• Flexa

ព្រះរាជអាជ្ញា មិន​ឃាត់ខ្លួន​លោក មឿង តុលា តើ​លោក តុលា ឆ្លើយ​យ៉ាងណា ហើយ​ថ្ងៃស្អែក ដល់​វេន​ព្រះ​តេជគុណ​ប៊ុត ប៊ុន​តិ​ញ និង​លោក ប៉ា​ងួន ទៀង

1 ខែ កន្លងទៅ សុខ វិជ័យ

​ក្រោយ​បញ្ចប់​ការសាកសួរ​ជាច្រើន​ម៉ោង នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា នេះ លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​មិន​ឃាត់ខ្លួន​លោក មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង ជា​គណៈកម្មការ​បុណ្យសព​បណ្ឌិត​កែម ឡី ទេ ដោយ​អនុញ្ញាតឱ្យ​ត្រឡប់​ទៅវិញ រង់ចាំ​បន្ត​នីតិវិធី ។​

​ការចូល​បំភ្លឺ​នេះ ពាក់ព័ន្ធ​ការគ្រប់គ្រង​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត កែម ឡី និង​បទ​រំលោភ​លើ​ទំនុកចិត្ត ក្រោយពី​មាន​បណ្ដឹង​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​បាន​រៃអង្គាស​ថវិកា ដើម្បី​ជួយ​ចូលរួម សាងសង់​ចេ​តី​យ៍ លោក​បណ្ឌិត កែម ឡី កន្លងទៅនេះ​។​

​បើតាម​លោក ពេជ្រ ស្រស់ ដែលជា​ម្ចាស់​បណ្តឹង​នេះ បាន​ចោទថា ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ , លោក មឿ​ន តុលា និង លោក ប៉ា ងួនទៀង ដែលជា​គណៈកម្មការ​ចាស់​នៃ​បុណ្យសព លោក កែម ឡី បានធ្វើឱ្យ​បាត់​បច្ច័យ​របស់​ប្រជាពលរដ្ឋ និង​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ដែល​បាន​ចូលរួម​ដើម្បី​សាងសង់​ចេ​តី​យ៍ លោក កែម ឡី​។​​លោក​ចាត់ទុកថា កាត់​បាត់​បច្ច័យ ដោយ​ពុំបាន​សាងសង់​ចេ​តី​យ៍ លោក កែម ឡី ឱ្យបាន​រួចរាល់​នោះ គឺ​បង្កើត​នូវ​រឿង​អយុត្តិធម៌ សម្រាប់​ក្រុមគ្រួសារ​សព និង​អ្នកចូលរួម​បច្ច័យ​ទាំងអស់​។ ដូច្នេះ​លោក​សម្រេច​ដាក់ពាក្យ​ប្តឹង ដើម្បីឱ្យ​តុលាការ ផ្តល់​យុត្តិធម៌ ដល់​អ្នក​ចូល​បុណ្យសព និង​ដើម្បី​ភាព​ស្អាតស្អំ​សង្គម កុំ​ឲ្យ​តម្លៃ​ព្រះពុទ្ធសាសនា ធ្លាក់ចុះ​តាមរយៈ​បុគ្គល ឆ្លៀតឱកាស​មួយចំនួន​។​

​លោក មឿ​ន តុលា ជា​គណកម្មការ​បុណ្យ​ម្នាក់​ចំណោម​៣​នាក់ ដែល​រង​ការចោទប្រកាន់​នោះ បាន​បដិសេធថា គ្មាន​ការពិត​ទេ និង​ថា​ជា​រឿង​ដែល​កម្រ​កើត​នឹងមាន​ពី​រឿង​ដែល​គណកម្មការ​កិបកេង​លុយ​បុណ្យសព​នោះ ។​"​ការ​ចោទ​អស់ហ្នឹង​ខ្ញុំ​បដិសេធថា​គ្មាន​ការពិត ហើយ​ត្រង់​ថា​ឆន្ទៈ​អ្នកប្តឹង​យ៉ាងណា​នោះ ខ្ញុំ​មិន​អត្ថាធិប្បាយ​ទេ ទុក​ឲ្យ​សាធារណៈជន​ជា​អ្នក​វិនិច្ឆ័យ​ចុះ​”​។​

​នេះ​ជាការ​គូសបញ្ជាក់​របស់ លោក មឿ​ន តុលា ជា​គណៈកម្មការ​បុណ្យសព លោក បណ្ឌិត កែម ឡី ដែល​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត បន្ទាប់ពី​ចេញពី​បំភ្លឺ​អស់​រយៈពេល​២​ម៉ោង ចំពោះមុខ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​អង្គារ​។

​ប៉ុន្តែ​ព្រះរាជអាជ្ញា​នៅ​មិនទាន់​សម្រេច​ចោទប្រកាន់​ឬ​ទម្លាក់ចោល​ការប្រកាន់​នៅឡើយ​ទេ​។​នេះ​បើតាម​លោក មឿ​ន តុលា​។ ការចូល​បំភ្លឺ​របស់លោក​នៅពេលនេះ បន្ទាប់ពី​លោក​បាន​ពន្យារពេល​ក្នុង​ការចូល​បំភ្លឺ នាពេល​កន្លងមក​។​

​នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ លោក មឿ​ន តុលា បាន​រង​បណ្តឹង​ពី​លោក ពេជ្រ ស្រស់ ដែល​ចោទថា ធ្វើ​ឲ្យ​បាត់​លុយ​បច្ច័យ​បុណ្យសព​លោក បណ្ឌិត កែម ឡី​។ ប៉ុន្តែ​ចំពោះ​បណ្តឹង​ចោទថា​បាត់​លុយ​បច្ច័យ​បុណ្យ​ដ៏​កម្រ​នេះ លោក មឿ​ន តុលា អះអាងថា​លោក​មិនដឹងថា​គេ​ប្តឹង​ចោទប្រកាន់​រឿង​បាត់​លុយ​ចំនួន​ប៉ុន្មាន​នោះទេ​។​

​ក្រៅពី​លោក​មឿ​ន​តុលា លោក​ពេជ្រ ស្រស់ ក៏បាន​ប្តឹង​លោកប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដោយ​ចោទថា​ធ្វើ​ឲ្យ​បាត់​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត​កែម ឡី ដែរ​។​

​លោក ប៉ា ងួនទៀង តុលាការ​តម្រូវ​ឲ្យ​ចូល​បំភ្លឺ​នៅថ្ងៃនេះ​ដែរ តែដោយសារ​លោក​ជាប់រ​វល់​នៅក្រៅ​ប្រទេស ទើប​លោក​ផ្តល់​សិទ្ធិ​ឲ្យ​មេធាវី​ទៅ​ជំនួស ខណៈ​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃស្អែក​។​​អតីត​សមាជិក​គណៈកម្មការ​បុណ្យសព​លោក កែម ឡី ធ្លាប់បាន​លើកឡើងថា គណៈកម្មការ​បុណ្យ បានត្រឹមតែ​ជួយ​ផ្នែក​បច្ចេកទេស និង​សកម្មភាព​ទូទៅ មិនមាន​តួនាទី​កាន់​លុយ​បុណ្យ​នោះទេ ហើយ​រាល់​បច្ច័យ​ទាំងអស់​ត្រូវ​កាន់កាប់​ដោយ​ម្ចាស់ដើមបុណ្យ និង​បញ្ចូល​ផ្ទាល់​ទៅកាន់​គណនេយ្យ​ធនាគារ​របស់​ភរិយា​នៃ​សព​លោក កែម ឡី​។​​ចំណែក អ្នកស្រី ប៊ូ រចនា ភរិយា លោក បណ្ឌិត កែម ឡី ក៏​ធ្លាប់​បញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ពុំមាន​ការបាត់​លុយ​បច្ច័យ​បុណ្យ​ដូច​ការចោទប្រកាន់​នោះទេ​៕​

សុខភាព/បុរស/ស្ត្រី