• Flexa

ក្រុមហ៊ុន ម្សៅ​ទឹកដោះគោ​កូនក្មេង​ជាង​១២ លាន​ប្រអប់​របស់​ប្រទេស​បារាំង​ត្រូវបាន​ប្រមូល​មកវិញ​នៅតាម​បណ្ដា​ប្រទេស​ចំនួន ៨៣ ក្នុង​រឿងអាស្រូវ​បាក់តេរី​ឈ្មោះ​សាល់​ម៉ូ​ណេ​ឡា ​តើ​បាក់តេរី សាល់​ម៉ូ​ណេ​ឡា​ជា​អ្វី ?

1 ខែ កន្លងទៅ ដានីន

​កាលពីពេល​កន្លងទៅនេះ ម្សៅ​ទឹកដោះគោ​កូនក្មេង​ជាង​១២ លាន​ប្រអប់​ត្រូវបាន​ប្រមូល​មកវិញ​នៅតាម​បណ្ដា​ប្រទេស​ចំនួន ៨៣ ក្នុង​រឿងអាស្រូវ​បាក់តេរី​ឈ្មោះ Salmonella ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​បារាំង Lactalis​។​

​លោក អេ​ម៉ា​នូ​អែល បេ​ស្នៀ (Emmanuel Besnier) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ទឹកដោះគោ​នេះ​បាន​ចេញមក​បញ្ជាក់​អំពី​វិសាលភាព​ហានិភ័យ​នៃ​ការ​ចម្លងរោគ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​។​ផលិតផល​ទាំងនោះ​ត្រូវបាន​ប្រមូល​មកវិញ ចាប់តាំងពី​ខែធ្នូ បន្ទាប់ពី​បាក់តេរី Salmonella ត្រូវបាន​រកឃើញ​នៅ​រោងចក្រ​មួយ​។​​បណ្តឹងទាមទារ​សំណង​ត្រូវបាន​ធ្វើឡើង​ដោយ​ឪពុកម្តាយ​ជាច្រើន ដែល​និយាយថា កូនៗ​របស់​ពួកគេ​មិន​ស្រួលខ្លួន បន្ទាប់ពី​បៅ​ទឹកដោះគោ​របស់​ក្រុមហ៊ុន Lactalis​។​

​តាំងពី​ថ្ងៃ​ផ្ទុះ​រឿងអាស្រូវ​ម្សៅ​ទឹកដោះគោ​សម្រាប់​កូនង៉ែត​មាន​ផ្ទុក​បាក់តេរី Salmonelle របស់​មហា​ក្រុមហ៊ុន​បារាំង Lactalis មក នេះ​ជា​លើកដំបូង​បង្អស់​ដែល​អគ្គនាយក​ក្រុមហ៊ុន​លោក Emmanuel Besnier បាន​បញ្ចេញ​ប្រតិកម្ម​។ នៅក្នុង​កិច្ចសន្ទនា​ជាមួយ​កាសែត​ថ្ងៃអាទិត្យ​ចេញផ្សាយ​ថ្ងៃទី​១៤ មករា​នេះ លោក Emmanuel Besnier ដែលជា​មហាសេដ្ឋី​បារាំង​លំដាប់​ទី​១១ និង​ជា​អ្នកជំនួញ​លាក់​មុខ មិនសូវ​និយាយស្តី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​យល់​ពី​វិបត្តិ​មួយ​នេះដែ​លអាច​ជះ​ផល​វិ​បាល​ដល់​អតិថិជន ពិសេស​កូនង៉ែត​ដែលមាន​អាយុ​ក្រោម ៦​ខែ​។ « សម្រាប់​យើង សម្រាប់​ខ្ញុំ គឺជា​ក្តីបារម្ភ​ធំធេង​ណាស់ » នេះ​ជាការ​បញ្ជាក់​របស់លោក Besnier​។​

