
គេហទំព័រដំណឹងថ្មី : លោកញឹក ឌឹម បានចាប់កំណើតនៅថ្ងៃទី១២ ខែកុម្ភ: ១៩៣៤ ត្រូវនឹងឆ្នាំចរ ខែផល្គុណនាជាបទដាច់ស្រយោល មួយជិតដងទន្លេតូចគឺភូមិរាប់ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ក្នុងត្រកូលកសិករ ជាន់ខ្ពស់ដ៏ស្តុកស្តម្ភមួយឪពុក ឈ្មោះ ញឺក ពិដោរ ម្តាយឈ្មោះ ព្រហ្ម ពូល មានបងប្អូនចំនួន ៧នាក់ ។
នៅពេលដែលលោកចំរើនវ័យជំទង់ប្រហែលជាអាយុ១០ឆ្នាំ ឥទ្ធិពលនៃសង្គ្រាមលោកលើកទី២ បានធ្វើឲ្យប្រទសខ្មែរមានការប្រទាញប្រទង់គ្នា រវាងវប្រទេសបារាំង និងប្រទេសជប៉ុន ពេលនោះ ប្រជាជនខ្មែរ ជាពិសេសកុមារ ញឹក ឌឹម មិនសូវបានរៀនសូត្រជាប់លាប់ទេ ទោះយ៉ាងណាក៏ដោយនៅឆ្នាំ១៩៤៩ លោកបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា ។ ដោយការចង់ចេះចង់ដឹងនឹងមាននិស្ស័យពី កំណើតលោក ញឹក ឌឹម បានសំរេចចិត្តមកភ្នំពេញ ដើម្បីសិក្សាមុខវិជ្ជាគំនូរនៅសាលាវិចិត្រសិល្បខេមរ:(សព្វថ្ងៃជាសាលាភូមិន្ទវិចិត្រសិល្ប: ) តាមការផ្តាំផ្ញើររបស់ឪពុក លោកជាមួយនឹងព្រះចៅអធិការវត្តសារាវ័តេជោព្រះនាមសុខ ។
នៅឆ្នាំ១៩៤៩ លោកបានចូលរៀននៅសាលាវិចិត្រសិល្ប:ខេមរ:នៅឆ្នាំទី១ លោករៀនមុខវិជ្ជា ផ្នែកគំនូរបុរាណ ជាមួយគ្រូជនជាតិខ្មែរ ឈ្មោះលោកគ្រូ គង់ ស និងឆ្នាំទី២ រហូតដល់ទីបញ្ចប់គ្រូជាជនជាតិជប៉ុនឈ្មោះលោក SUZUKI ។
នៅឆ្នាំ ១៩៥៤ លោកបានបញ្ចប់ការសិក្សានៅសាលាហើយចេញទៅធ្វើការជាបុគ្គលិកស្ថានទូតអាមេរិកប្រចាំ នៅប្រទេសកម្ពុជា ។ នៅក្នុងឆ្នាំនោះដែរលោកក៏បានរៀបការជាមួយនឹងនារីដ៏ស្រស់ផូរផង់គឺអ្នកស្រី ម៉ៅ សាម៉ន់ ដែលមានអាយុប្អូនលោក៤ឆ្នាំ សព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក ។ ចំណងដៃអាពាហ៍ពិពាហ៍ បានបុត្រ ៦នាក់ ។ ក្នុងចំណោមបុត្រាបុត្រីទាំង ៦នេះ មានតែកូនពៅរបស់លោកតែម្នាក់គត់ដែលមាននិស្ស័យដូច រូបលោក ប៉ុន្តែកាល:ទេស:ស្រុកទេសធ្វើឲ្យគេទៅរៀនមុនវិជ្ជាផ្សេងទៅវិញ សព្វថ្ងៃវេជ្ជបណ្ឌិតម្នាក់នៅភ្នំពេញ ។
នៅឆ្នាំ ១៩៥៧ លោកបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងការគូររូបនិង បោះពុម្ពផ្សាយសៀវភៅជាមួយ និងវិចិត្រករល្បីៗប្រចាំទ្វីបអាស៊ីរយ:ពេល៦ខែ ។
