• Flexa
  • Default ខាងលើក្រោមមេនុយ

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ UN បារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុន្តែ​ពុំមាន​សេចក្តីសម្រេច​យ៉ាងណា​ដូច​ប្រទេស​ចិន​ឡើយ​

1 សប្ដាហ៍ កន្លងទៅ សូ រា

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣៦​របស់ខ្លួន នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ម្សិលមិញ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​បើក​កិច្ចប្រជុំ​នោះ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បានលើកឡើង​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ជា​ស្ថានភាព​សិទ្ធិមនុស្ស​ដែល លោក​យល់ថា កំពុង​ធ្លាក់​ទៅក្នុង​សភាព​គួរ​ឲ្យ​បារម្ភ​។ ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​បដិសេធ​ហើយ​អ្នកនាំពាក្យ​លោក សុខ ឥសាន តែង​លើក​ថា​ការ​ប្រតិកម្ម​ណាមួយ​ចំពោះ​កម្ពុជា​គ្មាន​ឥទ្ធិពល​អ្វី​នោះទេ​។​

លោក ហ្សេ​ដ រ៉ា​អាដ អាល់ ហ៊ូ​សេន ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​សម្ដែង​ក្ដី ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ការចាប់ខ្លួន​ប្រធាន​បក្សប្រឆាំង គឺ​លោក កឹម សុខា​។ សម្រាប់​លោក ហ្សេ​ដ រ៉ា​អាដ អាល់ ហ៊ូ​សេន ការចាប់ខ្លួន​នេះ ហាក់ដូចជា​បានធ្វើ​ឡើង​ដោយ​មិន​គោរព​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ ឬ​អភ័យឯកសិទ្ធិសភា​រប​ស់លោក កឹម សុខា​។ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក៏បាន​លើកឡើង​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន និង​មន្ដ្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន​ផងដែរ ដែល​តែងតែ​លើកឡើង​ពី​ទោស​ក្បត់ជាតិ​របស់លោក កឹម សុខា ជា​សាធារណៈ​។ ជាការ​ថ្លែង​ដែល​លោក អាល់ ហ៊ូ​សេន ចាត់ទុកថា​បាន​រំលោភ​ទៅលើ​ការ​សន្មត​ថា​គ្មាន​ទោស និង​ទទួលបាន​ការជំនុំជម្រះ​ក្ដី​ដោយ​យុត្តិធម៌​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក អាល់ ហ៊ូ​សេន ក៏បាន​លើកឡើង​ផងដែរ អំពី ការបិទ​អង្គការ​សង្គម​ស៊ីវិល​អន្ដរជាតិ NDI ការដកហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​មួយចំនួន និង​ការបិទទ្វារ​របស់​កាសែត The Cambodia Daily​។ តាមរយៈ​ក្ដី​ព្រួយបារម្ភ​អស់ទាំង​នេះ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​សិទ្ធិ​នយោបាយ សិទ្ធិ​ស៊ីវិល និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពេញលេញ មុនពេល​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំក្រោយ​។​

យ៉ាងណាក៏ដោយ សេចក្ដី​ព្រួយបារម្ភ​អស់ទាំង​នេះ ត្រូវបាន​ច្រានចោល​ដោយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ នៅក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី​១១​កញ្ញា លោក កែវ រ៉េមី បាន​អះអាងថា ការចាប់ខ្លួន​លោក កឹម សុខា ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​មួយ គឺធ្វើឡើង​ដោយ​អនុលោម​តាម​នីតិវិធី​ច្បាប់​និង​ប្រព័ន្ធតុលាការ​។ ប៉ុន្តែ​លោក កែវ រ៉េមី កត់សម្គាល់​ឃើញថា រឿងរ៉ាវ​ទាំងនេះ បែរជា​ត្រូវបាន​បកស្រាយ​ខុស ថា​ជាការ​បំពាន​អភ័យឯកសិទ្ធិសភា គំរាមកំហែង​សេរីភាព​សារព័ត៌មាន ឬ​ជា​ចេតនា​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ទៅវិញ​។​

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ឆ្លៀត​យក​ឱកាស​នេះ អះអាង​ពី​ឆន្ទៈ​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​កិច្ចការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក កែវ រ៉េមី ស្នើ​ផងដែរ​ថា រាល់​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ទាំងអស់ គួរតែ​ធ្វើឡើង​ដោយ​ការគោរព​គ្នា​ទៅវិញទៅមក ចៀស​ឲ្យ​ផុតពី​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ដែន​យុត្តាធិការ​របស់​រដ្ឋ​ភាគី​នីមួយៗ ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​

ទោះបីជា​មានការ​ប្រតិកម្ម​ពី​បណ្តា​ប្រទេស​មួយចំនួន និង​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ស្តីពី​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​បែបនេះ​ក្តី​ក៏​គេ​ពុំទាន់​ឃើញ​មាន​ប្រទេស​ណា​បញ្ជាក់​ជំហរ​ច្បាស់ៗ​ដូច​ប្រទេស​ចិន​ក្នុង​ការសម្រេច​ថា​គួរ​អនុវត្ត​សេចក្តីសម្រេច​បែបណា​ដូច​ប្រទេស​ចិន​នោះឡើយ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2