• Flexa

អាជ្ញាធរ​វៀតណាម រកឃើញ​ករណី​ថ្មី​នៃ​ការឆ្លង​វីរុស Zika កើន​ដល់​៥៤​ករណី​ហើយ​

1 ឆ្នាំ កន្លងទៅ ដានីន

(​ហូជីមិញ​)៖ អាជ្ញាធរ​នៃ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សុក្រ​នេះ បាន​តាមដាន​រកឃើញ​អ្នក​ឆ្លង​វីរុស Zika ចំនួន​០៨​នាក់​បន្ថែមទៀត​នៅក្នុង​ទីក្រុង​ហូជីមិញ ដែល​ប្រការនេះ​បានធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅក្នុង​ទីក្រុង​មួយ​នេះ​ផ្ទាល់​កើន​ដល់​៤៦​នាក់ ហើយ​សម្រាប់​នៅក្នុង​ប្រទេស​ទាំងមូល​បាន​កើន​ឡើងដល់​៥៤​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ នៅ​យប់​ថ្ងៃ​សុក្រ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​គិត​មក​ត្រឹម​យប់​ថ្ងៃ​សុក្រ​នេះ សង្កាត់​ចំនួន​១៣​ក្នុងចំណោម​ទាំងអស់​២៤ នៃ​ទីក្រុង​ហូជីមិញ មាន​វត្តមាន​អ្នក​ផ្ទុក​វីរុស Zika ហើយ​ក្រៅពី​៤៦​នាក់​នៅក្នុង​ទីក្រុង​ហូជីមិញ គេ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​នេះ​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​រួមមាន​៖ ៤​នាក់​នៅ​ខេត្ត Dak Lak និង Binh Duong និង​៤​នាក់​ផ្សេងទៀត​នៅ​ខេត្ត Khanh Hoa, Phu Yen, Long An, និង Ba Ria Vung Tau​។​

​ដើម្បី​ទប់ទល់​ដោះស្រាយ​បញ្ហា​វីរុស ដែល​ឆ្លង​តាមរយៈ​សត្វ​មូស​ខាំ​នេះ​ទីក្រុង​ហូជីមិញ បានសម្រេច​ចិត្ត​បង្កើត​គណកម្មាធិការ​ពិសេស​មួយ​ដើម្បី​បង្ការ​ការពារ និង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ដែល កំពុង​រាតត្បាត​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​នា​តំបន់​អាស៊ីអាគ្នេយ៍​នេះ ហើយ​ម្យ៉ាងវិញទៀត​អាជ្ញាធរ​នៅតាម​បណ្តា​ទីក្រុង និង​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​វៀតណាម បាន​បន្ត​ចំណាត់ការ​ក្នុងការ​ស្វែងរក​ករណី​ឆ្លង នៃ​វីរុស Zika ឲ្យ​ខ្លាំង​ជាង​មុន​បន្ថែមទៀត និង​បាន​បង្កើន​ការបាញ់​ថ្នាំ​ដើម្បី​កម្ចាត់​ជម្រក​សត្វ​មូស នៅតាម​តំបន់​ជាច្រើន​ផងដែរ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី