• Default ខាងលើក្រោមមេនុយ

យុវជន​ឆ្នើម​ប្រចាំ​សប្ដាហ៍ លី ប៊ុនហេង

6 ខែ កន្លងទៅ ណូ​រ៉ា

មិនថា​ជាតិ​សាសន៍​ណា​ក៏​ដូចជា​ជាតិ​សាសន៍​ណា​ដែរ ប្រទេស​ជាតិ​មួយ​អាច​រីក​ចម្រើន និង​អភិវឌ្ឍទៅ​បាន​ លុះត្រា​តែ​មាន​ការ​រួម​ចំណែក​ថែរក្សា និង​ ចូលរួម​ពី​សំណាក់​យុវជន។ ​វា​ពុំ​មែន​កើត​ឡើង​ដោយ​ការ​បង្ខិតបង្ខំ​នោះ​ទេ ​ប៉ុន្ដែ​វាផុស​ចេញ​ពី​ការ​ស្រឡាញ់​​ និង​​ចង់​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ លោក លី ប៊ុនហេង និស្សិត​ឆ្នាំទី​៤ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម ផ្នែក​សេដ្ឋកិច្ច​កសិកម្ម និង​អភិវឌ្ឍ​ជនបទ ​កំពុង​តែ​មមាញឹក​ក្នុង​ការ​សិក្សា ​និង​សរសេរ​និក្ខេបបទ​បញ្ចប់​ឆ្នាំ​សិក្សា​របស់​លោក ប៉ុន្តែ​លោក​នៅ​តែ​ឆ្លៀត​ពេលវេលា​ដ៏​មាន​តម្លៃ​មក​ចូល​រួម​ចំណែក​ជា​ ផ្នែក​តូច​មួយ​ក្នុង​សង្គម​ជាតិ។

លោក ​បាន​និយាយ​ថា៖ «​ស្នេហា​ជាតិ​គឺ​មិន​មែន​ស្ថិត​លើ​បបូរ​មាត់​នោះ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​ និង​ផ្ដល់​ប្រយោជន៍​ចំពោះ​អ្នក​ជុំវិញ​ខ្លួន និង​សង្គមជាតិ​តាម​លទ្ធភាព​ដែល​យើង​មាន»។

លោក ប៊ុនហេង បាន​ចាប់​ផ្តើម​ចូល​រួម​ក្នុង​ការងារ​សង្គម ​និង​ការងារ​ស្ម័គ្រចិត្ត​តាំង​ពី​ឆ្នាំ​២០០៩ ដែល​នា​ពេល​នោះ​លោក​ជា​អ្នក​រៀបចំ​កម្មវិធី​ម្នាក់​នៅក្នុង​កម្មវិធី​ចែក​ រំលែក​បទពិសោធ​របស់​អង្គការ Hope Our Homeland (HOH) នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ដែល​ផ្តោត​ទៅ​លើ​ការ​ជ្រើសរើស​មហាវិទ្យាល័យ ឱកាស​ការងារ និង​ការ​ទទួល​បាន​អាហា​រូបករណ៍។

លោក​ បាន​បន្ត​ថា នោះ​ជា​ការងារ​សង្គម​​ដំបូងដ៏​ធំ​បំផុត​សម្រាប់​លោក​ដែល​បាន​រួម ចំណែក​ក្នុង​ការ​​រៀបចំ​កម្មវិធី​ចែក​រំលែក​បទពិសោធ​ដល់​និស្សិត​ជាង​ ១០០០​នាក់។

ក្រៅ​ពី​កម្មវិធី​នេះ​ លោកប៊ុនហេង ក៏​មាន​បទ​ពិសោធ​ការងារ​សង្គម​ជាច្រើន​ទៀត​ដូច​ជា ការ​ជួយ​ពង្រឹង​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​ដល់​និស្សិត​ឆ្នាំ​ទី១ ការ​ចុះ​ទៅ​ចែក​សៀវភៅ​ និង​សម្ភារ​សិក្សា​ឲ្យ​​ដល់​កុមារ​នៅ​តាម​បណ្ដា​ខេត្ត។

ជាក់ស្តែង នា​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ លោក ប៊ុនហេង ​បាន​ទទួល​អាហារូបករណ៍ ​Undergraduate Intensive English Language Study Program​ «UIELSP» ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​រយៈពេល​២​ខែ។ បន្ទាប់​ពី​វិល​ត្រឡប់​មក​មាតុ​ភូមិ​វិញ លោក ប៊ុនហេង និង​អ្នក​ដែល​ធ្លាប់​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ដទៃ​ទៀត​ប្រមាណ​ជាង​១០​នាក់ បាន​រួម​គ្នា​សរសេរ​គម្រោង​សុំ​ប្រាក់​ឧបត្ថម្ភ​​ក្នុង​ការ​រៀបចំ កម្មវិធី Alumni Engagement Innovation Fund ដើម្បី​ចែក​រំលែក​បទពិសោធ​ដែល​ពួក​គាត់​បាន​រៀន​នៅ​សហរដ្ឋ​អាមេរិក​ដល់ យុវជន​ខ្មែរ​ផ្សេង​ទៀត។

