• Flexa
  • Default ខាងលើក្រោមមេនុយ

លោក​ត្រាំ​និយាយ​ទៅកាន់​លោក​មូ​ន​ថា អាមេរិក​នឹង​បើក​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង ក្នុងស្ថានភាព​ល្អ​ណាមួយ ដែល​អាច​ទទួលយកបាន​

3 ខែ កន្លងទៅ DNT-NEWS

(​រដ្ឋធានី​វ៉ាស៊ីនតោន​)៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ នៅក្នុង​លិខិត​មួយ ស្តីអំពី​កិច្ច​ពិភាក្សាគ្នា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​ទាំងពីរ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ ណា​ល់​ត្រាំ បាន​ប្រាប់​ទៅ​សម​ភាគី​របស់ខ្លួន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូ​ន ជា​អ៊ី​ន​ថា សហរដ្ឋអាមេរិក​នឹងមាន​ឆន្ទៈ​ធ្វើ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង នៅក្នុង​ស្ថានភាព​ដ៏​ល្អ​ប្រពៃ​ណាមួយ ដែល​អាច​ទទួលយកបាន​។​

​លិខិត​នោះបាន​ថ្លែងថា លោក​ប្រធានាធិបតី​ដូ ណាំ​ល់​ត្រាំ បាន​សម្តែង​នូវ​ភាព​បើកទូលាយ​របស់លោក ក្នុង​ការធ្វើ​កិច្ចចរចា រ​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​នៅពេល​វេលា​សមស្រប​នៅក្នុង​ស្ថានភាព​ត្រឹមត្រូវ​។ ក្រោយមក​លោក​ត្រាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​សង្ឃឹមថា កិច្ចពិភាក្សា​ដំបូង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង នឹង​នាំទៅរក​ភាពជោគជ័យ​ផ្នែក​ការទូត​ជាស​កល​។​

​លោក​បន្តថា «​សង្ឃឹមថា​វា​នឹង​នាំទៅរក​ភាពជោគជ័យ​សម្រាប់​ពិភពលោក មិន​គ្រាន់តែ​សម្រាប់​ប្រទេស​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ពិភពលោក​ផងដែរ ហើយ​យើង​នឹង​សង្ឃឹមថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត នឹងមាន​អ្វី​កើតឡើង​»​។​

​លោក ត្រាំ ក៏បាន​សរសើរ​ដល់​យុទ្ធនា​ការដាក់​សម្ពាធរ​បស់​សហរដ្ឋអាមេរិក ចំពោះ​ការត្រួសត្រាយ​ផ្លូវ ដើម្បី​ឆ្ពោះទៅកាន់​ការចរចា​ររ​វាង​ប្រទេស​ទាំងពីរ​ផងដែរ​។ «​បើ​គ្មាន​ការដាក់ទណ្ឌកម្ម​ទេ ម្ល៉េះ​ក៏​គ្មាន​ការ​ត្រូវរ៉ូវ​ចូល​តុ​ចរចា​រដែរ​។​

​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​សេត​វិមាន លោកស្រី Sarah Sanders បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ទាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​គូសបញ្ជាក់​នូវ​សារៈសំខាន់​នៃ​ការបន្ត​យុទ្ធនា​ការដាក់​សម្ពាធ​ជា​អតិបរមា ប្រឆាំងនឹង​ព្យុងយ៉ាង​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី ៩ ខែមករា គណៈប្រតិភូ​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ បាន​ជួបគ្នា​នៅ​ថ្នាក់​រដ្ឋមន្ត្រី​មួយ នៅ​ទីកន្លែង​ដែល​គេ​ហៅថា វិមាន​សន្តិភាព នៅក្នុង​តំបន់​គ្មាន​យោធា ដែល​បាន​ជួបពិភាក្សា​គ្នា អំពី​វិធី​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង នូវ​ទំនាក់ទំនង​និង​ការចូលរួម​នៃ​អត្ត​ព​លិ​ក​របស់​កូរ៉េខាងជើង នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក នាពេល​ខាងមុខនេះ នៅក្នុង​តំបន់ Pyeongchang​។​

​ស្របពេល​ជាមួយគ្នានេះ បើ​យោងទៅតាម​សេត​វិមាន​បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​មកពី​រដ្ឋបាល​លោក ត្រាំ​បានធ្វើការ​ទំនាក់ទំនង​ទៅកាន់​កូរ៉េខាងត្បូង ពាក់ព័ន្ធ​នឹង​ការចរចា​របស់​ប្រទេស​នេះ ជាមួយ​កូរ៉េខាងជើង ស្តីពី​ការបន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​។ ទោះយ៉ាងណា​ក៏ដោយ មុនពេល​កិច្ចចរចា​នេះ​ត្រូវបាន​ធ្វើឡើង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាន​និយាយថា​សហរដ្ឋអាមេរិក​នឹងមិន​ទទួលស្គាល់​កិច្ចចរចា​ណាមួយ​រវាង​កូរ៉េ​ទាំងពីរ​ទេ ប្រសិនបើ​កិច្ចចរចា​នេះ ធ្វើឡើង​បំពាន​ការហាម​ប្រាម​នៃ​ការបោះបង់​ចោ​ក​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទេនោះ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...