• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

កូន​យាយ​ឧត្ដមស័ក្ដិ ប្រពន្ធ​ទី​២ លោកតា ដាប ឈួន ចាញ់​សម្បថ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​

7 ខែ កន្លងទៅ ជ័យ ចេស្តារ

​លោកស្រី ខឹង ប្រណំ បានឱ្យដឹង​ទៀតថា ម្ដាយ​របស់គាត់ គឺ​លោកយាយ​ឧត្ដមស័ក្ដិ ថា​ម្តាយ​របស់​អ្នកស្រី​ជា​ប្រពន្ធ​របស់ លោកតា ដាប ឈួន កាលពី​ធ្វើជា​ចៅហ្វាយ​ខេត្ដ​សៀមរាប មាន​ប្រពន្ធ​ប្រហែល ៧​នាក់​។ ប្រពន្ធ​ទី​១ ឈ្មោះ តាំង អ៊ឹម និង​ប្រពន្ធ​ទី​២ គឺ​ឧត្ដមស័ក្ដិ​។ នៅពេល​បាន​លោកតា ដាប ឈួន ជា​ស្វាមី លោកយាយ​ឧត្ដមស័ក្ដិ មានកូន​ប្រុស​តែ​ម្នាក់​គត់ ដែល​បាន​ស្លាប់​កាលពី​ជំនាន់​ប៉ុលពត​។ រីឯ​អ្នកស្រី ខឹង ប្រណំ និង​លោក ខឹង សុ​ផន អាយុ ៥២​ឆ្នាំ គឺជា​កូន​លោកយាយ​ឧត្ដមស័ក្ដិ​ជាមួយ​ប្ដី​ក្រោយ បន្ទាប់ពី​លោកតា ដាប ឈួន ស្លាប់ទៅ​។

​តាម​ប្រ​វ​ត្ដិ​ខ្លះៗ លោក ដាប ឈួន ឬ គឹម ឈួន ម្ជុល​ពេជ្រ ជា​អតីត​ទាហាន​ខ្មែរឥស្សរៈ តែ​ក្រោយមក​លោក​បាន​រត់​មក​កាន់​តំបន់​ព្រៃ​នា​ភ្នំ​គូលែន ដើម្បី​ធ្វើការ​តស៊ូ ហើយក៏​បាន​ជួប​នារី​ឈ្មោះ ឧត្ដមស័ក្ដិ និង​បាន​យកគ្នា​ជា​ប្ដី​ប្រពន្ធ មុន​ឆ្នាំ​១៩៥៤​។ នារី​ឧត្ដមស័ក្ដិ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រធាន​ស្រី​របស់​ក្រុម​នារី​ខ្មែរឥស្សរៈ ប្រចាំ​តំបន់ភ្នំ​គូលែន ខេត្ដ​សៀមរាប​។ នៅ​សម័យ​នោះ ឧត្ដមស័ក្ដិ​មាន​រហស្សនាម​ជា​ស្ដ្រី​ខ្លាំងពូកែ​ស័ក្ដិសិទ្ធិ បាញ់​មិន​មុត​ដុត​មិន​ឆេះ ហើយ​គាត់​ពូកែ​ត្រង់​ថា​គាត់​មាន​កណ្ដាញ់​នៅ​ផ្នែក​ខាងក្រោម​។ នារី​ឧត្ដមស័ក្ដិ​ក៏​ល្បី​ថា មាន​កន្សែង​ជូត​មុខ​មួយ នៅពេល​យក​កន្សែង​មួយ​នោះមក​ជូត​មុខ ៣​ថ្ងៃ ជាប់ៗ​គ្នា គឺ​បាញ់​មិន​មុត​ដុត​មិន​ឆេះ​រយៈពេល ៣​ខែ តែបើ​យក​កន្សែង​ជូត​មុខ ៣​ខែ ជាប់ៗ​គ្នា គឺ​បាញ់​មិន​មុត​រហូតដល់ ៣​ឆ្នាំ ឯណោះ​។

