• Giloba

កូរ៉េខាងជើង​ព្យួរ ការចរចា​ជាមួយ​កូរ៉េខាងត្បូង​ដោយសារតែ​ប្រទេស​នេះ​នៅ​បន្តធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​

2 ខែ កន្លងទៅ DNT-NEWS

​សារព័ត៌មាន​ស្ពុ​ត​និក​បាន​ផ្សាយ​នៅ​ថ្ងៃទី​១៦ ឧសភា​នេះ​ថា កូរ៉េខាងជើង​បានប្រកាស​ជា​ឱឡារិក​ថា នៅ​ថ្ងៃទី​១៦ ឧសភា ២០១៨​នេះ កូរ៉េខាងជើង​នឹង​ព្យួរ​កិច្ចចរចា​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល ដោយសារតែ​កូរ៉េខាងត្បូង​បន្តធ្វើ​សមយុទ្ធ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។​

​យោងតាម​សារព័ត៌មាន​យ៉ុ​ន​ហាប់ ការធ្វើ​សមយុទ្ធ the Max Thunder បានធ្វើ​ឡើង​ដោយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដែល​សមយុទ្ធ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ហាត់​សម​ចូល​ឈ្លានពាន​ទៅលើ​កូរ៉េខាងជើង​។ ការចរចា​កម្រិត​ខ្ពស់​ដែល​បាន​ធ្វើឡើង កាលពី​ចុងខែ​មេស​រវាង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង និង​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ប្រព្រឹត្តទៅ​នៅក្នុង​តំបន់​ភូមិ​ប៉ាន់​មុន​ជុំ ដែល​អ្នក​ទាំង​ពីរបាន​ជួបគ្នា​ជា​លើកដំបូង​។​

​កិច្ចប្រជុំ​ដែល​កំពុង​ត្រូវបាន​ព្យួរ​នាពេលនេះ មានន័យថា គឺជា​ការផ្តោត​លើ​គម្រោង​ក្នុងការ​ប្រកាស​បិទ​បញ្ចប់ និង​ការបន្ត​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដូចជា​គោលបំណង​សំខាន់​នៃ​ការប្រកាស​នៅ​ភូមិ​ប៉ាន់​មុន​ជុំ ដែល​ធ្វើឡើង​ដោយ​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង កាលពី​ថ្ងៃទី​២៧ មេសា ២០១៨​។​

​អ្វី​ដែលជា​ឧបសគ្គ​ដ៏​ធំ ដែល​បាន​រារាំង​ដល់​កិច្ចចរចា​រវាង​បងប្អូន​ទាំងពីរ​នោះ គឺ​ការធ្វើ​សមយុទ្ធ​ដែល​ដឹង​នាំ​ដោត​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​បាន​ដឹកនាំ​កូរ៉េខាងត្បូង​ឲ្យ​ចូលរួម​ធ្វើ​សមយុទ្ធ​ដែលមាន​យន្តហោះ​ចម្បាំង​ដល់​ទៅ ១០០​គ្រឿង​ពេញ​អាកាស​តែម្តង​។ ក្នុងនោះ​ក៏​រួមមាន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 Raptor ដែល​នឹង​ទៅ​ចូលរួម​ក្នុង​សមយុទ្ធ Max Thunder នេះ​ផងដែរ​។​

​ទង្វើ​នៃ​ការព្យួរ​កិច្ចចរចា​នាពេល​ខាងមុខនេះ ក៏​នឹងធ្វើ​ឲ្យ​រង្គោះរង្គើរ​ដល់​កិច្ចចរចា​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​ផងដែរ ខណៈដែល​កូរ៉េខាងជើង​បានគ​ម្រាម​ថា ខ្លួន​នឹង​ព្យួរ​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក​ផងដែរ​។ កិច្ចចរចារ​រវាង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ជាមួយ​ប្រ​ធា​ធិបតី​សហរដ្ឋអាមេរិក ដែល​គ្រោង​នឹង​ទៅ​ជួបគ្នា​នៅ​សិង្ហ​បុរី នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ មិថុនា​។​

​យោងតាម​ទី​ភ្នា​ក់​សារព័ត៌មាន​យ៉ុ​ន ដែល​បាន​ដកស្រង់​ពី​ប្រភព​កូរ៉េខាងជើង បាន​និយាយថា «​ការធ្វើ​សមយុទ្ធ​ដែល​ធ្វើឡើង​ដោយ​សហរដ្ឋអាមេរិក​នេះ គឺជា​ការប្រកួតប្រជែង​ដ៏​ទុយ៌ស ចំពោះ​ការប្រកាស​នៅ​ភូមិ​ប៉ាន់​មុន​ជុំ និង​ជាការ​បង្កហេតុ​ខាង​យោធា ដែល​ប្រឆាំង​ទៅនឹង​ការអភិវឌ្ឍន៍​នយោបាយ​វិជ្ជមាន នៅ​តំបន់​ឧបទ្វីប​កូរ៉េ​»​។​

«​សហរដ្ឋអាមេរិក​ត្រូវធ្វើ​ការពិភាក្សា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​អំពី​ជោគវាសនា នៃ​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង - អាមេរិក ជាជាង​ការប្រើ​កម្លាំងយោធា​បង្កហេតុ ដែល​ធ្វើឡើង​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​»​។​

