• Flexa

លោក សុន ឆ័យ ហៅ លោក សុខ ទូច ថា​អ្នកប្រាជ្ញ​ខណៈ​លោក សុខ ទូច ហៅ​ការធ្វើ​បាតុកម្ម និង​ការស្លាប់​បណ្ឌិត កែម ឡី ជា​ជំហាន​បដិវត្តន៍​ព័ណ៌​ដែល​អាមេរិក​រៀបចំ​

2 ខែ កន្លងទៅ សម្បត្តិ

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅលើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភាកម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​។

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ចាត់ទុក​ការធ្វើ​បាតុកម្ម​ដែលមាន​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា កន្លងទៅ គឺជា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សហរដ្ឋអាមេរិក ហៅ​កាត់​ថា ស៊ី​.​អាយ​.​អេ (CIA)​។ លោក​បន្តថា ប្រធាន​បក្សប្រឆាំង លោក កឹម សុខា ជា​កូនអុក​របស់​សហរដ្ឋ​អាមេរិក​។​

បាតុកម្មហិង្សា​ដែល​លោក សុខ ទូច វាយតម្លៃថា​ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌ មានដូចជា​បាតុកម្ម​នៅ​ស្ទឹងមានជ័យ និង​បាតុកម្ម​នៅ​ស្ពាន​ក្បាលថ្នល់​កាលពី​ឆ្នាំ​២០១៣ ជាដើម​។ មិនតែប៉ុណ្ណោះ លោក សុខ ទូច ដែលមាន​ងារ​ជា​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ និង​ជា​ប្រធាន​អង្គភាព​ដឹកនាំ​បញ្ញវន្ត​មួយ​ស្ថិតក្រោម​ស្ថាប័ន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី បានធ្វើការ​សន្និដ្ឋាន​ផ្អែកលើ​វីដេអូ​ឃ្លី​ប​ដែល​រដ្ឋាភិបាល​ចោទប្រកាន់​លោក កឹម សុខា ថា​ក្បត់ជាតិ ហើយ​ថា​ព្រឹត្តិការណ៍​ស្លាប់​របស់លោក​បណ្ឌិត កែម ឡី ក៏​ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌​រៀបចំ​ដោយ ស៊ី​.​អាយ​.​អេ (CIA) ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ដែរ​៖ «​ខ្ញុំ​ស្ដាប់​អ្វីដែល​ឯកឧត្តម កឹម សុខា មានប្រសាសន៍​នៅ​អូស្ត្រាលី (Australia) អត់​ខុស​អំពី​បដិវត្តន៍​នៅ​អ៊ុយ​ក្រែ​ន (Ukraine) ហើយ​និង​បដិវត្តន៍​នៅ​យូ​ហ្គោ​ស្លា​វី (Yugoslavia) ដូចគ្នា​បេះបិទ គឺ​ការរៀបចំ​ដោយ សេ​.​អ៊ី​.​អា ... ស៊ី​.​អាយ​.​អេ (CIA) គឺ​រៀបចំ​ជា​យន្តការ​តែម្ដង ហើយ​តា​ក់ទិច​វ៉ៃ​ដូចគ្នា​បេះបិទ​។ ទី​១​ផ្លូវ​វ៉េងស្រេង ទី​២ ស្ពាន​ក្បាលថ្នល់ ឬក៏​ហៅ​ស្ពាន​ច្បារអំពៅ​។ ចុង​ក្រោយមក​ព្រឹត្តិការណ៍​គេ​ជេរ​ខ្ញុំ​ពេញ​ហ្វេ​ស​ប៊ុ​ក (facebook) ព្រឹត្តិការណ៍ កែម ឡី​។ ហេតុអ្វី​បានជា​មានរឿង​ចឹ​ង​មក​? យើង​គិត​មើល​សុទ្ធតែជា​ហេតុការណ៍​ដែល​កើតមក​ដែល​រុញ​ឲ្យ​ទៅជា​បដិវត្តន៍​ពណ៌​»​។​

