• Flexa

ឆរដ្ឋ ឆឡេតា៖ យុវជន​ខ្មែរ​ទាំងអស់​គួរ​តែ​នាំ​គ្នា​ងាក​មក​បង្កើត​សហគ្រាស​សង្គម

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

កាលពី​ថ្ងៃ​ទី​១១-១៨ ខែ​តុលា​កន្លង​ទៅ​ថ្មីៗ​នេះ យុវជន​កម្ពុជា​ចំនួន​៤​រូប បាន​មាន​ឱកាស​ទៅ​ចូលរួម​ចែករំលែក និង​យក​បទពិសោធ ក្នុង​កម្មវិធី Dragon 100, 2014 ដែល​ទាក់ទង​និង​យុវជន និង​សហគ្រិនភាព ក្រោម​ប្រធានបទ «Youth Entrepreneurship» នៅ​ទីក្រុង​ហុងកុង និង​ប្រទេស​ចិន។

កញ្ញា​ឆរដ្ឋ ឆឡេតា ជា​សហស្ថាបនិក E-commerce ដែល​មាន​ឈ្មោះ​ថា roserb.com គឺជា​បេក្ខជន​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​៣​នាក់​ផ្សេង​ទៀត ដែល​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា ក្នុង​នោះ​បេក្ខជន​ម្នាក់​ជា​សិស្ស​នៅ​វិទ្យាស្ថាន​ខេមអេដ (Cam Ed Institute) មា្នក់​ជា​សិស្ស​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​(PUC) និង​បេក្ខជន​ម្នាក់​ទៀត​ជា​បុគ្គលិក​របស់ Khmer Snack។

ស្ថិត​ក្នុង​ សម្លៀកបំពាក់​បែប​យុវវ័យ​សម័យ​ថ្មី ឆរដ្ឋ ឆឡេតា បាន​រៀបរាប់​ទាំង​ទឹកមុខ​សប្បាយ​រីករាយ​ថា កម្មវិធី​នោះ​គឺ​ពិតជា​បាន​ធ្វើឲ្យ​នាង​ភ្លឺ​ភ្នែក និង​មាន​អារម្មណ៍​រំភើប​ស្ទើរ​នឹក​ស្មាន​មិន​ដល់។ នាង​បន្ត​ថា កម្មវិធី​នេះ គឺ​ពោរពេញ​ទៅ​ដោយ​អ្នក​ពូកែៗ​វ័យក្មេង មិន​ថា ជា​សិស្ស​ដែល​កំពុង​សិក្សា និង​អ្នក​ដែល​មាន​ជំនួញ​ក្នុង​ដៃ​នោះ​ទេ។

សហគ្រិន វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​ចែករំលែក​ពី​អត្ថប្រយោជន៍​ក្នុង​ការ​ចូលរួម​កម្មវិធី​យុវជន និង​សហគ្រិនភាព​ដូច​តទៅ៖

១) បង្កើន​ទំនាក់ទំនង​ជាមួយ​អ្នក​ចូលរួម (Networking): នាង​ថា នៅក្នុង​កម្មវិធី​នោះ​មាន​អ្នក​ចូលរួម​សុទ្ធសឹង​តែ​ជា​អ្នក​ដែល​មាន​គំនិត​ រកស៊ី និង​ជា​សិស្ស​ពូកែៗ មកពី​សាលា​ល្បីៗ​ជុំវិញ​ពិភពលោក ដូចជា​សាលា OXFORD នៅ​ចក្រភព​អង់គ្លេស​ជាដើម។ ចំណែកឯ​អ្នក​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​វិញ គឺ​សុទ្ធតែ​មាន​តំណែង​ជា​ប្រធាន​ផ្នែក​ឡើង​ទៅ។ តាមរយៈ​កម្មវិធី​នេះ បាន​បើក​ឱកាស​ឲ្យ​នាង​បង្កើត​ជា​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញ​ទៅមក ដើម្បី​មុខ​ជំនួញ​ទៅ​ថ្ងៃ​ក្រោយ។

