• Flexa

សង្វារ ជា​កង្វល់​ដ៏​ធំ​បំផុត​របស់​ស្ត្រីៗ​ក្រោយ​សម្រាល​បុត្រ​ហើយ តើ​មាន​វិធី​ណាខ្លះ​ដើម្បី​បំបាត់​សង្វារ ?

5 ខែ កន្លងទៅ ណូ​រ៉ា

​សង្វារ​គឺជា​ជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ស្រី ជាពិសេស​ក្រោយពី​មាន​ផ្ទៃពោះ​រួច​។ មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើអោយ​កើត​សង្វារ​ក្រោយពី​មាន​ផ្ទៃពោះ​រួច​ដូចជា ការ​បម្រែបម្រួល​អ័រម៉ូន​, ស្រក​ជាតិ​ខ្លាញ់​ក្នុង​ក្បាលពោះ​ក្រោយពី​សម្រាលកូន​រួច​, ស្បែក​លែងមាន​ភាពយឺត​ជាដើម​។ អ្នកនឹង​ឃើញ​ស្នាម​ឆ្នូតៗ​នៅ​ជុំវិញ​តំបន់​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា តំបន់​ក្រពះ​, តំបន់​ពោះ​ខាងក្រោម និង​ភ្លៅ​។​

​អ្វីដែល​អាចធ្វើ​បាន​គួរតែ​ធ្វើយ៉ាងណា​អោយ​ស្បែក​មាន​សំនើម ហើយ​កាលណា​អ្នក​ធ្វើអោយ​ស្បែក​កាន់​តែមាន​សំណើម និង​ទន់ វា​នឹង​មិនសូវមាន​សង្វារ​ទេ ដូច្នេះ​មាន​អ្វី​ទៀត​ទៅ​ដែល​ជួយ​បំបាត់​សង្វារ​ទៀត​? ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នក​គួរតែ​សាកល្បង​។

១. ទឹក​ដំឡូង​

​ទឹក​ដំឡូង​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​ជួយ​ជំរុញ​ការលូតលាស់​កោសិកា​ស្បែក​។ កាត់​ដំឡូង​ជា​បន្ទះ​ក្រាស់ៗ ហើយ​បន្ទាប់មក​យក​ដំឡូង​ទៅ​ដុស​លើ​ស្នាម​សង្វារ​ដោយ​កាយវិការ​ថ្នមៗ​រយៈពេល​ពីរ​បី​នាទី រហូត​ទឹក​ដែល​ចេញពី​ដំឡូង​បាន​ប៉ះ​នឹង​ស្នាម​សង្វារ​សព្វ​។ ទុក​វា​ឲ្យ​ស្ងួត​បន្តិច រួច​សឹម​លាងជម្រះ​ដោយ​ទឹក​ក្ដៅ​ឧណ្ហ៍ៗ​។​

២. ស្ករ​

​ស្ករស​ធម្មជាតិ គឺជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​កម្ចាត់​ស្នាម​សង្វារ​។ អ្នក​អាច​ប្រើ​ស្ករ​ដើម្បី ជម្រុះ​កោសិកា​ស្បែក​ងាប់​ចេញ​។ លាយ​ស្ករស​១​ស្លាបព្រា​បាយ ជាមួយ​ប្រេង​អាល់​ម៉ុង និង​បន្តក់​ទឹកក្រូច​ឆ្មារ​បន្តិច បន្ទាប់មក​លាយ​ឲ្យ​សព្វ​ល្អ ហើយ​លាប​វា​នៅលើ​ស្នាម​សង្វារ និង​តំបន់​ស្បែក​ផ្សេងទៀត​ថ្នមៗ យ៉ាងហោចណាស់​១០​នាទី​រៀងរាល់ថ្ងៃ​មុនពេល​ងូតទឹក​។ ធ្វើបែបនេះ​មួយខែ​នឹង​ឃើញ​ស្នាម​សង្វារ​របស់​អ្នក​ស្រាល​ជាង​មុន​។​

៣. ប្រទាល​កន្ទុយក្រពើ​

​ប្រទាល​កន្ទុយក្រពើ មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​បញ្ហា​ស្បែក​ជាច្រើន​។ វា​មាន​សារធាតុចិញ្ចឹម​សំខាន់​នានា និង​មាន​សមាសធាតុ​សកម្ម​ដែល​អាច​ប្រើ​ក្នុងការ​ព្យាបាល​ការ​រលាក​ស្រាលៗ និង​មាន​គុនសម្បត្តិ​មួយទៀត​ព្យាបាល​ស្នាម​សង្វារ​។ អ្នក​អាច​យក​ទឹក​របស់​ប្រទាល​នេះ​ទៅ​លាប​ផ្ទាល់​លើ​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុក​វា​ចោល​លើ​នោះ​ប៉ុន្មាន​នាទី បន្ទាប់មក​លាង​ដោយ​ទឹក​ក្ដៅ​ឧណ្ហ៍ៗ​។​

