• Flexa

កូនស្រី​លោក កឹម សុខា ឆ្ងល់​ថា​រដ្ឋាភិបាល​ហេតុអ្វី​មិន​ចោទប្រកាន់​រដ្ឋាភិបាល​អាមេរិក​ជា​ផ្លូវការ តែ​អគ្គរាជទូត​ខ្មែរ​នៅ​អាមេរិក​ថា​លោក កឹម សុខា គេ​ចាប់ខ្លួន​តាមច្បាប់​

2 ខែ កន្លងទៅ សុខ វិជ័យ

កូនស្រី​ច្បង​របស់ លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា មិន​មានជំនឿថា រដ្ឋាភិបាល លោក ហ៊ុនសែន ហ៊ាន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​នោះ​ក្នុងប្រទេស​កម្ពុជា​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ នេះ​ទេ ហើយ​ឆ្ងល់​ថាបើ​ឪពុក​នាង​ខុស​ឃុបឃិត​ជាមួយ​អាមេរិក​ម្តេច​មិន​ចោទប្រកាន់​រដ្ឋាភិបាល​អាមេរិក​ជា​ផ្លូវការ​?​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​មួយ កាលពី​យប់​ថ្ងៃទី​១១ កញ្ញា កឹម មនោ​វិទ្យា បានចាត់ទុក​វិធានការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ការចោទប្រកាន់​លើ​បញ្ហា​ផ្សេងៗ មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​រដ្ឋាភិបាល​នោះ គឺ​គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ ចង់​បំបាក់ស្មារតី ឬ​ទឹកចិត្ត គណបក្សប្រឆាំង និង​អ្នកគាំទ្រ ដើម្បី​យក​ប្រៀប​លើ​គូប្រកួត​ដ៏​សំខាន់​នៅមុន​ការបោះឆ្នោត​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត​រដ្ឋាភិបាល ចង់​ស្ទង់​ឆន្ទៈ​អន្តរជាតិ​សាកមើល ថា​តើ​រឿងនេះ នឹងមាន​ប្រតិកម្ម​ប៉ុណ្ណា​ពី​សហគមន៍​អន្តរជាតិ​នោះ​។​

កញ្ញា​បានដាក់​ជា​សំនួ​រថា បើ​រដ្ឋាភិបាល​ពិត​ចង់​ចោទប្រកាន់​សហរដ្ឋអាមេរិក ថា ជា​អ្នក​នៅ​ពី​ក្រោយខ្នង​គណបក្សប្រឆាំង ឬ​លោក កឹម សុខា ក្នុងការ​ផ្ដួលរំលំ​រដ្ឋា​ភិ​បាល​ស្របច្បាប់​មែន​នោះ និង​មាន​ភស្តុតាង​ជាក់ស្ដែង​ពិតប្រាកដ​មែន​នោះ ហេតុអ្វី​មិន​ធ្វើការ​ចោទប្រកាន់​ផ្លូវការ​ទៅ​រដ្ឋាភិបាល​អាមេរិក ឬ​មាន​វិធាន​ការជជែក​ផ្ទាល់​ជាមួយ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​តែម្ដងទៅ ហេតុ​អី​បានធ្វើ​បាប​តែ​ខ្មែរ​គ្នាឯង ធ្វើបាប​តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​៖ «​បើ​ការចោទប្រកាន់​នេះ​ពិតជា​មានន័យ​មែន​នោះ សូម​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ទៅ​សហរដ្ឋអាមេរិក​ទៅ ហេតុ​អី​ទុក​ឲ្យ​ស្ថានទូត​ហ្នឹង​នៅមាន​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​ទៀត​? ហេតុអ្វី​ក្រសួងការបរទេស​មិន​ចេញ​សេចក្ដីថ្លែងការណ៍ ឬ​ការព្រមាន​ណាមួយ​ទៅ​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ទៅ​…? ការ​ចោទ​កន្លងមក​ថា មាន​អ្វីៗ​ជាមួយ​អាមេរិក​នេះ គ្រាន់តែ​ចោទ​ជា​សម្ដី​ក្រៅផ្លូវការ​ទេ​»​។​

អាស៊ីសេរី​មិនទាន់​អាចទាក់ទង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​សុំ​ការឆ្លើយតប​ចំពោះ​ការលើកឡើង​ជុំវិញ​រឿងនេះ​បាន​នៅឡើយ កាលពី​ថ្ងៃទី​១១ កញ្ញា​។​

