• Flexa

លោក ដូ​ណា​ល់ ត្រាំ បន្ទាប់ពី​ជោគជ័យ ក្នុងការ​បញ្ចុះបញ្ចូល​ស​ម្ព័​ន្ធ​មិត្ត ២​ប្រទេស​ខ្លួន​ឲ្យ​ទិញ​អាវុធ​តម្លៃ​រាប់រយ​លាន​ដុល្លារ​ហើយ​នោះ ពេលនេះបាន​មកដល់​ប្រទេស​ចិនហើយ​

1 ខែ កន្លងទៅ ណូ​រ៉ា

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ធ្វើដំណើរ​មកដល់​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន​ហើយ​នា​រសៀល​ថ្ងៃ​ពុធ​នេះ ដែល​វា​គឺជា​ទីសំចត​ទី ៣ ក្នុងឱកាស​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង របស់​មេដឹកនាំ​អាមេរិក​រូបនេះ​មកកាន់​តំបន់​អាស៊ី បន្ទាប់ពី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​តំបន់​អាស៊ី​ចំនួន​ពីរ គឺ​ជប៉ុន និង​កូរ៉េខាងត្បូង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ទាំងពីរ​នេះ ក្រៅពី​លើកឡើង​ការ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក ត្រាំ បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​ខ្លួន​ឲ្យ​ទិញ​អាវុធ​តម្លៃ​រាប់រយ​លាន​ដុល្លារ​។ ទាំង​នៅ​ក្រុង​តូ​ក្យូ និង​នៅ​ក្រុង​សេ​អ៊ូ​ល លោក ត្រាំ សុទ្ធតែ​និយាយថា សព្វាវុធ​របស់​អាមេរិក​មិន​ត្រឹមតែ​ជួយ​ការពារ​ប្រទេស​ទាំងពីរ​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ឡើយ តែ​ក៏​ជួយ​បង្កើត​ការងារ​នៅ​អាមេរិក​ដែរ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រដ្ឋាភិបាល​ចិន​កំពុង​រៀបចំ​កម្មវិធី​ទស្សនកិច្ច​របស់លោក ត្រាំ ឲ្យ​សក្តិសម​បំផុត និង​លើសពី​ទស្សនកិច្ច​ផ្លូវរដ្ឋ​ធម្មតា ដើម្បី​ឆ្លើយតប​នឹង​បដិសណ្ឋារកិច្ច​ដែល​ប្រធានាធិបតី​អាមេរិក​ទទួល​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ Mar-a-Lago រដ្ឋ Florida កាលពី​ខែមេសា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក​លោក Cui Tiankai និយាយថា ចិន​ចង់បាន​ទស្សនកិច្ច​លោក ត្រាំ លើសពី​ទស្សនកិច្ច​សព្វមួយដង​។​

​បន្ថែម​ពីលើ​កម្រាល​ផ្លូវ​ពណ៌​ក្រហម និង​ការ​ត្រួតពល​យោធា​នោះ ក្រុង​ប៉េកាំង​ក៏​រៀបចំ​ជំនួប​ទល់មុខ​មិន​ផ្លូវការ​និង​សម្ងាត់​រវាង​លោក ត្រាំ និង​លោក ស៊ី ដើម្បី​ផ្ដល់ឱកាស​មេដឹកនាំ​ទាំងពីរ​ជជែក​គ្នា​លើ​ប្រធានបទ​រសើបៗ ដោយស្មោះ​ត្រង់ និង​ដោយផ្ទាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ដែល​បន្តថា ចិន​ចាត់ទុក​ទស្សនកិច្ច​លោក ត្រាំ ជា​រឿង​សំខាន់បំផុត​។​

​ក្នុងនោះដែរ​គោលដៅ​ធំ​ដែល លោក ត្រាំ នឹង​លើកឡើង​ពេល​ជួប​មុខ​ប្រធានាធិបតី​ចិន​នឹង​ស្នើឱ្យ​ចិន​កាត់ផ្ដាច់​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​កូរ៉េខាងជើង ក៏ដូចជា​គោរព​ឱ្យមាន​ខ្ជាប់ខ្ជួន ចំពោះ​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជ​ជាតិ នៅ​អំឡុងពេល​លោក​ជួបពិភាក្សា​ការងារ ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ម្នាក់ ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​ពុធ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង​ហើយ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ សម្រាប់​ដំណើរ​ទស្សនកិច្ច ០២​យប់ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង ជាទី​ដែល​លោក បាន​ពិភាក្សា​ពី​បញ្ហា​កូរ៉េខាងជើង​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង​។ ប៉ុន្តែ​ទន្ទឹមគ្នា​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ម្នាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​លើ​យន្ដហោះ Air Force One ថា លោក ត្រាំ មិនទាន់​ចិត្ត​នៅឡើយ​ទេ​ថា នឹង​ប្រកាស​ដាក់ឈ្មោះ​កូរ៉េខាងជើង ជា​រដ្ឋ​គាំទ្រ​ភេរ​វករ ឬក៏​យ៉ាងណា​នោះ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​អាស៊ី​។​

​គួរ​បញ្ជាក់ដែរថា ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក មាន​លក្ខណៈ​ល្អប្រសើរ​ខ្លាំង​ក្រោយ​លោក ត្រាំ ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​នេះ ប៉ុន្តែ​ទំនាក់ទំនង​នេះ​នៅ​ជួប​បញ្ហា​ខ្លះ​ដូចជា​សំណុំរឿង​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ជាដើម​។ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​តែង​ទទូច​ឲ្យ​ចិន​ដាក់បន្ទុក​ឲ្យ​បាន​ខ្លាំង​លើ​កូរ៉េខាងជើង​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ប៉ុន្តែ​ចិន​ហាក់​មិន​អើពើ​នឹង​សំណើ​នេះ​ទេ និង​ប្រាប់​ឲ្យ​ប្រទេស​ផ្សេង​ចេញមុខ​ខ្លះ​ផង​៕

សុខភាព/បុរស/ស្ត្រី