ការលើកឡើង​នេះ គឺធ្វើឡើង​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅលើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា នៅឯ​រាជបណ្ឌិត្យសភាកម្ពុជា នា​រាជធានី​ភ្នំពេញ​។ លោក សុខ ទូច សោកស្ដាយ​ដែល​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ និង​អ្នកវិភាគ​សង្គម លោក​បណ្ឌិត មាស នី សន្យាថា​មក​ចូលរួម​កម្មវិធី​លោក ហើយ​បែរ​មិន​ចូលរួម​វិញ​។​

កាលពី​ថ្ងៃទី​៣ ខែកញ្ញា ក្រោយ​ការចាប់ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាលអធ្រាត្រ​បាន​ប៉ុន្មាន​ម៉ោង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក ថា​ជា​ប្រទេស​បាតដៃ​ទី​៣ ដែល​លោក​អះអាងថា លោក​កំពុង​រកមុខ​ជា​យូរ​មកហើយ​ដោយ​សហរ​ដ្ឋ​អាមេរិក នាំ​ឲ្យ​កម្ពុជា ជួប​គ្រោះអាក្រក់​តាំងពី​ក្នុងសម័យ​លោក​សេនាប្រមុខ លន់ នល់​។ ជាងនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា ការចាប់​ដៃគូ​ជាមួយ​លោក កឹម សុខា លើក​នេះ ក៏​មិន​ខុសពី​ប្រវត្តិសាស្ត្រ​កាលពី​ជាង ៣០​ឆ្នាំមុន​នោះដែរ គឺ​នឹងធ្វើ​ឲ្យ​សន្តិភាព​ដែល​រកបាន​មក​ដោយ​លំបាក​នោះ ត្រូវ​រលាយ​ទៅវិញ​ព្រោះតែ​សម្ពន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​លោក កឹម សុខា​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១០ កញ្ញា បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត និង​ស្វែងរក​ចាប់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​មួយចំនួន​ទាក់ទង​នឹង​សំណុំរឿង​កម្មករ​ធ្វើបាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៤ ផងដែរ​។​

ទោះជា​យ៉ាងណាក្ដី ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កន្លងទៅ​ធ្លាប់​បដិសេធ​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា នេះ​។ ចំណែកឯ​បក្សប្រឆាំង​តាមរយៈ​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​៣ កញ្ញា បាន​ហៅ​ការចាប់ខ្លួន​លោក កឹម សុខា ថា​ធ្វើឡើង​យ៉ាង​តក់ក្រហល់​ក្នុង​ហេតុផល​នយោបាយ និង​ជា​ទង្វើ​រំលោភច្បាប់ ខណៈដែល​លោក​ជា​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា​។​

ឆ្លើយតប​ការលើកឡើង​របស់លោក សុខ ទូច តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក សុន ឆ័យ យល់ថា លោក សុខ ទូច និយាយ​ដូច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក សុន ឆ័យ ចាត់ទុក​លោក សុខ ទូច ជា​អ្នកប្រាជ្ញ ប៉ុន្តែ​មិនគួរ​សន្និដ្ឋាន​មុន​តុលាការ​នោះទេ​៖ «​ប្រសិនបើ​តុលាការ​យើង​ជា​តុលាការ​ឯករាជ្យ មាន​វិជ្ជាជីវៈ​អ្វី​ច្បាស់លាស់ យើង​ជា​អ្នក​... ហៅថា​អ្នកប្រាជ្ញ​ចុះ​! គេ​មិនដែល​ទៅ​សន្និដ្ឋាន​មុន​តុលាការ​គេ​កាត់សេចក្តី​នោះទេ​»​។​

អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុន​ឌឿ​ន ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​នៅ​រាជបណ្ឌិត្យសភាកម្ពុជា យល់ថា កម្ពុជា មាន​ប្រវត្តិ​ធ្វើ​បដិវត្តន៍​តែម្ដង​គត់ គឺ​ចលនា​ព្រះសង្ឃ​នាំគ្នា​បាំងឆត្រ​កាលពី​សម័យ​រប​ប​អាណានិគម​បារាំង​៖ «​អ្នកដឹកនាំ​រដ្ឋាភិបាល​ថា​អាហ្នឹង​ជាស​ញ្ញា តែ​ខ្ញុំ​មើលទៅ​វា​អត់​ឃើញ ឃើញតែ​ថា​ប្រជារាស្ត្រ កម្មករ គ្នា​ប្រាក់ខែ​តិច គ្នា​មិន​រស់ គ្នា​ខំប្រឹង​ងើបឡើង ហើយ​មាន​បក្ស មាន​អង្គការ​មួយចំនួន សហជីព​អី ដឹកនាំ​ធ្វើ គេ​ក៏​នាំគ្នា​ធ្វើទៅ​»​។​

លោក សាម ស៊ុន​ឌឿ​ន ថ្លែងថា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កម្ពុជា មាន​បដិវត្តន៍​ពណ៌ រដ្ឋាភិបាល​ត្រូវ​ឲ្យ​ពលរដ្ឋ​បញ្ចេញមតិ​ឲ្យ​បាន​ពេញលេញ កុំ​បិទ​ទីលាន​ប្រជាធិបតេយ្យ កុំ​បង្កើត​ច្បាប់ ឬ​អនុក្រឹត្យ​ដែល​បំបិទ​សិទ្ធិ​ពលរដ្ឋ ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពី​វិទ្យុ​ឯករាជ្យ​ដែលមាន​វិជ្ជាជីវៈ រដ្ឋសភា​ត្រូវបំពេញ​ការងារ​ឲ្យ​បាន​ពេញលេញ ដោយ​ធ្វើ​ច្បាប់​ដើម្បី​បម្រើ​ពលរដ្ឋ កុំ​ធ្វើ​ច្បាប់​ដើម្បី​ជិះជាន់​ពលរដ្ឋ​។ ទោះយ៉ាងណា លោក សាម ស៊ុន​ឌឿ​ន គាំទ្រ​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់បាន​ដៃគូ​ខ្លាំង​មក​ប្រកួត​ជាមួយ​។ ចំណែក​ការស៊ើបអង្កេត​ប្រភព​ថវិកា​វិញ អនុប្រធាន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​ប្រភព​ថវិកា​របស់​គណបក្ស​កាន់អំណាច​ផង​។​

លោក​យល់ថា ដើម្បី​ទប់ស្កាត់​បដិវត្តន៍​ពណ៌ គណបក្ស​ទាំងពីរ គឺ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង ក៏​គួរ​ឈប់​និយាយ​ពី​រឿង​បដិវត្តន៍​ពណ៌ ហើយ​និយាយ​ពី​ការ​សាមគ្គី​គ្នា​វិញ​។ លោក​បន្តថា ការ​ចោទ​បដិវត្តន៍​ពណ៌​មិនបាន​ចំណេញ​ដល់​គណបក្សនយោបាយ​នោះទេ ហើយ​ពលរដ្ឋ​ចេះ​វិនិច្ឆ័យ​ច្បាស់លាស់​ណាស់​។ បើទោះជា​ពលរដ្ឋ​មិន​ហ៊ាន​បញ្ចេញមតិ ឬ​បាតុកម្ម លោក សាម ស៊ុន​ឌឿ​ន ថា​អ្នក​ដែល​មិន​ពេញចិត្ត បាន​បញ្ចេញ​អាកប្បកិរិយា​ផ្សេងៗ​ដើម្បី​សម្ដែង​ចេញ ដូចជា​ការឈប់​យក​ច​ង្ហា​ន់​ទៅ​វត្ត​ណា​ដែលមាន​និន្នាការ​គាំទ្រ​នយោបាយ (​បិណ្ឌ​ទី​៤ វត្ត​ឧណ្ណាលោម ខ្វះ​ចង្ហាន់ ខណៈ​វត្ត​ផ្សេងៗ​មាន​ចង្ហាន់​ហូរហៀរ​) ឬ​មិន​ចូលរួម​កម្មវិធី​របស់​លោក សុខ ទូច ជាដើម​៕​ប្រភព RFA​

សុខភាព/បុរស/ស្ត្រី