លោក បាន​បង្ហើប​ប្រាប់​ថា៖ «វា​ពុំ​មែន​ជា​ការ​បង្ខិតបង្ខំ​ពី​កម្មវិធី​សហរដ្ឋអាមេរិក​ដែល​ពួក​យើង​បាន ​ចូលរួម​នោះទេ ប៉ុន្តែ​វា​កើត​ឡើង​ដោយ​សារ​តែ​ពួក​យើង​ចង់​ចែក​រំលែក​បទពិសោធ​ និង​ចំណេះ​ដឹង​ដែល​ពួក​យើង​បាន​រៀន បាន​ចេះ​ពី​ប្រទេស​ក្រៅ​ដល់​កូន​ខ្មែរ​ផ្សេង​ទៀត»។

ដោយសារ​តែ​មាន​បទពិសោធ​មក​ពី​ក្រៅ​ប្រទេស​ គួប​ផ្សំ​នឹង​បទពិសោធ​ក្នុង​ការ​ងារ​សង្គម​ និង​ចំណេះ​ដឹង​ពី​សាលា​ដែល​លោក​កំពុង​សិក្សា លោក ប៊ុនហេង បាន​សហការ​ជាមួយ​មិត្តភក្តិ​៣​នាក់​ទៀត​ ដើម្បី​បង្កើត​ជា​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Social Enterprise for Capacity Development​(SCD) ហើយ​ពួក​គេ​ទើប​តែ​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើងថា WIN SCHOLARSHIP ABOARD និង Successful Application Forms។

សៀវភៅ​ទាំង​ពីរ​ក្បាល​នេះ​ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​ ​ដោយ​គ្រាន់​តែ​បោះពុម្ព​បាន​ត្រឹមតែ​៣​សប្តាហ៍​ប៉ុណ្ណោះ ដែល​លក់​ដាច់​អស់​រហូត​ដល់​ទៅ​ ១០០០​ក្បាលឯ​ណោះ​។

លោក ប៊ុនហេង ​បាន​អះអាង​ថា៖ «ការ​បង្កើត​សៀវភៅ​នេះ​ឡើង​ គឺ​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ និង​ជួយ​ឲ្យ​កូន​ខ្មែរ​មាន​ឱកាស​ទៅ​រៀន​នៅ​ខាង​ក្រៅ​ប្រទេស​ដូច​ពួក​យើង ដែរ»។

លោក​បាន​បន្ត​ទៀត​ថា៖ «សៀវភៅ​នេះ​ ​មិន​មែន​ចេះ​តែ​បកប្រែ ឬ​យក​លំនាំ​តាម​សៀវភៅ​បរទេស​ណាមួយ​នោះ​ទេ ប៉ុន្ដែ​វា​ត្រូវ​បាន​បង្កើត និង​ចង​ក្រង​​ដោយ​ពួកយើង​ទាំង​៤​នាក់​ ​ដែល​ផ្អែក​លើ​បទពិសោធ​របស់​ពួក​យើង ដែល​ជា​អ្នក​ធ្លាប់​ទទួល​បានអាហា​រូបករណ៍​ទៅ​សិក្សា​នៅ​បណ្ដា​​ប្រទេស​ ផ្សេង​ៗ និង​អ្នក​ធ្លាប់​ធ្វើ​ការងារ​នៅ​ក្នុង​គណៈ​កម្មការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ផ្សេង​ទៀត»។

ជាចុង​ក្រោយ យុវជន​វ័យ​ក្មេង លោក ប៊ុនហេង ​បាន​និយាយ​ប្រាប់​ពី​ក្ដី​បំណង​របស់​លោក​ថា៖ «នៅ​ថ្ងៃ​អនាគត ​ខ្ញុំ​ចង់​ឲ្យ​កូន​ខ្មែរ​យើង​ចេះ​ស្រឡាញ់​ជាតិ និង​មាន​គំនិត​​ចង់​អភិវឌ្ឍ​ប្រទេស​ តាម​រយៈ​រូបភាព​ផ្សេងៗ ដូច​ជា​ការ​បង្កើត​​មុខ​ជំនួញ​ទាំង​ឡាយ​ណា​ដែល​អាច​ផ្តល់​ប្រយោជន៍​ឲ្យ​ ខ្លួន​ឯង​ផង និង​សង្គម​ជាតិ​ផង»៕

  • ដោយ៖ ណូ​រ៉ា

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2