• Default ខាងលើក្រោមមេនុយ

ពន្លឺ​ថ្ងៃ​ជួយផ្តល់​សមត្ថភាព​ផ្តល់កំណើត​និង​កាត់បន្ថយ​មហារីក​ដោះ

6 ខែ កន្លងទៅ ណូ​រ៉ា

ការរកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Medical University of Graz របស់​ប្រទេស​អូទ្រីស​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ European Journal of Endocrinology បាន​បង្ហាញថា គូ​ស្វាមីភរិយា​ដែល​ចង់​បានកូន​គួរតែ​សម្រាកលំហែរ​កាយ​ក្រោម​ពន្លឺ​ថ្ងៃ​ឱ្យ​ច្រើន ។​

ការសិក្សា​ពិសោធ​លើ​មនុស្ស​ប្រមាណ​ជា​២៣០០​នាក់​រកឃើញថា ពន្លឺ​ថ្ងៃ​ជួយ​ជំរុញ​សមត្ថភាព​ផ្តល់កំណើត​ទាំង​បុរស​និង​ស្ត្រី​តាមរយៈ​ការបង្កើន​កម្រិត​វីតាមីន​ D ។​

តាម​ក្រុម​អ្នកស្រាវជ្រាវ វីតាមីន D ដែល​គេ​ស្គាល់​ថា​ជា​វីតាមីន​កើត​ដោយ​ពន្លឺ​ថ្ងៃ​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ជួយ​ធ្វើឱ្យមាន​តុល្យភាព​អ័រម៉ូន​ភេទ​របស់​មនុស្ស​ស្រី និង​ធ្វើឱ្យ​ល្អប្រសើរ​ទាំង​គុណភាព​និង​បរិមាណ​ទឹកកាម​របស់​បុរស ។​

របកគំហើញ​វេជ្ជសាស្ត្រ​នៅពេលនេះ​មានន័យថា គូ​ស្វាមីភរិយា​មួយចំនួន​អាច​នឹងមិន​ចាំបាច់​ស្វែងរក​ការព្យាបាល​ជំងឺ​គ្មាន​កូន​នោះទេ ។ ជំនួស​មកវិញ ពួកគេ​អាច​ចំណាយពេល​នៅក្រោម​ពន្លឺ​ថ្ងៃជា​ការល្អ​ជាង ។ ចំពោះ​ស្ត្រី វីតាមីន D អាចជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ progesterone ដល់​១៣% ខណៈ​អ័រម៉ូន​ភេទ​oestrogen ដល់​២១% ។ បន្ថែម​ពីលើ​នេះ​ទៀត វា​ជួយ​ធ្វើឱ្យ​រៀបរយ​និង​ទៀងទាត់​នូវ​ដំណើរ​រដូវ​ក៏ដូចជា​ធ្វើឱ្យ​មានការ​ចាប់កំណើត ។​

​ចំពោះ​បុរស​វិញ វីតាមីន D បានមកពី​ពន្លឺ​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រកបដោយ​សុខភាព​នូវ​គ្រាប់ (Nucleus) ទឹកកាម​នីមួយៗ ។ លើសពីនេះ​ទៀត​វា​ក៏​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ​ឈ្មោល testosterone, ធ្វើឱ្យ​ល្អប្រសើរ​កាម​តម្រេក​របស់​បុរស​ផងដែរ ។​

បើ​ទោះ​ណា​វីតាមីន D អាច​ទទួលបាន​តាមរ​យៈ​ការទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់ ស៊ុត និង​ថ្លើម​សត្វ​ក៏ដោយ តែមាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ​។ ប្រមាណ​ជា​៨០​ភាគរយ​នៃ​វីតាមីន D ដែល​រាងកាយ​មាន​គឺ​បានមកពី​ពន្លឺ​ថ្ងៃ​ដែល​ស្រូប​ដោយ​ស្បែក ។​

​លោក​ស្ត្រី​វេជ្ជបណ្ឌិត Elisabeth Lerchbaum សាស្ត្រាចារ្យ​ដឹកនាំ​ការស្រាវជ្រាវ​បាន​សង្កត់ធ្ងន់ថា បើទោះជា​ថា ពន្លឺ​ថ្ងៃ​មាន​សមត្ថភាព​ជួយ​ធ្វើឱ្យ​ល្អប្រសើរ​នូវ​ការបង្ក​កំណើត  ប៉ុន្តែ​បណ្តា​គូ​ស្វាមីភរិយា​ទាំងឡាយ​មិនត្រូវ​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​ច្រើន​ម៉ោង​នោះដែរ ដ្បិត​វា​អាច​នឹង​ធ្វើឱ្យ​កើត​មហារីក​ស្បែក ។ លោកស្រី​បន្តថា​៖ «​គេ​អាច​ចំណាយពេល​សំដិល​ខ្លួន​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ឬក៏​លេប​វីតាមីន D មួយណា​ក៏បាន​ដែល​គេ​យល់ថា​មាន​សុវត្ថិភាព​និង​ចំណាយ​អស់ប្រាក់​តិច​» ។​

​ដោយឡែក តាម​ការស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​ប្រទេស​កាណាដា​បាន​បង្ហាញថា ស្ត្រី​ដែល​ចំណាយពេល​៣​ម៉ោង​ក្នុង​១​ថ្ងៃ​នៅក្រោម​ពន្លឺ​ថ្ងៃ​អាចជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺមហារីក​ដោះ​បាន​ដល់​ទៅ​៥០​ភាគរយ ។

ការធ្វើ​តេស្ត​នៅក្នុង​មន្ទីរពិសោធន៍​បង្ហាញថា បណ្តា​កោសិកា​ដោះ​មាន​សមត្ថភាព​បំ​លែង​វីតាមីន D ឱ្យទៅជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​អាច​ប្រឆាំង​ជំងឺមហារីក​បាន ។ ការប្រៀបធៀប​ជនរងគ្រោះ​ដោយ​ជំងឺមហារីក​ដោះ​៣១០១​នាក់​ជាមួយនឹង​បណ្តា​ស្ត្រី​ដែលមាន​សុខភាព​ល្អ​៣៤៧១​នាក់ បាន​បង្ហាញថា បណ្តា​ស្ត្រី​ដែល​បាន​ត្រូវ​កាំរស្មី​យូ​វីរ​បស់​ព្រះអាទិត្យ​យ៉ាងតិច​២១​ម៉ោង​ក្នុង​មួយ​សប្តាហ៍​កាល​វ័យ​ជំទង់ ប្រឈម​នឹង​ជំងឺមហារីក​ដោះ​តែ​២៩%​ប៉ុណ្ណោះ​ធៀប​ទៅនឹង​អ្នក​ដែល​ប៉ះ​ជាមួយ​ពន្លឺ​ថ្ងៃ​តិចជាង​១​ម៉ោង​ក្នុង​១​ថ្ងៃ ។ សម្រាប់​បណ្តា​ស្ត្រី​ដែល​បាន​ចំណាយពេល​ច្រើន​ត្រូវ​ពន្លឺ​ថ្ងៃ​ក្នុង​វ័យ​៤០​និង​៥០​ឆ្នាំ អត្រា​ប្រឈម​ធ្លាក់ចុះ​២៦% ។​

​ចំពោះ​បុរស​វិញ គេ​បាន​រកឃើញថា អ្នក​ដែល​ប៉ះ​ត្រូវ​ពន្លឺ​ថ្ងៃ​ញឹកញាប់​ប្រឈម​តិច​បំផុត​នឹង​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2