• Giloba

ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ប្រុងប្រយ័ត្ន​ជំងឺផ្ដាសាយបក្សី មុនពេល​ចូលឆ្នាំ​ចិន

4 ខែ កន្លងទៅ សម្បត្តិ

​​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការបរិភោគ​អាហារ ជាពិសេស កុំ​បរិភោគ និង​លក់​សាច់​បក្សី​ឈឺ ឬ​ងាប់ ដើម្បី​ការពារ​ការឆ្លង​នូវ​ជំងឺផ្ដាសាយបក្សី អេ​ច្ឆ​.​ហ្វា​យ​.​អ៊ិន​.​វ័ន (H5N1)​។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​ជំនួយ​គ្លីនិក​ចល័ត នា​ទីស្ដីការ​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បន្ថែមថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ខាងមុខនេះ គឺ​នឹងមាន​តម្រូវការ​សាច់​ច្រើន ដូចនេះ​សូម​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​។ លោក​ណែនាំ​ថា ពេល​មាន​មាន់ ទា ងាប់ ត្រូវ​កប់​ចោល កុំ​យកទៅ​បរិភោគ ឬ​លក់ ហើយ​បើ​ឃើញ​ងាប់​ច្រើន ត្រូវ​មក​ប្រាប់​ពេទ្យសត្វ​ដើម្បី​ជួយ​បង្ការ​កុំ​ឲ្យ​សត្វ​ឆ្លង​មក​សត្វ​បន្ថែមទៀត និង​មនុស្ស​មក​មនុស្ស ពិសេស​កុំ​ឲ្យ​ក្មេងៗ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ហើយ​ត្រូវមាន​អនាម័យ​។ ដោយឡែក​បើ​ឃើញ​មាន​រោគសញ្ញា​អ្វី​ប្លែក​ប្រញាប់​មក​មន្ទីរពេទ្យ​ភ្លាមៗ​។​

​រោគសញ្ញា​ជំងឺ​នេះ​មានដូចជា គ្រុនក្ដៅ​លើសពី ៣៨,៥ អង្សា​សេ និង​មាន​រោគសញ្ញា​ក្អក ឬ​ឈឺ​ក ឬ​ដកដង្ហើម​ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុងអំឡុងពេល ៧​ថ្ងៃមុន​ចេញ​រោគសញ្ញា​។​

​ថ្មីៗ​នេះដែរ​ក្រសួងកសិកម្ម​វៀតណាម បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​រាលដាល​នៃ​ជំងឺផ្ដាសាយបក្សី ក៏ដូចជា​ការបង្ការ​ទុកជាមុន​កុំ​ឲ្យ​សត្វ​បក្សី​កើតមាន​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​ការប្រកាស​របស់​វៀត​ណា​ម ធ្វើឡើង​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺផ្ដាសាយបក្សី​នៅក្នុង​ប្រទេស​ចិន ដែលជា​ប្រទេស​ក្បែរ​ខាង​។ មួយវិញទៀត នេះ​ក៏​ព្រោះតែ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​វៀតណាម​-​ចិន ខិតជិត​មកដល់ (១៦-១៨ កុម្ភៈ​) ដែល​នឹងធ្វើ​ឲ្យ​តម្រូវការ​មាន់​ទា​មានការ​កើនឡើង​ខ្ពស់​ខុសធម្មតា​។​

​បើតាម​ការប្រកាស តំបន់ភ្នំ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​គឺ​ងាយ​រងគ្រោះ​ជាងគេ ព្រោះ​វា​មាន​លក្ខណៈ​អាកាសធាតុ​ត្រជាក់ និង​នៅ​ជិត​ប្រទេស​ចិន ដែល​កំពុង​កើតមាន​ជំងឺផ្ដាសាយបក្សី​ប្រភេទ​កាច​សាហាវ H7N9​។ ករណី​ឆ្លង​ពី​សត្វ​បក្សី​ដល់​មនុស្ស​នៅ​ចិន កើតមាន​កាលពី​ថ្ងៃទី​១២​មករា ហើយ​គិត​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅ ចំនួន​មនុស្ស​ឆ្លង​ជំងឺផ្ដាសាយបក្សី​មាន​ចំនួន ១៦២៤​នាក់ ក្នុងនោះ​ស្លាប់ ៦២១​នាក់​។ ខេត្ត​មួយចំនួន​របស់​ចិន បាន​បិទ​ការជួញដូរ​សត្វ​បក្សី​ជា​បណ្ដោះអាសន្ន ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...