• Giloba

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ៖.... ខ្ញុំ​អត់​មាន​លុយ​ដាក់​នៅ​ធនាគារ​ផង កុំថាឡើយ​អាមេរិក នៅ​ស្រុក​ខ្មែរ​ក៏​អត់​មាន​ផង​.....​ខ្ញុំ​ធ្វើជា​កងទ័ព​មួយជីវិត ធ្វើ​ការងារ​ការពារ​ស​ន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ

3 ថ្ងៃ កន្លងទៅ ណូ​រ៉ា

​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស ៤ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​កាលពី​ថ្ងៃ​ទី ១២ មិថុនា ដោយ​បិទ​ទិដ្ឋាការ​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​ដោយ​ចោទថា​មន្ត្រី​យោធា​ជាន់ខ្ពស់​រូបនេះ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅលើ​ប្រជាជន​កម្ពុជា និង​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ជាច្រើនលើក​ទៅលើ​ជនរងគ្រោះ​ជាច្រើន​ក្នុងនោះ​មាន​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ដែរ​។​

​ភ្លាមៗ​នោះ ខុទ្ទកាល័យ​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ជាបន្ទាន់​មួយ ដោយ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​ចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក ដែល​ដាក់ទណ្ឌកម្ម លើ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ជាមួយគ្នានេះ ក្រសួងការពារជាតិ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន បាន​សម្ដែង​ការសោកស្ដាយ ច្រានចោល និង​ថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​ទង្វើ​ដ៏​គគ្លើន​របស់​ក្រសួង​រតនាគារ​នៃ​សហរដ្ឋអាមេរិក ដែល​បាន សម្រេច​ដាក់ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​ក្រសួងការពារជាតិ​សង្កត់ធ្ងន់ថា​៖ «​ការសម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​មកលើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​បែបនេះ​គឺជា​ការរំលោភ​ដល់​ច្បាប់​កម្ពុជា​ដែលជា​រដ្ឋ​អធិបតេយ្យ​យ៉ាង​អយុត្តិធម៌​បំផុត ហើយ​គ្មាន​ភ័ស្តុតាង​អ្វី​ទាំងអស់​។ ការដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​នេះ​គឺជា​ការសម្រេច​ដ៏​ល្ងង់ខ្លៅ ធ្វើឡើង​ដោយ​ទំនើងចិត្ត​សហរដ្ឋអាមេរិក​ដែល​កម្ពុជា​មិនអាច​ទទួលស្គាល់​បានឡើយ​។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​សូម​អំពាវនាវ​ដល់​សហ​រដ្ឋ​អាមេរិក​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការដាក់ទណ្ឌកម្ម​មកលើ​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា ដោយ​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​បែបនេះ​»​។​

​ជាមួយគ្នានេះ​ក្រសួងការបរទេស​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដែរ​ថា​៖ «​រឿងរ៉ាវ​ដ៏​អយុត្តិធម៌​ជាក់ស្តែង​បំផុត​នោះ​គឺ​នៅពេលដែល​អតីត​រដ្ឋបាល​អាមេរិក​ដឹកនាំ​បង្កើត​សម្ព័ន្ធ​គាំទ្រ​របប​ខ្មែរក្រហម​ដែល​គ្រប់គ្រង​ប្រទេស​ដោយ​រំលោភសិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ពេញទំហឹង​ឲ្យ​កាន់កាប់​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ និង​ដាក់ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​រយៈពេល ១២ ឆ្នាំ​ប្រឆាំងនឹង​ប្រជាជាតិ​មួយ​ដែល​រង​ការបំផ្លាញ​ដោយ​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ច្រើនជាង ២ លាន​តោន​»​។​

​ដោយឡែក​យោងតាម​ការផ្តល់​បទ​ស​ម្ភា​ស​ន៏​ជាមួយ​អ្នកសារព័ត៌មាន នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង​លោក​មិនមាន​ការបារម្ភ​អ្វី​ទេ ពីព្រោះ​លោក​មិនមាន​លុយ​ដាក់​នៅ​ធនាគារ​ទេ​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សង្កត់ធ្ងន់ថា​៖ "​ខ្ញុំ​អត់​មាន​លុយ​ដាក់​នៅ​ធនាគារ​ផង កុំថាឡើយ​អាមេរិក នៅ​ស្រុក​ខ្មែរ​ក៏​អត់​មាន​ផង ហើយ​ខ្ញុំ​ក៏​អត់​មាន​ក្រុមហ៊ុន​អី​រកស៊ី​នឹង​គេ​ដែរ ទៅ​ខ្វល់​អី ពីព្រោះ​ខ្ញុំ​អត់​មាន​លុយ​ផង សូម​ឆែក​មើល​ធនាគារ​នៅក្នុង​ស្រុក មិនចាំបាច់​ដល់​អាមេរិក​ទេ​"​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្វើជា​កងទ័ព​មួយជីវិត ធ្វើ​ការងារ​ការពារ​ស​ន្តិ​សុខ​ជូន​ប្រជាពលរដ្ឋ អធិបតេយ្យភាព ការពារ​ទឹកដី និង​អនុវត្តតាម​ច្បាប់រដ្ឋធម្មនុញ្ញ និង​ដើរ​តាម​បន្ទាត់​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ ខ្ញុំ​មិនបាន​ធ្វើ​អ្វី​លើសពី​ហ្នឹង​ទេ គ្រាន់តែ​ចូលរួម​រក្សា​ការពារ និង​រក្សា​សន្តិសុខ ហើយ​បើ​គាត់​យល់ថា ការគាបសង្កត់​នេះ​ត្រឹមត្រូវ វា​ជា​រឿង​របស់​សហរដ្ឋអាមេរិក ខ្ញុំ​មិន​តវ៉ា​ទេ​ឲ្យ​គាត់​យល់​ខ្លួន​គាត់​ទៅ ខ្ញុំ​មិនបាន​ធ្វើ​អ្វីដែល​ផ្ទុយ​អំពី​ច្បាប់​ផង​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...