• Flexa

នគរបាល​យុត្តិធម៌​ខេត្តកណ្តាល​កោះហៅ K01 ឬ ឃឿន សុ​ឡា បំភ្លឺ​ផ្ទាល់ខ្លួន​ក្រោយពេល Live ផ្ទាល់​រឿង​អនុវត្ត​សាលដីកា​ក្តី​រុះរើ​ផ្ទះ​

2 ខែ កន្លងទៅ សម្បត្តិ

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានចេញ​លិខិត​កោះហៅ លោក ឃឿន សុ​ឡា ហៅ «K01» ដែល​គេ​ស្គាល់​ទូទៅ​ថា ជា​អ្នកយកព័ត៌មាន និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook ពាក់ព័ន្ធ​ការចុះ​ទៅយក​ព័ត៌មាន​ផ្ទាល់ និង​ផ្សាយ​ពី​ព្រឹ​ត្ត​ការណ៍ នៃ​ការចុះអនុវត្ត​សាលដីកា របស់​តុលាការ​កំពូល រឹបអូស​យក​ដីធ្លី​ពី​ពលរដ្ឋ​៣​គ្រួសារ នៅតាម​បណ្តោយ​ផ្លូវ​២១ ក្នុងស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ តាម​លិខិត​កោះហៅ​នេះ លោក K01 តម្រូវ​ឲ្យ​ចូលទៅ​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧​ខាងមុខនេះ​។​

នៅក្នុង​លិខិត​កោះហៅ​របស់លោក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តកណ្តាល កាលពី​ម្សិលមិញ​ថា «​យើង​មន្ត្រីនគរបាល​យុត្តិធម៌​កោះហៅ ឈ្មោះ ឃឿន សុ​ឡា (K01) អាយុ​៣២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៥៧ ផ្លូវ​លេខ​៨៧BT ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកយកព័ត៌មាន​ចូលមក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​បំភ្លឺ​រឿង​ផ្ទាល់ខ្លួន​»​។​

ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន នៅ​រសៀល​ថ្ងៃនេះ បានបញ្ជាក់​បន្ថែម​មកកាន់​អង្គភាព​ព័ត៌មាន Fresh News ថា លោក​ពិតជា​បាន​ឲ្យ​មន្ត្រី នគរបាល​របស់លោក ចេញ​លិខិត​កោះហៅ K01 មែន​តប​តាម​ការបញ្ជា​របស់លោក​ព្រះរាជអាជ្ញា ដែល​ការកោះហៅ​នេះ គឺពាក់ព័ន្ធ​ការផ្សាយ​ព័ត៌មាន ស្តីពី​ការ​ព្រឹ​ត្ត​ការណ៍​ចុះ អនុវត្ត​សាលដីកា​រឹបអូស​ដីធ្លី នៅ​ស្រុក​ស្អាង​នោះ​មែន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្ថែមថា ការផ្សព្វផ្សាយ​ព័ត៌មាន​តាមរយៈ​ការ Live ផ្ទាល់​របស់ K01 ដែលមាន​គេ​ចូល​មើល​យ៉ាងច្រើន​នោះ បានធ្វើ​ឡើង​ដោយ​មិនមាន​ការពិត ទាំងស្រុង ពោល​ផ្សាយ​ដោយ​ផ្តោតទៅលើ​តែ​ការលើកឡើង​ម្ខាង ដោយ​ពុំមាន​ការសួរនាំ​ខាង​មន្ត្រី​ជំនាញ អាជ្ញាធរ និង​មន្ត្រី​តុលាការ យកទៅ​បកស្រាយ​ឡើងវិញ ដូច្នេះ​វា​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ និង​យល់​ខុស​មកលើ​ការអនុវត្ត​សាលដីកា​នេះ​។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ពី​សំណាក់​អាជ្ញាសាលា​នៃ​អយ្យការ​អម សាលាដំបូង​ខេត្តកណ្ដាល ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជិត​១០០​នាក់ ចុះទៅ​រឹបអូស​យក​ដីធ្លី និង​វាយកម្ទេច​លំនៅដ្ឋាន​៣​ខ្នង សង់​នៅតាម​ផ្លូវជាតិ​លេខ​២១A តាំងពី​ឆ្នាំ​១៩៨៧ ក្នុងភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល តាំងពី​ព្រលឹម​រហូតដល់​កណ្ដាលថ្ងៃត្រង់​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅនេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​មួយ ត្រូវបាន​ចែករំលែក​នៅតាម​បណ្ដាញ​សង្គម Facebook យ៉ាង​ព្រោងព្រាត ដោយ​មតិ​ភាគច្រើនបំផុត​បានចាត់ទុក​ថា ការអនុវត្ត​នេះ​ធ្វើឡើង​ដោយ​អយុត្តិធម៌​។​

ប៉ុន្តែ​ភ្លាមៗ និង​ចេញមក​ការពារ​ការលើកឡើង​ខាងលើនេះ ទាំង​ព្រះរាជអាជ្ញា និង​អាជ្ញាធរខេត្ត បាន​ចេញមក​ពន្យល់​ខាង​ផ្លូវច្បាប់​ថា ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ​នេះ ពុំមាន​ឯកសារ​ត្រឹមត្រូវ​ខាង​គតិ​យុទ្ធ​លើ​ការកាន់កាប់​ដី​នោះឡើយ និង​ម្យ៉ាងទៀត​អ្នក​ទាំង​៣​គ្រួសារ បាន​ទៅសុំ​ដី​គេ​នៅ លុះ​យូរ​ទៅ សាងសង់​ផ្ទះ​មិន​ព្រម​ប្រគល់ជូន ម្ចាស់​ដើម​វិញ​។​

កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិ​រុណ បាន​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​៣​គ្រួសារ​ខាងលើ ហើយ​ជា​លទ្ធផល​លោក​អភិបាលខេត្ត បានសម្រេច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ ដោយរ​កដី​នៅ​ទីតាំង​ផ្សេង ដែល​ស្ថិតក្នុង​ឃុំ​ទួល​ក្រសាំង​នោះ​ជូន​ពួកគាត់​វិញ​។​

មន្ត្រី​សាលាខេត្ត​កណ្តាល​បាន​ឲ្យ​ដឹងថា ដំណោះស្រាយ​នេះ​គឺ​គ្រួសារ​លោក ប៉ុន ថន ទទួលបាន​ដី​ទំហំ 10 ×12 ម៉ែត្រ និង​ប្រាក់​ចំនួន ៣,០០០​ដុល្លារ​, គ្រួសារ ឈ្មោះ អ៊ុង អ៉ឹ​ម ទទួលបាន​ដី​ទំហំ 5×12​ម៉ែត្រ និង​ថវិកា ១,៥០០​ដុល្លារ ហើយ​គ្រួសារ​ឈ្មោះ សែ គឹម​អូន ទទួលបាន​ដី 5×12​ម៉ែត្រ និង​ថវិកា ១,៥០០​ដុល្លារ​។ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង ៣​គ្រួសារ​នេះ គឺ​អាជ្ញាធរ​ជា​រ៉ាប់រង​សាងសង់​ជូន​ពួកគាត់​។ ប្រជាពលរដ្ឋ​ទាំង ៣​គ្រួសារ បានទទួល​យក​នូវ​ដំណោះស្រាយ​របស់លោក​អភិបាលខេត្ត​កណ្តាល និង​ប្រកាសថា មិន​ធ្វើ​ការតវ៉ា​អ្វី​ទៀត​នោះឡើយ​៕FN​

សុខភាព/បុរស/ស្ត្រី