• Flexa

លោក​ឯក​អ​គុ្គ​រដ្ឋទូត William A. Heidt និយាយថា​មាន​អារម្មណ៍​ឈឺចាប់​ណាស់ លោក សុខ ឥសាន ចំអក​បន្ថែមថា​អាមេរិក​ចេះ​ឈឺចាប់​ដែរ​

2 ខែ កន្លងទៅ សម្បត្តិ

លោក​ឯកអគ្គរដ្ឋទូត លោក William A. Heidt បាន​ថ្លែងថា «​ជាច្រើន​ដង​ហើយ ដែល​សហរដ្ឋអាមេរិក បាន​រង​ការចោទប្រកាន់​គ្មាន មូលដ្ឋាន មិន​ត្រឹមត្រូវ និង​ខុស​ដោយ​ចេតនា វា​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​ណាស់​»​ហើយ​សម្តី​នេះ​ក្រោយមក​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចំអក​ថា​អាមេរិក​ចេះ​ឈឺចាប់​ដែរ​ឬ​?​។ ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១២ ខែកញ្ញា​នេះ លោក William A. Heidt បានលើកឡើង ពី​កិច្ចការ​ជាច្រើន របស់​សហរដ្ឋអាមេរិក ជាមួយ​កម្ពុជា តាំងពី​ស្ថានទូត​អាមេរិក បាន​បើក​ឡើងវិញ នៅ​ឆ្នាំ ១៩៩៤​មក​។​

ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​រៀបរាប់ថា នៅ​ថ្ងៃទី​២ កញ្ញា ខ្ញុំ​បាន​ចាកចេញ ទៅ​សហរដ្ឋអាមេរិក ដោយ​មិនបាន​គ្រោងទុក ដោយសារ​ហេតុផល ផ្ទាល់ខ្លួន​។ ៤០ នាទី​បន្ទាប់ ពី​ខ្ញុំ​បាន​ចាក​ចេញទៅ រដ្ឋាភិបាល បាន​ចាប់ខ្លួន​លោក កឹម សុខា ជា​មេដឹកនាំ​បក្ស ប្រឆាំង ដោយ​ចោទថា​ក្បត់ជាតិ ទាក់ទង​នឹង​មតិ ដែល​លោក​ទំនងជា បាន​និយាយ​កាលពី ៤ ឆ្នាំមុន​។​

លោក William A. Heidt បន្តថា និយាយ​ដោយ​ត្រង់​ទៅ ខ្ញុំ​គ្មាន​ការភ្ញាក់ផ្អើល​ទាំងស្រុង​នោះទេ នៅពេល​ខ្ញុំ​ទទួលដំណឹង​អកុសល​នេះ​។ តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការចោទប្រកាន់ ទៅលើ​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការចាប់ខ្លួន លោក កឹម សុខា ដែល​គ្មាន​ភស្តុតាង ច្បាស់លាស់ ឬ​គួរអោយ​ទុកចិត្តបាន បន្តិច​ណា​សោះ​។​

វា​គឺជា​ការចោទប្រកាន់​មិនធម្មតា​។ ការងារ​ការទូត ជាធម្មតា ត្រូវបានធ្វើ​ដោយ​ប្រើ​ភាសា ដែលមាន​ការ ប្រយ័ត្ន និង​ប្រកបដោយ​ការគោរព គឺ​ប្រភេទ​នៃ​ភាសា​ដែល​ខ្ញុំ​នឹង​ប្រើ​នៅថ្ងៃនេះ​។ សារ​ដែល​ពិបាក​ត្រូវបាន បញ្ជូន​ជា​លក្ខណៈ​ឯកជន​សិន​។ ប្រទេស​ជា​មិត្ត​នឹង​គ្នា តែងតែ​រកមើល​វិធី​បំបាត់​ការខ្វែងគំនិត​គ្នា​។ តែ​នៅក្នុង​ឆ្នាំ​កន្លងទៅនេះ ជាច្រើន​ដង​ហើយ ដែល​សហរដ្ឋអាមេរិក​បាន​រង​ការចោទប្រកាន់​គ្មាន មូលដ្ឋាន មិន​ត្រឹមត្រូវ និង​ខុស​ដោយ​ចេតនា​។​វា​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​ណាស់​។ ខ្ញុំ​គិតថា​លោកអ្នក​ដឹង​ហើយ​ថា ខ្ញុំ​មានការ​ទាក់ទង​ពិសេស ជាមួយ​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​បានមក​ដល់ ប្រទេស​កម្ពុជា​កាលពី ២ ឆ្នាំមុន ដោយ​បានទទួល​ការណែនាំ អោយ​ខិតខំ​លើក​កំពស់​ទំនាក់ទំនង​រប​ស់​យើង​។ ជាការ​ពិត ខ្ញុំ​និង​បុគ្គលិក​របស់ខ្ញុំ តែងតែ​គោរព​ដល់​គ្រប់គ្នា ចេញ​សេចក្តី​ថ្លែង​ការ​ជា​សាធារណៈ ក្នុង​ចំនួន​តិច​បំផុត ហើយ​ត្រឹមត្រូវ ហើយ​រកមើល​វិធី​ធ្វើ​សហប្រតិបត្តិការ និង​លុបបំបាត់​ការខ្វែងគំនិត​គ្នា​រវាង​ប្រជាជន​ដ៏​អស្ចារ្យ​របស់​យើង​ទាំងពីរ​។​

ដោយឡែក​ចំពោះ​ការចោទប្រកាន់​លោក William A. Heidt ពន្យល់​លើ​បី​ចំណុច​។ ចំណុច​ទីមួយ​គឺ​ងាយ​ទេ ពោល​គឺថា រាល់​ការចោទប្រកាន់​ដែល​លោកអ្នក​បានលឺ នៅក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ស្តីពី​សហរដ្ឋ អាមេរិក គឺ​សុទ្ធតែ​ខុស​ទាំងអស់ ។ អត្ថបទ​នៅក្នុង​សារព័ត៌មាន​ថ្មីៗ​នេះ ស្តីពី​ការចាប់ខ្លួន​លោក កឹម សុខា ត្រូវ បាន​គេ​សរសេរ​ខុស​ទាំងស្រុង​និង​ដោយ​ចេតនា ក្នុង​ការហៅ​អ្វីដែល​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​នៅ​កម្ពុជា​។ វា​ពិត​ជាការ​បង្វែរ​ការយ​ក​ចិត្ត​ទុកដាក់​ចេញពី​បញ្ហា​ពិតប្រាកដ​មែន (Red herrings)​។​

ចំណុច​ទី ២ លោក​បាន​លើកឡើងថា ព្រឹត្តិការណ៍​នៅក្នុង​ខែ​កន្លងទៅនេះ មិន​ប៉ះពាល់​ទៅលើ​សហរដ្ឋអាមេរិក​ទេ តែ​វា​ប៉ះពាល់ ទៅលើ​ប្រទេស​កម្ពុជា ទៅវិញ​ទេ​។ មួយ​ជំហាន​ម្តងៗ ព្រឹត្តិការណ៍​ទាំងនេះ កំពុងតែ​ធ្វើអោយ​ប្រទេស​កម្ពុជា ឯក​កោ​ពី​សហគមន៍​អន្តរជាតិ ក្នុងពេលដែល​កម្ពុជា​ត្រូវការ​ជំនួយ​គាំទ្រ​អន្តរជាតិ ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច​របស់ ខ្លួន​អោយ​ឡើង​មួយកំរិត​ទៀត ហើយ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង នៅក្នុង​សមាគម​អាស៊ាន​។​សំដី​ប្រឆាំង​អាមេរិក​បានធ្វើ​ឲ្យ​ជនជាតិ​អាមេរិក និង​អ្នក​ទេសចរណ៍​លោកខាងលិច​ជាច្រើន មាន អារម្មណ៍​លែង​កក់ក្តៅ​ជាង​មុន ពេលធ្វើ​ដំណើរ​មក​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​។ ឆ្នាំនេះ​អ្នកទេសចរ​ទាំងនោះ អាច​ទៅ​ចាយលុយ នៅ​ហា​ឡុង​បេ​យ៍ ឬ​នៅ​ភូ​កេ​ត​ជាជាង​នៅ​អង្គរវត្ត​។​