​ទន្ទឹមគ្នានេះ លោក Besnier ក៏បាន​បញ្ជាក់​ពី​ការបញ្ជា​ឲ្យ​ប្រមូល​ម្សៅ​ទឹកដោះគោ​ទាំងអស់​ដែល​ផលិត​នៅ​រោងចក្រ Craon និង​ដែល​សរុប​ទាំងអស់​មាន ១២​លាន​កំប៉ុង និង​មាន​ជាប់​ពាក់ព័ន្ធ​ដល់​ទៅ ៨៣​ប្រទេស​ក្នុង​លោក​។ អន្តរាគមន៍​ជា​សាធារណៈ​របស់លោក Besnier ថ្ងៃនេះ​បានធ្វើ​ឡើង បន្ទាប់ពី​លោក​បាន​ជួប​សន្ទនា​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បារាំង Bruno Le Maire កាលពី​ថ្ងៃ​សុក្រ ទី​១២ មករា​។ នៅក្នុង​ប្រទេស​បារាំង និង​តាម​តួលេខ​ផ្លូវ​ការគិត​ត្រឹម​ថ្ងៃទី​៩ មករា មានកូន​ក្មេង​ចំនួន ៣២​នាក់​បាន​បាន​រង​ផលប៉ះពាល់​ដោយ​បាក់តេរី Salmonelle បន្ទាប់ពី​កូនក្មេង​ទាំង​នោះបាន​ផឹកទឹក​គោ ឬ​ញាំ​ផ​លិ​ផល​ធ្វើ​ពី​ទឹកដោះគោ​របស់​ក្រុមហ៊ុន Lactalis​។​

​តើ​បាក់តេរី សាល់​ម៉ូ​ណេ​ឡា​ជា​អ្វី ?

​រកឃើញ​ដោយ​បសុសត្វ​ជាតិ​អាមេរិក​លោក Daniel Elmer Salmon សាល់​ម៉ូ​ណែ​ល ឬ​សាល់​មូ​ណេ​ឡា ជា​បាក់តេរី​បង្ក​ដែល​រស់នៅក្នុង​ពោះវៀន​សត្វ និង​ចម្លង​មក​មនុស្ស តាម​ចំណីអាហារ​មិន​ស្អាត​។

​បើតាម​វិទ្យាស្ថាន​ប៉ាស្ទ័រ បាក់តេរី​នេះ​មាននៅ​ក្នុង​ផលិតផល​ចំណីអាហារ​ច្រើន​ប្រភេទ​ណាស់ ដូចជា អាហារ​ឆៅ អាហារ​មិនសូវ​ឆ្អិន ឬ​អាហារ​ឆ្អិន​ល្អ​ហើយ​តែ​បង្កបង្កើត​ឆ្លង​បាក់តេរី​តាម​ក្រោយ ជាពិសេស​ពពួក​អាហារ​សាច់ និង​ពិសេស​ជាងគេ​គឺ​សាច់មាន់​សាច់​ទា​សាច់​បក្សី ស៊ុត និង​ផលិតផល​ទឹកដោះគោ​។ វា​ជាការ​កម្រ​បំផុត ដែល​មេរោគ សាល់​ម៉ូ​ណេ​ឡា ធ្វើការ​ចម្លង ពី​សត្វ​មក​មនុស្ស តាមរយៈ​ការប៉ះពាល់​ដោយផ្ទាល់​។​

​ចូល​មកដល់​ខ្លួន​មនុស្ស បាក់តេរី​នេះ​អាច​បង្ក ជំងឺ​សាល់​ម៉ូ​ណេ​ឡូ​ស ពីរ​ប្រភេទ​ធំៗ​គឺ ជំងឺ​រលាក​ពោះវៀន និង​ជំងឺ​គ្រុនពោះវៀន​។​​រលាក​ពោះវៀន​ជាទូទៅ ជា​ជំងឺ​ស្រាល​ទេ ប៉ុន្តែ​វា​អាចជា​ការបង្ក​រោគ​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស​ទន់ខ្សោយ ដូចជា ទារក កុមារ មនុស្ស​ចាស់ជរា និង​អ្នកមាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ និង​ឆាប់​ស្តែង​ឱ្យ​សញ្ញា​ដឹង​ណាស់​។ នៅពេល​បាក់តេរី​សាល់​ម៉ូ​ណេ​ឡា ចម្លង​ចូលដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​សំងំ​តែ​ប្រមាណ​ពី ១២ ទៅ​៧២​ម៉ោង តែប៉ុណ្ណោះ​។​

