• Flexa
  • Default ខាងលើក្រោមមេនុយ

រដ្ឋមន្ត្រីការបរទេស​បារាំង កោតសរសើរ​សហរដ្ឋ​អាមេរិក ចំពោះ​ការវាយប្រហារ​នៅ​ស៊ី​រី គោលដៅ​របស់​យើង​ដើម្បី​ទៅរក​មូលដ្ឋាន​របស់​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់ អាស្សាដ មិនមែន​ជន​ស៊ីវិល​ស៊ី​រី​នោះទេ​

4 ថ្ងៃ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​កន្លងទៅ សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំង បាន​បញ្ជូន​កម្លាំង​វាយប្រហារ​ដែនអាកាស​លើ​ប្រទេស​ស៊ី​រី នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨​នេះ​។ ប្រតិបត្តិការ​រួមគ្នា​នេះ ជាការ​ឆ្លើយតប​នឹង​ប្រទេស​ស៊ី​រី​ចំពោះ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​ដាក់​ប្រជាជន​ខ្លួន ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា នៅក្នុង​រដ្ឋធានី​ដា​ម៉ាស​នៃ​ប្រទេស​ស៊ី​រី​មានការ​បំផ្ទុះ​កើតឡើង​។ ការ​បំផ្ទុះ​នេះ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាសថា​អាមេរិក​បាន​សហការ​ជាមួយ​បារាំង​និង​អង់គ្លេស​បើក​ការវាយប្រហារ​នៅ​ស៊ី​រី ឆ្លើយតប​នឹង​ការប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស​កាលពី​ចុង​សប្ដាហ៍​មុន​។ រូបភាព​ដែល​បង្ហាញ​នៅក្នុង​បណ្ដាញ​សង្គម គេ​ឃើញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ស៊ី​រី​បាន​ឆ្លើយតប​នឹង​ការវាយប្រហារ​ផងដែរ​។​

​តាម​សាក្សី​ឃើញ​ហេតុការណ៍​និយាយថា ខណ្ឌ​មួយ​នៅក្នុង​រដ្ឋធានី​ដា​ម៉ាស គឺជា​គោលដៅ​វាយប្រហារ​របស់​អាមេរិក បារាំង និង​អង់គ្លេស ដោយ​មានការ​បំផ្ទុះ​ទ្រង់ទ្រាយ​ធំ​កើតឡើង​ជាច្រើនលើក និង​មាន​ផ្សែងហុយ​ចេញពី​តំបន់​ភាគ​ខាងកើត​រដ្ឋធានី​។ តាម​សេចក្ដីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​វិញ ការវាយប្រហារ​របស់​អាមេរិក បារាំង និង​អង់គ្លេស ធ្វើឡើង​នៅក្នុង​ទីក្រុង​ដា​ម៉ាស​និង​តំបន់​ជុំវិញ​មួយចំនួន ហើយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ស៊ី​រី​បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ចំនួន​១៣​គ្រាប់ នៅ​តំបន់​ភាគខាងត្បូង​រដ្ឋ​ធានី​ដា​ម៉ាស​។

​ជាមួយ​ព្រឹត្តិការ​ណ៏​ខាងលើ​នោះ​រដ្ឋមន្ត្រីការបរទេស​បារាំង លោក Jeang-Yves Le Diran បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការវាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​របស់​សម្ព័ន្ធមិត្ត ទៅលើ​ប្រទេស​ស៊ី​រី គឺជា​រឿង​ស្របច្បាប់​, មាន​ព្រំដែន​កំណត់ និង​សមាមាត្រ​។​មន្ត្រីជាន់ខ្ពស់​បារាំង​ខាងលើនេះ​បាន​បន្តទៀតថា «​នៅក្នុង​កិច្ចសហការ​ជាមួយ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស កងកម្លាំង​ទ័ពអាកាស​បារាំង បានធ្វើការ​វាយប្រហារ​ទៅ​ទីតាំង​ផលិត​អាវុធ​គីមី​ស៊ី​រី ចំនួន​ពីរ​ទីតាំង​ឯណោះ​ទាំងយប់​។ ការវាយប្រហារ​នេះ ប្រទេស​បារាំង​មាន​គោលដៅ​ទៅរក​មូលដ្ឋាន​របស់​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់ អាស្សាដ មិនមែន​ជន​ស៊ីវិល​ស៊ី​រី​នោះទេ​»​។​

​អ្នករាយការណ៍​ព័ត៌មាន​ថា AFP ដែល​ឈរជើង​នៅ​ទីក្រុង​ដា​ម៉ា​ស់បាន​អះអាងថា សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​ត្រូវបាន​លាន់លឺ​នៅ​ជុំវិញ​រដ្ឋធានី​មួយ​នេះ ចាប់ពី​វេលា​ម៉ោង ៤៖០០​នាទី​ទៀបភ្លឺ​ថ្ងៃ​សៅរ៍ អមដោយ​សំឡេង​យន្តហោះ​ចម្បាំង ហោះ​រំលង​ពីលើ​ក្បាល​តែម្តង​។ បន្ថែម​ពីនេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ ក៏ត្រូវ​ប្រទះឃើញ​នៅ​ភាគ​ខាងជើង និង​ខាងកើត​ទីក្រុង​មួយ​នេះ​ថែមទៀត​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេ​រ៉េ​សា ម៉ា​យ និង​ប្រធានាធិបតី​បារាំង លោក អ៊ែ​ម​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង ដោយ​អះអាងថា ការវាយប្រហារ​ប្រទេស​ស៊ី​រី​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ គឺ​ទទួលបាន​ជោគជ័យ និង​ចាំបាច់​ត្រូវតែ​ធ្វើ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែមេសា ឆ្នាំ​២០១៨​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា ការរួម​គ្នា​រវាង​ប្រទេស​ទាំងបី​ក្នុងការ​វាយប្រហារ​ផ្លូវអាកាស​នៅ​ស៊ី​រី​នោះ គឺ​ទទួលបាន​ជោគជ័យ និង​ជា​រឿង​ចាំបាច់​ដែល​ត្រូវធ្វើ ដើម្បី​រារាំង​មិន​ឲ្យ​របប​ដឹកនាំ បា​សា អាល់ អាស្សាដ ធ្វើការ​ប្រើប្រាស់​អាវុធ​គីមី វាយប្រហារ​ទៅលើ​ប្រជាជន​ខ្លួនឯង ទៅ​ថ្ងៃមុខ​ទៀត​។ បន្ថែម​ពីនេះ​ភាគី​ទាំងបី អាមេរិក បារាំង និង​អង់គ្លេស ក៏បាន​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ដ៏​ស្វាហាប់ ដើម្បី​ធានា​អំពី​ដំណើរការ​កម្ចាត់​ក្រុម ISIS រយៈពេល​យូរ​ផងដែរ​។​

​ដោយឡែក​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​ក្រុម​សមាជិក​សហរដ្ឋអាមេរិក​ថា​នេះ​សកម្មភាព​បំពាន​ច្បាប់​នានា ដូចជា​ការវាយប្រហារ​ដោយ​ក្រុម​សម្ព័ន្ធមិត្ត​អាមេរិក ទៅលើ​ប្រទេស​ស៊ី​រី​កាលពីពេល​ថ្មីៗ​នេះ នឹង​បំផ្លាញ​នូវ​ទំនាក់​ទំនងជា​លក្ខណៈ​អន្តរជាតិ​តែម្តង ដោយសារតែ​វា​ជាការ​បន្ត​រំលោភបំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ (UN) ម្តង​ហើយ​ម្តងទៀត​។​

​ការ​ថ្លែង​របស់លោក ពូ​ទីន ខាងលើនេះ​ធ្វើឡើង​ក្នុងជំនួប​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រួ​ហា​នី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ស៊ី​រី ដែល​ទើបតែ​រង​ការវាយប្រហារ​យ៉ាងដំណំ ពី​សំណាក់​សហរដ្ឋអាមេរិក បារាំង និង​អង់គ្លេស ដែលជា​ការឆ្លើយតប​ទៅនឹង​អ្វីដែល​បណ្តា​ប្រទេស​លោកខាងលិច បាន​ចោទ​មកលើ​របប​ដឹកនាំ​ស៊ី​រី​ថា បាន​ប្រើប្រាស់​អាវុធ​គីមី នៅ​សង្កាត់​ឌួ​ម៉ា ជាយ​ទីក្រុង​ដា​ម៉ាស់ និង​បានសម្លាប់​មនុស្ស​សរុប​ជាង ៤០​នាក់ កាលពី​ថ្ងៃទី​០៧ ខែមេសា​។​

​សេចក្តីថ្លែងការណ៍​ពី​វិមាន​ក្រឹម​ឡាំង បានបញ្ជាក់​ពីស​ម្តី​លោក ពូ​ទីន យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ​សកម្មភាព​រំលោភបំពាន លើ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ នៅតែ​ម្តង​កើតមាន​ដដែល​ជា​ដដែល​ទៀត​នោះ វា​ប្រាកដ​ណាស់​ថា នឹង​ជម្រុញ​ឲ្យ​មាន​ភាព​កោលាហល នៅក្នុង​ទំនាក់​ទំនងជា​លក្ខណៈ​អន្តរជាតិ​ជាក់​ជាមិនខាន​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...