​នៅពេល​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ហើយ នារី​ឧត្ដមស័ក្ដិ​ក៏បាន​ការពារ​លោក ដាប ឈួន យ៉ាងខ្លាំង​ក្លា ដែល​ធ្វើឱ្យ​ល្បី​រន្ទឺ​ថា ដាប ឈួន បាញ់​មិន​មុត​ដុត​មិន​ឆេះ​ដូចគ្នា​។ នៅ​តំបន់ភ្នំ​គូលែន ដែលជា​ព្រៃ​ទាហាន​ឥស្សរៈ​លាក់ខ្លួន​តស៊ូ ដាប ឈួន បាន​គោរព​ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម យ៉ាង​ងុបងុល ព្រោះថា ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម ដែល​បច្ចុប្បន្ន​នៅក្នុង​ក្រុង​សៀមរាប កាលពី​សម័យ​ខ្មែរឥស្សរៈ គឺ​គេ​យកទៅ​តម្កល់​នៅឯ​ធ្លក​វា (​ក្រោម​ដើម​ធ្លក​ធំ​មួយ​) នា​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​។

​នៅពេល​គាត់​ឃើញ​ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម នា​សម័យ​នោះ គាត់​បានធ្វើ​ខ្ទម ហើយ​គោរព​ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម​រហូតមក ហើយ​ក៏បាន​ស្បថស្បែ​នៅមុខ​ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម ថា បើសិនជា​រូបលោក​ក្បត់ជាតិ ឱ្យស្លាប់​ទៅ​ចុះ​។

​នៅ​ក្រោយមក​ពេលដែល​សម្ដេច ន​រោ​ត្ដម សីហនុ ទាមទារ​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣ សម្ដេច​សីហនុ ក៏បាន​អំពាវនាវ​ឱ្យមាន​ការរួបរួម​សង្គមជាតិ​ខ្មែរ​វិញ ហើយ​ក្នុងនោះ ខ្មែរឥស្សរៈ​មួយចំនួន​ក៏បាន​មក​ចូលរួម​ជាមួយ​សម្ដេច​។ លុះ​ឆ្នាំ​១៩៥៤ លោក ដាប ឈួន ហៅ ម្ជុល ពេជ្រ ត្រូវបានតែងតាំង​ជា​ចៅហ្វាយ​ខេត្ដ​សៀមរាប​។

​នៅពេល ដាប ឈួន ក្លាយជា​ចៅហ្វាយក្រុង​សៀមរាប គាត់​ក៏​ចាប់ផ្ដើម​ផ្ដាច់ការ​បន្ដិច​ម្ដងៗ ក្នុងនោះ​ល្បីល្បាញ​ថា ចាប់រំលោភ​កូនក្រមុំ​គេ និង​យក​កូនក្រមុំ​គេ​ធ្វើជា​ប្រពន្ធ ជាពិសេស​បង្ក្រាប​យុវជន​ដែល​ភ្លើតភ្លើន​ក្នុងសង្គម ដូចជា យុវជន​ខ្លះ​ជិះ​កង់ដៃ​ម្ខាង គឺ​ដៃ​កង់​ម្ខាង​ត្រូវ ដាប ឈួន ចាប់​យកទៅ​កាត់ចោល ជាដើម​។​ក្រោយមក​ឯកសារ​នានា​បាន​បញ្ជាក់ដែរថា ក្រោយពេល ដាប ឈួន ក្លាយជា​ចៅហ្វាយ​ខេត្ដ​សៀមរាប​ដ៏​មានអំណាច​ហើយ គាត់​បាន​ក្បត់​នឹង​សម្ដេច ន​រោ​ត្ដម សីហនុ ក្នុង​ការចង់​គ្រប់គ្រង​អាណាចក្រ​ខេត្ដ​សៀមរាប និង​ខេត្ដ​ផ្សេងៗ​ទៀត ដែល​ជាប់​នឹង​ខេត្ដ​សៀមរាប​។

