
នាវាចម្បាំងរបស់ចក្រភពអង់គ្លេសចាកចេញពីប្រទេសអូស្ត្រាលី ហើយចូលដល់តំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងនៅខែក្រោយនេះ ជាផ្នែកមួយនៃការបង្ហាញពីសេរីភាពនៃការធ្វើនាវាចរណ៍លើផ្លូវទឹកសំខាន់មួយនេះ។
ចិនបានអះអាងថា ផ្នែកជាច្រើន រួមទាំងថ្មប៉ប្រាស់ទឹក កម្រងកោះតូចៗ នៅក្នុងសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួនហើយ ពេលនេះកំពុងតែមានការកសាងមូលដ្ឋានទ័ពនៅទីនោះ ដែលអាចជាការគំរាមកំហែងដល់ប្រទេសតូចផ្សេងៗទៀតដែលកំពុងមានជម្លោះនៅតំបន់នេះ។
ជាក់ស្ដែងណាស់យើងបានដឹងបានលឺហើយថា ដែនសមុទ្រចិនខាងត្បូងជាដែនកំពុងមានជម្លោះ រវាងចិនជាមួយភាគីហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេនិងតៃវ៉ាន់។ ប្រទេសទាំងនេះបានអះអាងកាន់កាប់នៅដែនសមុទ្រចិនខាងត្បូងរៀងៗខ្លួន។ ដ្បិតស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយ ប៉ុន្ដែជម្លោះនៅមិនទាន់ដោះស្រាយបានទេ។
នៅថ្ងៃទី១៣កុម្ភៈនេះមន្ដ្រីជាន់ខ្ពស់អង់គ្លេសបានបញ្ជាក់ថា នាវាចម្បាំងអង់គ្លេសនឹងធ្វើដំណើរពីអូស្ដ្រាលីឆ្លងកាត់ដែនសមុទ្រចិនខាងត្បូងនៅខែក្រោយ។ ដំណឹងនេះប្រហែលជាធ្វើឲ្យចិនខ្វល់ចិត្ដបន្ថែមទៀត។ ការឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ដើម្បីធានាពីសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍។ រដ្ឋមន្ដ្រីការពារជាតិអង់គ្លេសលោកGavin Williamsonបាននិយាយថា នាវាHMS Sutherlandនឹងមកដល់អូស្ដ្រាលីក្នុងសប្ដាហ៍នេះហើយ។
លោករដ្ឋមន្ដ្រីមិនបានបញ្ជាក់ថា នាវាHMS Sutherlandនឹងធ្វើដំណើរក្នុងចម្ងាយប៉ុន្មានគីឡូម៉ែត្រពីដែនកោះជម្លោះឬកោះសិប្បនិម្មិតដែលចិនសាងសង់ទេ។ លោកថាអង់គ្លេសគាំទ្រពេញទំហឹងចំពោះវិធីសាស្ដ្ររបស់អាមេរិក និងអ្វីដែលអាមេរិកកំពុងធ្វើ។ សូមបញ្ជាក់ថា អាមេរិកមិនបានគោរពការអះអាងកាន់កាប់ដែនសមុទ្រចិនខាងត្បូងរបស់ចិនឡើយ៕