• Flexa
  • Default ខាងលើក្រោមមេនុយ

ប្រធានាធិបតី​កូរ៉េខាងត្បូង Jae-in ៖ សហរដ្ឋអាមេរិក គួរ​ឈប់​លេងល្បែង​ឆ្មារ​ចាប់​កណ្តុរ​បន្តទៀត​ទៅ ព្រោះ​ពេលនេះ​កូរ៉េខាងត្បូង​កំពុងស្ថិត​នៅក្នុង​ភាព​ប្រកាសអាសន្ន​

2 ខែ កន្លងទៅ ណូ​រ៉ា

​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in មានប្រតិកម្ម​ចំពោះ​ការនិយាយ​ច្រើនជាង​មុន​អំពី​ជម្លោះ​ស្តីពី​ការគំរាមកំហែង​ខាង​បរមាណូ​របស់​ប្រទេស​កូរ៉េខាងជើង ហើយ​ជាពិសេស​អំពី​ការ​ថ្លែង​របស់​ប្រធានាធិបតី​ស​.​រ​.​អា​. Donald Trump ដែលថា នឹងធ្វើ​ការតបត​ខាង​យោធា​ដោយ​ធ្វើការ​វាយប្រហារ​សន្ធប់​ខ្លាំងក្លា​។ ជាមួយគ្នា​នោះ​លោក Jae-in ក៏បាន​ព្រមាន​ដល់​សហរដ្ឋអាមេរិក គួរ​ឈប់​លេងល្បែង​ឆ្មារ​ចាប់​កណ្តុរ​បន្តទៀត​ទៅ ព្រោះ​ពេលនេះ​កូរ៉េខាងត្បូង​កំពុងស្ថិត​នៅក្នុង​ភាព​ប្រកាសអាសន្ន ។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ កងទ័ព​របស់​ប្រជាជន​កូរ៉េខាងជើង​បានចេញ​ផ្សាយ​ផែនការ​ល្អិតល្អន់​ជាង​មុន​សម្រាប់​ការវាយប្រហារ​ដោយ​កាំជ្រួច​មី​ស៊ី​ល​នៅ​ជិត​ដែន​ដីស​.​រ​.​អា​. Guam ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​រដ្ឋ​នៃ​ប្រទេស​កូរ៉េខាងជើង​ថា​អាជ្ញាធរ​នៃ​ប្រទេស​នេះ​គ្រោង​នឹង​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល​មាន​វង់​ប្រតិបត្តិការ​មធ្យម​បួន​គ្រឿង​ពីលើ​ប្រទេស​ជប៉ុន​ដែល​នឹង​ធ្លាក់​ក្នុង​សមុទ្រ​នៅ​ចម្ងាយ​ពី​៣០​ទៅ​៤០​គ​.​ម​.​ពី​កោះ Guam រប​ស់ស​.​រ​.​អា​.​ស្ថិតក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ចម្ងាយ​៣​ពាន់​គ​.​ម​.​ទិសអាគ្នេយ៍​ពី​ឧបទ្វីប​កូរ៉េ​។​

​ជាមួយគ្នា​នោះដែរ អាជ្ញាធរ​កោះ​ហ្គាំ​ម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិនបើ​ប្រទេស​កូរ៉េខាងជើង ពិតជា​សម្រេច​បាញ់​គ្រាប់​មី​ស៊ី​ល​ផ្លោង សំដៅ​មកកាន់​កោះ​ហ្គាំ (Guam) ដែលជា​តំបន់​រដ្ឋបាល​មួយ​អាមេរិក​នៅ​ប៉ាស៊ីហ្វិក​មែន​នោះ មី​ស៊ី​ល​ទាំងនោះ​នឹង​ហោះ​ដល់​ភ្លាម​ក្នុង​រយៈពេល​ត្រឹមតែ ១៤​នាទី ប៉ុណ្ណោះ​។ បើ​យោងតាម​សារព័ត៌មាន USA Today បានធ្វើ​សេចក្តីរាយការណ៍​ថា ប្រជាជន​ទាំងអស់​នៅលើ​កោះ​ហ្គាំ នឹងត្រូវ​ជូនដំណឹង​តាមរយៈ​ប្រព័ន្ធ​បំពង​សំឡេង​ប្រកាសអាសន្ន ប្រសិនបើ​កូរ៉េខាងជើង សម្រេច​ផ្លោង​មី​ស៊ី​ល​សំដៅ​មក​មែន​នោះ​។ លោកស្រី Gaminde បាន​ថ្លែងថា ការិយាល័យ​របស់​យើង នឹង​ទទួលបាន​ដំណឹង​ពី​យោធា​អាមេរិក ហើយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទំនាក់ទំនង ដើម្បី​ជូនដំណឹង​បន្ត​ដល់​សាធារណជន​។​