ហើយ​ចំនុច​ចុងក្រោយ​របស់ខ្ញុំ​គឺ​៖ ទោះបី​ជាមាន​ព្រឹត្តិការណ៍​ទាំងអស់ កើតឡើង​កាលពី​ខែ​មុន​ក្តី​ខ្ញុំ​គិតថា នៅតែមាន​ពេល ដើម្បី​សង្គ្រោះ​ការបោះឆ្នោត ឆ្នាំ​២០១៨ របស់​កម្ពុជា​បាន បន្ត​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ របស់​កម្ពុជា និង​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​។ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​មាន​សកម្មភាព​ម៉ឺងម៉ាត់​ជាបន្ទាន់​។​

ទោះបីជា​ឯកអគ្គរដ្ឋទូត​លើក​បែបនេះ​ក្តី​លោក​សុខ ឥសាន ចំអក​ថា​« សូម​អរគុណ ឯ​ឧ ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល​សម្តែង​ការឈឺចាប់ នៅពេល​មានការ​ប៉ះទង្គិច​ដល់​ខ្លួន ហើយ​សង្ឃឹមថា​ឯ​ឧ ទូត​ក៏​យល់​ពី​ការឈឺចាប់​របស់​ប្រទេស​តូចតាច​ដែល​បង្កឡើង​ដោយ​ប្រទេស​ធំៗ​ផងដែរ ។ គេ​នៅ​ចងចាំ​មិន​ភ្លេច​ទេ​ថា កាលពី​ឆ្នាំ ២០១៦ មាន​លេចឮ​ព័ត៌មាន ថា​ប្រទេស​រុស្សី​បាន​លូកដៃ​ចូលក្នុង​កិច្ចការ​បោះឆ្នោត​របស់ សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ សហរដ្ឋអាមេរិក មានការ​ខឹងសម្បារ​និង​ឈឺចាប់​»​។​

លោក​សុខ ឥសាន បន្ថែមថា​«​ដល់​បញ្ហា​កម្ពុជា​ដែល កឹម សុខា និយាយ​ច្បាស់ៗ​ថា អាមេរិក ជា​អ្នករៀបចំ​ផែនការ និង​ណែនាំ​ឲ្យ​ខ្លួន​ធ្វើ​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ តាម​គំរូ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប​ប៊ី ។ តើ​បញ្ហា​នេះ គួរ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល ចេះ​ឈឹ​ចាប់​ដែរ​ប្ញ​ទេ​? ប្រាកដជា ចេះ​ឈឺចាប់​ដូច​ឯ​ឧ ឯកអគ្គរដ្ឋទូត​អាមេរិក ដែរ​» ។​

ចុងបញ្ចប់ លោក​សុខ ឥសាន បង្គាប់​ទៅ​ឯកអគ្គរដ្ឋទូត​អាមេរិក ថា​ដើម្បី​ជម្រះ​ការសង្ស័យ គួរ​បង្ហាញ​ឲ្យ​ច្បា​ស់មក ថា​តើ​អាមេរិក ពិតជា​បានដាក់​ផែនការ និង​បញ្ជា​ឲ្យ​លោក​កឹម សុខា យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី​និង ស៊ែ​ប​ប៊ី ដូច​កឹម សុខា​ថា​មែន ប្ញ​មិនមែន ? លោក​ថា បើ​នៅ​ស្ងៀម និង​និយាយ​ប្រាសចាក​សំណួរ នោះ​នាំ​ឲ្យ​សង្ស័យ នៅតែ​សង្ស័យ​ដដែល​។​

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១២ កញ្ញា ម្សិលមិញ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការឈឺចាប់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចោទប្រកាន់​អាមេរិក ថា​ជា​បាតដៃ​ទី​៣ គាំទ្រ​ដល់​លោក កឹម សុខា ដើម្បី​ផ្ដួលរំលំ​របប​ដឹកនាំ​នៅ​កម្ពុជា រហូត​ធ្វើ​ឲ្យ​មានការ​ចាប់ខ្លួន​លោក​កឹម សុខា នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។​លោក William Heidt ថា ការចោទប្រកាន់​នេះ គឺ​ខុស​ទាំងអស់ ដែល​ធ្វើឡើង​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ ឬ​គួរ​ឲ្យ​ទុកចិត្តបាន​បន្តិច​សោះឡើយ​៕​

សុខភាព/បុរស/ស្ត្រី