• Flexa

ស្វែងយល់​បន្ថែម​អំពី​វីរុស Zika និង​របៀប​នៃ​ការការពារ​កុំ​ឲ្យ​ឆ្លង​ដោយ​ខ្លួនឯង​

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

១៖ ដើមកំណើត របស់​វីរុស Zika

​នៅក្នុង​ឆ្នាំ​១៩៤៧ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វីរុស Zika ដំបូង​គេ​បង្អស់​នៅក្នុង​ព្រៃ Zika នៃ​ប្រទេស អ៊ូ​ហ្គា​ន់​ដា ទ្វីប​អា​ហ្វ្រិ​ច ដែល​វីរុស​នេះ​ត្រូវបាន​វិវត្តន៍ ចេញពី​ជំងឺ​គ្រុនក្តៅ​ប្រភេទ​លឿង របស់​សត្វ​ស្វា​មួយ​ប្រភេទ​។ បន្ទាប់មក​នៅក្នុង​ឆ្នាំ​១៩៥៤ វីរុស​នេះ​ក៏ត្រូវ​បាន​ចម្លង​ដល់​មនុស្ស នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

រហូតមកដល់​ឆ្នាំ​២០០៧ វីរុស Zika ក៏បាន​បង្ក​ការរីក​រាលដាល​ដល់​ម​នុស្ស ស្ទើរ​គ្រប់​តំបន់​ទូទាំង ពិភពលោក ដោយនៅ​ក្នុងនោះ​រួមមាន តំបន់​អាហ្វ្រិក តំបន់​អាស៊ីអាគ្នេយ៍ និង​កោះ​មួយចំនួន​នៃ មហាសមុទ្រ​ប៉ាស៊ីហ្វិក ជាដើម​។ ទោះបីជា​យ៉ាងណា​កាលពី​សម័យ​នោះ វីរុស​នេះ​ត្រូវបាន​គេ​ចាត់ទុក គ្រាន់តែ​ជា​ជំងឺ​គ្រុនក្តៅ​ថ្មី​មួយ​ប៉ុណ្ណោះ ដោយ​មិនមាន​វិធានការ ឬ ការព្យាបាល​ជាក់លាក់​ណាមួយ​នោះឡើយ​។​

ដោយឡែក​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៥ វីរុស​Zika ក៏បាន​ធ្វើការ​រាតត្បាត​យ៉ាងខ្លាំង​នៅ តំបន់​អាមេរិក​កណ្តាល និង អាមេរិក​ខាងត្បូង ដោយ​មនុស្ស​ភាគច្រើន​បាន​ឆ្លង​តាមរយៈ ការធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ដែលមាន​អ្នក​ផ្ទុក​វីរុស Zika រស់នៅ​។​

​ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​គាំពារ​ជំងឺ​ពិភពលោក បានធ្វើ​សេចក្តីរាយការណ៍​ថា នៅ​ចន្លោះ​ខែតុលា ឆ្នាំ ២០១៥ រហូតមកដល់ ខែមករា ឆ្នាំ ២០១៦ មាន​ជនជាតិ​ប្រេ​ស៊ី​ល​បាន​ផ្ទុក​វីរុស Zika រហូតដល់ ៣,៥០០​នាក់ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន​ក្នុងចំណោម​នោះ​បាត់​បង់ជីវិត និង អ្នកខ្លះ​ទៀត​មាន​អាកា​រៈ​គ្រុនក្តៅ​ធ្ងន់ធ្ងរ​។

​បច្ចុប្បន្ននេះ​ក៏មាន​ជនជាតិ​សិង្ហ​បុរី​ចំនួន ៣៤១​នាក់ បាន​ផ្ទុក​វីរុស Zika ដែរ ដោយ​វា​បានធ្វើការ រាតត្បាត​យ៉ាង​លឿន​បំផុត ទៅកាន់​បណ្តា​ប្រទេស​មួយចំនួនទៀត នៅ​តំបន់​អាស៊ី​ក្នុងអំឡុង​ខែសីហា និង កញ្ញា​នេះ ដែល​បាន​បង្ក​ជា​បញ្ហា ធ្វើ​ឲ្យ​មនុស្សម្នា​ទូទាំង​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង​។​

២៖ ស្វែងយល់​អំពី ការការពារ​វីរុស Zika

​ជាក់ស្តែង​វីរុស Zika ត្រូវបាន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​មូស​ខ្លាខាំ ដែល​ត្រូវបាន​គេ ហៅ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា " Aedes” ។ ជាមួយគ្នានេះដែរ វីរុស Zika ក៏​អាច​ឆ្លង​តាមរយៈ ការ​រួមភេទ​ជាមួយ​អ្នកមាន​ផ្ទុក​វីរុស Zika ព្រមទាំង​អាច​ឆ្លង ពី​ម្តាយ​ដល់​កូន​ក្នុង​ផ្ទៃ​ផងដែរ ដែល​អាច​បណ្តាល​ឲ្យ​កូន​មាន​លក្ខណៈ​មិន​ប្រក្រតី​នៅពេល​កើតមក​។ ទោះបីជា​យ៉ាងណាក្តី មជ្ឈមណ្ឌល​គាំពារ​ជំងឺ​ពិភពលោក ក៏បាន​ចាត់វិធានការ​មួយចំនួន ដើម្បី​ការពារ និង កាត់បន្ថយ​ការឆ្លង​វីរុស Zika ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ព្យាបាល​វីរុស​នេះ​ផងដែរ​។​