នៅថ្ងៃទី ២៣ ដល់ ៣០ ខែវិច្ឆិការ ឆ្នាំ១៩៦១ នៅមជ្ឈមណ្ឌលកីឡាករខ្មែរ មានការតាំងពិពរណ៌ ដ៏ធំមួយរបស់លោក ញឹក ឌឺម ថវិការដែលបានមកត្រូវប្រគល់ជូនគណ:កម្មាការសង្គ្រោះបន្ទាន់ ដើម្បីជួយដល់ជនរង់គ្រោះដោយធម្មជាតិ និងមហន្តរាយផ្សេងៗ ចំពោះផ្ទាំងគំនូរចំនួន៤០ ផ្ទាំងភាគច្រើនជារូបទេសភាពវាលស្រែ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ បានបង្ហាញពីទេពកោសល្យដ៏ប៊ិនប្រសប់របស់គាត់ ការប្រើចុងជក់ និងការលាយពណ៌និងភាពរស់រើកនៃចក្ខុវិស័យរបស់រូបភាព។ ជាមួយនោះដែរក៏ជាការសាកល្បងរបស់គាត់នូវផ្ទាំងគំនូរ មួយចំនួន គំនូរទំនើប ជាសិល្ប:មួយដ៏លំបាកមិនអាចជ្រាបចូលក្នុងសតិអារម្មណ៏របស់មហាជនភាគច្រើនបាន ប៉ុន្តែលោកបានធ្វើការកត់សំគាល់ផ្ទាល់ខ្លួន ដោយផ្អែកលើសិល្ប:ថា ផ្ទាំងគំនូរទំនើបបង្កប់នូវភាពអាថ៌កំបាំងគួរឲ្យចាប់អារម្មណ៏និងរីករាយ ហើយនឹងមានន័យច្បាស់លាស់ដែលឆ្លុះបញ្ចំងពីលក្ខណ:ពិតនៃជីវិតមនុស្សសត្វ និងធម្មជាតិ ។
ស្នាដៃនិងទេព្យកោសល្យរបស់លោក ញឹក ឌឹម ត្រូវបានទទួលស្គាល់ទូទាំងប្រទេស ទស្សនាវដ្តីកម្ពុជាថ្ងៃនេះ នឹងទស្សនាវដ្តី ដែលផ្សាយជាភាសាខ្មែរ និងបារាំង ជាមួយលោកហុយ ហែម និងលោក ឃុន ឃត ទៀតផង ។
នៅឆ្នាំ ១៩៦៣ លោកបានចាកចេញពីប្រទេសកម្ពុជាធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីសិក្សាផ្នែកផលិតភាពយន្តគំនូរជីវចលក្នុងរយ:ពេល៤ឆ្នាំ លោកបានបញ្ចប់ការសិក្សាគឺជាជោគជ័យត្រចះត្រចង់ក្នុងជីវិត ជាវិចិត្រកររបស់លោក ។ លោកបានវិលត្រលប់មកមាតុភូមិជាទីស្រឡាញ់វិញ ក្នុងឆ្នាំ១៩៦៧ ដោយបានពាំនាំមកនូវក្តីសង្ឃឹមនិង មោទន:ភាពដ៏ធំធេងរបស់ជាតិខ្មែរលោកបានក្លាយជាជនទី១ ប្រចាំប្រទេសកម្ពុជាផ្នែកផលិតគំនូរជីវចល ដ៏រស់វើកលោកបានផលិតជាខ្សែភាពយន្តគំនូរជីវចលជាច្រើនរឿង ៕ ហាមយកព័ត៌មានទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាតបើមិនដូច្នោះយើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់..!!