• Flexa
  • Default ខាងលើក្រោមមេនុយ

លទ្ធភាព​ផ្ទុះ​សង្គ្រាម​រវាង​ចិន​និង​តៃវ៉ាន់ កាន់តែ​ផុយស្រួយ ខណៈដែល​ចិន​បានធ្វើ​សមយុទ្ធ​កងទ័ពអាកាស​ទ្រង់ទ្រាយ​ធំ ដើម្បី​បញ្ជូន​សញ្ញា​ទៅ​ឲ្យ​តៃវ៉ាន់​ភ្លឺភ្នែក​

1 សប្ដាហ៍ កន្លងទៅ DNT-NEWS

​សារព័ត៌មាន​ស្ពុ​ត​និក​នៅ​ថ្ងៃទី​១១ មេសា​នេះ បាន​ផ្សាយ​ថា យន្តហោះ​ចម្បាំង​មកពី​បញ្ជាការ​កងទ័ព​ភាគ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បានធ្វើ​សមយុទ្ធ​ពីលើ​តំបន់​ទីលាន ដែល​គ្របដណ្តប់​ដោយ​តំបន់ភ្នំ នៅ​ភាគ​ខាងលិច​ប្រទេស​ចិន ដែល​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ គឺជា​សញ្ញា​ដែល​កងទ័ព​រំដោះប្រជាជន​ចិន​បាន​បង្ហាញថា សមរភូមិ​ប្រយុទ្ធ​ជាមួយ​តៃវ៉ាន់​បាន​ត្រៀម​រៀបចំ​រួចរាល់​ហើយ​។​

​វិចារណកថា​ដែល​ធ្វើឡើង​ដោយ​កាសែត Global Times បាន​និយាយថា ចិនដីគោក​ត្រូវតែ​បន្ត​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​លទ្ធភាព​នៃ​ការប៉ះទង្គិច​យោធា​រវាង​ចិន និង​តៃវ៉ាន់ នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់​។ កាសែត​បន្តថា ការប្រឈមមុខ​យោធា​រវាង​ចិន និង​តៃវ៉ាន់ ទំនងជា​នឹង​កើតឡើង ក្នុងពេល​ដ៏​ខ្លី​ដែល​មិនយូរប៉ុន្មាន​ទៀត​នោះទេ​។​

​ថ្មីៗ​នេះ នាវិក​យន្តហោះ​បានធ្វើការ​ហ្វឹកហាត់​លើ​ការបាញ់​ទៅលើ​គោលដៅ​នៅលើ​ដី និង​ការប្រយុទ្ធ​គ្នា​នៅលើ​តំបន់​ខ្ពង់រាប​ឈី​ង​ហៃ - ទី​បេ ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​ហោះហើរ​ពីលើ​ភ្នំ និង​ជ្រលង​ជ្រោះ​តូចៗ ដែល​ការហ្វឹកហាត់​ទាំងនេះ ក្រុម​នាវិក​រំពឹងថា នឹង​យកទៅ​ធ្វើការ​អនុវត្តន៍​សមយុទ្ធ​ព័ទ្ធជុំវិញ​កោះ​តៃវ៉ាន់ ដែលជា​កោះដាច់​ដោយឡែក​ពី​ចិនដីគោក​ប្រមាណ ១៣១​គីឡូម៉ែត្រ​តាមផ្លូវ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​បើសិនជា​កងទ័ព​រំដោះ​ប្រជាជន​ចិន​រកឃើញថា ខ្លួន​មិនមាន​ជម្រើស​ណាមួយ​ក្រៅពី​ការប្រកាសសង្គ្រាម​ជាមួយ​តៃវ៉ាន់​នោះទេ ក្រុម​នាវិក​យន្តហោះ និង​ក្រុម​អ្នក​ប្រយុទ្ធ​យន្តហោះ​ចម្បាំង​មកពី​បញ្ជាការ​កងទ័ព​ភូមិភាគ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន នឹង​ដឹកនាំ​កងទ័ព​រំដោះប្រជាជន​ចិន​ធ្វើសង្គ្រាម​ជាមួយ​តៃវ៉ាន់​។​

​តាមពិតទៅ ទីក្រុង​ប៉េកាំង​ធ្លាប់បាន​ចាត់ទុក​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់ខ្លួន និង​មាន​ទិសដៅ​ធ្វើយ៉ាងណា​ឲ្យ​មានការ​បង្រួបបង្រួម​តៃវ៉ាន់​ទៅជា​ខេត្ត​មួយ​របស់ខ្លួន​ដូច​ហុងកុង​ដែរ​។ ជារឿយៗ​ចិន​តែងតែ​បានធ្វើ​សមយុទ្ធ​ខិត​ទៅរក​តៃវ៉ាន់​កា់​តែ​ខ្លាំង​។ ថ្មីៗ​នេះ ចិន​បានធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ រួម​កងទ័ពអាកាស និង​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​យ៉ាង​សម្បើម​ពេញ​ទឹក ពេញ​មេឃ ដើម្បី​គម្រាម​តៃវ៉ាន់​។ ទន្ទឹមនឹង​ការធ្វើ​សមយុទ្ធ​របស់​ទីក្រុង​ប៉េកាំង កាលនោះ​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​នាវា​ពិឃាត​របស់ខ្លួន ធ្វើដំណើរ​អម​ប្រកិតៗ​ពីក្រោយ​ក្រុម​អ្នក​ប្រយុទ្ធ​ទាំងនោះ​ដោយ​មិន​ខ្លាចរអា​ទាល់តែសោះ​។ សញ្ញា​នេះ​បង្ហាញថា កងទ័ព​តៃវ៉ាន់​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ បើសិនជា​សង្គ្រាម​ផ្ទុះឡើង​មែន​នោះ​។ ក្រោម​ពាក្យស្លោក​ថា ស៊ូស្លាប់​មិន​ប្តូ​ឈ្មោះ រស់​មិន​ប្តូរ​ត្រកូល តៃវ៉ាន់​នឹងមិន​អាច​អនុញ្ញាត​ឲ្យ​ចិន​កុម្មុយនីស្ត​អាច​ក្រសោប​យក​កោះ​ស្វយ័ត​របស់ខ្លួន ដែលជា​ការខិតខំ​ប្រឹង​ប្រែង​យ៉ាង​លំបាក​របស់​បុព្វបុរស​របស់ខ្លួន​នោះទេ​។ កោះ​តៃវ៉ាន់ បានក្លាយ​ជា​កោះ​ស្វយ័ត​ក្រោយ​ក្រុម​អ្នក​ជាតិនិយម​ចិន បាន​ចាញ់​សង្គ្រាម​ជា​ចិន​កុ​ម្មនី​ស្ត នៅ​ឆ្នាំ ១៩៤៩ ហើយ​បាន​បោះ​ជ​ម្រុំ​យោធា​នៅលើ​កោះ​នោះ​។​

​ការធ្វើ​សមយុទ្ធ​របស់​ចិន​នាពេលនេះ បានធ្វើ​ឡើង​ក្រោយ​សហរដ្ឋអាមេរិក​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​គ្រឿង​សព្វាវុធ​របស់ខ្លួន ជួយ​ផលិត​នាវាមុជទឹក​ឲ្យ​តៃវ៉ាន់ ដើម្បី​ពង្រឹងសមត្ថភាព​កោះ​មួយ​នេះ ស្របពេល​ដែល​ចិន​កំពុងតែ​ស​ង្គ្រឺ​ត​ធ្មេញ​ដាក់​តៃវ៉ាន់​។ ភ្លាមៗ​ក្រោយ​ការអនុញ្ញាត​លើ​ការផលិត​នាវាមុជទឹក​របស់​តៃវ៉ាន់​នេះ ចិន​បាន​និយាយថា យោធា​របស់​ចិន​នឹង​យកឈ្នះ​ឲ្យ​បាន​លើ​ការ​ប្រជែង​របស់​សហរដ្ឋអាមេរិក ក្នុងការ​ផ្តល់​គ្រឿង​សព្វាវុធ​ទាំងនោះ​ទៅ​ឲ្យ​តៃវ៉ាន់​។ ចិន​បាន​ហៅ​ការផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ទាំងនោះ​ទៅ​ឲ្យ​តៃវ៉ាន់​ថា គឺជា​ការបង្ក​ហេតុ​ជាមួយ​ខ្លួន​។ ការពង្រឹង​កម្លាំងយោធា​តៃវ៉ាន់ គឺជា​ការ​បញ្ឆេះ​ស្ថានការណ៍​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​តៃប៉ិ​។​

​កាសែត Global Times ព្រមាន​ថា ដោយសារតែ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​តៃវ៉ាន់​មានការ​កើនឡើង​យ៉ាងខ្លាំង ដំណោះស្រាយ​បន្ទាន់​ចំពោះ​សំណួរ​ដែល​ត្រូវ​ចោទសួរ អាចជា​រឿង​ដ៏​មាន​សារសំខាន់​ខ្លាំង​បំផុត​។ បើទោះបីជា​មនុស្ស​ជាច្រើន​ប្រឆាំង​ទៅនឹង​ការ​ការបង្រួបបង្រួម​ដោយ​ការប្រើ​កម្លាំង​យ៉ាងណាក៏ដោយ ក៏​ចំនួន​អ្នកគាំទ្រ​លើ​ការប្រើ​កម្លាំង​ទ័ព ក៏មាន​ការកើនឡើង​ផងដែរ​។​

​និយាយ​ដោយ​ពិត​ទៅ បើតាម​ការស្ទង់មតិ​ប្រជាជន​តៃវ៉ាន់ ៣​ភាគ ៤​មិន​ចង់​ឲ្យ​មានការ​បង្រួបបង្រួមរ​វាង​តៃវ៉ាន់ និង​ចិន​នោះទេ​។ ជាក់ស្តែង​គណបក្ស​ដែល​កាន់អំណាច​តៃវ៉ាន់​សព្វថ្ងៃនេះ បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី គឺ​ដោយសារតែ​គណបក្ស​នេះ មាន​គោលនយោបាយ​ផ្តាច់ខ្លួន និង​មិន​រណប​ចិន​នេះឯង​។​

​ការព្រួយបារម្ភ​អំពី​សង្គ្រាម បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយសារតែ​លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់​មិនបាន​បញ្ជាក់​លើ​កិច្ច​ព្រម​ព​ញ​រៀង​របស់​កោះ​តៃវ៉ាន់​កាល​ឆ្នាំ ១៩៩២ ដែល​តៃវ៉ាន់ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទទួលស្គាល់​គោលការណ៍​របស់​ចិន​តែមួយ​។ អ្នកខ្លះ​ភ័យខ្លាច​ថា នេះ​អាច​នាំឱ្យមាន​ការប្រកាស​ឯករាជ្យ​មួយ​ដោយ​តៃវ៉ាន់​។ ក្រៅពី​មិន​ព្រម​ទទួលស្គាល់​លើ​កិច្ចព្រមព្រៀង​នេះហើយ តៃវ៉ាន់​ថែ​កម​ទាំង​ឌឺ​ចិន ដោយ​តៃវ៉ាន់​បង្កើន​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​កាន់តែខ្លាំង​ជាង​មុន​។ ទន្ទឹមនេះ អាមេរិក​ក៏បាន​បញ្ឈឺ​ចិន​កាន់តែខ្លាំង​បន្ថែមទៀត តាមរយៈ​ការអនុម័ត​លើ​ច្បាប់​ធ្វើដំណើរ និង​បង្កើន​ការលក់​អាវុធ​កាន់តែច្រើន​។ ដោយឡែក ចិន​បាន​ចោទ​តៃវ៉ាន់​ថា តៃវ៉ាន់​បាន​រំលោភ​លើ​គោលការណ៍​របស់​ចិន​ហើយ ដែល​ចិន​ហាម​មិន​ឲ្យ​តៃវ៉ាន់​យក​ប្រទេស​ណាមួយ​មក​ធ្វើជា​បង្អែក​របស់ខ្លួន ដើម្បី​ប្រឆាំង​ទៅនឹង​ទីក្រុង​ប៉េកាំង​នោះទេ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...