​នៅ​ឆ្នាំ​១៩៥៨ ដាប ឈួន ត្រូវបាន​កម្លាំង​របស់​សម្ដេច ន​រោ​ត្ដ ម​សីហនុ ព្យាយាម​តាម​ចាប់​ជា​បន្ដបន្ទាប់ ហើយ​លោក​បាន​រត់គេច​ពី​ទីរួមខេត្ដ​សៀមរាប ខណៈ​កំពុង​ធ្វើជា​ចៅហ្វាយ​ខេត្ដ ទៅ​រស់នៅ​ឃុំ​ត្បែង ដែលជា​ភូមិកំណើត​ភរិយា​ទី​២ របស់លោក គឺ​នារី​ឧត្ដមស័ក្ដិ​។ ឧត្ដមស័ក្ដិ​ដែល​ល្បី​ថា កាប់​មិន​មុត​ដុត​មិន​ឆេះ ក៏បាន​នាំ ដាប ឈួន រត់​ចេញពី​ឃុំ​ត្បែង ដើម្បី​ទៅ​លាក់ខ្លួន​នៅ​ប្រទេស​ថៃ ក៏ប៉ុន្ដែ​ពេល​រត់​ទៅដល់​ឃុំ​ស្រែ​ណូយ ក៏ត្រូវ​បាន​ទាហាន​សង្គមរាស្ដ្រនិយម ព័ទ្ធ​ស្ទាក់​បាញ់​ត្រូវ​ចំនួន ២​គ្រាប់ នៅក្នុង​ព្រៃ តែ​មិនបាន​ស្លាប់​ភ្លាមៗ​នោះទេ​។ ខណៈពេលដែល​ត្រូវ​គ្រាប់ ឧត្ដមស័ក្ដិ​ដែលជា​ប្រពន្ធ​ទី​២ ក៏បានរ​ត់ទៅ​ឱប​ពីលើ ដាប ឈួន ហើយ​ទាហាន​ក៏​អូស​ដៃ​ឧត្ដមស័ក្ដិ​ចេញ ហើយក៏​បាញ់ ដាប ឈួន សម្លាប់​នាពេលនោះ​ទៅ​។

​ក្រោយ​មរណភាព ដាប ឈួន ឧត្ដមស័ក្ដិ​បានក្លាយ​ជា​ស្ដ្រី​មេម៉ាយ​។ ប៉ុន្ដែ​ក្រោយមក គាត់​ក៏មាន​ប្ដី​ក្រោយ​មួយទៀត និង​មានកូន​ពីរ​នាក់ គឺ​កូន​ទី​១ ឈ្មោះ ខឹង សុខុន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ និង​កូន​ទី​២ ឈ្មោះ ខឹង ប្រណំ ភេទ​ស្រី អាយុ ៥០​ឆ្នាំ​។ នេះ​ជា​ប្រ​វ​ត្ដិ​ត្រួសៗ​របស់លោក ដាប ឈួន និង​ប្រពន្ធ​ទី​២ ឧត្ដមស័ក្ដិ​។ ទោះបីយ៉ាងណា​ក៏ដោយ រឿង​ពិត​របស់ ដាប ឈួន នៅមាន​ជាច្រើន​ទៀត មិនអាច​រៀបរាប់​អស់​បានឡើយ​។

អ្វីដែល​គេ​កត់សម្គាល់ឃើញ​ទៀត​នោះ បន្ទាប់ពី​ការស្លាប់ ដាប ឈួន បាន​បន្សល់ទុក​នូវផ្ទះ​ថ្ម​ដ៏​ធំ​មួយ គឺ​ផ្ទះ​ដាប​ឈួន នៅ​ក្រុង​សៀមរាប​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​ផ្ទះ​នេះ​ឥឡូវ គេ​មិនបាន​រក្សា​ទុកជា​សម្បត្ដិ​បេតិកភណ្ឌ​ជាតិ​ឡើយ គឺ​ត្រូវបាន​លក់​ទៅឱ្យ​ឯកជន ហើយ​គេ​នឹង​វាយកម្ទេច​ផ្ទះ​នេះ​នៅពេល​ឆាប់ៗ​៕ (​ហាម​យក​ព័ត៌មាន​ទៅ​ចុះផ្សាយ​បន្ត​ដោយ​គ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​..!! )

  • ដោយ៖ ជ័យ ចេស្តារ

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2