• Flexa

ដំណើរ​ទស្សនកិច្ច របស់លោក ដូ​ណា​ល់ ត្រាំ មកកាន់​កូរ៉េខាងត្បូង ត្រូវបាន​ក្រុមបាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា នៅ​កណ្ដាល​ទីក្រុង​សេ​អ៊ូ​ល តៀម​ដប​ទឹក​សុទ្ធ ព្រោះតែ​រឿង​ដែល​អាមេរិក​បង្ខំ​ឲ្យ ……

1 ខែ កន្លងទៅ វុត្ថា

​ក្រុមបាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា នៅ​កណ្ដាល​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​សម្ដែង​ការប្រឆាំង​ជំទាស់​របស់​ពួកគេ ទៅនឹង​ការបំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល ០២​ថ្ងៃ របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ មកកាន់​កូរ៉េខាងត្បូង​។ នេះ​បើតាម​យ៉ុ​ន​ហាប់ ដកស្រង់​ដោយសារ​ព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ទីភ្នាក់ងារសារព័ត៌មាន យ៉ុ​ន​ហាប់ បានឱ្យដឹង​ទៀតថា ក្រុមបាតុករ​មាន​គ្នា​រាប់រយ​នាក់ មកពី​ក្រុម​សកម្មជន​សេរី ដែល​ហៅ​ខ្លួនឯង​ថា «Collective Action for No Trump» បាន​ប្រមូល​ផ្ដុំគ្នា នៅឯ​ទីលាន Gwanghwamun ដើម្បី​ថ្កោលទោស​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូ​ណា​ល់ ត្រាំ មកកាន់​ទីក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្រុមបាតុករ​ទាំងនេះ បាន​ចោទប្រកាន់ លោក ត្រាំ ថា​ជា​អ្នកបង្ក​ឱ្យមាន​ភាព​តានតឹង​នៅលើ​តំបន់​ឧបទ្វីប​កូរ៉េ តាមរយៈ​ការធ្វើ​សង្គ្រាមពាក្យសម្ដី​ជាមួយ​កូ​រ៉​ខាងជើង និង​បង្ខំ​ឱ្យ​កូរ៉េខាងត្បូង​ទិញ​អាវុធ​ពី​សហរដ្ឋអាមេរិក ក៏ដូចជា ចង់​សើរើ​ឡើងវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។ បើតាម​ការគ្រោងទុក ក្រុមបាតុករ​ទាំងនេះ​នឹង​ប្រមូល​ផ្ដុំគ្នា​ជាថ្មី​តវ៉ា​ដោយ​អុជ​ទៀន នៅ​ម៉ោង ៧៖០០​នាទី​យប់ (​ម៉ោង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​)​។​

​ប្រធានាធិបតី អាមេរិក លោក​ដូ​ណា​ល់ ត្រាំ ផ្តើម​ទស្សនកិច្ច​មួយ​វង់​ធំ​នៅ​អាស៊ី ជាមួយ​ប្រទេស​ជប៉ុន​។ ពេលទៅដល់ ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃអាទិត្យ​កន្លងមកនេះ​លោក​ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​មិន​ឲ្យ​របប ណាមួយ ឬ​មេដឹកនាំ​ផ្តាច់ការ​ណាមួយ​មើលស្រាល​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​នោះទេ​។ លោក​ដូ​ណា​ល់ ត្រាំ​មិនបាន​និយាយ ចំៗ​ឈ្មោះ​។ ប៉ុន្តែ​គេ​ដឹង​រួចទៅហើយ​ថា មេដឹកនាំ​ផ្តាច់ការ​នោះ​អាចជា​លោក​គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​។ កូរ៉េ ខាងជើង និង​ការដោះដូរ​ពាណិជ្ជកម្ម ជា ប្រធានបទ​ចម្បង ក្នុង​ទស្សនកិច្ច​លើក​ទី​១​របស់​ប្រធានាធិបតី​អាមេរិក នៅ​អាស៊ី​។​

​នៅ​មូលដ្ឋានទ័ព​អាមេរិក នា​ជាយក្រុង តូ​ក្យូ កាលពី​ថ្ងៃអាទិត្យ​កន្លងមកនេះ លោក​ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅ​ចំពោះ មុខទ័ព​អាមេរិក និង​ជប៉ុន​ថា ជប៉ុន​នេះ​ជា ដៃគូ​ដ៏​មានតម្លៃ និង​ជា​សម្ពន្ធមិត្ត​ដ៏​សំខាន់ របស់​អាមេរិក​។​

​តាមរយៈ​សារ​នេះ លោក​ដូ​ណា​ល់ ត្រាំ ចង់ បញ្ជាក់​ទៅ​ប្រជាជន​ជប៉ុន​ថា អាមេរិក នឹង​នៅតែ​ការពារ​ជប៉ុន ដែល​កូរ៉េខាងជើង ធ្លាប់បាន​គំរាមថា នឹង​បាញ់​មី​ស៊ី​ល​ពន្លិច​ឲ្យ​ខ្ទេច​ទៅក្នុង​សមុទ្រ​។​​នៅមុន​ដំណើរ​ទស្សនកិច្ច​ទៅ​អាស៊ី លោក​ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​និយាយថា លោក​នឹង​ទទួលជោគជ័យ ហើយ​ទស្សន កិច្ច​របស់លោក​នឹង​ផ្តល់​លទ្ធផល​ជា​ផ្លូវការ​។ គេ​មិនដឹងថា តើ ជោគជ័យ​ដែល​លោក ដូ​ណា​ល់ ត្រាំ លើក​មក​និយាយ​នេះ កើត ឡើង​ដោយ សារ​ការប្រើ​នយោបាយ​ការ ទូត ឬ​ការគំរាមកំហែង​នោះទេ​?

​ប៉ុន្តែ បើ​ស្តាប់​តាម​ប្រសាសន៍​របស់​ប្រធានាធិបតី​អាមេរិក នៅ​មូលដ្ឋានទ័ព​អាមេរិក នៅ​ជាយក្រុង​តូ​ក្យូ លោក​ដូ​ណា​ល់ ត្រាំ បាន ប្រើពាក្យ​គំរាម​ច្រើនជាង​ឥរិយាបថ​ស្រទន់ ដើម្បី ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ កូរ៉េខាងជើង​។ ជាក់ស្តែង នៅ​ថ្ងៃ​ដំបូង ដែល​លោក​ទៅ​ជាន់​ទឹកដី​អាស៊ី​ភ្លាម នៅ ជប៉ុន លោក​បាន​និយាយ​ព្រមាន​រួច​ជា ស្រេច មិន​ឲ្យ​មេដឹកនាំ​ផ្តាច់ការ ឬ​របប ណាមួយ​មើល ងាយ​អាមេរិក​ឡើយ​។​

​មុននឹង​ចេញ ដំណើរ​ទៅ​អាស៊ី នៅ​ទូរទស្សន៍ អាមេរិកាំង FOX លោក​ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ ដ៏​ចម្លែក​មួយ​ទៅកាន់​មេដឹកនាំ​ចិន​។ លោក​ដូ​ណា​ល់ ត្រាំ និយាយថា ជប៉ុន​ជា ប្រទេស​អ្នក​ចម្បាំង​។ ដូច្នេះ​ចិន​សម្ពន្ធមិត្ត របស់​កូរ៉េខាងជើង បើសិនជា​បណ្តោយ​ទុក​ឲ្យ​កូរ៉េខាងជើង​នៅតែ​បន្ត​អភិវឌ្ឍ​នុយក្លេអ៊ែរ​ទៀត មុខជា​នឹង​អាច​ប៉ះទង្គិច​ជាមួយ ជប៉ុន​ក្នុងពេល​ឆាប់ៗ ខាងមុខ​។ សម្ដី របស់លោក ប្រៀបបាន​នឹង​ការ​ញុះញង់ រុញ​ឲ្យ​កើតមាន​សង្គ្រាម ប្រយុទ្ធ​គ្នា​រវាង​ចិន នឹង​ជប៉ុន​។ នយោបាយ​ការបរទេស របស់លោក​ដូ​ណា​ល់ ត្រាំ នឹង​អាច​ទៅ​បង្ក ឲ្យ​មាន​ចលាចល ភាពវឹកវរ ច្រើនជាង​ទៅ បង្កើត​ភាព​ស្ងប់​សុខ នៅ​អាស៊ី​។​ពីថ្ងៃ​ទី ៧​ដល់​ថ្ងៃទី ៨​វិច្ឆិកា លោក ដូ​ណា​ល់ ត្រាំ ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង​។ កូរ៉េខាងត្បូង​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក ប៉ុន្តែ លោក​ដូ​ណា​ល់ ត្រាំ នឹងមិន​ស្ថិតនៅ​យូរថ្ងៃ​នៅ​កូរ៉េខាងត្បូង​ទេ ព្រោះថា​លោក​មិនសូវ​ចុះសម្រុង​ខ្លាំង​ជាមួយ ប្រ​ធានា​ធិ​ប តី​កូរ៉េខាងត្បូង លោក​មូ​ន ជេ​អុ​ី​ន ដែល មាន​ជំហរ​នយោបាយ​ចង់​ចរចា​ជាមួយ កូរ៉េខាងជើង ផ្ទុយ​ពី​លោក​ដូ​ណា​ល់ ត្រាំ​។​

-​ពីថ្ងៃ​ទី ៨ ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា លោក​ដូ​ណា​ល់ ត្រាំ ត្រូវ​ទទួល​យ៉ាង​អធិកអធម​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ បញ្ហា​ពាណិជ្ជកម្ម និង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​ប្រធានបទ​សំខាន់ ក្នុង ជំនួប​រវាង​មេដឹកនាំ​អាមេរិក នឹង​ចិន នៅ ទីក្រុង​ប៉េកាំង​។ លោក​ដូ​ណា​ល់ ត្រាំ នៅតែ​បន្ត​ទាមទារ​ឲ្យ​ចិន​ចូលរួម​ឲ្យ​កាន់តែ ខ្លាំង​ដាក់​សម្ពាធ​លើ កូរ៉េខាងជើង ជា សម្ពន្ធមិត្ត​របស់​ចិន​។ ចិន​ដែល​បាន​ចូល រួម​បោះឆ្នោត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ កូរ៉េខាងជើង នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ទំនងជា​មិន​ចាត់វិធានការ​ក្តៅ​បន្ថែម​ប្រឆាំង​សម្ពន្ធមិត្ត ព្យុងយ៉ាង នោះទេ ព្រោះ​ការដួលរលំ​កូរ៉េខាងជើង នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន និង​ប៉ះ ពាល់​ដល់​សេដ្ឋកិច្ច រួមទាំង​នយោបាយ​ភូមិសាស្ត្រ​របស់​ចិន​នៅ​អាស៊ី​។ ម៉ែ​វ សា​ធី nokorwatnews

សុខភាព/បុរស/ស្ត្រី