៤. ទឹក

​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នកមាន​ជាតិ​ទឹក អាចជួយ​ការពារ​ស្បែក​ពី​បញ្ហា​ជាច្រើន​ប្រភេទ​។ អ្វីដែល​សំខាន់បំផុត​នោះ​គឺ​ទឹក​អាច​បន្សាប​ជាតិពុល​ក្នុង​រាងកាយ ជួយ​កម្ចាត់​ភាព​ជ្រីវជ្រួញ​បាន​ច្រើន និង​អាច​កម្ចាត់​ស្នាម​សង្វារ​។ សូម​ព្យាយាម​ផឹក​ឲ្យ​បាន​ច្រើនដង​ក្នុងអំឡុងពេល​ថ្ងៃ​។ វា​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ទន់ និង​ជួយ​រក្សា​ស្បែក​មិន​ឲ្យ​មាន​ភាព​ជ្រីវជ្រួញ​។

៥. ទឹកក្រូច​ឆ្មារ​

​វិធី​ដ៏​សាមញ្ញ​មួយទៀត​ដើម្បី​កាត់បន្ថយ​ស្នាម​សង្វារ​គឺ​ត្រូវ​ប្រើ​ទឹកក្រូច​ឆ្មារ​។ ទឹកក្រូច​ឆ្មារ គឺជា​អាស៊ីដ​ធម្មជាតិ ដែល​អាច​ព្យាបាល​ឲ្យ​សះស្បើយ និង​កាត់បន្ថយ​ស្នាម​សង្វារ ស្នាម​មុន និង​ស្នាម​ផ្សេងទៀត​លើ​ស្បែក​។ យក​ទឹក​ក្រូចឆ្មារ​ស្រស់​ទៅ​លាប​លើ​ស្នាម​សង្វារ​ថ្នមៗ​ដោយ​ប្រើ​កាយវិការ​ជា​រាង​រង្វង់ ហើយ​ទុកចោល​១០​នាទី​ចាំ​លាង​វា​ចេញ​ដោយ​ប្រើ​ទឹក​ក្ដៅ ដើម្បី​ឲ្យ​ទឹកក្រូច​ឆ្មារ​ជ្រាបចូល​ទៅក្នុង​ស្បែក​។ ជម្រើស​មួយទៀត​គឺ​លាយ​ចូលគ្នា​រវាង​ទឹកក្រូច​ឆ្មារ និង​ទឹក​ត្រសក់​ហើយ​លាប​ល្បាយ​នោះ​នៅលើ​ស្នាម​សង្វារ​តែម្ដង​។​

៦. ប្រេង​អូ​លីវ​

​ប្រេង​អូ​លីវ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បញ្ហា​ស្បែក​ជាច្រើន រួមទាំង​ស្នាម​សង្វារ​។ យក​ប្រេង​អូ​លីវ​ក្ដៅ​តិចៗ​ទៅ​ដា​ក់លើ​ផ្ទៃ​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ រួច​ទុកចោល​រយៈពេល​កន្លះ​ម៉ោង ដើម្បី​ឲ្យ​វីតាមីន A, D និង E ដែលមាន​ក្នុង​ប្រេង ចូលទៅក្នុង​ស្បែក​។ វិធី​នេះ​គឺ​ល្អ​អាចធ្វើ​ឲ្យ ឈាម​រត់​ស្រួល និង​កាត់បន្ថយ​ស្នាម​សង្វារ​បាន​ក្នុង​កម្រិត​មួយ​ដ៏​អស្ចារ្យ​។ មួយវិញទៀត​អ្នក​ក៏​អាច​លាយ​ប្រេង​អូ​លីវ​ជាមួយ​ទឹកខ្មេះ និង​ទឹក រួច​ប្រើ​វា​ជា​ក្រែ​ម​លាប​ពេលយប់ ធ្វើបែបនេះ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម និង​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​។​

៧. ស៊ុត​ស​

​ស៊ុត​គឺជា​ប្រភព​ដ៏​សម្បូរបែប​របស់​ប្រូតេអ៊ីន​។ ចំពោះ​ស្នាម​សង្វារ ប្រើតែ​ស៊ុត​ផ្នែក​ស​ដែលមាន​ផ្ទុក​អាស៊ីដ​អា​មី​ណូ និង​ប្រូតេអ៊ីន​។ យក​ស៊ុត​ពីរ​គ្រប់​ជ្រើស​តែ​ផ្នែក​ស​កូរ​ឲ្យ​សព្វ បន្ទាប់មក​សម្អាត​ស្បែក​ដែលមាន​ស្នាម​សង្វារ​នោះ​ដោយ​ប្រើ​ទឹក រួច​យក​ជក់​ផាត់មុខ​ជ្រលក់​ស៊ុត​ដែល​កូរ​រួច​លាប​កន្លែង​នោះ ហើយ​ទុកចោល​រហូតដល់​ស្ងួត​ចាំ​លាង​ជាមួយ​ទឹក​ត្រជាក់​។ ចុងក្រោយ​លាបប្រេង​អូ​លីវ​លើ​ស្បែក​ដើម្បី​រក្សា​វា​ឲ្យ​មាន​ជាតិ​សំណើម​។​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​យ៉ាងហោចណាស់​ពីរ​សប្ដាហ៍​នឹង​ឃើញ​លទ្ធផល​វិជ្ជមាន​។​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី