• Giloba

ក្រសួង​ព័ត៌មាន មាន​ចំណាត់ការ​លើ​ព័ត៌មាន​ក្លែងក្លាយ នឹង​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​៥ កក្កដា នេះ​តទៅ​!

2 សប្ដាហ៍ កន្លងទៅ សម្បត្តិ

​កាលពីពេល​កន្លងទៅ ក្រសួង​ចំនួន​៣​បានចេញ​ប្រកាស​រួមគ្នា​មួយ ស្ដីពី​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​អះអាងថា នឹង​ចាត់វិធានការ​លើ​បុគ្គល ឬ​ស្ថាប័ន​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ មានបំណង​ធ្វើ​ឲ្យ​សាធារណជន​ភាន់ច្រឡំ និង​បំពុលសង្គម​។​

​ជុំវិញ​បញ្ហា​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ បាន​និយាយថា ក្រុមការងារ​អន្តរក្រសួង នឹង​ត្រួតពិនិត្យ​លើ​ការផ្សព្វផ្សាយ​នានា របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​ស្ថាប័ន​សារព័ត៌មាន ដែល​ផ្សព្វផ្សាយ​រាល់​ទម្រង់​អត្ថបទ ដល់​សាធារណៈជន​។​

​លោក​បាន​ថ្លែង​បន្តទៀតថា ក្នុងឱកាស​ផ្សព្វផ្សាយ​សេចក្តីប្រកាស​របស់​អន្តរក្រសួង​ថា ចាប់ពី​ថ្ងៃទី​៥ ខែកក្កដា តទៅ​ក្រសួង​នឹងមាន​វិធានការ​ខ្លះៗ​ហើយ តាមរយៈ​ការអនុវត្ត​ប្រកាស​របស់​អន្តរក្រសួង ទៅលើ​អ្នក​ចែកចាយ​ព័ត៌មាន​មិន​ពិត និង​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ បើតាម​លោក ផុស សុវណ្ណ ក្រសួង​ព័ត៌មាន​បាន​ប្រុងប្រៀប​យូរណាស់​មកហើយ ប៉ុន្តែ​ចង់ទុក​ឱកាស ដើម្បី​សិក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ថា​តើ​ព័ត៌មាន​ប្រភេទ​ណា និង​កម្រិតណា ដែល​ក្រសួង​គួរ​ចាត់វិធានការ ឬ​មិនគួរ​?

​លោក ផុស សុវណ្ណ បញ្ជាក់​ជាថ្មី​ថា សេចក្តីប្រកាស​របស់​អន្តរក្រសួង​មិនមាន​ចេតនា​ណាមួយ​រឹតបន្តឹង​ចំពោះ​អ្នក ដែលមាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​នោះទេ ព្រោះ​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធានា​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។

​ក្រោយពី​សង្កេតឃើញ​ពលរដ្ឋ​ភាគច្រើន កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ចែករំលែក​ព័ត៌មាន​មិន​ពិត ដែល​នាំ​ឲ្យ​មានការ​យល់ច្រឡំ​ពី​ស្ថានភាព​សង្គម​នោះ អន្តរក្រសួង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ ដោយ​ប្រាប់​ឲ្យ​អ្នកប្រើប្រាស់​ទាំងនោះ មានការ​ប្រុងប្រយ័ត្ន​មុននឹង​ផ្សព្វផ្សាយ​។ បញ្ហា​ដែល​ក្រុមការងារ​អន្តរក្រសួង មើលឃើញ​នោះ គឺ​ពលរដ្ឋ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ទូលំទូលាយ ដោយ​ការប្រើប្រាស់​ជា​វេទិកា​បញ្ចេញមតិ វាយប្រហារ​គ្នា​ទៅវិញទៅមក យ៉ាង​អនាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​នៅក្នុង​សង្គម​។ ក្រៅពី​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​វេទិកា​វាយប្រហារ​គ្នា​ហើយ ការចែករំលែក​ព័ត៌មាន​មិន​ពិត និង​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្រុមការងារ​អន្តរក្រសួង​នេះ មាន​ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ។ ការបង្កើត​ក្រុមការងារ​អន្តរក្រសួង​នេះ ក្នុង​គោលបំណង​គ្រប់គ្រង និង​ទប់ស្កាត់​រាល់​ការផ្សព្វផ្សាយ ឬ​ការ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វិ​ដេ​អូ និង​ទម្រង់​ផ្សេងទៀត ដែលមាន​ចេតនា បង្កចលាចល​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ជាដើម​។ ក្រុមការងារ​អន្តរក្រសួង នឹងត្រូវ​ទទួល​ភារកិច្ច​លើ​ផ្នែក​នីមួយៗ នៅក្នុង​កិច្ចការ​ប្រឆាំង​ព័ត៌មាន​មិន​ពិត​នេះ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...