• Flexa

យល់ដឹង ! តើ​មាន​សញ្ញា​អ្វីខ្លះ​ដើម្បី​សម្គាល់ថា អ្នកជំងឺ​ត្រូវ​រងគ្រោះ​ដោយ​សត្វ​ពស់​ចឹក ឬ​ខាំ​? តើ​មាន​វិធី​ណា​អាចជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​ពស់​ចឹក ឬ​ខាំ មុន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​?

1 ខែ កន្លងទៅ ដានីន

​នៅពេល​និយាយ​អំពី​បញ្ហា​សត្វ​ពស់​ខាំ ឬ​ចឹក​សម្រាប់​អ្នក​នៅ​ភ្នំពេញ​ហាក់​មិនសូវ​ចាប់អារម្មណ៍​ដូច​ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃភ្នំ តំបន់​ទឹក ស្រុកស្រែ​ចម្ការ ឬ​អ្នក​នៅ​ចុងកាត់មាត់ញក​នោះទេ​។ នៅតាម​បណ្ដា​ខេត្ត​នានា អ្នកជំងឺ​ដោយ​ពស់​ខាំ ឬ​ចឹក ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។​

​តើ​មាន​សញ្ញា​អ្វីខ្លះ​ដើម្បី​សម្គាល់ថា អ្នកជំងឺ​ត្រូវ​រងគ្រោះ​ដោយ​សត្វ​ពស់​ចឹក ឬ​ខាំ​? តើ​មាន​វិធី​ណា​អាចជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​ពស់​ចឹក ឬ​ខាំ មុន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​?​គ្រូពេទ្យ​បាន​ណែនាំ​ថា សត្វ​ពស់​ដែល​បាន​ចឹក​មនុស្ស គឺមាន​លក្ខណៈខុសៗ​គ្នា ដោយ​ខ្លះ​វា​មាន​ពិស​ខ្លាំង និង​ខ្លះទៀត​មាន​ពិស​ខ្សោយ ប៉ុន្តែ​ចាំបាច់​ត្រូវតែ​បញ្ជូន​ជនរងគ្រោះ​ទៅដល់​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេល ដើម្បី​ជួយសង្គ្រោះ​ជីវិត​។​

​អនុប្រធាន​មន្ទីរពេទ្យ​ខេត្តឧត្ដរមានជ័យ លោក​វេជ្ជបណ្ឌិត កែវ ស្ដើង មានប្រសាសន៍ថា នៅ​មន្ទីរពេទ្យ​របស់លោក​យ៉ាងហោចណាស់​ក្នុង​មួយខែ មាន​អ្នក​ពស់​ចឹក​ពី ៥ ទៅ ១០​នាក់​ដែរ​។ លោក​បានផ្ដល់​ឱវាទ​ថា ជនរងគ្រោះ​បើ​ដឹងខ្លួន​ថា​ត្រូវ​ពស់​ចឹក សូម​ប្រញាប់​ឲ្យ​ដំណឹង​អ្នក​នៅក្បែរ​ខ្លួន​ភ្លាម ឬ​បើ​នៅ​ម្នាក់ឯង ត្រូវ​រក​វិធី​ប្រាប់​ដំណឹង​ឲ្យ​គេ​មកជួយ ដើម្បី​ឆាប់​បាន​ទៅដល់​មន្ទីរពេទ្យ​។​

