• Flexa
  • Default ខាងលើក្រោមមេនុយ

តើ​ការប៉ះទង្គិច​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​ខេត្តក្រចេះ តាមពិត​មានរឿង​រ៉ាវ​យ៉ាងណា​? ប្រភព​ខ្លះ​ថា​មាន​អ្នកស្លាប់ និង​របួស ខ្លះ​ថា​អត់ !?

1 ខែ កន្លងទៅ វុត្ថា

​បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​ពី​ការប៉ះទង្គិច​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​អ្នក​តវ៉ា​បញ្ហាដីធ្លី​នៅ​ខេត្តក្រចេះ នៅតែ​មិនទាន់​ច្បាស់​លើ​ចំនួន​អ្នកស្លាប់​និង​របួស ខណៈ​សារព័ត៌មាន​ក៏បាន​ផ្សាយ​ខុសៗ​គ្នា ដោយ​យោងតាម​ប្រភព​ដែល​ទទួលបាន​រៀងៗ​ខ្លួន​។​

​ការប៉ះទង្គិច​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​៨ ខែមីនា​នេះ បន្ទាប់ពី​ពលរដ្ឋ​ភូមិ​១៩៦ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​បាន​បិទផ្លូវ​តវ៉ា រហូតដល់​ផ្ទុះ​ហិង្សា ប្រទាំង​ប្រទើស​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ដែល​ក្នុងនោះ​ក៏មាន​ការផ្ទុះអាវុធ​ផងដែរ​។​

​ដោយឡែក​បើ​យោងតាម​អាជ្ញាធរ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បដិសេធថា ពុំមាន​មនុស្ស​ស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​ក្នុង​ការតវ៉ា​រឿង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​នៅ​ថ្ងៃទី ៨ ខែមីនា​នេះ​ទេ​។​

​លោក គៀត ច័​ន្ធ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា ៖«​តាម​របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន ពី​ស្នងការ​ខេត្តក្រចេះ ព្រឹក​មិញ គឺមាន​ប្រតិបត្តិ​ការណ៍​មួយ​ដឹកនាំ​ដោយ​អភិបាលរង និង​ព្រះរាជអាជ្ញារង​ខេត្ត ចុះទៅ​ជួយ​ការពារ​ការកាយ​ដី​ធ្វើ​ព្រំ របស់​ក្រុមហ៊ុន​មេមត់​។ នៅពេលដែល​ពួកគាត់ ចុះទៅ ក៏មាន​ប្រជាពលរដ្ឋ ២០០ ទៅ ៣០០ នាក់​តវ៉ា​សុំ​ឲ្យ​ផ្អាក ហើយក៏​មានការ​សម្របសម្រួល​រវាង​ព្រះ​អាជ្ញា អភិបាលរង​ខេត្ត និង​ប្រជាពលរដ្ឋ តែ​ខាង​ប្រជាពលរដ្ឋ លោក​មិន​ព្រម​»​។ លោក​បន្តថា ក្រោយមក​ប្រហែល​ម៉ោង ១១ ថ្ងៃត្រង់ ប្រជាពលរដ្ឋ​បាន​បិទផ្លូវ​ប្រហែល ២ ម៉ោងជាង ដូច្នេះ​ក្រុម​ប្រតិបត្តិ​ការណ៍​ព្យាយាម​សម្របសម្រួល​ពលរដ្ឋ​ប៉ុន្តែ​ប្រជាពលរដ្ឋ មិន​ព្រម​។ «​ហើយ​ចុងក្រោយ ពួកគាត់​ហាក់ដូច​មាន​សកម្មភាព ដូចជា​មានកាំបិត ពូថៅ គ្រោង​នឹងធ្វើ​អំពើហិង្សា នឹង​ដុត​គ្រឿងចក្រ ហើយ​ដើម្បី​ទប់ស្កាត់​អំពើ​អស់ហ្នឹង​ក៏មាន​ការផ្ទុះអាវុធ​ឡើងលើ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​អំពើហិង្សា​»​។​

​លោក​បញ្ជាក់ថា​៖«​បន្ទាប់ពី​ផ្ទុះអាវុធ​ប៉ុន្មាន​គ្រាប់ យើង​មិនបាន​ដឹងថា ប៉ុន្មាន​គ្រាប់​ដែរ​។ ការផ្ទុះអាវុធ​មួយចំនួន ប្រជាពលរដ្ឋ​ក៏បាន​រំសាយ​ទៅ ប៉ុន្តែ​មិនដឹងថា អាវុធ​វា​យ៉ាងម៉េច វា​ផ្លាត​ត្រូវរបួស​ប្រជាពលរដ្ឋ​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់​។ ហើយ​តាម​របាយការណ៍​គឺថា របួសស្រាល​ហើយ​ប្រហែលជា​ត្រូវ​ដៃ​ឬ​ជើង​»​។​

​ចំណែក លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល បាន​ថ្លែងថា មុនពេល​ប៉ះទង្គិច​នេះ អាជ្ញាធរ​បាន​ចុះ​ចរចា និង​សម្របសម្រួល​ចំនួន ២ លើក​មកហើយ ប៉ុន្ដែ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ មិន​យល់ព្រម​តាម​យោបល់​របស់​អាជ្ញាធរ​ទេ​។

​លោក​បន្តថា​៖«​យើង​ជួបប្រជុំ​ជាមួយ​ពួកគាត់ ប៉ុន្ដែ​គាត់​មិនបាន​យល់ព្រម ហើយក៏​មានការ​បិទផ្លូវ ដែល​ធ្វើ​ឲ្យ​ប៉ះទង្គិច​គ្នា​នេះ បណ្ដាល​ឲ្យ​សមត្ថកិច្ច​រង​របួល​ស្រាល ៧ នាក់ ហើយ​ពលរដ្ឋ​របួសស្រាល​ពីរ​នាក់​ដែរ តែ​អត់​មាន​ស្លាប់​ទេ ហើយក៏​ត្រូវបាន​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​អស់ហើយ​ដែរ​»​។

​តែ​យ៉ាងណាមិញ​បើ​យោងតាម​កាសែត​ភ្នំពេញ​បុ​ស្តិ៍ វិទ្យុ​អាស៊ីសេរី និង​សារព័ត៌មាន​VOD បាន​ផ្សាយ​ពី​ព្រឹត្តិការណ៍​នោះ​ថា ពលរដ្ឋ​៦​នាក់​បាន​ស្លាប់ និង​ប្រមាណ​៤០​នាក់​បាន​រងរបួស ប៉ុន្តែ​សារព័ត៌មាន​ហ្វ្រេស​ញូ​វ បាន​ផ្សាយ​ថា​គ្មាន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​នោះឡើយ​។​

​បើ​យោងទៅលើ​ប្រភព ដែល​រាយការណ៍​ថា មាន​អ្នកស្លាប់ គឺជា​ប្រភពពី​ពលរដ្ឋ និង​មន្ត្រី​អ្នក​អង្កេត​ការណ៍​សិទ្ធមនុស្ស​អាដហុក​។ យ៉ាងណាក៏ដោយ​ព័ត៌មាន​ចុងក្រោយ បាន​ឲ្យ​ដឹងថា លោក ប៊ី វ​ណ្ណី មន្ត្រី​សមាគម​អាដហុក​ប្រចាំ​ខេត្តក្រចេះ បាន​បដិសេធ​ចំពោះ​ការដកស្រង់​សំដី​របស់លោក យកទៅ​ចុះផ្សាយ ពី​សំណាក់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។ អ្វីដែល​លោក​បាន​និយាយប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ គឺ​លោក​គ្រាន់តែ​ទទួល​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ប៉ុន្តែ​កាសែត​នេះ​បាន​ចុះផ្សាយ​ថា លោក​ជា​អ្នក​និយាយថា មាន​អ្នកស្លាប់​ទៅវិញ​។​

​ដោយឡែក​សារព័ត៌មាន​ហ្វ្រេស​ញ៉ូ​វ​វិញ បាន​ផ្សាយ​ថា​គ្មាន​អ្នកស្លាប់ តែ​ទទួលស្គាល់ថា​មានការ​ផ្ទុះអាវុធ ដោយ​យោងទៅលើ​ប្រភពពី​អាជ្ញាធរ​ដែល​នៅ​ទីនោះ និង​យោងទៅលើ​ប្រភពពី​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល​។ លោក គង់ គឹម​នី បាន​ឲ្យ​ដឹងថា​គ្មានទេ​អ្នកស្លាប់ តែមាន​អ្នករបួស គឺ​ពលរដ្ឋ​២​នាក់ និង​អាជ្ញាធរ​៧​នាក់ ហើយ​មាន​ពលរដ្ឋ​៧​នាក់ ត្រូវបាន​ឃាត់ខ្លួន​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...