• Giloba

ក្តី​ស្រឡាញ់​ជា​រឿង​ធម្មជាតិ​ពុំមាន​នរណា​ហាមឃាត់​ទេ ក៏ប៉ុន្តែ​មិនត្រូវ​ធ្វើ​ខុស​របៀប !

6 ខែ កន្លងទៅ ណូ​រ៉ា

Valentine’s Day ឬ​ទិវា​បុណ្យ​នៃ​សេចក្តីស្រឡាញ់​ធ្វើឡើង​ថ្ងៃទី ១៤ កុម្ភៈ រៀងរាល់ឆ្នាំ​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​ចាត់ទុកជា​ថ្ងៃ​ពិសេស​ជាង​ថ្ងៃ​ណា​ទាំងអស់​ក្នុងការ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ពួកគេ​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់ បងប្អូន និង​មិត្ត​ភិ​ក្តិ​តាមរយៈ​ការជូន​កាដូ​ដូចជា​ស្ករ​សូកូឡា ផ្កា លិខិត​ជូនពរ និង​វត្ថុ​អនុស្សាវរីយ៍​ដទៃទៀត ។​

​យុវវ័យ​មួយចំនួន​បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត ដោយ​ចាត់ទុក​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ថា​ជា​ថ្ងៃ​សម្រាប់​មនុស្ស​គ្រប់គ្នា មិនមែន​សម្រាប់តែ​ដៃគូ​ស្នេហា​ឡើយ​។ ប៉ុន្តែ​សង្គម​ស៊ីវិល​នៅតែ​ព្រួយបារម្ភ​ចំពោះ​យុវជន​ជំនាន់​ថ្មី ដែល​អាច​នឹង​ពុំទាន់​ជ្រួតជ្រាប​ច្បាស់​ពី​បញ្ហា​នេះ​នៅឡើយ នាំ​ឲ្យ​យុវតី​រងគ្រោះ​ដោយ​ការបោកប្រាស់​ឲ្យ​ទទួលយក​ការរួម​ភេទ​មុន​រៀបការ បោះបង់ចោល​ការសិក្សា មាន​វិបត្តិ​ផ្លូវចិត្ត ឬ​អាច​ឈានដល់​ការសម្លាប់​ខ្លួន​ជាដើម​។​

​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​ស្ត្រី​សង្កេតឃើញថា យុវជន​ភាគច្រើន​បាន​យល់ដឹង​ពី​អត្ថន័យ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ប៉ុន្តែ​ពួកគេ​និយម​យក​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​ត្រូវ​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​ដៃគូ​ស្នេហា​ដោយ​ការជូន​ផ្កា ឬ​កាដូ ជួបជុំគ្នា​ទទួលទាន​អាហារ និង​គ្រឿង​ស្រវឹង ហើយ​បបួលគ្នា​ដើរលេង​ជាដើម​។​

​លេខាធិការ​នៃ​បណ្ដាញ​យេនឌ័រ និង​អភិវឌ្ឍន៍ និង​ជា​នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅ​កាត់​ថា ហ្គេ​ត​ស៊ី (GAD/C) អ្នកស្រី រស់ សុភាព មានប្រសាសន៍ថា ឥរិយាបថ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​ព្រួយបារម្ភ​ពី​យុវជន​យុវតី​ដែលមាន​វ័យក្មេង​ខ្ចី​នៅឡើយ​ភ្លើតភ្លើន និង​អាច​ពុំទាន់​ជ្រួតជ្រាប​ពី​ការអប់រំ​ផ្សព្វផ្សាយ​ចំពោះ​ឥរិយាបថ​ខុសឆ្គង​ដែល​នាំ​ឲ្យ​ពួកគាត់​ខូចអនាគត និង​ប្រព្រឹត្ត​ប្រាសចាក​ប្រពៃណី​។​

​អ្នកស្រី​អំពាវនាវ​ឲ្យ​យុវជន​យុវតី​ត្រូវ​ចេះ​វិភាគ និង​គិតពិចារណា​ដោយ​ខ្លួនឯង​ឲ្យ​បានច្បាស់លាស់​ដោយ​ការទទួលខុសត្រូវ​មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ពីព្រោះ​សេចក្ដីសម្រេចចិត្ត​មួយពេល​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​អនាគត​៖ «​មុននឹង​យើង​ដាក់​សេចក្ដីស្រលាញ់​ទៅ​បុរស​ណា​ដែល​យើង​ស្រលាញ់​ត្រូវ​គិតថា បុរស​នោះ​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ទង្វើ​ដែល​គាត់​បាន​ប្រព្រឹត្ត​កុំ​ឲ្យ​ឆាប់​ជឿ​ទៅលើ​ការ​លួងលោម​របស់​បុរស ឬ​មនុស្ស​ប្រុស​ដែល​ប្រើពាក្យ​លួងលោម​ដោយ​យក​ឱកាស​នេះ​មក​ដាក់​សម្ពាធ​ទៅលើ​ការសម្រេចចិត្ត​របស់ខ្លួន បើសិន​ថា​ខ្លួន​យល់ថា មិនទាន់មាន​សមត្ថភាព​ក្នុងការ​ទទួលខុសត្រូវ​នូវ​ការសម្រេចចិត្ត​ដែល​ព្រម​ស្រលាញ់ ឬក៏​ព្រម​រួមភេទ​នៅពេលនេះ​ទេ យើង​អាច​មិន​ទទួលយក​អ្វីដែល​បុរស​សំណូមពរ​មក​យើង ឬ​ដាក់​សម្ពាធមក​យើង​»​។​

​ថ្ងៃទី​១៤ ខែ កុម្ភៈ ជា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ដែល​សង្គម​ខ្មែរ​ធ្លាប់​យល់ច្រឡំ​ថា ជា​ថ្ងៃបុណ្យ​សង្សារ​។ ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ភាគី​ពាក់ព័ន្ធ​ចាត់ទុក​វេលា​នេះ​ថា មាន​ហានិភ័យ​ខ្ពស់​សម្រាប់​យុវជន ជាពិសេស​យុវតី ប្រសិនបើ​ពួកគេ​មិនបាន​ពិចារណា​អោយបាន​គ្រប់​ជ្រុងជ្រោយ​ជាមុន ឬ​មិនបាន​យល់​អត្ថន័យ​ពិត​នៃ​ពិធីបុណ្យ​នេះ​។​

​បើទោះជា​យ៉ាងណា​គិត​មកដល់ពេលនេះ ទស្សន​របស់​យុវជន​ចំពោះ​ថ្ងៃទី​១៤ ខែកុម្ភៈ បាន​ផ្លាស់ប្ដូរ​ច្រើន​។ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅតែមាន​បើ​ការអប់រំ ផ្សព្វផ្សាយ​អោយ​យល់ដឹង​ពី​បញ្ហា​នេះ​មិនបាន​ពេញលេញ​ដល់​យុវជន​ជំនាន់​ថ្មី​។​

​ថ្មីៗ​នេះដែរ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា នៅ​អំឡុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​១៤​កុម្ភៈ នា​ឆ្នាំ​២០១៨​នេះ យុវជន​នៅ​ភ្នំពេញ​ហាក់​មានការ​យល់ដឹង​ច្រើន ដោយ​មិនឃើញ​មាន​សកម្មភាព​ពពាក់ពពូន ភ្លើតភ្លើន ដូច​បណ្ដា​ឆ្នាំកន្លងមក​នោះឡើយ​។​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤​កុម្ភៈ​ថា "​យើង​ឃើញថា ចរាចរណ៍​លក់​ផ្កា​ឆ្នាំនេះ មិនសូវ​ជា​ដាច់​ទេ ដោយ​ពួកគេ​បាន​ប្ដូរ​គ្នា​មកជា​ការ​ជូនពរ​គ្នា ដោយផ្ទាល់​មាត់ និង​គាត់​មិនសូវ​ឆ្វៀលឆ្វាត់ ដូច​ឆ្នាំ​កន្លងទៅ​"​។ លោក​អភិបាល​បន្តថា ការយល់ដឹង​ច្រើន ពី​បុណ្យ​នៃ​ក្តី​ស្រឡាញ់ បានមកពី​ការជួយ​អប់រំ ផ្សព្វផ្សាយ ពី​ក្រសួង​អប់រំ​យុវជន ក្រសួង​វប្បធម៌ អាជ្ញាធរ​គ្រប់ផ្នែក ពិសេស​ក្រុមគ្រួសារ និង​អាណាព្យាបាល​។​