​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ការសង្គ្រោះ​បឋម​ដែល​ត្រឹមត្រូវ​នោះ ត្រូវ​ប្រើ​ឈើ​អប​រួច​រុំ​ថ្នមៗ ល្មមៗ កុំ​រឹត​តឹង​ពេក ឯការ​អប​នោះ​ជា​របៀប​ដូច​អប​ជើង ឬ​ដៃ​បាក់ឆ្អឹង​ដូច្នោះ​ដែរ ហើយ​ជៀសវាង​កុំ​ឲ្យ​រងគ្រោះ​ធ្វើ​ចលនា​ច្រើន ដើម្បី​កុំ​ឲ្យ​ពិស​នោះ​រត់ឡើង​លឿន​ទៅតាម​ក្រពេញ​ទឹករងៃ​៖ «​តាមរបៀប​របប​ថ្មី​ដែលមាន​ការណែនាំ ជា​មគ្គុទ្ទេសក៍​ថ្មី វិធីសាស្ត្រ​ថ្មី​ដែល​ក្រសួងសុខាភិបាល បានរៀបចំ​គឺ​ការជួយ​សង្គ្រោះ​បឋម​នោះ គឺអាច​ថា យក​ឈើ​អប មួយ​ល្មម​កុំ​ឲ្យ​តឹង​ពេក​គ្រាន់តែ​រុញ​អប​កុំ​ឲ្យ​គាត់​កម្រើក​ជើង​ខ្លាំង ព្រោះថា គេ​គិតថា ពស់​ចឹក​ពិស​វា​ទៅតាម​ឈាម​ទេ វា​ទៅតាម​ក្រពេញ​ទឹករងៃ​វា​ទៅ​យឺតៗ​ទេ វា​មិន​ឡើង​លឿន​ដូច​ពស់​ផ្កាចារ ពស់ពព្លាក់ អ៊ីចឹង​វា​ឡើង​យឺតៗ ប៉ុន្តែ​មិនបាន​រុំ​អប​ក៏​ហ្អី​ទៅ សំខាន់​ឲ្យ​គាត់​បាន​មកដល់​ពេទ្យ​ឲ្យ​បាន​លឿន​»​។​

​លោក​បន្តថា ប្រសិនជា​តំបន់​ដែល​ជនរងគ្រោះ​នៅ​ឆ្ងាយ​ពេក បច្ចុប្បន្ន​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​មួយចំនួន​ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់ ដូច្នេះ​អាច​ហៅ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ដឹកជញ្ជូន​ឲ្យ​អ្នកជំងឺ​ឲ្យ​បាន​ទៅដល់​មន្ទីរពេទ្យ​ឆាប់រហ័ស​។​

​ជួនកាល ពលរដ្ឋ​ដែល​គាត់​ធ្វើការ​ប្រកប​របរ​រក​ម្ហូប​ក្នុងព្រៃ​ក្នុង​ស្រែ គាត់​មិនបាន​ដឹងថា ខ្លួន​ត្រូវ​ពស់​ចឹក ឬ​ខាំ​នោះទេ​។ ជា​សញ្ញា​សម្គាល់​ស្នាម​ពស់​ដែលមាន​ពិស​ចឹក គ្រូពេទ្យ​បាន​ប្រាប់ថា វា​បាន​បង្កើតជា​ចំណុច​សម្គាល់​តូចៗ​ពីរ​ដែល​នៅ​ឆ្ងាយ​ពីគ្នា​ប្រមាណ​ជា ២​មិល្លីម៉ែត្រ​ទៅ ១០​មិល្លីម៉ែត្រ​។ ពេលខ្លះ ពស់​ដែល​ចឹក​នោះ​មិនបាន​បញ្ចេញ​ជាតិ​ពិស​របស់​វា​ទេ ដោយ​គ្រាន់តែ​បន្សល់​ស្នាម​ចឹក​របស់​វា​។ ចំណែក​រោគសញ្ញា​ពស់មានពិស​ចឹក​វិញ​មានដូចជា ហើម ស្ពឹក ឈឺ និង​ក្រហម​នៅនឹងកន្លែង និង​ធ្វើ​ឲ្យ​ងងុយដេក​ក៏មាន ប៉ុន្តែ​រោគសញ្ញា​នេះ​អាច​នឹង​ប្រែប្រួល​ដែរ​អាស្រ័យទៅលើ​សុខភាព​របស់​ជនរងគ្រោះ​។​

