• Flexa

ជំងឺ​ឫសដូងបាត​មិនមែនជា​ជំងឺ​កាច​សហាវ​ទេ ប៉ុន្តែ​អ្នក​ក៏​មិនគួរ​បណ្តែត​បណ្តា​យ​ឲ្យ​វា​កាន់​តែមាន​សភាព​ដុនដាប​នោះទេ

2 ខែ កន្លងទៅ សុខ វិជ័យ

​កាលពីពេល​កន្លងទៅនេះ ការិយាល័យ​ផ្តល់​សេវា​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី (CAN) បាន​សហការ​ជាមួយ​មន្ទីរពេទ្យ Raffles Hospital របស់​សាំង​-​ហ្គា​ពួ បានរៀបចំ​សិក្ខាសាលា​វេជ្ជសាស្ត្រ​មួយ​ផ្តោតទៅលើ​ការពិនិត្យ ការព្យាបាល​និង​ការប្រឹក្សា​យោបល់​ទាក់ទង​នឹង​ជំងឺ​ឫសដូងបាត​។​

​លោក​វេជ្ជបណ្ឌិត អ៊ឹង ឈី​ន បាន​មានប្រសាសន៍ថា​ជំងឺ​ឫសដូងបាត​(Pile ឬ Hemorrhoid) គឺជា​ដុំ​សរសៃឈាម​ទន់ៗ ដែល​តែង​កើតមាន​នៅត្រង់​រន្ធ​គូថ និង​ផ្នែក​ខាងក្រោម​ចុង​ពោះវៀនធំ ។ ដុំ​សរសៃឈាម​នេះ​មាន​តួនាទី​ជួយ​បិទ​ទ្វារធំ​របស់​យើង ដូចជា​កុំឱ្យ​លាមក​ចេញ​ដោយ​ឯងៗ​។ នៅពេលដែល​ដុំ​សរសៃឈាម​នេះ​រីក​ប៉ោង​ឬ ចេញឈាម​នោះ វា​នឹង​បង្កឱ្យមាន​បញ្ហា​ជាច្រើន​។​

​ទាក់ទង​នឹង​ប្រភេទ​នៃ​ជំងឺ​ឫសដូងបាត លោក​វេជ្ជបណ្ឌិត អ៊ឹង ឈី​ន បាន​ជម្រាប​ថា ប្រភេទ​ដុំ​ឫសដូងបាត ជាទូទៅ​មាន​ឫសដូងបាត​ក្រៅ និង​ឫសដូងបាត​ក្នុង​។ នៅក្នុង​ការព្យាបាល​គេ​បានចាត់ទុក​ជំងឺ​ឫសដូងបាត​ជា​បួន​ប្រភេទ​។ ជំងឺ​ឫសដូងបាត​កម្រិត​១-​ជា​ប្រភេទ​ឫសដូងបាត​ផ្នែក​ខាងក្នុង ដែល​ហូរឈាម​ប៉ុន្តែ​មិន​ធ្លាក់ចុះ​ឡើយ​(​ដូចជា​លៀន​មក​ខាងក្រៅ​)​។​ជំងឺ​ឫសដូងបាត​កម្រិត​២-​ជា​ប្រភេទ​ឫសដូងបាត​លៀន​ចេញ​ពេល​បន្ទោ​របង់​លាមក ប៉ុន្តែ​នឹង​លឹប​ចូល​វិញ​ដោយ​ខ្លួនឯង​។​ជំងឺ​ឫសដូងបាត​កម្រិត​៣-​ជា​ប្រភេទ​ឫសដូងបាត​លៀន​ចេញ ប៉ុន្តែ​អាច​លឹប​ចូល​វិញ​ដោយ​ប្រើ​ដៃ​រុញ​។ ចំណែក​ជំងឺ​ឫសដូងបាត​កម្រិត​៤-​ជា​ប្រភេទ​ឫសដូងបាត​លៀន​ចេញ​ជា​អចិន្ត្រៃយ៍​និង​មិនអាច​បាត់ទៅ​វិញ​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ដុំ​ឫសដូងបាត​កម្រិត​១ និង​ដុំ​ឫសដូងបាត​កម្រិត​២ អាច​ព្យាបាល​ដោយ​មិនបាច់​ធ្វើការ​វះកាត់ ប៉ុន្តែ​ដុំ​ឫសដូងបាត​កម្រិត​៣ និង​ដុំ​ឫសដូងបាត​កម្រិត​៤ ត្រូវធ្វើ​ការវះកាត់​ព្យាបាល​។​