កញ្ញា ក៏​បាន​និយាយ​ដោយ​រំភើប​ថា៖ «អ្វី​ដែល​ខ្ញុំ​នឹកស្មាន​មិន​ដល់​នោះ​គឺ​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នក​ សារព័ត៌មាន​នៅ Techinasia ដែល​រាល់​ដង​អត្ថបទ​របស់​គេ​កម្រ​នឹង​និយាយ​ពី​ប្រទេស​ខ្មែរ​ណាស់ តែ​លើក​នេះ​គេ​សួរ​យើង​យ៉ាងច្រើន។ គេ​ចាប់​អារម្មណ៍​ពី​ប្រទេស​យើង​ច្រើន នេះ​គឺជា​មោទនភាព​មួយ​របស់​ខ្ញុំ​ដែរ»។

កញ្ញា ឆរដ្ឋ ឆឡេតា សហស្ថាបនិក E-commerce ចូលរួម​កម្មវិធី​យុវជន​សហគ្រិន​នៅ​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង ។ រូបថត សហការី

២)យល់ ​ដឹង​ពី​អ្វី​ទៅ​ជា​សហគ្រាស​សង្គម​(Social Enterprise): ឆឡេតា​បាន​ឲ្យ​ដឹង​ថា កម្មវិធី​នោះ​មាន​ការ​ចូលរួម​ពី​វាគ្មិន​ពូកែ​ល្បីៗ​ជាច្រើន ដែល​អាច​ឲ្យ​នាង​អាច​រៀន​បាន​ពី​គេ​ច្រើន។ ដោយសារ​កម្មវិធី​ក្នុង​ឆ្នាំ​នេះ​គឺ​គេ​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​«Youth Entrepreneurship» ភាគច្រើន​នាង​ទទួល​បាន​បទពិសោធ​ទាក់ទង​នឹង​បច្ចេកវិទ្យា និង E-commerce ដែល​ស៊ី​ទៅ​នឹង​ជំនួញ​របស់​នាង​តែ​ម្តង។ ក្រៅពី​នេះ​គឺ​នាង​ទទួល​បាន​ចំណេះដឹង​ពី​សហគ្រាស​សង្គម(Social Enterprise)។ នាង​ថា សហគ្រាស​សង្គម មិន​ត្រឹម​តែ​អាច​រក​ប្រាក់ចំណេញ​បាន​មួយ​មុខ​នោះ​ទេ តែ​អាច​ចូលរួម​ជួយ​ដល់​សង្គម​ទៀត​ផង។ នាង បាន​និយាយ​ប្រកប​ដោយ​មោទនភាព​ថា៖ «ជំនួញ​របស់​ខ្ញុំ បើ​នៅ​ហុងកុង​គេ​នឹង​ចាត់​ចូល​ជា Social Enterprise ហើយ»។

ឆឡេតា បាន​ពន្យល់​បន្ត​ថា E-commerce គឺជា​ការ​ទិញ ឬ​លក់​សេវាកម្ម ឬ​ទំនិញ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ភាគច្រើន​គឺ​នៅ​លើ​អ៊ីនធឺណិត។ នៅ​ប្រទស​កម្ពុជា E-commerce ហាក់​ដូចជា​នៅ​មាន​ភាព​ក្មេងខ្ចី​នៅ​ឡើយ​ដោយសារ​តែ​មិន​មាន​មនុស្ស​ច្រើន​ នោះ​ទេ​ដែល​ស្គាល់​ច្បាស់​ពី​អ្វី​ទៅ​ជា​E-commerce និង​អត្ថប្រយោជន៍​របស់​ជំនួញ​មួយ​នេះ។ ភាគច្រើន​គេ​ស្គាល់​តែ​ការ​ទិញ​ទំនិញ​តាម​អនឡាញ​ដូចជា ហ្វេសប៊ុក​ជាដើម (Facebook-commerce)​ដោយ​ទូរស័ព្ទ​ទៅ​កក់ ឬ​ទទួល​យក​ទំនិញ។ សម្រាប់​ប្រទេស​គេ​វិញ E-commerce គឺ​មាន​ភាព​ខុស​គ្នា ដោយ​គេ​អនុញ្ញាត​ឲ្យ​អ្នក​ទិញ ធ្វើការ​ទិញ​នៅលើ​អនឡាញ ហើយ​ប្រគល់​ប្រាក់​តាម​ក្រេឌីត​កាត​(Credit card) ឬ​វីសាកាត(Visa Card)​តែ​ម្តង។ ឧទាហរណ៍ ដូចជា E-commerce របស់​អាមេរិក​ដែល​មាន​ឈ្មោះ​ថា Amazon និង eBay ជាដើម។

