• Giloba

អ្នកក្លាហាន​ខុស​របៀប បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នឹង​បញ្ហា​អសន្តិសុខ​ដល់ សង្គម !

3 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​កន្លងទៅ​មាន​ហេតុការណ៍​ដ៏​សែន​តក់ស្លុត​មួយ ដោយ​បុរស​ម្នាក់​ដែល​ត្រូវបាន ប្រជាពលរដ្ឋ​វាយ​ស្ទើរតែ​បាត់បង់​ជីវិត ដោយសារតែមានការចោទប្រកាន់​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​រះ​តាម​ដងផ្លូវ ចាប់ពី​ម្តុំ​ទួល​សង្កែ រហូតដល់​ពេទ្យ​លោកសង្ឃ កាលពី​រសៀល​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៨​។​

ជនរងគ្រោះ​រូបនេះ មានឈ្មោះ​បណ្ឌិត ស៊ុយ សារ៉េត ជា សាស្ត្រាចារ្យ​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។ សមត្ថកិច្ច​បញ្ជាក់ថា លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​

​ថ្មីៗ​នេះ​មេធាវី​តំណាង​ឲ្យ​អាណត្តិ​របស់ លោក ស៊ុយ សារ៉េត សាស្ត្រាចារ្យ​មហាវិទ្យាល័យ និង​កូនស្រី បានដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៣ មីនា​នេះ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជន​មួយក្រុម ដែល​បង្ក​អំពើហិង្សា កាលពី​ថ្ងៃទី ១១ មីនា​។ នៅក្នុង​ពាក្យបណ្តឹង ជនរងគ្រោះ​បានទាមទារ​សំណង​ជា​ប្រា​ក់ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។

​កម្មវត្ថុ​នៃ​ពាក្យបណ្តឹង​នេះ គឺ​ប្តឹង​ក្រុម​ជនបង្ក​មួយក្រុម ប៉ុន្តែ​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​របស់​ជន​ដែល​ត្រូវ​ចោទប្រកាន់​នោះទេ ខណៈដែល​អាជ្ញាធរ​បាន​អះអាងថា គេ​បានកំណត់​មុខសញ្ញា​ជនបង្ក​បាន​ខ្លះៗ​ហើយ​។ ពាក្យបណ្តឹង​នេះ បានដាក់​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១៣ មីនា នេះ តាមរយៈ​មេធាវី​លោក ឈី សម្បត្តិ ដែល​ទទួល​អាណត្តិ​ពី​កូនស្រី​របស់លោក ស៊ុយ សារ៉េត គឺ​កញ្ញា សារ៉េត សុ​ផា​ធិ​តា​ពេជ្រ​។​

​បើ​យោងតាម​ពាក្យបណ្តឹង​នេះ មេធាវី​តំណាង​អាណត្តិ បានទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​អំពី​សាវតា​របស់​ក្រុម​ជនបង្ក ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់ ឲ្យ​មក​ទទួលខុសត្រូវ​ស្របតាម​ច្បាប់ព្រហ្មទណ្ឌរ​បស់​កម្ពុជា និង​ទាមទារ​សំណង​ជួសជុល​ការខូចខាត ថ្លៃ​ថ្នាំ​ព្យាបាល ការខាតបង់​ពេលវេលា និង​សំណង​ជំងឺ​ចិត្ត ដែល​សរុប​ជា​ប្រាក់​ប្រមាណ​ជា​១​ពាន់​២​រយ​លាន​រៀល ឬ​ប្រហាក់​ប្រហែលជា​៣០​ម៉ឺន​ដុល្លារ​អាមេរិក​។ តាមរយៈ​ពាក្យបណ្តឹង​ដដែល​នេះ មេធាវី​តំណាង​របស់​ជនរងគ្រោះ​បាន​រៀបរាប់ថា ពេល​ជន​ជនរងគ្រោះ​ឈ្មោះ ស៊ុយ សារ៉េត កំពុង​បើកបរ​រថយន្ត​កាលពី​រសៀល​ថ្ងៃទី ១១​មីនា ស្រាប់​តែមាន​បុរស​ម្នាក់ ដែល​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ខ្លាំង បាន​ដួល​ម៉ូតូ​ក្បែរ​រថយន្ត​របស់គាត់ ហើយ​ពេលនោះ ក៏មាន​ក្រុម​ជនបង្ក​មួយក្រុម នាំគ្នា​ស្រែក​ឆោ​រ​ឡោ រួច​បើក​ដេញតាម និង​បង្ក​ជា​អំពើហិង្សា​ធ្ងន់ធ្ងរ​ទៅលើ​ជនរងគ្រោះ ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​របួសធ្ងន់​ស្ទើ​បាត់​បង់ជីវិត​។ ជាងនេះទៅទៀត រថយន្ត​របស់​ជនរ​ង​គ្រោះ ក៏ត្រូវ​បាន​រង​ការខូចខាត​ទាំងស្រុង ខណៈ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ដូចជា ទូរ​សព្ទ​ដៃ និង​កាបូប​លុយ​ដែលមាន​ប្រាក់​ជិត​៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ក៏បាន​បាត់បង់​ទៅ​ដែរ​។​

​គួរ​បញ្ជាក់ដែរថា ថ្មីៗ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​សាធារណជន ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​ច្បាប់ និង​ប្រព្រឹត្ត​នូវ​អំពើ​ល្អ សូម​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​ការប្រើ​អំពើហិង្សា ទៅលើ​អ្នកបើកបរ និង​យានយន្ដ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ចូលរួម​ចាប់​ឃាត់ និង​ប្រគល់ជូន​សមត្ថកិច្ច ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។​

​បើតាម​សេចក្ដីអំពាវនាវ​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​ប្រតិបត្តិ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ច្បាប់​ស្ដីពី​ការប្រើប្រាស់​ផ្លូវថ្នល់ និង​ក្រមព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ទទួលខុសត្រូវ​ចំពោះ​អំពើ​ខុសច្បាប់ ដែល​ខ្លួន​បាន​ប្រព្រឹត្ត ក្នុង​ពេលធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​សាធារណៈ​។​

​ការអំពាវនាវ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មើលឃើញថា​ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ករណី​ប្រើ​អំពើហិង្សា ការ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ទៅលើ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​០២​ករណី ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ បង្ក​ឲ្យ​អ្នកបើករថយន្ដ​ចំនួន​០២​នាក់ បានទទួល​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា សកម្មភាព​ទាំងអស់នេះ បានធ្វើ​ឲ្យ​ប្រាស់ចាក​អំពី​ការ​អនុវត្ដ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​ប្រាសចាក​ពី​សីលធម៌​សង្គម ទាំង​ជនបង្ក​គ្រោះថ្នាក់ និង​ជន​ដែល​ប្រើ​អំពើហិង្សា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ប្រពៃណី​ថ្លៃថ្នូរ ក្នុង​ការគោរព​ប្រតិបត្តិ​ច្បាប់ និង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...