​រោគសញ្ញា​សម្គាល់ ជំងឺ​រលាក​ពោះវៀន ៖ រាគ ចុកពោះ ក្អួត ចង្អោរ ក្តៅខ្លួន​ខ្លាំង​និង​មួយ​រំពេច ឡើងដល់ ៣៨-៤០​អង្សារ​ភ្លាម​។ លាមក រាវ មួល លឿង មាន​សណ្ឋាន​ដូច​ខ្ទុះ ឬ​ឈាម​ផង​។ ហានិភ័យ​ខ្សោះ​ជាតិ​ទឹក​ឡើង​ខ្ពស់​ណាស់ ចំពោះ​ទារក​និង​កុមារ ព្រមទាំង​មនុស្ស​ចាស់ជរា​។ ជួនកាល​អ្នកជំងឺ​មានការ​ឈឺក្បាល​យ៉ាងខ្លាំង​ទៀត​។ សំណាងល្អ អ្នកជំងឺ​ភាគច្រើន​នឹង​បាន​ធូរស្បើយ​នៅ​រវាង​ពី​បី​ទៅ​៧​ថ្ងៃ​។

​ប៉ុន្តែ​ករណីខ្លះ សាល់​ម៉ូ​ណេ​ឡា អាច​ឆ្លង​ដល់​ឈាម និង​រាលដាល​ទៅ​បង្ក​រោគ នៅ​សរីរាង្គ​ផ្សេង ក្រៅ​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា​បង្ក​ការ​រលាក​ដល់​ស្រោមខួរ​ក្បាល (​កើតមាន​ជាពិសេស​ចំពោះ​ទារក និង​ក្មេង​) រលាក​ឆ្អឹង សន្លាក់ បេះដូង តម្រងនោម ជាដើម ។​ល​។​

​ជំងឺ​គ្រុនពោះវៀន ៖ សាល់​មូ​ណេ​ឡា ក៏​អាច​សំងំ​យូរ នៅក្នុង​ខ្លួន​មនុស្ស រាប់​អាទិត្យ និង​ដល់​មួយខែ មុននឹង​បញ្ចេញ​សកម្មភាព​។ ក្នុង​ទម្រង់​នេះ សាល់​មូ​ណេ​ឡា អាច​បង្ក​ជា​ជំងឺ ធ្ងន់​គួរសម និង​ធ្ងន់​កាច​ខ្លាំង ដែល​កើតមាន​ច្រើន​នៅ​កម្ពុជា គឺ​ជំងឺ គ្រុនពោះវៀន​។ ក្តៅខ្លួន​ងំ​យូរថ្ងៃ ឡើងដល់ ៣៩-៤០​អង្សារ ឈឺក្បាល ឈឺពោះ លែង​ចង់​ទទួលទាន​អាហារ ទល់​ឬ​រាគ​... បើ​មេរោគ​មិន​កាច ជំងឺ​គ្រុនពោះវៀន នឹងត្រូវ​ធូរស្បើយ ទៅវិញ​បន្តិច​ម្តងៗ និង​ជា​ដាច់​បាន បន្ទាប់ពី​បាន​សម្រាក​ងើប​ពី​ការឈឺ​ខ្លាំង​អស់​ជាច្រើន​សប្តាហ៍ ។ តែ​បើជា​សំណាងអាក្រក់ សាល់​ម៉ូ​ណេ​ឡា អាច​បង្ក​ផលវិបាក​ទៅលើ​សរីរាង្គ​ផ្សេងៗ ដូចជា តម្រងនោម ថង់​ប្រ​ម៉ាត់​។ បើ​គ្មាន​ការព្យាបាល ឬ​ព្យាបាល​មិន​ត្រឹមត្រូវ អ្នកជំងឺ​អាច​លាប់ និង​១០​ភាគរយ អាច​បាត់​បង់ជីវិត​។

​សាល់​ម៉ូ​ណេ​ឡា ជា​បាក់តេរី គួរឱ្យខ្លាច អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង ! គ្រប់​អ្នកវិទ្យាសាស្ត្រ សុខាភិបាល ព្រមទាំង​ឱស្សាហ​កម្ម​ចំណីអាហារ ប្រុងប្រយ័ត្ន និង​ធ្វើការ​ត្រួតពិនិត្យ​ខ្លាំងណាស់ ប៉ុន្តែ​ក្នុង​រឿងអាស្រូវ​ទឹកដោះគោ​របស់​ក្រុមហ៊ុន​ឡាក់​តា​លី មាន​បាក់តេរី​សាល់​ម៉ូ​ណេ​ឡា ក្រុមហ៊ុន​បាន​ទទួលស្គាល់ថា​ទំនងជា​មានការ​ចម្លង​មេរោគ នៅពេល​ស​ម្ងួ​ត​ទឹកដោះគោ​ឱ្យ​ក្លាយជា​ម្សៅ​។ សម្រាប់​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុងប៉ារីស​វិញ លោក​យល់ថា​មាន​សម្មតិកម្ម​ច្រើន ៖ សាល់​ម៉ូ​ណេ​ឡា​អាច​រក្សា​វត្តមាន​ក្នុង​ម្សៅ​ទឹកដោះគោ​បាន​ដោយសារ​មាន​កន្លុកកន្លៀត​ណាមួយ​ផ្នែក​កម្ចាត់​មេរោគ​មិន​អស់ ឬ នៅពេល​បន្ថែម​វីតាមីន​អ្វីមួយ​លើ ម្សៅ​ទឹកដោះគោ​ជា​ផលិតផល​បង្ហើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​វិទ្យុ​បាំ​រាំង​កាល​ពេល​កន្លង​ទៅបាន​ឲ្យ​ដឹងថា ?