​ជំងឺ​ឫសដូងបាត​មាន​២​ប្រភេទ​គឺ​៖

-​ឫសដូងបាត​ក្នុង ៖ ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឫសដូងបាត​ខាងក្នុង​រន្ធ​គូថ​

-​ឫសដូងបាត​ក្រៅ ៖ ជា​ជំងឺ​ដែល​កើត​ឡើងលើ​សរសៃឈាម​ឫសដូងបាត​នៅ​ខាងក្រៅ​រន្ធ​គូថ​

​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ឫសដូងបាត​?

​លោក​វេជ្ជបណ្ឌិត បាន​ពន្យល់ថា កត្តា​មួយចំនួន​ដែល​បណ្តាលឱ្យ​កើត​ជំងឺ​ឫសដូងបាត​មានដូចជា របប​អាហារ​សរសៃ​មិន​គ្រប់គ្រាន់ ការ​ទល់លាមក​រ៉ាំរ៉ៃ និង​ការ​ប្រឹង​ខ្លាំងពេក​ពេល​បន្ទោរ​បង់​លាមក ការ​បន្ទោបង់​យូរពេក និង​ពេល​មាន​ផ្ទៃពោះ​។ កត្តា​ទាំងអស់នេះ ធ្វើឱ្យ​ជាលិកា ដែល​ជួយ​ទ្រទ្រង់​សរសៃឈាម យឺត​ប៉ោង​ធំ​និង​ងាយ​បែក​។ ជាល​ទ្ឋ​ផល​វា​នឹង​ធ្វើឱ្យ​សរសៃឈាម​រីក​ធំ ហើយ​ជញ្ជាំង​សរសៃឈាម​ឡើង​ស្តើង​និង​ងាយ​មាន​ហូរឈាម​ចេញមកក្រៅ​ផងដែរ​។ នៅពេល​សរសៃឈាម​កាន់​តែ​រីក​ប៉ោង​ធំ ធ្វើឱ្យ​វា​លៀន​ចេញមកក្រៅ​ដែល​បង្កឱ្យមាន​ភាពមិន​ស្រួល​ក្នុង​អារម្មណ៍​និង​មាន​ឈាម​ហូរ​ផងដែរ​។​

​តើ​ជំងឺ​ឫសដូងបាត​មាន​រោគសញ្ញា​អ្វីខ្លះ ?

​អ្នកជំងឺ​អាចមាន​រោគសញ្ញា​ដូចជា បន្ទោបង់​លាមក​មាន​ឈាម លៀន​ឫសដូង​ចេញមកក្រៅ ការឈឺចាប់​នៅ​ក្រសាល់គូថ ។​

​ក​-​ចំពោះ​ឫសដូងបាត​ខាងក្នុង​មាន​រោគសញ្ញា​ជា​៤​ដំណាក់កាល​៖

-​ដំណាក់កាល​ទី​១ ៖ អ្នកជំងឺ​បន្ទោបង់​លាមក​មាន​ឈាមក្រហម​ស្រស់​

-​ដំណាក់កាល​ទី​២ ៖ ពេល​បន្ទោបង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ តែ​ចូល​វិញ​ដោយ​ខ្លួនឯង​

-​ដំណាក់កាល​ទី​៣ ៖ ពេល​បន្ទោបង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ តែ​ចូល​វិញ​ដោយ​យកដៃ​ជួយ​រុញ​បញ្ចូល​