​តាម​បទពិសោធន៍ លោក​វេជ្ជបណ្ឌិត​កត់សម្គាល់​ថា មាន​ប្រភេទ​ពស់​ខ្លះ​ចឹក​អ្នករងគ្រោះ ហើយ​មិនអាច​មកដល់​មន្ទីរពេទ្យ​បានទេ គឺអាច​ស្លាប់​នៅ​នឹង​ព្រៃ​តែម្ដង ដូចជា​ប្រភេទ​ពស់វែករនាម ពស់វែកក្របី ជាដើម​។ លោក​វេជ្ជបណ្ឌិត កែវ ស្ដើង បាន​អះអាងថា នៅពេល​មកដល់​មន្ទីរ​ពេទ្យ​ទាន់ពេល គ្រូពេទ្យ​មាន​ថ្នាំបន្សាប ឬ​ថ្នាំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ភាគច្រើន​អាចមាន​សង្ឃឹម​៖ «​ឥឡូវ​មន្ទីរពេទ្យ​យើង​មាន​សម្រាប់​ថ្នាំ​ពស់​ចឹក ហូរឈាម និង​ពស់​មួយ​ចឹក​មិន​បង្ក​ឲ្យ​ហូរឈាម​ទេ វា​ទៅជា​ងងុយដេក អត់​ដកដង្ហើម​អត់​អ៊ីចឹង​ពស់​វា​ខុសគ្នា អ៊ីចឹង​ថ្នាំ​មាន ២​មុខ​។ មកដល់​មន្ទីរពេទ្យ​ធម្មតា ត្រូវ​សាកសួរ​អ្នកជំងឺ ឬ​អាច​អ្នក​នាំមក​អាច​ដឹងថា ពស់​ដែល​ខាំ​នោះ​ប្រភេទ​ពស់​អី​ដែល​ចឹក​គាត់ ប្រសិនជា​ដឹង​វា​ងាយ​នឹង​ប្រើ​ថ្នាំ បាន​ជោគជ័យ​។ បើ​អត់​ដឹង​ពេលខ្លះ​យើង​ប្រើ​ថ្នាំ​ទាំងពីរ​ព្រោះ​អី​វា​មិនអាច​ថា​អត់​ប្រើ​ទេ បើសិនជា​សង្ស័យថា ជា​ពស់វែកដំបូក ឬមួយ​ក៏​ពស់​ផ្កាចារ​។ ពិបាក​ពេលយប់​ចឹក​មើលមិនឃើញ​អ៊ីចឹង វិធីសាស្ត្រ​របស់​មន្ទីរ​ពេទ្យ​ប្រើ​ថ្នាំ​ទាំងពីរ​»​។​