កញ្ញា​ឆឡេតា បាន​រំឭក​ផង​ដែរ​ថា នាង​មាន​អារម្មណ៍​រំភើប​ជា​ពន់ពេក​នៅពេល​ដែល​នាង​និយាយ​ពី​ជំនួញ​របស់​ខ្លួន ​ទៅ​ឲ្យ​អ្នក​ដែល​ចូលរួម​ផ្សេង​ទៀត​នៅក្នុង​កម្មវិធី Dragon 100 ស្តាប់ ហើយ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ដោយ​មាន​អ្នក​ខ្លះ​សួរ​នាំ​បន្ថែម ហើយ​ថែម​ទាំង​សុំ​ជា​លេខ​ទំនាក់ទំនង​ថែម​ទៀត​ផង។ យ៉ាងណា​ក៏ដោយ​នាង បាន​បន្ថែម​ដោយ​អាក់អន់​ចិត្ត​ថា៖ «កាល​នៅ​ស្រុក​ខ្មែរ​អត់​សូវ​មាន​អ្នក​ស្គាល់ និង​ចាប់​អារម្មណ៍​ពី​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​ទេ តែ​ពេល​មក​ចូលរួម​កម្មវិធី​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ បែរ​ជា​មាន​គេ​ចាប់​អារម្មណ៍ និង​កោតសរសើរ​ពី​គំនិត​រកស៊ី​របស់​យើង​ទៅវិញ»។

តាមរយៈ ​ការ​ចូលរួម​កម្មវិធី និង​បទពិសោធ​ដែល​នាង​ទទួល​បាន​ពី​សហគ្រិន​នានា​លើ​ពិភពលោក ឆឡេតា បាន​លើក​ទឹកចិត្ត​ឲ្យ​កូន​ខ្មែរ​ទាំងអស់ ចូលរួម​បង្កើត​សហគ្រាស​សង្គម(Social Enterprise)ឲ្យ​បាន​ច្រើន​ឡើងៗ​ដោយសារ​នៅ​ប្រទេស​កម្ពុជា​មាន​រឿង​ជាច្រើន​ កើតឡើង​នៅក្នុង​សង្គម។ នាង​ថា យុវជន គួរ​គិត​ពី​ការ​ចូលរួម​ជួយ​ដល់​សង្គម​តាមរយៈ​ការ​បង្កើត​ជា​ជំនួញ​ផ្សេង។ ត្រូវ​ចេះ​ប្រើប្រាស់​ការ​ច្នៃប្រឌិត​របស់​ខ្លួន​មិន​គួរ​ចូលចិត្ត​បង្កើត​ ជំនួញ​ដែល​ចម្លង​ពី​គេ ឬ​ធ្វើ​តាម​តែ​គ្នា​នោះ​ទេ ពីព្រោះ​ជំនួញ​ទាំងអស់​នោះ​នឹង​មិន​មាន​សុពលភាព​ឡើយ។ បន្ថែម​ពី​នោះ​ទៀត នាង ក៏​បាន​លើក​ទឹកចិត្ត​យុវជន​ខ្មែរ​រក​ឱកាស​ដើម្បី​បាន​ចេញ​ទៅ​បរទេស​ផង​ដែរ ដើម្បី​បាន​រៀន​ពី​គេ​ពីរ​បៀប​រកស៊ី ស្គាល់​ប្រទេស​គេ​ថា វា​យ៉ាង​ម៉េច ខុស​ពី​ស្រុក​ខ្មែរ​យ៉ាង​ណា។

បើ​តាម ឆឡេតា សម្រាប់​លក្ខខណ្ឌ​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ គឺ​មិន​ចាំបាច់​តែ​សិស្ស​ពូកែ​ទើប​អាច​ចូលរួម​បាន​នោះ​ទេ សំខាន់​ឲ្យ​តែ​បុគ្គល​នោះ​មាន​គំនិត​រកស៊ី (Business ideas)មិន​ថា ជា​សិស្ស ឬ​ជា​អ្នក​ដែល​កំពុង​ដំណើរការ​ជំនួញ​តែ​គេ​ក៏​មើល​លើ​ជំនួញ​នោះ​ផង​ដែរ មុន​នឹង​ជ្រើសរើស​ឲ្យ​ជាប់​ទៅ​ចូលរួម​ក្នុង​កម្មវិធី។

ឆឡេតា បាន​ណែនាំ​ឲ្យ​យុវជន ចូល​ទៅ​កាន់​វេបសាយ​របស់ Dragon Foundation (www.dragonfoundation.net) ដើម្បី​យល់​ឲ្យ​កាន់​តែ​ច្បាស់​ពី​កម្មវិធី បន្ទាប់​មក​ដាក់​ពាក្យ​តាម​ការ​ណែនាំ​ដូចជា បំពេញ​បែបបទ​របស់​កម្មវិធី​ដែល​រួមបញ្ចូល ទាំង​គំនិត​ជំនួញ និង​ប្រវតិ្តរូប​សង្ខេប​ជាដើម។

បើ​តាម​កញ្ញា ឆឡេតា ជាទូទៅ​កម្មវិធី​នេះ​គឺ​បើក​ឱកាស​ឲ្យ​តែ​អ្នក​ដែល​មាន​ឈាម​ជ័រ​ជា​ជនជាតិ​ ចិន​ចូលរួម​តែ​ប៉ុណ្ណោះ ដោយសារ​តែ​កម្មវិធី​នេះ​ចង់​ទាក់ទាញ​ឲ្យ​អ្នក​មាន​ឈាមជ័រ​ជា​កូនចៅ​ចិន​អាច​ ងាក​មក​វិនិយោគ ឬ​រកស៊ី​នៅលើ​ទឹកដី​ហុងកុង និង​ប្រទេស​ចិន។ ប៉ុន្តែ នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​កម្មវិធី Dragon 100 ផ្តល់​ឱកាស​ឲ្យ​អ្នក​ចូលរួម​ដែល​មិន​និយាយ​ភាសា​ចិន​អាច​ដាក់​ពាក្យ​ចូលរួម​ ក្នុង​កម្មវិធី​នេះ​បាន​ដែរ។ សម្រាប់​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ កម្មវិធី​នេះ មាន​អ្នក​ចូលរួម​ចំនួន​១០០​នាក់ ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​មកពី​បណ្តា​ប្រទេស​ចំនួន​២១​នៅ​ជុំវិញ​ពិភពលោក​។ សម្រាប់​ការ​ចំណាយ​វិញ អ្នក​ចូលរួម​គឺ​អស់​តែ​ថ្លៃ​សំបុត្រ​យន្តហោះ និង​វីសា​ប៉ុណ្ណោះ រីឯ​ការ​ចាយវាយ​ទាំងអស់​នៅ​ទីក្រុង​ហុងកុង និង​ប្រទេស​ចិន​គឺ​ខាង DragonFoundation ជា​អ្នក​ទទួល​ខុសត្រូវ​ទាំងអស់​៕

  • ដោយ៖ ណូ​រ៉ា

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី