• Giloba

អង្គការសហប្រជាជាតិ​អំពាវ​នា​ឲ្យ​មានការ​បញ្ចប់​ទុក្ខសោក​របស់​ប្រជាជន​នៅ​ស៊ី​រី ខណៈដែល​អាមេរិក​ត្រៀមខ្លួន​បើក​ការវាយប្រហារ​ទៅលើ​ទីក្រុង​ដា​ម៉ាស់​

5 ខែ កន្លងទៅ DNT-NEWS

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ដល់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ឱ្យ​បញ្ចប់​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវបាន​ឡោមព័ទ្ធ​នៅ​តំបន់​អ៊ី​ស្ទើ​ន​ហ្គោ​តា ខណៈដែល​សហរដ្ឋអាមេរិក​បាន​គំរាមថា នឹង​ខ្លួន​បើក​ការវាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី ដោយសារតែ​បទ​ឈប់​បាញ់​នៅក្នុង​តំបន់​នេះ ត្រូវបាន​កងកម្លាំង​ស៊ី​រី និង​រុស្ស៊ី​ធ្វើ​ព្រងើយកន្តើយ​។​

​សុន្ទរកថា​របស់លោក Antonio Guterres កាលពី​ថ្ងៃ​ចន្ទ បានធ្វើ​ឡើង ខណៈពេលដែល​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី បាន​បន្ត​ប្រតិបត្តិការ​សប្តាហ៍​ទី​៣ ប្រឆាំង​ទៅនឹង​ក្រុម​បះបោរ​នៅក្នុង​តំបន់​អ៊ី​ស្ទើ​ន​ហ្កូ​តា បើទោះបី​ជាមាន​បទ​ឈប់​បាញ់​គ្នា​យ៉ាងណាក៏ដោយ​។​

​លទ្ធភាព​ក្នុងការ​ព្យាយាម​បញ្ចប់​ប្រតិបត្តិការ​នេះ ត្រូវ​ទទួល​បរាជ័យ ហើយ​មនុស្ស​ប្រមាណ ១.០២២​នាក់ បាន​បាត់បង់​អាយុជីវិត ក្នុង​រយៈពេល​បី​សប្តាហ៍ ក្រោយ​រដ្ឋាភិបាល​ស៊ី​រី​បានចាប់ផ្តើម​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​បះបោរ នៅ​តំបន់​អ៊ី​ស្ទើ​ន​ហ្កូ​តា​ប្រទេស​ស៊ី​រី​។​

​លោក Guterres បាន​និយាយ​នៅក្នុង​សុន្ទរកថា​របស់លោក នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​ថា «​ខ្ញុំ​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នក​ទាំងនោះ ... ដែល​បាន​អនុញ្ញាតឱ្យ​រឿងនេះ​កើតឡើង​»​។ វា​គួរតែមាន​របៀបវារៈ​តែ​មួយគត់​សម្រាប់​យើងទាំងអស់គ្នា ដើម្បី​បញ្ចប់​ការឈឺចាប់​របស់​ប្រជាជន​ស៊ី​រី និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ចំពោះ​ជម្លោះ​នេះ​។ ជាពិសេស​នោះ គឺ​នៅក្នុង​តំបន់​អ៊ី​ស្ទើ​ន​ហ្កូ​តា ដែល​កំពុងតែ​មានការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សន្ធោរ​សន្ធៅ​តាម​ផ្លូវគោក​ផង និង​ផ្លូវអាកាស​ផង ទោះបី​ជាមាន​បទ​ឈប់​បាញ់​គ្នា លេខ ២៤០១​យ៉ាងណាក៏ដោយ​។ តាមពិត បទ​ឈប់​បាញ់​គ្នា​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​មួយ​ដែល​ធានា​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​ពី​ភាព​មរណ​។​

​ដោយឡែក លោកស្រី​នី​គី ហា​ឡេ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​រិះគន់​ចំពោះ​ភាពបរាជ័យ​របស់​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ លើ​បទ​ឈប់​បាញ់​នេះ​។ ទន្ទឹមនេះ លោកស្រី​បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នៅតែ​ត្រៀមខ្លួន ក្នុង​ការចូល​អន្តរាគ​មន៍​ក្នុង​ជម្លោះ​នេះ​។​

​លោក Haley បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​សមាជិក ១៥​ប្រទេស​ថា «​វា​មិនមែនជា​ជម្រើស​ដែល​យើង​ចូលចិត្ត​នោះទេ ប៉ុន្តែ​វា​គឺជា​វិធី​មួយ​ដែល​យើង​បានបង្ហាញ​ហើយ​ថា យើង​នឹង​ត្រៀមខ្លួន​ជាថ្មី​ម្តងទៀត​ក្នុងការ​វាយប្រហារ​ទៅលើ​ស៊ី​រី​។ នៅពេលដែល​សហគមន៍​អន្ដរជាតិ​ទទួល​បរាជ័យ​លើ​រឿងនេះ អាមេរិក​ត្រូវតែ​ចាត់ការ​ដោយ​ខ្លួនឯង​។​

​គួរ​កត់សម្គាល់ថា សហរដ្ឋអាមេរិក​ធ្លាប់បាន​បើក​ការវាយប្រហារ​ទៅលើ​រដ្ឋាភិបាល​ស៊ី​រី​ម្តង​រួចមកហើយ​កាលពី​ឆ្នាំមុន ដោយ​អាមេរិក​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​តូ​ម៉ា​ហក​ចំនួន ៥៩​គ្រាប់ ទៅលើ​មូលដ្ឋានទ័ព​របស់​រដ្ឋា​ភិ​បាល​ស៊ី​រី ក្រោយ​មាន​របាយការណ៍​មួយ​និយាយថា រដ្ឋាភិបាល​ស៊ី​រី​បាន​ប្រើ​អាវុធ​គីមី​ក្នុង​វាយប្រហារ ដោយបាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​វេទនា​។ ដោយឡែក ថ្មីៗ​នេះ អាមេរិក​ទើបបាន​បើក​ការវាយប្រហារ​ប្រឆាំង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​ជាង ១០០​នាក់ ក្រោយ​ក្រុម​ទាំងនោះ​បាន​បើក​ការវាយប្រហារ​មកលើ​មូលដ្ឋាន​កងទ័ព​អាមេរិក​នៅ​ជិត​ទន្លេ​យូ​ហ្វ្រេ​ត​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...