​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​ព្រមាន​ទៅ​កូ​រ៉​ខាងជើង​ម្ដងទៀត ដោយសារតែ​ការព្រមាន​កន្លងមក​មិនទាន់​គ្រប់គ្រាន់​។​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​១០​សីហា លោក​ត្រាំ​សង្កត់ធ្ងន់ថា​សារ​ព្រមាន​របស់លោក​កាលពីដើម​សប្ដាហ៍​នេះ ដែលថា​កូរ៉េខាងជើង​នឹង​ប្រឈម​ភ្លើងកំហឹង​របស់​អាមេរិក​បើ​នៅ​ប្រឆាំង​អាមេរិក​ទៀត វា​មិន​គ្រប់គ្រាន់​ទេ​។​

​ដូច្នេះ​លោក​បញ្ជាក់ថា​សារ​ព្រមាន​ជាថ្មី គាំទ្រ​១០០​ភាគរយ​ដោយ​យោធា មេដឹកនាំ​ជាច្រើនរូប រួមទាំង​អ្នក​ផ្សេងទៀត​។​លោ​កថា​ប្រសិន​កូរ៉េខាងជើង​នៅតែ​គិត​ចង់​វាយប្រហារ​ដែនដី​អាមេរិក ឬ​សម្ព័ន្ធ​មិ​ត្ដ​អាមេរិក កូរ៉េខាងជើង​គួរតែ​បារម្ភ​ពី​ខ្លួនឯង​ឲ្យ​បាន​ច្រើន រឿង​គ្រប់យ៉ាង​អាច​នឹង​កើត​ឡើងលើ​កូរ៉េខាងជើង ជា​រឿង​មិន​ធ្លាប់​គិតដល់​ពីមុន​។​

​គួរ​បញ្ជាក់ដែរថា សហរដ្ឋអាមេរិក​ធ្លាប់បាន​ទទួលជោគជ័យ​ក្នុង​ការដាក់​សម្ពោធ​ប្រទេស​កូរ៉េខាងជើង​តាមរយ​: អ​.​ប​.​ស នាពេល​កន្លងទៅនេះ តែ​ទាំង​បាន​ឆ្លើយតប​ការគំរាមកំហែង​ពាក្យសម្តី​រក​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​កូរ៉េខាងជើង បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ឃ្លាំង​អាវុធ​នុយ​ក្លែ​អ៊ែ​របស់​សហរដ្ឋអាមេរិក​ឥឡូវនេះ​មាន​ច្រើនជាង​ពេលណាៗ​ទាំងអស់​។​

​នៅក្នុង​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ Twitter កាលពី​ព្រឹក​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​ត្រាំ បាន​មានប្រសាសន៍ថា បទបញ្ជា​មុនដំបូង​របស់លោក​ក្នុងឋានៈ​ជា​ប្រធានាធិបតី​នៅពេលដែល​លោក​ចូលកាន់​ដំណែង​កាលពី​ខែមករា គឺ​ត្រូវ​ជួសជុល​និង​ធ្វើ​ឲ្យ​ទំនើប​ឡើងវិញ​នូវ​ឃ្លាំង​អាវុធ​នុយ​ក្លែ​អ៊ែ​របស់​យើង​។ លោក​ប្រធានាធិបតី​ត្រាំ​បាន​មានប្រសាសន៍​ទៀតថា យើង​មិនដែល​ប្រើប្រាស់​អាវុធ​នេះ​ទេ ក៏ប៉ុន្តែ យើង​នៅតែ​ជា​ប្រទេស​មហាអំណាច​ខ្លាំងជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយ តើ​មានការ​ជួសជុល​អាវុធ​នុយ​ក្លែ​អ៊ែ​ចាប់តាំងពី​លោក​ចូលកាន់​ដំណែង​ជា​ប្រធានាធិបតី​ឬទេ​។ លោក​ប្រធានាធិបតី​ត្រាំ បាន​អំពាវនាវ​ឲ្យ​បង្កើន​យ៉ាងខ្លាំង​ការចំណាយ​ខាង​ការពារ​ប្រទេស រួមមាន​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​អាវុធ​ថ្មីៗ ក៏ប៉ុន្តែ​សភា​មិនទាន់​បានអនុម័ត​ផែនការ​ចំណាយ​សម្រាប់​ឆ្នាំ​២០១៨​នៅឡើយ​ទេ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2