៣៖ ការរីក​រាលដាល​រប​ស់​វីរុស Zika

អ្នក​គួរ​ការពារ​ខ្លួន​អ្នក និង​ក្រុមគ្រួសារ​អ្នក ដោយ​ចៀសវាង​កុំ​ឲ្យ​មូស​ខាំ​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់ មិន​ថា​នៅទីណា​ឬ​កន្លែង​ណាក៏ដោយ​។ ការរីក​រាលដាល និង​ការចម្លង​នៃ​វីរុស Zika មាន​ច្រើនយ៉ាង​ដូចខាងក្រោម​៖

* មូស គឺជា​ដើមហេតុ​ចំបង ដែល អាចធ្វើ​ការចម្លង​វីរុស ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន​យ៉ាង​ងាយ​។​

* វីរុស Zika អាច​ឆ្លង​តាមរយៈ​ការ​រួមភេទ​ជាមួយ​អ្នក​ដែលមាន​ផ្ទុក​វីរុស Zika​។

* ការចម្លង​វី​រ៉ុ​ស ពី​ម្តាយ​ដល់​ទារក​ក្នុង​ផ្ទៃ ឬ ទារក​បន្ទាប់ពី​សម្រាល​ហើយ​។​

* ព្រមទាំង ការឆ្លង​តាមរយៈ ការចាក់​បញ្ចូល​ឈាម​។​

៤៖ អាកា​រៈ​នៃ​វីរុស Zika

​អ្នក​ផ្ទុក វីរុស Zika ភាគច្រើន មាន​អាកា​រៈ​សាមញ្ញ​បំផុត ដោយ​ពួកគេ​គ្រាន់​តែមាន​អាកា​រៈ​គ្រុនក្តៅ ឡើងក​ន្តួ​ល​ក្រហម​រមាស់ ឈឺសន្លាក់ និង ឈឺក្បាល​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត អាកា​រៈ​នៃ​វីរុស Zika ក៏​អាចមាន​ការឈឺ​សាច់ដុំ និង ក្រហម​ភ្នែក​ផងដែរ ដោយ​ភាគច្រើន​អាកា​រៈទាំង​នេះ​អាច​កើនឡើង នៅក្នុង​រយៈពេល ៣ ទៅ ៤ ថ្ងៃ​។ ប៉ុន្តែ​ប្រសិនបើ គ្មាន​ការពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ នោះទេ វា​នឹងធ្វើ​ការរីក​ដាល​ដល់​ម​នុស្ស​ជុំវិញខ្លួន ព្រមទាំង​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​ស្ថានភាព​ខ្សោយ​ទៅៗ​។​

៥៖ ហេតុអ្វី​បានជា​វីរុស Zika អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​មួយចំនួន​?

​ការឆ្លង​វី​រ៉ុ​ស Zika នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ ខួរក្បាល​របស់​ទារក​នៅក្នុង​ផ្ទៃ ដែល​ត្រូវបាន​គេ​ហៅថា​ជា​ជំងឺ​មីក្រូ​សែ​ល​ភី (microcephaly ) ដោយ​វា​អាចធ្វើ​ឲ្យ​ខួរក្បាល​របស់​ទារក​មាន​ដំណើរ​ការមិន​ប្រក្រតី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វីរុស Zika ក៏​អាច​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ភ្នែក និង​សមត្ថភាព​នៃ​ការលូតលាស់​របស់​ទារ​ក ដោយ​វា​បានធ្វើការ​បំផ្លាញ​ដល់​ប្រព័ន្ធ​ភាព​សុំា​របស់​ទារក​។​

៦៖ វី​ធី​ការពារ​វីរុស Zika តាមបែប​វេជ្ជសាស្ត្រ​

​មជ្ឈមណ្ឌល គាំពារ​ជំងឺ​ពិភពលោក បាន​និយាយថា កន្លងមក​គ្មាន​វ៉ាក់សាំង​ណា​ដែល​អាច​ការពារ កុំ​ឲ្យ​ឆ្លង វីរុស Zika បាន​នោះឡើយ​។ ដូច្នេះហើយ​វិធី​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​ការឆ្លង​វីរុស Zika នេះ គឺ​យើង​ត្រូវការពារ​ខ្លួនឯង​ផ្ទាល់ និង​ក្រុមគ្រួសារ​ជៀសវាង​កុំ​ឲ្យ​មូស​ខាំ ដោយ​វិធី​មាន​ដូចខាងក្រោម​៖

* គួរ​ពាក់​អាវដៃវែង ជើងវែង​ជាប្រចាំ​

* គួរ​ស្នាក់​នៅក្នុង​កន្លែង​ដែលមាន​ម៉ាស៊ីនត្រជាក់ ព្រមទាំង​មាន​ទ្វារ ឬ បង្អួច​បិទ​ជិត​កុំ​ឲ្យ​មាន​មូស​ចូល​ពី​ខាងក្រៅ​

* គួរ​សម្អាតផ្ទះ​ឲ្យ​បាន​ស្អាត​ជាប្រចាំ ជៀសវាង​ការកើត​មូស​

* បើ​អាច​គេង​ចង​មុង​ជាប្រចាំ ជាពិសេស​សម្រាប់​ក្មេង​តូចៗ និង​ស្ត្រី​មាន​ផ្ទៃពោះ​

* ការពារ​ការចម្លង វីរុស Zika តាម​ការ​រួមភេទ ដោយ​ការប្រើប្រាស់​ស្រោមអនាម័យ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី