លោក​អឺ​ដូ​ហ្កា​ន់​៖ យើង​នឹង​នៅ​ខាង​ប៉ា​ឡេ​ស្ទី​ន និង​មិន​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​យក​ទីក្រុង​យេ​រូ​សា​ឡឹម​បាន​នោះទេ​

6 ថ្ងៃ កន្លងទៅ DNT-NEWS

​យោងតាម​សារព័ត៌មាន​ស្ពុ​ត​និក​ថ្ងៃទី​១៧ ឧសភា​នេះ ប្រធានាធិបតី​តួ​ក​គី លោក រី​សិប តា​យ​យី​ត អឺ​ដូ​ហ្កា​ន់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បើ​បណ្តោយ​ឲ្យ​អ៊ីស្រាអែល​ធ្វើតាម​អំពើ​ចិត្ត ពិភពលោក​នឹង​ធ្លាក់ចូល​ទៅក្នុង​ភាពវឹកវរ​។​

​អង្គការសហប្រជាជាតិ​បាន​ដួលរលំ នៅពេល​ប្រឈម​នឹង​ព្រឹត្តិការណ៍​នៅ​តំបន់​ហ្គា​ហ្សា​។ លោក​បាន​បន្ថែមថា ទីក្រុង​អង់កា​រ៉ា​កំពុង​ដាក់​សម្ពាធ​លើ​សមាជិក​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឱ្យ​កាន់តែ​សកម្ម​។​

​កាលពី​ថ្ងៃ​អង្គារ លោក Erdogan បាន​និយាយថា ទីក្រុង​អង់កា​រ៉ា​បាន​សម្រេចចិត្ត​រំលឹក​ឡើងវិញ​នូវ​ឯកអគ្គរដ្ឋទូតរ​បស់​ខ្លួន នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង តេ​ល​អា​វីវ ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ទាក់ទង​ទៅនឹង​សកម្មភាព​របស់​អ៊ីស្រាអែល នៅក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​ពួកគេ​បាន​តវ៉ា​ប្រឆាំងនឹង​ការបើក​សម្ពោធ​នៃ​ស្ថានទូត​អាមេរិក ដែល​បាន​ប្តូរ​ពី​ទីក្រុង​តេ​វ​អា​វីវ មកកាន់​ទីក្រុង​យេ​រូ​សា​ឡឹម​។ ប្រធានាធិបតី​ក៏បាន​ហៅ​ប្រទេស​អ៊ីស្រាអែល​ថា ជា​រដ្ឋ​ភេរ​វករ​មួយ ហើយ​សកម្មភាព​របស់​ខ្លួន​ចំពោះ​ប៉ា​ឡេ​ស្ទី​ន​គឺជា​អំពើ​អំពើ​ប្រល័យពូជសាសន៍​។​

​ទាក់ទង​ទៅនឹង​ស្ថានការណ៍​នេះ តួ​ក​គី​ក៏បាន​ស្នើរ​ឲ្យ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​នៅ​ទីក្រុង​អង់កា​រ៉ា​ធ្វើការ​ចាកចេញ​ពី​ប្រទេស​របស់ខ្លួន​ផងដែរ​។ ជាការ​ឆ្លើយតប ក្រសួងការបរទេស​អ៊ីស្រាអែល ក៏បាន​ស្នើ​ឲ្យ​អគ្គ​កុ​ស៊ុ​ល​តួ​ក​គី ធ្វើការ​ចាក​ចេញពី​ទីក្រុង​យេ​រូ​សា​ឡឹម​វិញ​ផងដែរ​។ លុះ​មកដល់​ថ្ងៃ​ពុធ​ម្សិលមិញ ក្រសួងការបរទេស​តួ​ក​គី​បានស្នើ​ឲ្យ​ស្ថាន​អគ្គ​កុង​ស៊ុ​ង​អ៊ីស្រាអែល​ប្រចាំ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ធ្វើការ​ចាក​ចេញពី​ប្រទេស​តួ​ក​គី​បណ្តោះអាសន្ន​។​

​អស់​ជាច្រើន​ទសវត្សរ៍​កន្លងទៅនេះ អ៊ីស្រាអែល​បាន​ប៉ះទង្គិច​ជាមួយ​ពួក​ប៉ា​ឡេ​ស្ទី​ន ដែល​ជនជាតិ​នេះ បាន​ស្វែងរក​ការទទួលស្គាល់​រដ្ឋ​ឯករាជ្យ​របស់​ពួកគេ ជាការ​ទូត នៅលើ​ទឹកដី​នៃ​តំបន់​វេស​ប៊ែ​ង ភាគ​ខាងកើត​នៃ​ទីក្រុង​យេ​រូ​សា​ឡិ​ម និង​តំបន់​ហ្ក​ហ្សា​ស្ទ្រី​ព ដែល​សព្វថ្ងៃនេះ​អ៊ីស្រាអែល​ជា​អ្នកកាន់កាប់​។​

​គ្រប់ភាគី​ទាំងអស់ ទាំង​អ៊ីស្រាអែល ទាំង​ប៉ា​ឡេ​ស្ទី​ន​សុទ្ធតែ​បាន​អះអាង​រៀងៗ​ខ្លួន​ថា យេ​រូ​សា​ឡឹម​ជា​ទឹកដី​របស់ខ្លួន​។ ជម្លោះ​កាន់តែ​បង្ក​ជា​អំពើហិង្សា​កាន់តែខ្លាំង ក្រោយ​សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់ថា ទីក្រុង​យេ​រូ​សា​ឡឹម​ជា​ទឹកដី​របស់​អ៊ីស្រាអែល និង​បាន​ប្តូរ​ទីក្រុង​ស្ថានទូត​របស់ខ្លួន​ពី​ទីក្រុង​តេ​ល​អា​វីវ ទៅកាន់​ទីក្រុង​យេ​រូ​សា​ឡឹម​តែម្តង ដើម្បី​ទទួលស្គាល់​ទីក្រុង​មួយ​នេះ ថា​ជា​របស់​អ៊ីស្រាអែល​ជា​ផ្លូវការ​ដោយ​សហរដ្ឋអាមេរិក​។ ប្រជាជន​អ៊ីស្រាអែល​បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​នេះ​។ រីឯ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​វិញ មិន​សប្បាយចិត្ត​ចំពោះ​ការទទួលស្គាល់​នោះទេ ដោយ​ពួកគេ​បាន​អះអាងថា កាលពី​ឆ្នាំ ១៩៤៨ តំបន់​នេះ​គឺជា​ទឹកដី​របស់​ពួកគេ​។ ពួកគេ​នៅតែ​បន្តធ្វើ​បាតុកម្ម​ប្រឆាំង​ទៅនឹង​អ៊ីស្រាអែល​ជានិច្ច ទោះបីជា​ត្រូវ​ទ​ទួ​ឡ​រង​កា​រប​ង្ក្រា​ម​ដល់​អាយុជីវិត​ក៏ដោយ​។ ពួកគេ​តស៊ូ​ទាមទារ និង​មាន​វីរភាព​ដ៏​មោះមុត​ចំពោះ​ទឹកដី​របស់​ពួកគេ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2