​គួរ​បញ្ជាក់ដែរថា ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់ ១៤ ខែកុម្ភៈ ជាការ​កំណត់​របស់​ម​នុស្ស​មួយចំនួន ជាពិសេស​គ្រិស្ត​សាសនិក​។ នៅក្នុង​ប្រតិ​ទិននៃ​ពិធីបុណ្យ​ក្នុង​សាសនា​គ្រិស្ត​ថ្ងៃទី​១៤ ខែកុម្ភៈ គឺជា​ទិវា វ៉ាឡង់​ទីន ឬ​វ៉ា​ឡិន​ថា​ញ ដេ​យ៍ (Valentine’s Day) ដែល​ឧទ្ទិស​បូជា​សេចក្ដីស្រឡាញ់​ដល់​បព្វជិត សេន វ៉ា​ឡិន​ថា​ញ (Saint Valentines)​។ បព្វជិត សេន វ៉ា​ឡិន​ថា​ញ ជា​បព្វជិត​ដ៏​ល្បីឈ្មោះ​ម្នាក់ ជា​ជនជាតិ​រ៉ូ​ម៉ាំង ដែល​បាន​បម្រើ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង​ទី​២ ឈ្មោះ ខ្លូត​ឌៀ​ស (Claudius) នៅក្នុង​សតវត្ស​ទី​៣​។ ព្រះ​ចៅ​អធិរាជ ខ្លូត​ឌៀ​ស បាន​ឈ្វេង​យល់ឃើញថា ទាហាន​ដែល​ពូកែ​ច្បាំង​គឺជា​ទាហាន​ដែល​នៅ​លីវ​មិនទាន់​រៀបការ ដោយ​លោក​បានចេញ​ច្បាប់​ហាមប្រាម​មិនអោយ​យុវវ័យ​រៀបការ​ដោយ​តម្រូវអោយ​ពួកគេ​ចូល​បម្រើកងទ័ព​សិន នៅពេល​ប្រទេសជាតិ​ត្រូវការ​។ បព្វជិត វ៉ា​ឡិន​ថា​ញ យល់ថា ច្បាប់​នេះ​មាន​ភាពអយុត្តិធម៌​ចំពោះ​មនុស្ស ហើយក៏​មិន​គោរព​តាម ដោយបាន​បន្ត​រៀបចំ​ពិធី​ផ្សំផ្គុំ​ប្រោះព្រំ​រៀបការ​អោយ​បុរស​នារី​ក្មេងៗ​។ អធិរាជ ខ្លូត​ឌៀ​ស ជ្រាប​អំពី​ទង្វើ​បព្វជិត វ៉ា​ឡិន​ថា​ញ ក៏បាន​ចាប់​បព្វជិត វ៉ា​ឡិន​ថា​ញ ទៅ​ដាក់គុក​អស់​មួយជីវិត​។​

​ឯកសារ​ផ្សេងទៀត​សរសេរថា លោក វ៉ា​ឡិន​ថា​ញ អាច​ត្រូវបាន​សម្លាប់ នៅ​ថ្ងៃទី​១៤ កុម្ភៈ ដោយសារតែ​ការប៉ុនប៉ង​ជួយ​គ្រិស្ត​សាសនិក រត់គេច​ចេញពី​ពន្ធនាគារ​ក្នុង​យុគសម័យ​រ៉ូម ដ៏​សាហាវ ជាទី​ដែល​ត្រូវ​វាយ​ធ្វើ​ទារុណកម្ម​។ បន្ទាប់មក មនុស្សម្នា​ជាច្រើន​បាន​កោតសរសើរ​ដល់​សេចក្ដីក្លាហាន​របស់លោក វ៉ា​ឡិន​ថា​ញ នេះ ដែល​ហ៊ាន​ប្រឆាំងនឹង​រាជបញ្ជា​របស់​ព្រះ​ចៅ​អធិរាជ ខ្លូត​ឌៀ​ស ដើម្បី​ជួយ​អោយ​គូស្នេហ៍​វ័យក្មេង​បាន​ស្រឡាញ់គ្នា​។ តាំងពី​ពេលនោះ​មក ថ្ងៃ​១៤ កុម្ភៈ ត្រូវបាន​គេ​ឧទ្ទិស​បូជា​សម្រាប់​សេចក្ដីស្រឡាញ់​។ មិនយូរប៉ុន្មាន​ថ្ងៃនោះ​ត្រូវបាន​មនុស្ស​ទូទៅ​នាំគ្នា​ផ្ញើ​សារ​នៃ​សេចក្ដីស្រឡាញ់​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​លោក វ៉ា​ឡិន​ថា​ញ បាន​ក្លាយជា​និមិត្តរូប​នៃ​សេចក្ដីស្រឡាញ់​សម្រាប់​គូស្នេហ៍​បង្ហាញ​សេចក្ដីស្រឡាញ់​ទៅកាន់​អ្នកជា​ទីស្រឡាញ់ មិត្ត​ភ័ក្ដិ ដោយ​ផ្ញើ​ពាក្យកាព្យ ជូន​កាដូ ផ្កា និង​វត្ថុ​ផ្សេងៗ​ឲ្យ​គ្នា​ជាដើម​។​​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...