​អនុប្រធាន​មន្ទីរពេទ្យ​ខេត្តឧត្ដរមានជ័យ លោក​វេជ្ជបណ្ឌិត កែវ ស្ដើង មានប្រសាសន៍​ទៀតថា ឥរិយាបថ ឬ​ទម្លាប់​ដែល​តែងតែ​ធ្វើ​ខុសឆ្គង និង​មិនគួរ​គប្បី​កន្លងមក លោក​មើលឃើញថា ពលរដ្ឋ​មួយចំនួន​នៅ​ខ្វះ​ការយល់ដឹង និង​តែងតែ​ធ្វើ​អ្វី​តាម​ជំនឿ​តៗ​គ្នា ដូចជា​ប្រជាពលរដ្ឋ​តាម​ទម្លាប់​អ្នកស្រុក​តែង​ចងរឹត​ឃាត់​ពិស ឬ​អាចធ្វើ​ពិធី​ផ្សេងៗ​ទៀត ជាដើម​៖ «​កន្លង​មកពី​បុរាណ​យើង​តែងតែ​លឺថា មាន​ពស់​ចឹក អ៊ីចឹង​គេ​វះ​អា​មុខ​ពស់​ចឹក​នោះ​ដើម្បី​បឺត​ឈាម​បឺត​អី តែ​ឥឡូវ​ការធ្វើ​បែបនេះ គឺ​មិន​ឲ្យ​ធ្វើ​ទៀត​ទេ ព្រោះ​ការ​វះ​បឺត​ឈាម​ភ្លាមៗ វា​ធ្វើ​ឲ្យ​ពិសពស់​អាច​ចូលទៅក្នុង​មាត់​អ្នក​បឺត​ឈាម ហើយ​ទី​២ អាចធ្វើ​ឲ្យ​ហូរឈាម​នៅត្រង់​កន្លែង​ចឹក ព្រោះ​ពស់​ខ្លះ​វា ការ​ចឹក​នោះ​ហូរឈាម​។ តែ​ប្រជាជន​យើង​គាត់​មិនសូវ​ដឹង​ទេ គាត់​ច្រើនតែ​ចង ពស់​ចឹក​កជើង​គាត់​ច្រើន​យក​ខ្សែក្រវាត់ ឬ​កន្សែង​មក​រឹត​ភ្លៅ ឬ​កំភួនជើង​។ តាម​ការគិត​របស់ខ្ញុំ​គឺថា ការចង​ស្លាក់​បែបនេះ គឺ​កុំ​ឲ្យ​ពិស​វា​ឡើង​លឿន​មក​តាម​ឈាម ប៉ុន្តែ​ការជួយ​សង្គ្រោះ​បែប​នោះ វា​ខុស​ខាង​ផ្នែក​វិទ្យាសាស្ត្រ​គេ​មិន​ឲ្យ​ចង​ទេ ព្រោះ​កាលណា​ចងវា​ស្លាក់​ឈាម​បើកាលណា​ចង​រហូតដល់​លើស ៣០​នាទី ធ្វើ​ឲ្យ​អុកស៊ីហ្សែន មិន​អាចមក​ចិញ្ចឹម​កោសិកា​ផ្នែក​ខាងក្រោម​ការចង​នោះ​ធ្វើ​ឲ្យ​ខូច អាច​គ្រោះថ្នាក់​ដល់​កាត់​ជើង​»​។​

​ទន្ទឹមនឹង​គ្នា​នេះ លោក​ក៏​មិន​ហ៊ាន​បដិសេធថា គ្រូខ្មែរ​មិនអាច​ជួយសង្គ្រោះ​ជីវិត​អ្នក​ត្រូវ​ពស់​ចឹក​បាន​នោះទេ ប៉ុន្តែ​លោក​សង្កេតឃើញថា ពេលខ្លះ​បើ​អ្នកជំងឺ​រវល់ ឬ​ជាប់​ព្យាបាល​ជាមួយ​គ្រូខ្មែរ ដោយ​ប្រើ​ថ្នាំបុរាណ​នោះ ភាគច្រើន​តែង​ហួសពេល​ជួយសង្គ្រោះ ដោយសារ​មុខរបួស​ក៏​ឡើង​ហើម​ខ្លាំង និង​មាន​ពងបែក មាន​ហូរឈាម ឬ​រលួយ​សាច់​ក៏មាន ក្រៅពីនោះ​ពិស​អាច​ជ្រាប​សព្វ​អស់​ទៅហើយ​ក្រៅ​អំពី​ការចង​ស្លាក់​៖ «​យើង​ធ្លាប់​ឃើញ​គាត់​ស្ដោះ ព្រោះ​ហើយ​គាត់​បិទ អ្នកខ្លះ​គាត់​យក​អាចម៍ក្របី​មក​បិទ រុំ​អ៊ីចឹង​ធ្វើ​ឲ្យ​វា​ស្លោក​ពងបែក​នៅលើ​ស្បែក​វា​បង្ក​កាន់តែ​ក្លាយ​»​។​

​ទាក់ទង​នឹង​ការព្យាបាល​ពស់​ចឹក​បែប​បុរាណ លោក ជ័យ ស៊ួ​ន វ័យ ៨១​ឆ្នាំ ជា​ចាស់ទុំ​មួយរូប​រស់នៅ​ភូមិ​ត្រពាំង​ក្រាញ់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្លែងថា លោក​ធ្លាប់​ព្យាបាល​អ្នកភូមិ​ដែលមាន​ពស់​ចឹក​មិនតិចជាង ១០០​នាក់​នោះទេ ការព្យាបាល​នៅ​ដៃ​លោក​មិន​ងាយ​នឹង​របូត​ឡើយ​។ លោក​ថា លោក​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំបុរាណ​ឫស​ឈើ ដើមឈើ និង​វល្លិ​នៅក្នុង​ព្រៃ ដោយ​បិត​ផង និង​ត្រាំ​ទឹក​ផង និង​ការព្យាបាល​ដោយ​ប្រើ​មន្តអាគម​ផ្សំ​ផង​។ ប៉ុន្តែ​បច្ចុប្បន្ន លោក​រាង​ធូរ​បន្តិច​ដោយសារ​មាន​មន្ទីរពេទ្យ​ច្រើន ដូច្នេះ​អ្នកភូមិ​គាត់​យកទៅ​មន្ទីរពេទ្យ​ព្យាបាល​តែម្ដង​៖ «​គេ​មិន​ព្រមទៅ​គេ​ខ្លាច​អស់​លុយ​ច្រើន​ទៅ បង្ខំ​អង្វរ​ខ្ញុំ​ទៅ​ក៏​ខ្ញុំ​ចេះតែ​ទទួល​ទៅ តែ​បាន​ឥឡូវ​គេ អត់​ត្រូវការ​ខ្ញុំ​អរ​ទៅហើយ ព្រោះ​ខ្លួន​ចាស់​ផង​។ ពី​ដើម​អត់​មាន​ពេទ្យ​មានអី​ក្រ​មនុស្ស​ចេះដឹង​បាន អង្វរ​ប្រកែក​យ៉ាងម៉េច​ក៏​មិន​ឈ្នះ​គេ​ដែរ គេ​សុខចិត្ត​ទុក​នៅ​ហ្នឹង សុខចិត្ត​ថា ស្លាប់​ក៏​ស្លាប់​លើ​ដៃ​តា ឬក៏​ស្លាប់​លើ​ដៃ​បង​អ៊ីចឹងទៅ​ចុះ​ពី​ដើម​ក្រ​ពេទ្យ បាន​កប​អ៊ីចឹងទៅ​»​។​

​ដើម្បី​បង្ការ និង​បញ្ចៀស​ពស់​ចឹក លោក​វេជ្ជបណ្ឌិត​បានផ្ដល់​ឱវាទ​ជាពិសេស​ដល់​ប្រជាពលរដ្ឋ​ដែល​ដើររក​ម្ហូបអាហារ​នៅពេល​យប់ និង​ពេល​មាន​ភ្លៀង​ធ្លាក់ ដូចជា​ដើរ​ឆ្លុះ​កង្កែប បរបាញ់​សត្វ ជាដើម ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពាក់​ស្បែកជើង​កវែង​។ ចំណែក​នៅ​រដូវ​ច្រូតកាត់ រដូវ​ទឹកជំនន់ ក៏​ជា​ពេលវេលា​មួយ​គួរ​ប្រុងប្រយ័ត្ន​ខ្ពស់​ដែរ​។​

​លោក​វេជ្ជបណ្ឌិត​បាន​តំណាល​ថា ពាក្យចាស់​ទុំ​នៅ​តំបន់​គាត់​តែង​ពោលថា ពស់វែកដំបូក ចឹក​រត់​បាន​ពីរ​បី​ស្រែ ពស់វែកស្រងែ រត់​រួច​ពីរ​បី​ព្យាម ឯ​ពស់វែករនាម ចឹក​ភ្លាម​ស្លាប់បាត់​៕

សុខភាព/បុរស/ស្ត្រី