​ដោយឡែក កូរ៉េខាងត្បូង​វិញ ក្រោយ​ពេលដែល​កូរ៉េខាងជើង​សម្រេច​ព្យួរ​កិច្ចចរចា​នេះ កូរ៉េខាងត្បូង​បានបង្ហាញ​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ទៅនឹង​ទង្វើ​នេះ​។ ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ថា ការសម្រេចចិត្ត​របស់​កូរ៉េខាងជើង​នេះ គឺជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត​។ ទោះបីជា​យ៉ាងណាក៏ដោយ ការធ្វើ​សមយុទ្ធ​នៅតែ​ត្រូវធ្វើឡើង​បន្ត​ដដែល​។​

​សមយុទ្ធ Max Thunder ត្រូវបាន​គេ​រំពឹងថា នឹង​បន្តធ្វើ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​និយាយ​កាលពីដើម​ខែឧសភា​ថា ខ្លួន​នឹង​ចាប់ផ្តើម​កម្ទេច​កន្លែង​សាកល្បង​នុយក្លេអ៊ែរ នៅ​តំបន់ Punggye-ri ។ ក្រសួងការបរទេស​អា​មេ​រិ​កបាន​ឆ្លើយតប​កាលពី​ថ្ងៃ​អង្គារ​ដោយ​និយាយថា ខ្លួន​មិនមាន​ព័ត៌មាន​ពី​កូរ៉េខាងជើង អំពី​ការគំរាមកំហែង ក្នុងការ​លុបចោល​នូវ​ជំនួប​កំពូល​រវាង​លោក​គីម និង​ត្រាំ​ទេ ហើយ​កំពុង​បោះជំហាន​ទៅមុខ ជាមួយ​ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​នេះ​។​

​គួរ​កត់សម្គាល់ថា សហរដ្ឋអាមេរិក​តែងតែ​ធ្វើ​សមយុទ្ធ​មុន​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងជើង​។ មុន​កូរ៉េខាងជើង​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក​គ្រោង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែល​សមយុទ្ធ​នោះ កាន់តែ​ខិត​ទៅរក​កូរ៉េខាងជើង​។ នៅ​ទីបំផុត នៅពេលដែល​សមយុទ្ធរ​បស់​អាមេរិក​និង​កូរ៉េខាងត្បូង​កាន់តែ​ខិតជិត​មកដល់ កូរ៉េខាងជើង​ក៏បាន​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងត្បូង​។ អ្នកវិភាគ​ភូមិសាស្ត្រ​ន​យោ​បាន​សហរដ្ឋអាមេរិក​ធ្លាប់បាន​និយាយថា ការប្រើ​សម្ពាធ​យោធា គឺជា​រឿង​មួយ​ដែល​សហរដ្ឋអាមេរិក​ធ្វើឡើង​ដើម្បី​យក​ប្រៀប​លើ​កូរ៉េខាងជើង និង​អាចធ្វើ​ឲ្យ​ប្រទេស​នេះ បាក់ស្បាត និង​បោះបង់​កម្មវិធី​ទាំងនោះ​ចោល​។ ទោះបីជា​ក្នុង​រូបភាព ឬ​លក្ខ​ណ្ឌ​ណាក៏ដោយ ការប្រើ​ក្រឡា​អុក​យោធា ទៅ​ឡោមព័ទ្ធ​ស្តេច​អុក​កូរ៉េខាងជើង គឺជា​រឿង​មួយ​ដែល​មិនអាច​បោះបង់​បាន​នោះទេ​។ អ្នកវិភាគ​ក៏បាន​បន្តថា ការប្រើ​កម្លាំងយោធា​ទៅលើ​ប្រទេស​ស៊ី​រី ក៏​អាចជា​រឿង​មួយ​ដែលមាន​ឥទ្ធិពល​ដល់​កូរ៉េខាងជើង​ដែរ​។ ជា​ឧទាហរណ៍ ការបាញ់​គ្រាប់​មី​ស៊ី​ល​ជាង ១០០​គ្រាប់​ចូលទៅ​ទឹកដី​ស៊ី​រី គឺជា​សារ​មួយ​ដែល​បង្ហាញថា រុស្ស៊ី​មិនមាន​ឥទ្ធិពល​អ្វី​សោះឡើយ​។ ក្នុងន័យនេះ មានន័យថា គឺជា​ស្ថានភាព​សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង​។ រុស្ស៊ី​មិន​ចេញមុខ​ជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ទេ ទោះបី​ត្រូវគេ​វាយប្រហារ​យ៉ាងណាក៏ដោយ​។

​សរុបមក កូរ៉េខាងជើង​ពិតណាស់​មិនអាច​យក​សម្ព័ន្ធមិត្ត​ចិន ឬ​រុស្ស៊ី​មក​ធ្វើជា​ខ្នងបង្អែក​បាន​នោះទេ​។ អ្នកវិភាគ​បន្តថា បើសិន​មានការ​វាយប្រហា​មែន​នោះ ចិន​និង​រុស្ស៊ី មិនអាច​ចូល​អន្តរាគមន៍​បាន​នោះទេ​។ ម្ល៉ោះហើយ ការចូល​តុ​ចរចា​របស់​កូរ៉េខាងជើង​នាពេល​កន្លងទៅ គឺជា​ទង្វើ​ដែល​មិនអាច​ប្រកែក​បាន​ចំពោះ​ក្រឡា​អុក​យោធា ដែល​កំពុងតែ​ឡោមព័ទ្ធ​ជុំវិញខ្លួន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...