-​ដំណាក់កាល​ទី​៤ ៖ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ ដោយ​មិន​ចូល​វិញ​ទេ ទោះបី​រុញ​ក៏ដោយ ។​

​ខ​-​ចំពោះ​ឫសដូងបាត​ក្រៅ​៖ អ្នកជំងឺ​មាន​អារម្មណ៍​ថា មាន​ដុំ​មួយ​ឬ​ច្រើន​នៅ​ក្រសាល់គូថ ដែល​ដុំ​នោះ​មានការ​ឈឺចាប់​ខ្លាំង ហើយ​អាចមាន​ឈាម​នៅពេលដែល​ដុំ​នោះ​បែក ។ ចំពោះ​រោគសញ្ញា​នេះ យើង​ត្រូវ​ប្រយ័ត្ន​ជាមួយនឹង​ជំងឺ​បូស​នៅ​ជុំវិញ​រន្ធ​គូថ ។​

​សម្គាល់​៖ ការ​បន្ទោបង់​លាមក​មាន​ឈាម មិនមែន​សុទ្ធតែ​បណ្តាលមកពី​ជំងឺ​ឫសដូងបាត​ទេ គឺអាច​មាន​បញ្ហា​នៅ​ពោះវៀនធំ​ដូចជា មហារីក​ពោះវៀនធំ ឬ​ដំបៅ​នៅ​ពោះវៀនធំ ដូចនេះ​អ្នកជំងឺ​ត្រូវ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ។​

​ការវះកាត់​ព្យាបាល​ជំងឺ​ឫសដូងបាត​

​ការវះកាត់​ព្យាបាល​ជំងឺ​ឫសដូងបាត​មាន​៥​ប្រភេទ​។ ១-​ការវះកាត់​បើក (Open Hemorrhoids ) នេះ​ជា​វិធី​វះកាត់​ល្អ​បំផុត សម្រាប់​ការ ព្យាបាល​ជំងឺ​ឫសដូងបាត​កម្រិត​៣ និង​៤ ។ ការវះកាត់​នេះ​គឺ​កាត់​យក​ដុំ​ឫសដូងបាត​នេះ​ចេញ ដែល​ក្នុងនោះ​រួមមាន​ការចាក់​ថ្នាំ​សន្លប់​ដល់​អ្នកជំងឺ និង​ត្រូវ​ស្នាក់នៅ​ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ​។ មុខរបួស​នឹង​ជាសះស្បើយ​ក្នុង​រយៈពេល ៦​ទៅ ៨​សប្តាហ៍​។ ផល​រំខាន​ដែល​កើតមាន​ដូចជា​ភាពឈឺចាប់​និង​ហូរឈាម​ក្រោយពេល​វះកាត់​រួច​។

២-​ការ ព្យាបាល​ដោយ​ប្រើការ​ស្មី​ឡាស៊ែរ (Laser Hemorrhoids) វិធី​នេះ​ពុំ​ត្រូវ បាន​គេ​ដាក់ឱ្យ​ប្រើប្រាស់​ទេ​។ ៣-​ការព្យាបាល​ដោយ​ប្រើ ឧបករណ៍ កឹ​ប (Stapler Hemorrhoids) នេះ​ជា​វិធី​ព្យាបាល​ថ្មី មួយ​ដែល​បង្កើត ឡើង​ក្នុង​គោលបំណង​បង្រួម​ការឈឺចាប់ និង​បង្កើន​ប្រ​សិ​ទ្ឋ​ភាព​ការ​ជាសះស្បើយ​នៃ​មុខរបួស​។ បច្ចេកទេស​នេះ​ដំណើរការ​ដោយមាន ការវះកាត់​ចេញ​នូវ​ស្បែក​ក្រាស់ៗ​លើ​ដុំ​ឫសដូងបាត​ដែល​នឹងធ្វើ​ឱ្យ ឫសដូងបាត​ត្រឡប់​ទៅ​កន្លែង​ដូចដើម​វិញ​នៅក្នុង​ប្រហោង​របស់រ​ន្ឋ​គូថ​។

