• Giloba

ស្ងាត់ៗ​កូរ៉េខាងត្បូង​បញ្ជា​ទិញ​គ្រាប់​មី​ស៊ី​ល​ប្រដេញ ៩០​គ្រាប់ ទោះបីជា​ពេលនេះ​ត្រូវរ៉ូវ​គ្នា​ក៏ដោយ​

3 ខែ កន្លងទៅ DNT-NEWS

(​ទីក្រុង​សេ​អ៊ូ​ល​)៖ សារព័ត៌មាន Defence News បាន​រាយការណ៍​នៅ​ថ្ងៃទី​១៤ មីនា ២០១៨​ថា ស្ងាត់ៗ​ទីភ្នាក់ងារ​លទ្ធកម្ម​គ្រឿង​សព្វាវុធ​របស់​កូរ៉េខាងត្បូង បាន​ចុះកិច្ចសន្យា​លើ​ការបញ្ជាទិញ​គ្រាប់​មី​ស៊ី​ល​ប្រដេញ​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​បាញ់​នៅលើ​អាកាស​តាមរយៈ​យន្តហោះ​ចំនួន ៩០​គ្រាប់​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​។​

​ទោះជា​យ៉ាងនេះ​ក៏ដោយ រដ្ឋបាល​កម្មវិធី​លទ្ធកម្ម​លើ​វិស័យ​ការពារជាតិ (DAPA) មិនបាន​ចេញ​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ណាមួយ​ស្តីពី​កិច្ចសន្យា​នេះ​ទេ ត្បិត​អី​កិច្ចសន្យា​នេះ​គឺជា​ការបង្កើន​សម្ពាធ​ទៅលើ​ការចរចា​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ព្យុងយ៉ាង​តែប៉ុណ្ណោះ​។​

​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មាន​ភាពស្ងប់ស្ងាត់​បន្តិច ក្រោយ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​បាន​ចូល​តុ​ចរចា​នឹង​គ្នា ហើយ​កូរ៉េខាងជើង​ក៏​នឹង​គ្រោង​ជួបចរចា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថែម​ទៀតផង នៅ​ខែឧសភា​ខាងមុខនេះ​។​

​អ្នកនាំពាក្យ​រដ្ឋបាល​ក​ម្ម​វិធី​លទ្ធកម្ម​លើ​វិស័យ​ការពារជាតិ លោក Kang Hwan-seok បាន​និយាយថា កិច្ចសន្យា​នៃ​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Taurus Systems GmbH ដោយបាន​ចុះហត្ថលេខា​កាលពី​ចុងខែ​កុម្ភៈ​។ កិច្ចសន្យា​ចុងក្រោយ​សម្រាប់​មី​ស៊ី​ល​ប្រដេញ Taurus គឺជា​កិច្ចសន្យា​លើក​ទី​២ ហើយ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៣​មក ដែល​កាលនោះ​រដ្ឋបាល​លទ្ធកម្ម​យោធា​កូរ៉េខាងត្បូង បាន​បញ្ជា​ទិញ​គ្រាប់​មី​ស៊ី​ល​នេះ​ចំនួន ១៧០​គ្រាប់ សម្រាប់​យកទៅ​បំពាក់​លើ​យន្តហោះ​ចម្បាំង F-15K​។ ក្នុង​មួយ​គ្រាប់​មី​ស៊ី​ល​ប្រដេញ​នេះ មានតម្លៃ ១​លាន់ ៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ គ្រាប់​មី​ស៊ី​ល​នេះ គឺជា​គ្រាប់​មី​ស៊ី​ល​ស៊េរី​ទំនើប ដែល​កូរ៉េខាងត្បូង​ទិញ​យកមក​ទុក​ប្រើ ដើម្បី​ធ្វើការ​វាយឆ្មក់​ទៅលើ​ទីតាំង​ឃ្លាំង​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង និង​ទុក​គ្រាន់​គម្រាម​កូរ៉េខាងជើង​ផងដែរ​។ មី​ស៊ី​ល​ប្រភេទ​នេះ មាន​សមត្ថភាព​អាច​បាញ់​ទៅលើ​សត្រូវ​បាន​ដោយ​ចំ​គោលដៅ​ច្បាស់លាស់​ខ្លាំងណាស់​។ វា​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ ៥០០​គីឡូម៉ែត្រ ហើយ​អាចមាន​សមត្ថភាព​ក្នុងការ​កម្ទេច​ឃ្លាំង​អាវុធ​ក្រោម​ដី​របស់​ទីក្រុង​ព្យុងយ៉ាង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

​កាលពី​ខែកញ្ញា​ឆ្នាំទៅ​មិញ កងទ័ពអាកាស​របស់​កូរ៉េខាងត្បូង​បានធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​មី​ស៊ី​ល Taurus ពិតៗ​ជា​លើកដំបូង បន្ទាប់ពី​កូរ៉េខាងជើង​បានធ្វើ​តេស្ត​កម្លាំង​នុយក្លេអ៊ែរ​លើក​ទី​៦ របស់ខ្លួន នៅ​ថ្ងៃទី​៣ ខែកញ្ញា​ឆ្នាំមុន​។ ក្នុងអំឡុងពេល​នៃ​ការហ្វឹកហាត់​គ្រាប់​មី​ស៊ី​ល​ប្រដេញ ដែល​បាញ់​ចេញពី​យន្តហោះ F-15K គ្រាប់​មី​ស៊ី​ល​នេះ​បាន​ហោះ​ក្នុង​រយៈ​ចម្ងាយ ៤០០ គីឡូម៉ែត្រ មុនពេល​វា​ធ្វើដំណើរ​ទៅដល់​គោលដៅ​កំណត់​នៅលើ​ឆ្នេរ​នៃ​តំបន់ Gunsan ដែល​ស្ថិតក្នុង​ចម្ងាយ ២០០​គីឡូម៉ែត្រ​នៃ​ភាគ​និរតី​ពី​ទីក្រុង​សេ​អ៊ូ​ល​។ បន្ថែម​លើស​នេះ កងទ័ពអាកាស​របស់​កូរ៉េខាងត្បូង កំពុង​ពិចារណា​លើ​ការបំពាក់​គ្រាប់​មី​ស៊ី​ល​ប្រដេញ 350K-2 ទៅលើ​យន្តហោះ​ចម្បាំង​ប្រភេទ FA-50 ដែលជា​ប្រភេទ​មី​ស៊ី​ល​ស៊េរី​ទំនើប​វើ​សិន​ខ្ពស់​។

​គួរ​កត់សម្គាល់ថា បើទោះបីជា​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ចូល​តុ​ចរចា​ហើយក៏​ដោយ ក៏​កូរ៉េខាងត្បូង​នៅតែ​ពង្រឹងកម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​របស់ខ្លួន​ដដែល​។ ការពង្រឹង​សាចដុំ​កម្លាំងយោធា​របស់ខ្លួន​ដូច្នេះ គឺ​ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ការ​គម្រាមកំហែង​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...