត់​អ្វី តើ​ហៅ​អ្នក​ព្យាបាល​មក​បានទេ ?

​ឥឡូវនេះ​មិនទាន់មាន​ទេ ។​

-​មាន​ថ្នាំ​ប្រើ​ជាប្រចាំ​ដែរ ?

​បាទ ! មាន​ថ្នាំ​ប្រើ​ជាប្រចាំ ពីព្រោះ​ពេទ្យ​ពី​មុនគេ​ព្យាបាល គេ​ប្រាប់​ខ្ញុំ​ឲ្យ​ខ្ញុំ​ចេះ​វិធី​យ៉ាងម៉េច ដូច្នេះ​ខ្ញុំ​មាន​បញ្ជី​ថ្នាំ ហើយ​ប្រើ​វា​ជា​ទៀងទាត់ ។​

-​តើ​ក្នុងស្ថានភាព​ដែល​ស្ថិតក្នុង​ការឃុំខ្លួន វា​ស្របគ្នា​នឹង​ការដែល​លោក​មាន​ជំងឺ​ឃ្លាតឆ្ងាយ ពី​ការធ្វើ​នយោបាយ ដូច្នេះ​វា​ហាក់បីដូចជា​ស្របគ្នា​ពេក តើ​នោះ​គឺជា​អ្វីដែល​លោក​ចង់បាន បើ​អ៊ីចឹង​តើ​លោក​មាន​យោបល់​យ៉ាងណាដែរ ?

​មិន​ចឹ​ង​ទេ ។ ខ្លួន​ខ្ញុំ​ក្តី មនុស្ស​ទាំងអស់​ក្តី គ្មាន​នរណា​ចង់​ឈឺ​ទេ តែ​វា​ឈឺ​ចឹ​ង វា​ឈឺ​ហ្នឹង ហើយ មួយទៀត​អាយុ​ខ្ញុំ​មិនទាន់​ចាស់​ណាស់ណា​ទេ តែ​ខ្មែរ​យើង​វាចា​ស់​ហើយ ។​

-​តើ​អាយុ​ប៉ុន្មាន​ហើយ ?

​អាយុ ៧៣ ឆ្នាំ ប៉ុន្តែ​សកលលោក​គេ​មិនមែន​ចាស់ ជីវភាព​គេ​ធូរធារ​ណាស់ ។ ខ្ញុំ​អាយុ​ប៉ុណ្ណឹង ហើយ​ថែមទាំង​មាន​សុខភាព​មិនល្អ​ទេ សម្រាក​ទៅ ខ្ញុំ​មិន​មានអី ទោះបីជា​មិនមាន​ការឃុំ​ឃាំង អី ក៏​ខ្ញុំ​ធ្វើការ​អី​មិនកើត ពីព្រោះ​ធ្វើ​បង្ក​ឲ្យ​ក្អក តែ​ក្អក គឺ​សួត តែ​សួត​ហើយ​ធ្វើ​ឲ្យ​គាំងបេះដូង ហេ​ក​ហក ។ ហើយ​ភ្លាមៗ​ត្រូវ​ទៅយក​ថ្នាំ បើ​ត្រូវ​យប់​ទៅយក​ថ្នាំ​ទាំងយប់​ភ្លាម ។​

-​នៅពេលនេះ​ខ្ញុំ​ឃើញ​លោក​នៅ​ឆ្ងាយ​ពី​ស្ថានភាព​នយោបាយ​ហើយ ?

​អើ ខ្ញុំ​ដាច់​ពី​ស្ថានភាព​នយោបាយ​អស់ ៩ ខែ ខ្ញុំ​ស្ថិតនៅ​ក្នុងការ​ឃុំឃាំង​អស់​ពេល​ជាង ៩ ខែ​ហើយ ។​

-​នៅពេលនេះ​លោក​នៅចាំ​បានទេ តែមាន​គេ​ចង់ដឹង​អំពី​ជនបរទេស ៣ នាក់ ពីរ​នាក់​ជា​ជន បរទេស​ដែល​បាន​បាត់​ខ្លួន​នៅឯ​ព្រះវិហារ និង ម្នាក់ទៀត​ជា​អ្នកដោះមីន​បាន​បាត់​ខ្លួន​នៅឯ សៀមរាប តើ​លោក​នៅចាំ​បានទេ កាលនោះ​យ៉ាងម៉េច ហើយ​មនុស្ស​បាត់​ខ្លួន​នោះ​បាត់​នៅ​កន្លែង​ណា ? ហើយ​គេ​អាច​រកឃើញ​អ្វីខ្លះ ពី​ប៉ុន្មាន​នាក់​នោះទេ ?

​ខ្ញុំ​សូមជម្រាបថា ខ្ញុំ​មិន​ទទួល​ដឹង​ខាង​ផ្នែក​យោធា​ទេ ខ្ញុំ​ទទួលខុស​ត្រូវតែ​ខាង​នយោបាយ ខាង​សាលារៀន​នយោបាយ ហើយ​ខ្ញុំ​អត់​ទៅណា​ឆ្ងាយ​ទេ ខ្ញុំ​នៅតែ​តំបន់​អន្លង់វែង​ហ្នឹង បើ​និយាយ​អំពី​ផ្លូវ​ដើរទៅ​ម៉ោ មិន​ចំណាយពេល​ច្រើន​ទេ បើតាម​ឡាន​តាម​ស្អី​នោះ គឺ​មិន​ហួស ពី ១០-១៥ នាទី​ទេ គឺ​គេ​យក​ខ្ញុំ​ទៅ​ទុក​វិញ​បាត់​ហើយ គឺ​មិនដឹង​រឿងរ៉ាវ​អី​ទេ ។​

-​អ៊ីចឹង​រឿង​ខ្លះ​កើតឡើង​ដោយ​ជា​សេចក្តីសម្រេច​របស់​អ្នក​ដែល​នៅ​ប្រចាំការ​នីមួយៗ ចំពោះ​ការចាប់ខ្លួន​មនុស្ស​ម្នាក់ៗ​នោះ​ឬ ?

​បញ្ហា​នេះ​គឺ​ខ្ញុំ​គ្មាន​មតិ​ជម្រាប​លោក​យ៉ាងណា យ៉ាងណា​នោះទេ ពីព្រោះ​ខ្ញុំ​មិនដឹង​រឿង​ហ្នឹង មិនដឹង​សោះ និយាយ​មួយ​មាត់ ហើយ​ខ្ញុំ​ត្រូវការ​ស្អី​ទៅ គ្មាន​រឿង ឲ្យ​វា​ជាមាន​រឿង ។​

-​អ៊ីចឹង​ខ្ញុំ​ចង់​និយាយ​អ៊ីចេះ ចង់​និយាយថា បើសិនជា​បានការ​ស្នើសុំ​ឲ្យ​ជួយ​តាមដាន​ស្រាវជ្រាវ ជួយ​នឹក​រក​មើលថា តើ​ពេល​ហ្នឹង​អ្នកណាខ្លះ​ដែល​គ្រប់គ្រង​នៅ​តំបន់​ហ្នឹង តើ​អាច​រកម​នុស្ស ហ្នឹង​ឃើញ ឬ បើ​មនុស្ស​នោះ​ប្រាកដជា​ស្លាប់​ហើយ​ក្តី នឹង​អាល​បង​ប្អូនគេ​អាច​ស្រាវជ្រាវ បានទេ ?

​ឥឡូវ​ហ្នឹង​ខ្ញុំ​ចង់ទៅ​ស្រាវជ្រាវ​មិនដឹង​ជា​ស្រាវជ្រាវ​យ៉ាងម៉េច​ទេ ។​

-​អត់​ទេ ឧបមា​ថា ក្រុមគ្រួសារ​គេ​មកពី​ក្រៅ​មក គេ​ស្នើសុំ​គោលការណ៍​ឲ្យ​ជួយ​រក​នឹក ឬក៏​ស្រាវជ្រាវ​នោះ តើ​អាច​បានទេ ?

​ទីមួយ​ខ្ញុំ​គ្មាន​លទ្ធភាព​ទៅ​ស្រាវជ្រាវ​បាន​អ្វី​ទេ​នៅក្នុងពេល​ឥឡូវ ។ ហើយ​បើ​នឹក​ពីមុន​នោះ ទៀត​ខ្ញុំ​សូមជម្រាបថា​ខ្ញុំ​អត់​ទទួលខុស​ត្រូវការ​ងារ​ជាក់ស្តែង ខ្ញុំ​ទទួលខុស​ត្រូវតែ​ការងារ​រៀនសូត្រ​កម្មាភិបាល​តែ​ប៉ុណ្ណឹង អត់​មាន​ទទួល​ការងារ​ជាក់ស្តែង​ឲ្យ​ទៅធ្វើ​នេះ​ធ្វើ​នោះទេ ។​

-​តើន​រណា​ជា​អ្នកទទួលខុសត្រូវ ?

​អាហ្នឹង​គណ​:​ក​ម្មា​ធិ​ការ គេ​រួមទាំង​មាន​អ្នក​យោធា មាន​អ្នកសេដ្ឋកិច្ច រួមទាំង​អ្នក​ខាង​ស្អីៗ តែ​ចំពោះ​ខ្ញុំ​តែ​ខាង​នយោបាយ​តែ​ម្យ៉ាង​គត់ ។​

-​អរគុណ​ចំពោះ​ការផ្តល់​បទសម្ភាសន៍រ​ប​ស់លោក ឥឡូវនេះ​សំណួរ​បច្ចុប្បន្ននេះ ដូចជា​អស់ហើយ សូម​ឲ្យ​មាន​ឳ​កាស​បាន​សម្ភាសន៍​នៅ​លើក​ក្រោយ​ទៀត ។​

-​មិន​អី​ទេ តែ​ជួប​បាន​ឬ​មិនបាន​នោះ​មិន​ហ៊ាន​ថា​ទេ ។ នៅ​ទីបញ្ចប់​ខ្ញុំ​សូម​ថ្លែងអំណរគុណ​វិទ្យុ អាស៊ីសេរី និង​លោក​ជា​អ្នកតំណាង ជាងនេះទៅទៀត​នោះ​ថា ខ្ញុំ​មាន​រួមចំណែក​តស៊ូ​ស្អី​មក គ្មាន​បំណង​ផ្ទាល់ខ្លួន​ស្អីៗ​ទាំងអស់ អរគុណ ៕

  • ដោយ៖ ជ័យ ចេស្តារ

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2