​វិធី​ការពារ​និង​ព្យាបាល​

​សាល់​មូ​ណេ​ឡា ជា​បាក់តេរី​ដែល​ធន់​ខ្លាំង​នឹង​សីតុណ្ហភាព​ត្រជាក់ ! សូម្បីតែ​ត្រជាក់​ដល់​កក ក្រោម​សូន្យ​ក៏ដោយ ក៏​សាល់​ម៉ូ​ណេ​ឡា មិន​ងាប់​ដែរ ! តែ​វា​ខ្លាច​កម្តៅ និង​ងាប់​នៅពេល​ត្រូវ​ភ្លើង​ចម្អិន​។ ដូច្នេះ មធ្យោបាយ​ការពារ​ដ៏​ប្រសើរ​ជាងគេ និង​ដំបូង​គេ​បំផុត​នោះ គឺ​ការ​ចម្អិនម្ហូប​ឱ្យបាន​ត្រឹមត្រូវ និង​ឆ្អិន​ល្អ​។ ចំពោះ​ទឹកដោះគោ​ទារក និង​ក្នុងករណី​សង្ស័យថា​ទឹកដោះគោ​ពុល មាន​បាក់តេរី​សាល់​ម៉ូ​ណេ​ឡា​នេះ បើ​អ្នក​មិនអាច ឬ​គ្មាន​លទ្ធភាព​រក​ម្សៅ​ទឹកដោះគោ​ថ្មី​មក​ជំនួស​ទេ និង​ក្នុងពេល​រង់ចាំ​រក​ដំណោះស្រាយ សូម​ដាំ​ទឹកដោះគោ​នេះ​ឱ្យ​ពុះ​ពីរ​នាទី រួច​ទុកឱ្យ​ត្រជាក់​មុន​សឹម​ឱ្យ​កូនបៅ​។ ភ្នាក់ងារ​សុខភាព​កុមារ​បារាំង បានផ្តល់​អនុសាសន៍​ប​ន្ថែ​ម មិនឱ្យ​ឆុង​ទឹកដោះគោ​ទុក​យូរ និង​ត្រូវ​លាង​ដប​ភ្លាម ក្រោយ​កូនបៅ​រួច​។​

​ជា​អនុសាសន៍​ទូទៅ ដោយ​មិន​រាប់​ពី​ករណី​ម្សៅ​ទឹកដោះគោ​ពុល សូម​លាងដៃ​មុន​និង​ក្រោយ​ការប៉ះពាល់​សាច់ ពេលធ្វើ​ម្ហូប​។ ចេះ​ប្រើ​ទូរ​ទឹកកក និង​ការ​ក្លាសេ​អាហារ ដោយ​ទុកដាក់​សាច់​ឆៅ ដាច់ដោយឡែក​ពី​ម្ហូប​ឆ្អិន​។ សាច់​ត្រូវ​ចម្អិន ក្នុង​កម្តៅ​៦៥​អង្សារ​យ៉ាងតិច និង​ក្នុង​រយៈពេល​យ៉ាងហោច​៥​ទៅ​៦​នាទី​។ ចំពោះ​សាច់​ចិ​ញ្ចាំ​កក steak hache ពេល​ដក​យកមក​ចម្អិន​វិញ គួរតែ​ធ្វើ​ទាំង​នៅ​កក ព្រោះ​ការទុកឱ្យ​រលាយ ងាយ​នឹង​ធ្វើឱ្យ​បាក់តេរី​ពង្រីក​ខ្លួន ព្រោះ​ភាព​ត្រជាក់ បាន​ត្រឹម​ទប់​មិនឱ្យ​បាក់តេរី​រីក​រាលដាល តែ​មិនបាន​សម្លាប់​វា​ឡើយ​។​

​ចំណែក​ស៊ុតមាន់​ទា​វិញ សូម​រក្សាទុក​ក្នុង​សីតុណ្ហភាព​ថេរ បើ​ទិញ​មក​ត្រជាក់ ត្រូវ​រក្សាទុក​នៅ​កន្លែង​ត្រជាក់ និង​លាង​ទឹក​មុនពេល​ចម្អិន​តែប៉ុណ្ណោះ​។ លាង​ទឹក​ដោយ​ទុក​នឹង​ធ្វើឱ្យ​សំបក​បាត់បង់​ជាតិ​ការពារ​ជា​ធម្មជាតិ​របស់​វា​។​

​ទាក់ទង​នឹង​ការព្យាបាល​អាកា​រៈរ​លាក​ពោះវៀន ឬ​ពុល​អាហារ មនុស្ស​ធំ​ពេញវ័យ មាន​សុខ​ភាពល្អ​ធម្មតា នឹង​ត្រូវបាន​ធូរស្បើយ ជា​ស្រលះ​ពី​សាល់​ម៉ូ​ណេ​ឡា នៅ​រវាង​តែ​បី​បួន​ថ្ងៃ​។ ប៉ុន្តែ​សម្រាប់​ទារក ដែលមាន​ប្រព័ន្ធ​ការពារ​ខ្លួន​នៅ​ខ្សោយ ហានិភ័យ​ជួប​គ្រោះ​ខ្សោះ​ទឹក​ពី​ខ្លួន​មាន​ខ្ពស់​។ ជំងឺ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ដល់​សុខភាព ជាទូទៅ ដែល​ត្រូវ​រូតរះ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​បានទទួល​ថ្នាំ​ផ្សះ antibiotique ជា​ចាំបាច់​។​

​គួរ​បញ្ជាក់ដែរថា ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ទឹក ដោះ​គោ​របស់​ក្រុមហ៊ុន Lactalis ក៏​កំពុង មាន​វត្តមាន​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ផងដែរ​ដែល​ផលិតផល​នេះ​ត្រូវបាន​នាំ ចូលមក​កម្ពុជា​ដោយ​ក្រុម​មួយ​ដូចនេះ​ក្រសួង​តម្រូវឱ្យ​ក្រុមហ៊ុន​ទាំង​២​សហការ​ជាមួយ​ក្រសួង និង​អាជ្ញាធរ​ពាក់​ព​ន្ធ័​ដើម្បី​ប្រមូល​ត្រឡប់​ពី​ទីផ្សារ​មកវិញ​ប្រភេទ​ផលិតផល​ទឹកដោះគោ​ម្សៅ​ទាំងនេះ​ឱ្យបាន​អស់ពី​ទីផ្សារ ជា ពិសេស​មាតាបិតា​គ្រប់រូប​ដែល​កំពុង​ប្រើប្រាស់​ទឹក​ដោ​គោ​ប្រភេទ​នេះ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ។​

​ក្រសួងសុខាភិបាល​បានបញ្ជាក់​ទៀត ថា ការប្រមូល​ចូល​វិញ​ផលិត​ទឹកដោះគោ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lactalis របស់​បារាំង​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា​នេះ​បន្ទាប់ពី​ការរក​ឃើញថា មាន​ផ្ទុកមេរោគ ពពួក​សាល​ម៉ូ​ណែ​ល​ឡា (Salmonella) ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់ ជាពិសេស​ទារក កុមារ តូចៗ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ ដោះ​កូន​។ ដូច្នេះ​ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ប្រទះឃើញ​ទឹកដោះគោ​ប្រភេទ​ខាងលើ​ត្រូវបាន​ប្រើប្រាស់ លក់​ចែកចាយ ឬក៏​ឃើញ​ទារក​កុមារ​តូចៗ​ដែលមាន​ជំងឺ​ដោយសារ​ទឹកដោះគោ​ទាំងនេះ​សូម​ផ្តល់ ព័ត៌មាន​មក​នាយកដ្ឋាន​ឱសថ​ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​នៃ​ក្រសួង សុខាភិបាល​តាមរយៈ​លេខ​ទូរស័ព្ទ 085 538 066, 077 804 966 ,012 204 965 និង 061 223 326 ។​

សុខភាព/បុរស/ស្ត្រី