ការវះកាត់​ប្រភេទ​នេះ អាច​ទប់ស្កាត់​ការនាំ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ឫសដូងបាត ដែលជា​ហេតុ​ធ្វើឱ្យ​ឫសដូងបាត​រួម​តូច​និង​លែង​ហូរឈាម​។ ការសិក្សា​ជាច្រើន​បង្ហាញថា របួស​ពី​ការវះកាត់​នេះ អាចជា​សះស្បើយ​ក្នុង​រយៈពេល​ពីមួយ​ទៅ ២​សប្តាហ៍ និង​មិនមាន​ការឈឺ ចាប់​ធ្ងន់ធ្ងរ​។ ៤-​ការវះកាត់​ដោយ​ចង​ដុំ​ឫសដូងបាត (Ligatre Hemorrhoids) នេះ​ជា​វិធីសាស្ត្រ​មួយ​ថ្មី​ទៀត​ក្នុងការ​ព្យាបាល​ជំងឺ ឫសដូងបាត​។ ការព្យាបាល​នេះ ជាទូទៅ​ធ្វើឡើង​ដោយ​ដាក់​ថ្នាំ​សន្លប់​អ្នកជំងឺ​។ ដុំ​ឫសដូងបាត​ត្រូវបាន​កាត់ចេញ​ហើយ​មុខរបួស​នឹង​ព្យាបាល​បិទ​វិញ​ដោយ​ប្រើប្រាស់​ជាលិកា​របស់​អ្នកជំងឺ​ផ្ទាល់​។ រយៈពេល​នៃ​ការ​ជាសះស្បើយ​គឺ​ប្រហែល ២​សប្តាហ៍​។ គុណសម្បត្តិ​នៃ​វិធី​វះកាត់​នេះ​ឈឺចាប់​តិច​ហូរឈាម​តិច​និង​មាន​ផលប៉ះពាល់​តិចតួច​។ វិធី​ព្យាបាល ទី​៥ គឺ​តាមរបៀប THD ដែលជា​វិធីសាស្ត្រ​ថ្មី​បំផុត​សម្រាប់​អ្នកជំងឺ​ដែល​មិន​ចង់​សម្រាក​ពេទ្យ ចំណាយពេល​វះកាត់​ខ្លី តែមាន​ប្រ​សិ​ទ្ឋ​ភាព​។ ការហូរ​ឈាម​និង ការឈឺចាប់​តិចតួច​បំផុត​។ វិធី​នះ​គឹ​ធ្វើឡើង​ដោយ​ប្រើ​អ៊ុ​ល​ត្រា​សោ​ន ដើម្បី​កំណត់​សរសៃឈាម​ជាក់លាក់​ដែល​ផ្គត់ផ្គង់​ឈាម​ទៅដល់​ដុំ​ឫសដូងបាត ហើយ​សរសៃឈាម​ទាំងនោះ​នឹងត្រូវ​ចង​ម្តង​មួយៗ​។​

​លោក​វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​ជំ​ងឹ​ឫសដូងបាត​មកពី​មន្ទីរ ពេទ្យ​រ៉ា​ហ្វ​ល​រូបនេះ ក៏បាន​ឱ្យដឹង​ផងដែរ​ថា ក្រោយពេល​វះកាត់​រួច អាចមាន​ភាពឈឺចាប់​ខ្លះ ពិបាក​បត់ជើងតូច ហូរឈាម​មុខរបួស​វះកាត់​តែ​អាការ​ទាំងអស់នេះ​ស្រាលៗ​ប៉ុណ្ណោះ​ហើយនឹង​បាត់​ទៅវិញ​ប៉ុន្មាន​នាទី​ក្រោយមក​។​ក្រោយ​ការវះកាត់​ដុំ​ឫសដូងបាត​អត្រា​នៃ​ការកកើត​ជាថ្មី​មាន​តិចតួច​បំផុត​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី