• Flexa

គ​.​ជ​.​ប ៖ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥០៧,៤៣៨​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​អ្នក​ត្រូវ​លុបឈ្មោះ​ចោល​មាន​ចំនួន​ជាង​១.៧​ម៉ឺន​នាក់ និង​អ្នក​សុំ​កែតម្រូវ​ឈ្មោះ​មាន​ចំនួន​ជាង​៥​ពាន់​នាក់​

1 ខែ កន្លងទៅ ណូ​រ៉ា

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ធានា​អះអាង​កាលពី​ថ្ងៃទី​៧​វិច្ឆិកា​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល គ​.​ជ​.​ប បានរៀបចំ​ទាំង​ឆ្នាំ​២០១៦ និង​២០១៧​នេះ គ​.​ជ​.​ប ធានាថា មិនមាន​ឈ្មោះ​ស្ទួន ឬ​ស្នាម​ក្រយៅដៃ​ផ្សេងគ្នា​នោះទេ​។​លោក ពន្យល់ថា «​អ្វី​គ្រប់យ៉ាង​គឺធ្វើឡើង​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំងអស់ ដូច្នេះ​វា​ហួសពេល​ក្នុងការ​ចោទប្រកាន់​ហើយ តែបើ​មាន​បុគ្គ​ណា​ម្នា​ក់មាន​ភស្តុតាង​ត្រឹមត្រូវ​ច្បាស់លាស់ នោះ​អាចដាក់​ពាក្យបណ្តឹង​ប្តឹង​មក គ​.​ជ​.​ប បាន​»​។​

​លោក ហង្ស ពុទ្ធា បានបង្ហាញ​ជំនឿ​ចិត្ត​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ នឹងធ្វើ​ឲ្យ​ការបោះឆ្នោត ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ល្អប្រសើរ ដែល​អាច​ឲ្យ​គណបក្សនយោបាយ ចូលរួម​ប្រកួតប្រជែង​ជឿទុកចិត្ត​បាន ពិសេស​លុបបំបាត់​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥០៧,៤៣៨​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​អ្នក​ត្រូវ​លុបឈ្មោះ​ចោល​មាន​ចំនួន​ជាង​១.៧​ម៉ឺន​នាក់ និង​អ្នក​សុំ​កែតម្រូវ​ឈ្មោះ​មាន​ចំនួន​ជាង​៥​ពាន់​នាក់​។​

​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​ស្អែក​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ សូម​បងប្អូន​ដែល​គ្រប់​អាយុ​បោះឆ្នោត​, បងប្អូន​ផ្លាស់ប្តូរ​ទីលំនៅ និង​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ហើយ តែ​មិនទាន់​ចុះឈ្មោះ សូម​រួសរាន់​ទៅ​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​សូមជម្រាបថា ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ គឺ​ដើម្បី​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​

សុខភាព/បុរស/ស្ត្រី