កញ្ញា កឹម មនោ​វិទ្យា បន្តទៀតថា លោក កឹម សុខា បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ភ្លេច ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​កុំ​ចាញ់ចិត្ត​សាស្ត្រ​គណបក្សកាន់អំណាច​នោះ​ឲ្យ​សោះ​។​

ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក ជុំ ប៊ុន​រ៉ុង បានផ្ដល់​សម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​១១ កញ្ញា ថា ការចាប់ខ្លួន​លោក កឹម សុខា ជាការ​អនុវត្ត​ទៅតាម​ច្បាប់​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ធ្លាប់បាន​និយាយថា​មិន​ឲ្យ​មាន​សមាជិក​បក្ស​ណា​ការពារ​លោក កឹម សុខា បើ​មិន​ចង់​ឲ្យ​មានការ​រំលាយ​គណបក្ស​។ លោកស្រី មួរ សុខ​ហួរ ធ្លាប់​លើក​ថាបើ​ទោះបី​មានការ​រំលាយ​បក្ស​ក៏ត្រូវ​ទាមទារ​ឲ្យ​លោក កឹម សុខា រួច​ពី​ការឃុំ​ឃាំង​ដែរ​។​

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី ១២ កញ្ញា នេះ គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​លើកដំបូង​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​របស់ខ្លួន​ស្តីពី​«​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​» ក្រោយ​ចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ គណបក្សប្រឆាំង បាន​អះអាងថា លោក កឹម សុខា ជា​មនុស្ស​ឥត​ទោស ដូច្នេះ​លោក​កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​គណបក្ស​សង្គ្រោះ​ជាតិ ប្តេជ្ញា​ការពារ​លោក​កឹម សុខា​រហូតដល់​ទីបញ្ចប់ ទោះបី​មានការ​ព្រមាន​រំលាយ​បក្ស​ពី​លោកនាយក​រដ្ឋមន្ត្រី​ក្តី​។​

ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស៊ុន ឆ័យ បាន​ពន្យល់ថា បើ​យោងតាម​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា លោក​កឹម សុខា នៅ​មិនទាន់​មានទោស​នៅឡើយ ដូច្នេះ​លោក​កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។​បើតាម​លោក​ស៊ុន ឆ័យ មាត្រា​៣៨ បាន​ចែងថា ជនជាប់ចោទ​ណាក៏ដោយ ត្រូវ​ទុកជា​មនុ​ស្សឥត​ទោស ដរាបណា​តុលាការ​មិនទាន់​កាត់ទោស​ជា​ស្ថាពរ​។​ជន​គ្រប់រូប មាន​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​តុលាការ​។​

លោក​ស៊ុន ឆ័យ បាន​គូសបញ្ជាក់ថា ការចេញមុខ​ការពារ​លោក​កឹម សុខា​ពេលនេះ គឺធ្វើឡើង​ដោយ​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​ប្រទេស​កម្ពុជា​។​ដូច្នេះ​លោក​យល់ថា ការសម្រេច​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក៏ត្រូវ​មើល​ច្បាប់​ដែរ​។​លោក​ស៊ុន ឆ័យ បាន​បន្ថែមទៀតថា គណបក្ស​សង្គ្រោះ​ជាតិ បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅពេល​បច្ចុប្បន្ន ដែល​លោក​យល់ថា​អាច​ប៉ះពាល់​ដល់​ជីវិត​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​ប៉ុន្តែ​យ៉ាងណា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ នៅតែ​ប្រកាន់​ជំហរ​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ហើយ​សង្ឃឹមថា ស្ថានការណ៍​មុន​ការបោះឆ្នោត​នឹង​ល្អប្រសើ​។​

ទាក់ទង​នឹងធ្វើ​បាតុកម្ម​វិញ លោក​ស៊ុន ឆ័យ បាន​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ធ្វើបាតុកម្ម​ដើម្បី​ទាមទា​ឱ្យមាន​ការដោះលែង​លោក​កឹម សុខា​ទេ​។​ប៉ុន្តែ​គណបក្ស​នឹងធ្វើ​ការតស៊ូ​តាមរយ​:​លទ្ធិប្រជាធិបតេយ្យ និង​ផ្លូវ​តុលាការ​។ ចំណែក​រាល់​ការនិយាយ​របស់​សម្ម​ជន​ឬ​មន្ត្រី មិនអាច​យកជាការបាន​ឡើយលុះត្រា​លទ្ធផល​ចេញពី​សមាជ​គណបក្ស​ផ្ទាល់​៕​

សុខភាព/បុរស/ស្ត្រី